ថ្ងៃចន្ទ អាទិត្យទី២៧
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃចន្ទ ទី០៦ ខែតុលា ឆ្នាំ២០២៥
លោកប៉ូ្រណូ (១០៣៥-១១០១) ជាសាស្ត្រាចារ្យខាងទេវវិទ្យា។ ដល់អាយុហាសិបឆ្នាំ លោកប្តេជ្ញាចិត្តទៅរស់ជាឥសីនៅភ្នំសារតើស៍ (ប្រទេសបារាំង) “ដើម្បីស្វែងរកព្រះជាម្ចាស់ឱ្យអស់ពីកម្លាំងចិត្ត និងរួមរស់ជាមួយព្រះអង្គ”។ មានឥសីជាច្រើនរស់នៅទីនោះតាមលោក រហូតដល់សព្វថ្ងៃ ទាំងនឹកសញ្ជឹង ស្មឹស្មាធិ៍ ធ្វើសមាធិ អង្វរព្រះជាម្ចាស់សម្រាប់ជាប្រយោជន៍ដល់មនុស្សលោកទូទៅ។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីយ៉ូណាស យណ ១,១–២;២,១-២.១១
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយ៉ូណាសថា៖ «ចូរក្រោកឡើង ចេញដំណើរទៅក្រុងនីនីវេមហានគរជាបន្ទាន់ ហើយប្រកាសប្រាប់អ្នកក្រុងនោះថា ពួកគេប្រព្រឹត្តអំពើអាក្រក់ដែលទាស់ចិត្តយើងខ្លាំងណាស់»។ លោកយ៉ូណាសក៏ក្រោកឡើងចេញដំណើរទៅក្រុងតាស៊ីសវិញ ដើម្បីគេចខ្លួនឱ្យឆ្ងាយពីព្រះភក្រ្តរបស់ព្រះអម្ចាស់។ លោកទៅដល់ក្រុងយ៉ុបប៉េ ហើយរកឃើញសំពៅមួយដែលហៀបនឹងចេញដំណើរទៅក្រុងតាស៊ីស។ លោកបង់ថ្លៃដំណើរ រួចចុះសំពៅទៅជាមួយអ្នកឯទៀតៗ ចេញដំណើរទៅក្រុងតាស៊ីសឱ្យឆ្ងាយពីព្រះភក្រ្តរបស់ព្រះអម្ចាស់។ ក៏ប៉ុន្តែ ព្រះអម្ចាស់បញ្ជាខ្យល់ឱ្យបក់បោកយ៉ាងខ្លាំងមកលើសមុទ្រ បង្កើតជាព្យុះ បណ្តាលឱ្យសំពៅស្ទើរតែនឹងបែកបាក់។ អ្នកសំពៅភ័យខ្លាចណាស់ ម្នាក់ៗបន់ព្រះរបស់ពួកគេរៀងៗខ្លួន ហើយគេបោះបរិក្ខារផ្សេងៗដែលមាននៅក្នុងសំពៅចោលទៅក្នុងសមុទ្រដើម្បីឱ្យសំពៅស្រាល។ រីឯលោកយ៉ូណាសវិញ លោកចុះទៅសម្រាន្តលង់លក់នៅបាតសំពៅ។ ពេលនោះ នាយសំពៅមករកលោក សួរថា៖ «មេ្តចក៏លោកសម្រាន្តលក់ដូច្នេះ? សូមក្រោកឡើង ទូលអង្វរព្រះរបស់លោកទៅ ក្រែងព្រះអង្គអាណិតអាសូរជួយពួកយើងឱ្យរួចផុតពីសេចក្តីវិនាស»។ ពួកអ្នកសំពៅនិយាយគ្នាថា៖ «មក៍! យើងនាំគ្នាចាប់ឆ្នោតដើម្បីឱ្យដឹងថា តើនរណាបង្កឱ្យអន្តរាយកើតដល់ពួកយើងដូច្នេះ»។ ពួកគេក៏នាំគ្នាចាប់ឆ្នោត ហើយប៉ះចំលើលោកយ៉ូណាស។ ពួកគេសួរលោកយ៉ូណាសថា៖ «លោកជាអ្នកបង្កអន្តរាយដល់ពួកយើង សូមប្រាប់យើងមើល៍ថា តើលោកទៅណា? មានបំណងធ្វើអ្វី? លោកអញ្ជើញមកពីស្រុកណា? លោកជាជនជាតិអ្វី?»។ លោកយ៉ូណាសឆ្លើយទៅពួកគេថា៖ «ខ្ញុំជាជនជាតិហេប្រឺ ខ្ញុំគោរពថ្វាយបង្គំព្រះអម្ចាស់ ជាព្រះដែលគង់នៅស្ថានបរមសុខ ហើយដែលបានបង្កើតសមុទ្រ និងដីគោក»។ លោកយ៉ូណាសក៏តំណាលរឿងរបស់លោកឱ្យពួកគេស្តាប់។ កាលពួកអ្នកសំពៅជ្រាបថា លោករត់គេចឱ្យឆ្ងាយពីព្រះភក្រ្តរបស់ព្រះអម្ចាស់ដូច្នេះ គេភ័យខ្លាចជាខ្លាំង ហើយសួរលោកថា៖ «ម្តេចក៏លោកធ្វើដូច្នេះ?។ តើយើងត្រូវធ្វើយ៉ាងណាចំពោះលោក ដើម្បីឱ្យសមុទ្របានស្ងប់វិញ?»។ លោកយ៉ូណាសឆ្លើយថា៖ «សូមលើកខ្ញុំបោះទៅក្នុងសមុទ្រទៅ ទើបសមុទ្រស្ងប់ ដ្បិតខ្ញុំដឹងថា ព្រោះតែខ្ញុំហ្នឹងហើយបានជាមានខ្យល់ព្យុះដ៏ខ្លាំងយ៉ាងនេះ»។ ពួកអ្នកសំពៅនាំគ្នាខំប្រឹងចែវតម្រង់ទៅរកច្រាំង តែទៅមិនរួច ព្រោះខ្យល់ព្យុះបក់បោកមកកាន់តែខ្លាំងឡើងៗ។ ពេលនោះ ពួកគេក៏នាំគ្នាអង្វរព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ! យើងខ្ញុំមិនចងស្លាប់រួមជាមួយបុរសនេះទេ។ តែសូមព្រះអង្គកុំប្រកាន់ទោសយើងខ្ញុំចំពោះការប្រហារជីវិតអ្នកដែលមិនបានធ្វើអ្វីខុសនឹងយើងខ្ញុំនេះឡើយ។ ឱព្រះអម្ចាស់អើយ! ព្រះអង្គសម្រេចដូច្នេះ ស្របតាមព្រះហឬទ័យរបស់ព្រះអង្គ!»។ បន្ទាប់មក ពួកគេលើកលោកយ៉ូណាសបោះទៅក្នុងសមុទ្រ នោះសមុទ្រស្ងប់ឈឹងភ្លាម។ អ្នកទាំងនោះកោតស្ញប់ស្ញែងព្រះអម្ចាស់យ៉ាងខ្លាំង ពួកគេនាំគ្នាថ្វាយយញ្ញបូជាចំពោះព្រះអម្ចាស់ ព្រមទាំងបន់ស្រន់ទៀតផង។ ពេលនោះ ព្រះអម្ចាស់ចាត់ត្រីមួយយ៉ាងធំឱ្យមកលេបលោកយ៉ូណាស លោកក៏ស្ថិតនៅក្នុងពោះត្រីនោះអស់រយៈពេលបីថ្ងៃបីយប់។ បន្ទាប់មក ព្រះអម្ចាស់បញ្ជាឱ្យត្រីខ្ជាក់លោកយ៉ូណាសចេញទៅលើគោក។
ទំនុកតម្កើង លោកយ៉ូណាស ២,៣.៤.៥.៨ បទពាក្យ ៧
| ៣ | ពេលខ្ញុំជួបគ្រោះអាសន្នធំ | អង្វរស្រែកយំរកព្រះម្ចាស់ | |
| ទ្រង់ព្រះសណ្តាប់ឮយ៉ាងច្បាស់ | ខ្ញុំរកព្រះម្ចាស់សូមលោកជួយ | ។ |
| ៤ | ព្រះអង្គបោះខ្ញុំក្នុងសមុទ្រ | សែនជ្រៅបំផុតសែនព្រឺព្រួយ | |
| ទឹករួបរឹតប្រាណញ័ររញ្ជួយ | ព្រួយថាជីវ៉ាត្រូវក្សិណក្ស័យ | ។ |
| ៥ | ខ្ញុំគិតថាព្រះអង្គបានដេញ | ទូលបង្គំចេញឱ្យទៅឆ្ងាយ | |
| ប៉ុន្តែខ្ញុំនៅសម្លឹងត្រើយ | នាយរកព្រះវិហារវិសុទ្ធ | ។ |
| ៨ | ពេលខ្ញុំស្រយុតក្នុងចិត្តខ្លាំង | អារម្មណ៍ភ័ន្តភាំងញ័ររន្ធត់ | |
| ក៏នៅចងចាំតែមួយគត់ | ព្រះវិហារវិសុទ្ធនៃព្រះអង្គ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ៤,២១
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានទុកវិន័យថ្មីឱ្យយើង គឺអ្នកដែលស្រឡាញ់ព្រះជាម្ចាស់ ក៏ត្រូវស្រឡាញ់បងប្អូនដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,២៥-៣៧
ពេលនោះ មានធម្មាចារ្យម្នាក់ក្រោកឈរ ទូលសួរព្រះយេស៊ូក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖ «លោកគ្រូ! តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីឱ្យបានទទួលជីវិតអស់កល្បជានិច្ច?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «តើធម្មវិន័យមានចែងទុកមកដូចម្តេចខ្លះ? ពេលលោកអាន តើលោកយល់យ៉ាងណា?»។ គាត់ទូលឆ្លើយទៅព្រះយេស៊ូថា៖ «ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី អស់ពីកម្លាំង នឹងអស់ពីប្រាជ្ញា ហើយត្រូវស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ» ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «លោកឆ្លើយត្រឹមត្រូវល្អណាស់ សុំធ្វើដូច្នេះ នោះលោកនឹងមានជីវិតអស់កល្បជាមិនខាន»។ ប៉ុន្តែ ធម្មាចារ្យនោះចង់បង្ហាញថា សំណួររបស់គាត់ជាសំណួរត្រឹមត្រូវ គាត់ក៏សួរព្រះយេស៊ូទៀតថា៖ «តើនរណាជាបងប្អូនរបស់ខ្ញុំ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានបុរសម្នាក់ធ្វើដំណើរចុះពីក្រុងយេរូសាឡឹម ឆ្ពោះទៅក្រុងយេរីខូ។ គាត់ធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកចោរ វាប្លន់គាត់ ថែមទាំងវាយដំគាត់ឱ្យរបួសជាទម្ងន់ រួចនាំគ្នារត់បាត់អស់ ទុកគាត់ចោល នៅស្តូកស្តឹង បាត់ស្មារតី មិនដឹងខ្លួន។ ពេលនោះ មានបូជាចារ្យម្នាក់ធ្វើដំណើរចុះតាមផ្លូវនោះ។ លោកឃើញបុរសនោះ លោកក៏ដើរវាងហួសទៅ។ មានម្នាក់ពីក្រុមលេវី ដើរមកដល់កន្លែងនោះដែរ។ គាត់ឃើញបុរសនោះក៏ដើរវាងហួសទៅ។ គាប់ជួនជាមានអ្នកស្រុកសាម៉ារីម្នាក់ធ្វើដំណើរមកតាមផ្លូវនោះ គាត់ឃើញបុរសនោះ គាត់មានចិត្តអាណិតអាសូរពន់ពេកណាស់។ គាត់ចូរទៅជិតអ្នករបួស យកប្រេង និងស្រាចាក់ពីលើមុខរបួស រុំរបួសឱ្យ រួចគាត់លើកអ្នករបួសដាក់លើជំនិះរបស់គាត់នាំទៅផ្ទះសំណាក់ ហើយថែទាំអ្នករបួសនោះ។ ស្អែកឡើង គាត់យកប្រាក់ប្រគល់ឱ្យម្ចាស់ផ្ទះសំណាក់ ទាំងផ្តាំថា «សូមអ្នកថែទាំបុរសនេះផង! ប្រសិនបើអ្នកចំណាយលើសពីប្រាក់នេះ ពេលខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងជូនបង្រ្គប់»។ ក្នុងចំណោមមនុស្សទាំងបីនាក់ តើលោកយល់ថា អ្នកណាចាត់ទុកខ្លួនជាបងប្អូននឹងបុរសដែលធ្លាក់ទៅក្នុងកណ្តាប់ដៃពួកចោរប្លន់នោះ?»។ ធម្មាចារ្យឆ្លើយថា៖ «គឺអ្នកដែលមានចិត្តមេត្ដាករុណាដល់គាត់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំលោកអញ្ជើញទៅចុះ ហើយប្រព្រឹត្តអោយបានដូចអ្នកនោះទៅ»។
921 Views
Post Views:
929