អត្ថបទព្រះគម្ពីរ
ថ្ងៃចន្ទ ទី៤ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៧ រដូវធម្មតា
ពណ៌ស
បុណ្យរម្លឹក

សន្តហ្រ្វង់ស្វ័រ នៅក្រុងអាស៊ីស៊ី

លោកហ្វ្រង់ស្វ័រ (១១៨២-១២២៦) ជាកូនអ្នកឈ្មួញម្នាក់ជាអ្នកមានស្តុកស្តម្ភនៅក្រុងអាស៊ីស៊ី (ប្រទេសអ៊ីតាលី)។ ដល់អាយុម្ភៃឆ្នាំ លោកសុកចិត្តលះបង់ទ្រព្យសម្បត្តិទាំងអស់ ដើម្បីបម្រើព្រះយេស៊ូយ៉ាងស្មោះអស់ពីចិត្ត ហើយចេញដំណើរទៅពន្យល់គម្ពីរ។ លោកធ្លាប់កោតសរសើរព្រះជាម្ចាស់ដែលបានបង្កើតសត្វលោកទាំងឡាយ ដោយចាត់ទុកថាសត្វលោកទាំងនោះសុទ្ធតែជាបងប្អូនរបស់លោក។ ដោយលោកស្រឡាញ់ព្រះយេស៊ូយ៉ាងខ្លាំងជាទីបំផុត លោកទទួលស្នាមរបួសរបស់ព្រះយេស៊ូភ្ជាប់នឹងដៃ ជើង និងត្រង់ជំនីរ។ លោកបង្កើតក្រុមគ្រួសារបព្វជិតមួយ ដែលមានឥទ្ធិពលជាខ្លាំងក្នុងសាកលលោករហូតមកសព្វថ្ងៃ។

អត្ថបទទី១​
សូមថ្លែងព្រះគម្ពីរព្យាការីយ៉ូណាស យណ ១,១-១៦; ២,១.១១

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយ៉ូណាសថា​៖«ចូរក្រោកឡើង ចេញដំណើរ​ទៅ​ក្រុងនីនីវេមហានគរជាបន្ទាន់​ ហើយប្រកាសប្រាប់អ្នកក្រុងនោះថា​ ពួកគេប្រព្រឹត្ត​អំពើអាក្រ​ក់ដែលទាស់ចិត្តយើងខ្លាំងណាស់»។ លោកយ៉ូណាសក៏ក្រោកឡើង ចេញ​ដំណើរទៅក្រុងតាស៊ីសវិញ ដើម្បីគេចខ្លួនឱ្យឆ្ងាយពីព្រះភក្រ្តរបស់ព្រះអម្ចាស់។ លោកទៅដល់​​ក្រុងយ៉ុបប៉េ ហើយរកឃើញសំពៅមួយដែលហៀបនឹងចេញដំណើរទៅក្រុងតាស៊ីស។ លោកបង់ថ្លៃដំណើរ រួចចុះសំពៅទៅជាមួយអ្នកឯទៀតៗ ចេញ​ដំណើរទៅក្រុងតាស៊ីស​ឱ្យឆ្ងាយពីព្រះភក្រ្តរបស់ព្រះអម្ចាស់។ ក៏ប៉ុន្តែ ព្រះអម្ចាស់​បញ្ជាខ្យល់ឱ្យបក់បោយ៉ាង​ខ្លាំងមកលើសមុទ្រ បង្កើតជាព្យុះ បណ្តាលឱ្យសំពៅស្ទើរ​តែនឹងបែកបាក់។ អ្នកសំពៅភ័យ​ខ្លាចណាស់ ម្នាក់ៗបន់ព្រះរបស់ពួកគេរៀងៗខ្លួន ហើយគេបោះបរិក្ខារផ្សេងៗដែលមាន​នៅក្នុងសំពៅចោលទៅក្នុងសមុទ្រដើម្បីឱ្យ​សំពៅស្រាល។ រីឯលោកយ៉ូណាសវិញ​ លោកចុះទៅសម្រាន្តលង់លក់នៅបាតសំពៅ។ ពេលនោះ នាយ​សំពៅមករកលោក សួរថា​៖«មេ្តចក៏លោកសម្រាន្តលក់ដូច្នេះ?​ សូម​ក្រោកឡើង​ ទូលអង្វរព្រះរបស់លោកទៅ ក្រែងព្រះអង្គអាណិតអាសូរជួយពួកយើងឱ្យរួចផុតពីសេចក្តីវិនាស»។ ពួកអ្នកសំពៅនិយាយគ្នាថា៖«មក៍! យើងនាំគ្នាចាប់ឆ្នោត​ដើម្បីឱ្យដឹងថា តើនរណា​បង្កឱ្យអន្តរាយកើតដល់ពួកយើងដូច្នេះ»។ ពួកគេក៏នាំគ្នា​ចាប់ឆ្នោត ហើយប៉ះចំលើលោក​យ៉ូណាស។ ពួកគេសួរលោកយ៉ូណាសថា៖«លោកជាអ្នក​បង្កអន្តរាយដល់ពួកយើង សូមប្រាប់​យើងមើល៍ថា តើលោកទៅណា? មានបំណង​ធ្វើអ្វី? លោកអញ្ជើញមកពីស្រុកណា? លោក​ជាជនជាតិអ្វី?»។ លោកយ៉ូណាសឆ្លើយ​ទៅពួកគេថា៖ «ខ្ញុំជាជនជាតិហេប្រឺ ខ្ញុំគោរពថ្វាយ​បង្គំព្រះអម្ចាស់ជាព្រះដែលគង់នៅ​ស្ថានបរមសុខ ហើយដែលបានបង្កើតសមុទ្រនិងដីគោក»។ លោកយ៉ូណាសក៏តំណាល​រឿងរបស់លោកឱ្យពួកគេស្តាប់។ កាលពួកអ្នកសំពៅជ្រាបថា​ លោករត់គេចឱ្យឆ្ងាយពី​ព្រះភក្រ្តរបស់ព្រះអម្ចាស់ ដូច្នេះគេភ័យខ្លាចជាខ្លាំង ហើយសួរ​លោកថា៖«ម្តេចក៏លោក​ធ្វើដូច្នេះ?។ តើយើងត្រូវធ្វើយ៉ាងណាចំពោះលោក ដើម្បីឱ្យ​សមុទ្របានស្ងប់វិញ?»។ លោកយ៉ូណាសឆ្លើយថា៖«សូមលើកខ្ញុំបោះទៅក្នុងសមុទ្រទៅ ទើប​សមុទ្រស្ងប់ ដ្បិតខ្ញុំ​ដឹងថា ព្រោះតែខ្ញុំហ្នឹងហើយបានជាមានខ្យល់ព្យុះដ៏ខ្លាំងយ៉ាងនេះ»។ ពួកអ្នកសំពៅ​នាំគ្នាខំប្រឹងចែវតម្រង់ទៅរកច្រាំង តែទៅមិនរួច ព្រោះខ្យល់ព្យុះបក់​បោកមកកាន់​តែ​ខ្លាំងឡើងៗ។ ពេលនោះ ពួកគេក៏នាំគ្នាអង្វរព្រះអម្ចាស់ថា៖«ឱព្រះអម្ចាស់អើយ! យើងខ្ញុំ​មិនចងស្លាប់រួមជាមួយបុរសនេះទេ។ តែសូមព្រះអង្គកុំប្រកាន់ទោសយើងខ្ញុំ​ចំពោះការ​ប្រហារជីវិតអ្នកដែលមិនបានធ្វើអ្វីខុសនឹងយើងខ្ញុំនេះឡើយ។ ឱព្រះអម្ចាស់​អើយ! ព្រះអង្គសម្រេចដូច្នេះ ស្របតាមព្រះហឬទ័យរបស់ព្រះអង្គ!»។ បន្ទាប់មក ពួកគេលើកលោកយ៉ូណាសបោះទៅក្នុងសមុទ្រ នោះសមុទ្រស្ងប់ឈឹងភ្លាម។ អ្នកទាំងនោះ​​កោតស្ញប់ស្ញែងព្រះអម្ចាស់យ៉ាងខ្លាំង ពួកគេនាំគ្នាថ្វាយយញ្ញបូជាចំពោះព្រះអម្ចាស់ ព្រម​ទាំងបន់ស្រន់ទៀត​ផង។
ពេលនោះ ព្រះអម្ចាស់ចាត់ត្រីមួយយ៉ាងធំឱ្យមកលេបលោកយ៉ូណាស លោកក៏ស្ថិត​នៅក្នុងពោះត្រីនោះអស់រយៈពេលបីថ្ងៃបីយប់។ បន្ទាប់មក ព្រះអម្ចាស់បញ្ជាឱ្យត្រី​ខ្ជាក់​លោកយ៉ូណាសចេញទៅលើគោក។

ទំនុកតម្កើង លោកយ៉ូណាស ២,៣.៤.៥.៨ បទពាក្យ ៧

៣.ពេ​លខ្ញុំជួបគ្រោះអាសន្នធំអង្វរស្រែកយំរកព្រះម្ចាស់
ទ្រង់ព្រះសណ្តាប់ឮយ៉ាងច្បាស់ខ្ញុំរកព្រះម្ចាស់សូមលោកជួយ ។
៤.ព្រះអង្គបោះខ្ញុំក្នុងសមុទ្រសែនជ្រៅបំផុតសែនព្រឺព្រួយ
ទឹករួបរឹតប្រាណញ័ររញ្ជួយព្រួយថាជីវ៉ាត្រូវក្សិណក្ស័យ ។
៥.ខ្ញុំគិតថាព្រះអង្គបានដេញទូលបង្គំចេញឱ្យទៅឆ្ងាយ
ប៉ុន្តែខ្ញុំនៅសម្លឹងត្រើយនាយរកព្រះវិហារវិសុទ្ធ ។
៨.ពេលខ្ញុំស្រយុតក្នុងចិត្តខ្លាំងអារម្មណ៍ភ័ន្តភាំងញ័ររន្ធត់
ក៏នៅចងចាំតែមួយគត់ព្រះវិហារវិសុទ្ធនៃព្រះអង្គ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ៤,២១

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានទុកវិន័យថ្មីឱ្យយើង គឺ​អ្នកដែលស្រឡាញ់ព្រះជាម្ចាស់ ក៏ត្រូវស្រឡាញ់បងប្អូនដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,២៥-៣៧

ពេលនោះ មានធម្មាចារ្យម្នាក់ក្រោកឈរទូលសួរព្រះយេស៊ូ ក្នុងគោលបំណងល្បង​​លមើលព្រះអង្គថា៖«លោកគ្រូ! តើខ្ញុំត្រូវធ្វើខ្លះ ដើម្បីឱ្យយបានទទួលជីវិតអស់កល្ប​ជានិច្ច?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«តើធម្មវិន័យមានចែងទុកមក​ដូចម្តេចខ្លះ? ពេលលោកអាន តើលោកយល់យ៉ាងណា?»។ គាត់ទូលឆ្លើយទៅព្រះ​យេស៊ូថា៖«ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី អស់ពីកម្លាំង​ និងអស់ពីប្រាជ្ញា ហើយត្រូវស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់​ខ្លួនឯងដែរ» ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «លោកឆ្លើយត្រឹមត្រូវល្អណាស់ សុំធ្វើដូច្នេះ នោះ​​លោកនឹងមានជីវិតអស់កល្បជាមិនខាន»។ ប៉ុន្តែ ធម្មាចារ្យនោះចង់​បង្ហាញថា សំណួររបស់​គាត់ជាសំណួរត្រឹមត្រូវ គាត់ក៏សួរព្រះយេស៊ូទៀតថា៖«តើនរណា​ជាបងប្អូនរបស់ខ្ញុំ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖«មានបុរសម្នាក់ធ្វើដំណើរចុះពី​ក្រុងយេរូសាឡឹម ឆ្ពោះទៅក្រុង​យេរីខូ។ គាត់ធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកចោរ វាប្លន់គាត់ ថែមទាំងវាយដំគាត់ឱ្យ​របួសជាទម្ងន់ រួចនាំគ្នារត់បាត់អស់ ទុកគាត់ចោលនៅស្តូកស្តឹងបាត់ស្មារតីមិនដឹងខ្លួន។ ពេលនោះ មានបូជាចារ្យម្នាក់ធ្វើដំណើរចុះ​តាមផ្លូវនោះ។ លោកឃើញបុរសនោះ លោកក៏​ដើរវាងហួសទៅ។ មានម្នាក់ពី​ក្រុមលេវីដើរមកដល់កន្លែងនោះដែរ។ គាត់ឃើញបុរសនោះក៏ដើរវាងហួសទៅ។ គាប់ជួនជាមានអ្នកស្រុកសាម៉ារីម្នាក់ ធ្វើដំណើរមកតាមផ្លូវនោះ គាត់​ឃើញបុរសនោះ​ គាត់មានចិត្តអាណិតអាសូរពន់ពេកណាស់។ គាត់ចូរទៅជិតអ្នក​របួស យកប្រេងនិង​ស្រាចាក់ពីលើមុខរបួស រុំរបួសឱ្យ រួចគាត់លើកអ្នករបួសដាក់លើ​ជំនិះរបស់គាត់ នាំទៅផ្ទះសំណាក់ ហើយថែទាំអ្នករបួសនោះ។ ស្អែកឡើង គាត់យកប្រាក់​ប្រគល់ឱ្យ​ម្ចាស់ផ្ទះសំណាក់ ទាំងផ្តាំថា «សូមអ្នកថែទាំបុរសនេះផង! ប្រសិនបើអ្នក​ចំណាយលើស​ពីប្រាក់នេះ ពេលខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងជូនបង្រ្គប់»។ ក្នុងចំណោម​មនុស្សទាំងបីនាក់ តើលោកយល់ថា អ្នកណាចាត់ទុកខ្លួនជាបងប្អូននឹងបុរសដែលធ្លាក់ទៅ​ក្នុងកណ្តាប់ដៃ​ពួកចោរប្លន់នោះ?»។ ធម្មាចារ្យឆ្លើយថា៖«គឺអ្នកដែលមានចិត្តមេត្ដាករុណាដល់​គាត់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«សុំលោកអញ្ជើញទៅចុះ ហើយប្រ​ព្រឹត្ត​​ឱ្យបានដូចអ្នកនោះទៅ»។

259 Views

Theme: Overlay by Kaira