ថ្ងៃចន្ទ អាទិត្យទី២៦
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង
ថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦
សូមថ្លែងព្រះគម្ពីរលោកយ៉ូប យប ១,៦-២២
ថ្ងៃមួយ ពពួកទេវទូតរបស់ព្រះអម្ចាស់នាំគ្នាចូលទៅគាល់ព្រះអង្គ មារសាតាំងក៏ស្ថិតនៅក្នុងចំណោមទេវទូតទាំងនោះដែរ។ ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់មារសាតាំងថា៖«តើអ្នកទើបនឹងមកពីណា?»។ មារសាតាំងទូលព្រះអម្ចាស់វិញថា៖«ទូលបង្គំទើបនឹងដើរកំសាន្តនៅលើផែនដី»។ ព្រះអម្ចាស់សួរមារសាតាំងថា៖«តើអ្នកសង្កេតឃើញយ៉ូប ជាអ្នកបម្រើរបស់យើងឬទេ? នៅលើផែនដី គ្មាននរណាម្នាក់ដូចយ៉ូបឡើយ គេជាមនុស្សទៀងត្រង់ និងសុចរិត គេគោរពកោតខ្លាចយើង ហើយចៀសវាងប្រព្រឹត្តអំពើអាក្រក់»។ មារសាតាំងទូលព្រះអម្ចាស់វិញថា៖«តើយ៉ូបពិតជាគោរពកោតខ្លាចព្រះអង្គដោយសុទ្ធចិត្តមែនឬ? តាមពិត គាត់គោរពព្រះអង្គដូច្នេះ មកពីព្រះអង្គការពារគាត់ និងផ្ទះសំបែងរបស់គាត់ ព្រមទាំងអ្វីៗដែលគាត់មាន។ ព្រះអង្គប្រទានពរឱ្យគាត់បានចម្រើនក្នុងកិច្ចការដែលគាត់ធ្វើ ហើយក៏ប្រទានឱ្យហ្វូងសត្វរបស់គាត់កើនចំនួនច្រើនពាសពេញស្រុកដែរ។ ប្រសិនបើព្រះអង្គបំផ្លាញអ្វីៗទាំងអស់ដែលគាត់មាន នោះគាត់មុខជាប្រមាថព្រះអង្គមិនខាន»។ ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់មារសាតាំងថា៖«អ្វីៗដែលយ៉ូបមាន ស្ថិតនៅក្នុងអំណាចរបស់អ្នកស្រាប់ហើយ ប៉ុន្តែ កុំប៉ះពាល់រូបគាត់ផ្ទាល់ឱ្យសោះ»។ ពេលនោះ មារសាតាំងក៏ចាកចេញពីព្រះអម្ចាស់ទៅ។ ថ្ងៃមួយ ពេលកូនប្រុសកូនស្រីរបស់លោកយ៉ូបកំពុងតែជប់លៀងនៅផ្ទះកូនច្បងនោះ មានអ្នកបម្រើម្នាក់មកជម្រាបលោកថា៖«យើងខ្ញុំកំពុងតែភ្ជួរស្រែជាមួយគោ ហើយហ្វូងលាក៏កំពុងតែស៊ីស្មៅនៅក្បែរនោះ ស្រាប់តែមានជនជាតិសេបាមកវាយពួកយើង ប្លន់យកហ្វូងសត្វរបស់លោកម្ចាស់អស់។ ពួកគេបានសម្លាប់អ្នកបម្រើឯទៀតៗរបស់លោកម្ចាស់ គឺមានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលបានរួចជីវិត ហើយនាំដំណឹងនេះមកជម្រាបលោកម្ចាស់»។ ពេលអ្នកនោះកំពុងតែនិយាយនៅឡើយ ស្រាប់តែអ្នកបម្រើម្នាក់ទៀតមកដល់ជម្រាបលោកថា៖«មានរន្ទះបាញ់ពីលើមេឃ ឆេះហ្វូងចៀមរបស់លោកម្ចាស់ ហើយអ្នកបម្រើឯទៀតៗក៏ស្លាប់អស់ដែរ។ មានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលបានរួចជីវិត នាំដំណឹងនេះមកជម្រាបលោកម្ចាស់»។ អ្នកនោះនិយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែមានអ្នកបម្រើម្នាក់ទៀតមកដល់ ជម្រាបលោកថា៖ «មានជនជាតិខាល់ដេលើកគ្នាមកជាបីក្រុម ហើយប្លន់យកហ្វូងអូដ្ឋ និងសម្លាប់អ្នកបម្រើឯទៀតៗរបស់លោកម្ចាស់ គឺមានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលបានរួចជីវិត ហើយនាំដំណឹងនេះមកជម្រាបលោកម្ចាស់»។ អ្នកនោះកំពុងនិយាយនៅឡើយ ស្រាប់តែមានអ្នកបម្រើម្នាក់ទៀតមកដល់ជម្រាបលោកថា៖«កូនប្រុសកូនស្រីរបស់លោកម្ចាស់កំពុងជប់លៀងនៅផ្ទះកូនច្បង ស្រាប់តែមានខ្យល់ព្យុះបក់មកពីវាលរហោស្ថានប៉ះនឹងជ្រុងផ្ទះទាំងបួន ផ្ទះក៏រលំសង្កត់យុវជនទាំងនោះស្លាប់អស់ហើយ។ មានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលនៅរស់ ហើយនាំដំណឹងនេះមកជម្រាបលោកម្ចាស់»។ ពេលនោះ លោកយ៉ូបក្រោកឡើង ហែកអាវធំរបស់លោក ហើយកោរសក់។ បន្ទាប់មក លោកផ្តួលខ្លួនដល់ដី ក្រាបថ្វាយបង្គំទាំងពោលថា៖«ខ្ញុំបានចាកចេញពីផ្ទៃម្ដាយមកខ្លួនទទេ ខ្ញុំក៏នឹងវិលត្រឡប់ទៅវិញខ្លួនទទេដែរ។ ព្រះអម្ចាស់ប្រទានអ្វីៗមកខ្ញុំ ហើយព្រះអង្គក៏ដកយកពីខ្ញុំវិញដែរ។ សូមលើកតម្កើងព្រះនាមព្រះអម្ចាស់»។ ក្នុងស្ថានភាពទាំងនេះ លោកយ៉ូបពុំបានប្រព្រឹត្តអំពើបាប ឬពោលពាក្យចោទប្រកាន់ព្រះជាម្ចាស់ដែរ។
ទំនុកតម្កើងលេខ ១៧ (១៦),១.៣-៥.៧ បទពាក្យ ៧
| ១ | ឱ!ព្រះអម្ចាស់សូមសណ្ដាប់ | ទូលបង្គំប្រាប់សំណូមពរ | |
| ដ៏ល្អត្រឹមត្រូវស្រស់បវរ | សូមរកយុតិ្តធម៌ឱ្យរូបខ្ញុំ | ។ |
| សូមយកព្រះហប្ញទ័យវែកញែក | និងសូរសម្រែកទូលបង្គំ | |
| សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យខ្ញុំ | ដែលអង្វរសុំដោយត្រង់ស្មោះ | ។ |
| ២ | សូមរកយុត្តិធម៌ឱ្យខ្ញុំផង | កុំបីសៅហ្មងឬបង់បោះ | |
| សូមព្រះអង្គទតឱ្យច្បាស់ចុះ | អ្វីទៅដែលខុសអ្វីត្រឹមត្រូវ | ។ |
| ៣ | ព្រះអង្គឈ្វេងយល់ចិត្តខ្ញុំច្បាស់ | ហើយព្រះអង្គត្រាស់ពិនិត្យនៅ | |
| ល្បងលចិត្តខ្ញុំទាំងយប់ជ្រៅ | មិនឃើញអាស្រូវឬឆ្គាំឆ្គង | ។ |
| ៤ | ទូលបង្គំខំយកចិត្តទុកដាក់ | តាមបន្ទូលជាក់ព្រះអង្គផង | |
| ហើងប្រព្រឹត្តខ្លួនមិនឱ្យហ្មង | ដូចមនុស្សយង់ឃ្នងឯទៀតឡើយ | ។ |
| ៥ | ទូលបង្គំខំដើរតាមមាគ៌ា | នៃអង្គក្សត្រាខ្ជាប់ខ្ជួនហើយ | |
| ក៏បោះជំហានដើរតាមក្រោយ | មិនឱ្យថ្លោះធ្លោយលម្អៀងបែរ | ។ |
| ៦ | ឱព្រះអម្ចាស់នៃខ្ញុំអើយ | ខ្ញុំស្រែកដង្ហោយមិនប្រួលប្រែ | |
| ហៅរកព្រះម្ចាស់មិនបែកបែរ | សូមកុំងាករេផ្ទៀងព្រះកាណ៌ | ។ |
| ៧ | ព្រះអង្គតែងតែសង្គ្រោះអ្នក | ដែលមកជ្រកស្នាក់ដោយមេត្តា | |
| ក្រោមម្លប់បារមីដ៏អស្ចារ្យ | ឱ្យរួចពីការគាបសង្កត់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១០,៤៥
អាលេលូយ៉ា! អាលេលូយ៉ា!
បុត្រមនុស្សមកក្នុងពិភពលោកនេះ ដើម្បីបម្រើគេ ព្រមទាំងបូជាជីវិតដើម្បីលោះមនុស្សទាំងអស់ផង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,៤៦-៥០
ក្រុមសាវ័កជជែកគ្នាចង់ដឹងថា ក្នុងចំណោមពួកគេ នរណាធំជាងគេ។ ព្រះយេស៊ូឈ្វេងយល់គំនិតរបស់គេ ព្រះអង្គក៏យកក្មេងម្នាក់មកឱ្យឈរក្បែរ រួចមានព្រះបន្ទូលទៅគេថា៖«អ្នកណាទទួលក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាទទួលព្រះអង្គដែលបានចាត់ខ្ញុំឱ្យមកនោះដែរ ដ្បិតអ្នកណាមានឋានៈទាបជាងគេក្នុងចំណោមអ្នករាល់គ្នា គឺអ្នកនោះហើយជាអ្នកធំជាងគេ»។ លោកយ៉ូហានជាសាវ័កម្នាក់ក្នុងក្រុមសាវ័កទាំងដប់ពីរទូលព្រះអង្គថា៖«ព្រះគ្រូ! យើងខ្ញុំឃើញបុរសម្នាក់ដេញខ្មោចក្នុងនាមព្រះគ្រូ។ យើងខ្ញុំឃាត់គាត់ ព្រោះគាត់មិនមកតាមព្រះគ្រូដូចយើងខ្ញុំ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖«កុំឃាត់គេអី ដ្បិតអ្នកណាមិនជំទាស់នឹងអ្នករាល់គ្នា អ្នកនោះនៅខាងអ្នករាល់គ្នាហើយ!»។
561 Views
Post Views:
573