ថ្ងៃចន្ទ អាទិត្យទី២៥
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃចន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកអែសរ៉ា អរ ១,១-៦

ក្នុងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅស៊ីរូសជាសេ្ដចស្រុកពែរ្ស ព្រះអម្ចាស់បានជំរុញ​ព្រះហប្ញទ័យព្រះចៅស៊ីរូសឱ្យចេញសេចក្ដីប្រកាស និងរាជក្រឹត្យក្នុងអាណាចក្ររបស់​សេ្ដចទាំងមូល ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងតាមរយៈលោកយេរេមី មាន​សេចក្ដីដូចតទៅ៖ «ព្រះចៅស៊ីរូសជាសេ្ដចស្រុកពែរ្សមានរាជឱង្ការដូចតទៅ៖ ព្រះអម្ចាស់ជាព្រះនៃ​ស្ថានបរមសុខ បានប្រគល់នគរទាំងអស់នៅលើផែនដីមកឱ្យយើងគ្រប់គ្រង។ ព្រះអង្គបញ្ជាឱ្យយើងសង់ព្រះដំណាក់មួយនៅក្រុងយេរូសាឡឹមក្នុស្រុកយូដាថ្វាយព្រះអង្គ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្រ្ដរបស់ព្រះអង្គ សូមឱ្យអ្នកនោះវិលទៅកាន់ក្រុងយេរូសាឡឹមក្នុងស្រុកយូដាវិញ ហើយសង់ព្រះដំណាក់របស់ព្រះអម្ចាស់ជា​ព្រះនៃជនជាតិអ៊ីស្រាអែល គឺជាព្រះដែលគង់នៅក្រុងយេរូសាឡឹម។ សូមឱ្យព្រះរបស់គេ​គង់នៅជា​មួយគេ។ ជនជាតិអ៊ីស្រាអែលដែលនៅសេសសល់ ទោះបីរស់នៅទីណាក៏​ដោយ ប្រជាជននៅទីនោះត្រូវតែផ្ដល់វិភាគទានដល់ពួកគេ ជាប្រាក់ មាស ទ្រព្យសម្បត្តិ ​និងសត្វ ព្រមទាំងថ្វាយតង្វាយស្ម័គ្រចិត្ត សម្រាប់ព្រះដំណាក់របស់ព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម​ផង»។ ពេលនោះ ពួកមេក្រុមគ្រួសារនៃកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីន ក្រុម​បូជាចារ្យ ក្រុមលេវី គឺអស់អ្នកដែលព្រះជាម្ចាស់ជំរុញចិត្ត នាំគ្នាក្រោកឡើងរៀបចំខ្លួនទៅសង់ព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹម។ អ្នកជិតខាងរបស់ពួកគេ​យករបស់របរធើ្វពីប្រាក់ ពីមាស ព្រមទាំងទ្រព្យសម្បត្តិ សត្វ និងវត្ថុដ៏មានតម្លៃគ្រប់​យ៉ាង មកជួយឧបត្ថម្ភពួកគេ ហើយក៏មានតង្វាយស្ម័គ្រចិត្តថែមទៀតផង។

ទំនុកតម្កើងលេខ ១២៦ (១២៥) ,១-៦ បទព្រហ្មគីតិ

ពេលព្រះដឹកនាំអ្នកដែលជំពាក់ខ្លួនជាឈ្លើយ
មកក្រុងស៊ីយ៉ូនហើយយើងធូរស្បើយដូចយល់សប្ដិ
យើងសើចហ៊ោសប្បាយអរក្អាកក្អាយឥតមានឈប់
ស្រែកជយឃោសសាយសព្វលាន់សូរស័ព្ទគ្រប់ទិសា
ពេលនោះក្នុងចំណោមជាតិទាំងព្រមគេពោលថា៖
«ព្រះម្ចាស់មានចេស្ដាធើ្វអស្ចារ្យចំពោះគេ»
ព្រះអង្គបានធើ្វការដ៏អស្ចារ្យអ្វីម៉្លេះទេ
យើងលែងគិតគ្នាន់គ្នេរបានល្ហើយល្ហែអរសប្បាយ
ឧិ! ព្រះម្ចាស់ឧត្ដមសូមប្រោសខ្ញុំឱ្យរីកសាយ
ដូចរហោស្ថានឆ្ងាយសូមប្រែក្លាយមានទឹកហូរ
អ្នកណាសាបព្រោះស្រូវដោយសោកសៅគួរអាសូរ
ទាំងទឹកភ្នែកជន់ជោរនឹងច្រូតយកទាំងសប្បាយ
គេយកពូជទៅព្រោះទាំងស្រណោះយំសោកស្ដាយ
ក្រោយមកគេប្រែក្លាយហ៊ោសប្បាយដោយអំណរ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,១៦

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរឱ្យពន្លឺរបស់អ្នករាល់គ្នាបំភ្លឺមនុស្សទាំងឡាយ។ គេនឹងឃើញអំពើល្អដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះបិតារបស់អ្នករាល់គ្នា។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៨,១៦-១៨

នៅពេលនោះ បណ្ដាជនជួបជុំគ្នាជុំវិញព្រះយេស៊ូ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់​ពួកគេថា៖ «ពុំដែលមាននរណាអុជចង្កៀង ហើយយកធុងមកគ្របពីលើ ឬយកទៅ​ដាក់ក្រោមគ្រែឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀង ដើម្បីបំភ្លឺអស់​អ្នកដែលចូលក្នុងផ្ទះ។ គ្រប់ការលាក់កំបាំងនឹងត្រូវបើកឱ្យគេដឹង ហើយគ្រប់អាថ៌​កំបាំង ក៏នឹងត្រូវលេចមកឱ្យមនុស្សគ្រប់គ្នាស្គាល់ច្បាស់ដែរ។ ដូច្នេះ ចូរអ្នករាល់គ្នា​ប្រុងប្រយ័ត្នអំពីរបៀបដែលអ្នករាល់គ្នាស្ដាប់ ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹង​ប្រទានឱ្យថែមទៀត តែអ្នកណាដែលគ្មាន ព្រះអង្គនឹងហូតយកនូវអ្វីដែលខ្លួនស្មានថា​មាននោះផង»។

390 Views

Theme: Overlay by Kaira