ថ្ងៃចន្ទ អាទិត្យទី២៥
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ក្រហម
ថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦
បុណ្យគោរព
សន្តម៉ាថាយ ជាគ្រីស្តទូត
និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
សូមចុចទីនេះ
គ្រីស្តទូតថាម៉ាយ មានឈ្មោះលេវីដែរ។ លោកប្រកបអាជីវកម្មទារពន្ធដារ ជារបររកស៊ីដែលជនជាតិយូដាតែងមើលងាយ ដោយចោទថា អ្នកធ្វើការងារនេះជា “អ្នកបាប”។ ព្រះយេស៊ូត្រាសហៅ “អ្នកបាប” ម្នាក់ឱ្យធ្វើជាសាវ័ក និងជាទូតរបស់ព្រះអង្គថែមទៀត! លោកបំពេញមុខងារជាគ្រីស្តទូតដោយប្រកាសព្រះបន្ទូលព្រះអង្គផង ប្រមែប្រមូលព្រះបន្ទូលព្រះយេស៊ូក្នុងកណ្ឌគម្ពីរមួយផង។ លោក (ឬគ្រីស្តបរិស័ទម្នាក់ដែលយកឈ្មោះលោក) និពន្ធគម្ពីរដំណឹងល្អក្នុងគោលបំណងចង់បញ្ជាក់ថា ព្រះយេស៊ូពិតជាព្រះគ្រីស្តដែលយាងមក ស្របតាមគម្ពីរ ព្រះអង្គមិនយាងមកបំផ្លាញធម្មវិន័យរបស់លោកម៉ូសេទេ គឺទ្រង់យាងមកបំពេញអត្ថន័យ! លោកក៏ចាប់អារម្មណ៍ជាខ្លាំងអំពីរបៀបគ្រីស្តបរិស័ទរស់ជាព្រះសហគមន៍ដែរ។
សូមថ្លែងព្រះគម្ពីរសុភាសិត សុភ ៣ ,២៧-៣៤
ម្នាលកូន! មិនត្រូវបដិសេធមិនជួយអ្នកដែលត្រូវការជំនួយពីកូននោះឡើយ គឺត្រូវជួយគេតាមលទ្ធភាពរបស់កូន។ បើអ្នកដទៃមកសុំអ្វីពីកូន ហើយបើកូនមានមិនត្រូវពោលទៅគេថា៖ «ទៅសិនចុះ ចាំស្អែកសឹមត្រឡប់មកវិញ ខ្ញុំនឹងប្រគល់ជូន!»។ មិនត្រូវប៉ុនប៉ងធើ្វបាបមិត្តភក្ដិដែលរស់នៅជិតខាងកូន ហើយទុកចិត្តលើកូននោះឡើយ។ កុំរករឿងនរណាម្នាក់ដោយឥតហេតុ គឺអ្នកដែលមិនបានធើ្វអ្វីខុសចំពោះកូន។ កុំច្រណែននឹងមនុស្សឃោរឃៅ កុំប្រព្រឹត្តតាមគេឡើយ ដ្បិតព្រះអម្ចាស់មិនសព្វព្រះហប្ញទ័យនឹងមនុស្សខិលខូចទាល់តែសោះ តែព្រះអង្គស្និទ្ធស្នាលជាមួយមនុស្សទៀងត្រង់។ ព្រះអម្ចាស់ដាក់បណ្ដាសាក្រុមគ្រួសាររបស់មនុស្សពាល តែព្រះអង្គប្រទានពរឱ្យក្រុមគ្រួសាររបស់មនុស្សសុចរិត។ ព្រះអង្គមើលងាយអស់អ្នកដែលមើលងាយគេ តែព្រះអង្គសម្ដែងព្រះហប្ញទ័យប្រណីសន្ដោសចំពោះអ្នកដែលគ្មានទីពឹង។
ទំនុកតម្កើងលេខ ១៥ (១៤) ,១-៥ បទព្រហ្មគីតិ
| ១ | បពិត្រព្រះអម្ចាស់ | នរណាខ្លះអាចរស់ក្នុង | |
| ព្រះពន្លាព្រះអង្គ | ស្ថិតនៅលើភ្នំវិសុទ្ធ | ។ |
| ២ | គឺមានតែមនុស្ស | ដែលគ្មានទោសនិងប្រព្រឹត្ត | |
| អំពើសុចរិត | និយាយពិតជាដរាប | ។ |
| ៣ | គេមិននិយាយមួល | បង្កាច់ផ្ដួលមិនធើ្វបាប | |
| បងប្អូនដែលទន់ទាប | មិនបង្អាប់កិត្ដិយស | ។ |
| ៤ | គេមិនរាប់រកអ្នក | ដែលព្រះម្ចាស់មិនស្ម័គ្រស្មោះ | |
| តែគេលើកកិត្តិយស | អ្នកគោរពកោតព្រះអង្គ | ។ |
| បើគេសន្យាអ្វី | ឬទោះបីខូចខាតបង់ | |
| ក៏គេមិនបង្អង់ | គេគោពរពាក្យសម្ដី | ។ |
| ៥ | បើមាននរណាម្នាក់ | មករកប្រាក់គេឱ្យខ្ចី | |
| មិនចង់បានកម្រៃ | ច្រើនតិចក្ដីគេមិនយក | ។ |
| អ្នកប្រព្រឹត្តដូច្នេះ | ជាមនុស្សចេះអាចចូលជ្រក | |
| ក្រោមបារមីរៀងមក | នឹងបានសុខជានិរន្ដរ៍ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,១៦
អាលេលូយ៉ា! អាលេលូយ៉ា!
ចូរឱ្យពន្លឺរបស់អ្នករាល់គ្នាបំភ្លឺមនុស្សទាំងឡាយ។ គេនឹងឃើញអំពើល្អដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះបិតារបស់អ្នករាល់គ្នា។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៨,១៦-១៨
នៅពេលនោះ បណ្ដាជនជួបជុំគ្នាជុំវិញព្រះយេស៊ូ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «ពុំដែលមាននរណាអុជចង្កៀង ហើយយកធុងមកគ្របពីលើ ឬយកទៅដាក់ក្រោមគ្រែឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀង ដើម្បីបំភ្លឺអស់អ្នកដែលចូលក្នុងផ្ទះ។ គ្រប់ការលាក់កំបាំងនឹងត្រូវបើកឱ្យគេដឹង ហើយគ្រប់អាថ៌កំបាំង ក៏នឹងត្រូវលេចមកឱ្យមនុស្សគ្រប់គ្នាស្គាល់ច្បាស់ដែរ។ ដូច្នេះ ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ន អំពីរបៀបដែលអ្នករាល់គ្នាស្ដាប់ ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានឱ្យថែមទៀត តែអ្នកណាដែលគ្មាន ព្រះអង្គនឹងហូតយកនូវអ្វីដែលខ្លួនស្មានថាមាននោះផង»។
607 Views
Post Views:
607