អត្ថបទព្រះគម្ពីរ
ថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៥ រដូវធម្មតា
ពណ៌ក្រហម
បុណ្យរម្លឹក

សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង
ព្រមទាំង​សហជីវិន ជាមរណសាក្សីនៅកូរ៉េ

គ្រីស្តបរិស័ទនាំដំណឹងល្អទៅប្រទេសកូរ៉េ នៅដើមសតវត្សទី១៦ ដោយយកសៀវភៅពីស្រុកចិនមក។ នៅឆ្នាំ១៨៣៦ មានសាសសនទូតលួចចូលរួមក្នុងប្រទេសនោះ។ នៅឆ្នាំ១៨៣៩-១៨៤៦ និង១៨៦៦ រដ្ឋអំណាចបៀតបៀនធ្វើបាបគ្រីស្តបរិស័ទ។ ព្រះសហគមន៍គោរពមរណសាក្សីជាតិកូរ៉េ១០៣ នាក់។ ក្នុងចំណោមរណសាក្សីទាំងនោះ មានលោកបូជាចារ្យអង់ដ្រេគីមថេហ្គុន និងលោកប៉ូល ជុងហាសាង ព្រមទាំងគ្រីស្តបរិស័ទទាំងប្រុសទាំងស្រីនៅលីវ ឬអ្នកមានគ្រួសារ ចាស់ក្មេង ស៊ូបូជាជិវិតជាជាងលះបង់ជំនឿរបស់ខ្លួន

អត្ថបទទី១
សូមថ្លែងព្រះគម្ពីរលោកអែសរ៉ា អរ ១,១-៦

ក្នុងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅស៊ីរូសជាសេ្ដចស្រុកពែរ្ស ព្រះអម្ចាស់បានជំរុញ​ព្រះហប្ញទ័យព្រះចៅស៊ីរូស ឱ្យចេញសេចក្ដីប្រកាស និងរាជក្រឹត្យក្នុងអាណាចក្ររបស់​សេ្ដចទាំងមូល ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងតាមរយៈលោកយេរេមី មាន​សេចក្ដីដូចតទៅ៖
« ព្រះចៅស៊ីរូសជាសេ្ដចស្រុកពែរ្ស មានរាជឧិង្ការដូចតទៅ៖ ព្រះអម្ចាស់ជាព្រះនៃ​ស្ថានបរមសុខ បានប្រគល់នគរទាំងអស់នៅលើផែនដីមកឱ្យយើងគ្រប់គ្រង។ ព្រះអង្គបញ្ជាឱ្យយើងសង់ព្រះដំណាក់មួយនៅក្រុងយេរូសាឡឹមក្នុស្រុកយូដាថ្វាយព្រះអង្គ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្រ្ដរបស់ព្រះអង្គ សូមឱ្យអ្នកនោះ វិលទៅកាន់ក្រុងយេរូសាឡឹមក្នុងស្រុកយូដាវិញ ហើយសង់ព្រះដំណាក់របស់ព្រះអម្ចាស់ ជា​ព្រះនៃជនជាតិអ៊ីស្រាអែល គឺជាព្រះដែលគង់នៅក្រុងយេរូសាឡឹម។ សូមឱ្យព្រះរបស់គេ​គង់នៅជាមួយគេ។ ជនជាតិអ៊ីស្រាអែលដែលនៅសេសសល់ ទោះបីរស់នៅទីណាក៏​ដោយ ប្រជាជននៅទីនោះត្រូវតែផ្ដល់វិភាគទានដល់ពួកគេ ជាប្រាក់ មាស ទ្រព្យសម្បត្តិ ​និងសត្វ ព្រមទាំងថ្វាយតង្វាយស្ម័គ្រចិត្ត សម្រាប់ព្រះដំណាក់របស់ព្រះជាម្ចាស់នៅក្រុងយេរូសាឡឹមផង»។
ពេលនោះ ពួកមេក្រុមគ្រួសារនៃកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីន ក្រុម​បូជាចារ្យ ក្រុមលេវី គឺអស់អ្នកដែលព្រះជាម្ចាស់ជំរុញចិត្ត នាំគ្នាក្រោកឡើងរៀបចំខ្លួនទៅសង់ព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹម។ អ្នកជិតខាងរបស់ពួកគេ​យករបស់របរធើ្វពីប្រាក់ ពីមាស ព្រមទាំងទ្រព្យសម្បត្តិ សត្វ និងវត្ថុដ៏មានតម្លៃគ្រប់​យ៉ាងមកជួយឧបត្ថម្ភពួកគេ ហើយក៏មានតង្វាយស្ម័គ្រចិត្តថែមទៀតផង។

ទំនុកតម្កើងលេខ ១២៦,១-៦ បទព្រហ្មគីតិ

១.ពេលព្រះដឹកនាំអ្នកដែលជំពាក់ខ្លួនជាឈ្លើយ
មកក្រុងស៊ីយ៉ូនហើយយើងធូរស្បើយដូចយល់សប្ដិ ។
២.យើងសើចហ៊ោសប្បាយអរក្អាកក្អាយឥតមានឈប់
ស្រែកជយឃោសសាយសព្វលាន់សូរស័ព្ទគ្រប់ទិសា ។
ពេលនោះក្នុងចំណោមជាតិទាំងព្រមគេពោលថា៖
«ព្រះម្ចាស់មានចេស្ដាធើ្វអស្ចារ្យចំពោះគេ» ។
៣.ព្រះអង្គបានធើ្វការដ៏អស្ចារ្យអ្វីម៉្លេះទេ
យើងលែងគិតគ្នាន់គ្នេរបានល្ហើយល្ហែអរសប្បាយ ។
៤.ឧិ! ព្រះម្ចាស់ឧត្ដមសូមប្រោសខ្ញុំឱ្យរីកសាយ
ដូចរហោស្ថានឆ្ងាយសូមប្រែក្លាយមានទឹកហូរ ។
៥.អ្នកណាសាបព្រោះស្រូវដោយសោកសៅគួរអាសូរ
ទាំងទឹកភ្នែកជន់ជោរនឹងច្រូតយកទាំងសប្បាយ ។
៦.គេយកពូជទៅព្រោះទាំងស្រណោះយំសោកស្ដាយ
ក្រោយមកគេប្រែក្លាយហ៊ោសប្បាយដោយអំណរ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,១៦

អលេលូយ៉ា! អាលេលូយ៉ា!
ចូរឱ្យពន្លឺរបស់អ្នករាល់គ្នាបំភ្លឺមនុស្សទាំងឡាយ។ គេនឹងឃើញអំពើល្អដែលអ្នករាល់គ្នាប្រព្រឹត្ត
ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះបិតារបស់អ្នករាល់គ្នា។អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៨,១៦-១៨

នៅពេលនោះ បណ្ដាជនជួបជុំគ្នាជុំវិញព្រះយេស៊ូ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖«ពុំដែលមាននរណាអុជចង្កៀង ហើយយកធុងមកគ្របពីលើ ឬយកទៅ​ដាក់ក្រោមគ្រែឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀង ដើម្បីបំភ្លឺអស់​អ្នកដែលចូលក្នុងផ្ទះ។ គ្រប់ការលាក់កំបាំងនឹងត្រូវបើកឱ្យគេដឹង ហើយគ្រប់អាថ៌​កំបាំង ក៏នឹងត្រូវលេចមកឱ្យមនុស្សគ្រប់គ្នាស្គាល់ច្បាស់ដែរ។ ដូច្នេះ ចូរអ្នករាល់គ្នា​ប្រុងប្រយ័ត្ន អំពីរបៀបដែលអ្នករាល់គ្នាស្ដាប់ ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹង​ប្រទានឱ្យថែមទៀត តែអ្នកណាដែលគ្មាន ព្រះអង្គនឹងហូតយកនូវអ្វីដែលខ្លួនស្មានថា​មាននោះផង»។

119 Views

Theme: Overlay by Kaira