ថ្ងៃចន្ទ អាទិត្យទី២៣
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃចន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡ ១,២៤-២,៣
បងប្អូនជាទីស្រឡាញ់!
ខ្ញុំមានអំណរដោយរងទុក្ខវេទនាសម្រាប់បងប្អូន ព្រោះខ្ញុំរងទុក្ខលំបាកក្នុងរូបកាយដូច្នេះ ដើម្បីបំពេញទុក្ខវេទនារបស់ព្រះគ្រីស្ដសម្រាប់ព្រះកាយរបស់ព្រះអង្គ គឺព្រះសហគមន៍។ ខ្ញុំបានទទួលមុខងារបម្រើព្រះសហគមន៍នេះតាមការចាត់ចែងរបស់ព្រះជាម្ចាស់ ដែលផ្ទុកផ្ដាក់ឱ្យខ្ញុំធើ្វ គឺណែនាំបងប្អូនឱ្យស្គាល់ព្រះបន្ទូលរបស់ព្រះអង្គបានសព្វគ្រប់។ នេះហើយជាគម្រោងការដ៏អស្ចារ្យដែលព្រះជាម្ចាស់បានលាក់ទុកតាំងពីយូអង្វែងតរៀងមក មិនឱ្យមនុស្សជំនាន់មុនៗស្គាល់ឡើយ។ តែឥឡូវ ព្រះអង្គបានបង្ហាញឱ្យជនដ៏វិសុទ្ធរបស់ព្រះអង្គស្គាល់។ ព្រះជាម្ចាស់សព្វព្រះហប្ញទ័យឱ្យប្រជារាស្រ្ដដ៏វិសុទ្ធនេះស្គាល់សិរីរុងរឿងដ៏ប្រសើរបំផុតនៃគម្រោងការនេះ នៅក្នុងចំណោមសាសន៍ដ៏ទៃ ពោលគឺ ព្រះគ្រីស្ដគង់នៅក្នុងបងប្អូនដែលព្រះអង្គប្រទានឱ្យបងប្អូនមានសង្ឃឹមថា នឹងបានទទួលសិរីរុងរឿងរបស់ព្រះអង្គ។ ដូច្នេះ យើងនាំដំណឹងអំពីព្រះគ្រីស្ដនេះ ហើយយើងដាស់តឿន និងប្រៀនប្រដៅមនុស្សគ្រប់ៗរូបដោយប្រើប្រាជ្ញាគ្រប់យ៉ាងធើ្វឱ្យគេទាំងអស់គ្នាបានគ្រប់លក្ខណៈក្នុងអង្គព្រះគ្រីស្ដ។ ខ្ញុំធើ្វការនឿយហត់ ដើម្បីសម្រេចគោលដៅនេះឯង គឺខំប្រឹងតយុទ្ធ ដោយប្រើមហិទ្ធិប្ញទ្ធិរបស់ព្រះអង្គដែលកំពុងតែមានសកម្មភាពក្នុងរូបខ្ញុំយ៉ាងខ្លាំង។ ដ្បិតព្រះតម្រិះនិងព្រះប្រាជ្ញាញ្ញាណដ៏ខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់ សុទ្ធតែលាក់ទុកក្នុងអង្គព្រះគ្រីស្ដហ្នឹងហើយ។ ខ្ញុំធ្វើការហឿយហត់ ដើម្បីសម្រេចគោលដៅនេះឯង គឺខំប្រឹងតយុទ្ធ ដោយប្រើមហិទ្ធិឫទ្ធិរបស់ព្រះអង្គដែលកំពុងតែមានសកម្មភាពក្នុងរូបខ្ញុំយ៉ាងខ្លាំង។ ខ្ញុំចង់ឱ្យបងប្អូនជ្រាបថា ខ្ញុំតយុទ្ធខ្លាំងក្លាយ៉ាងណាសម្រាប់បងប្អូន សម្រាប់អស់អ្នកនៅស្រុកឡៅឌីសេ និងសម្រាប់អស់អ្នកដែលមិនធ្លាប់ឃើញមុខខ្ញុំផ្ទាល់ គឺខ្ញុំចង់លើទឹកចិត្តបងប្អូនទាំងនោះ ឱ្យរួបរួមគ្នាក្នុងសេចក្ដីស្រឡាញ់ ដើម្បីឱ្យគេមានប្រាជ្ញាវាងវៃបំផុតយល់សព្វគ្រប់ទាំងអស់ និងស្គាល់ច្បាស់នូវគម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ ពោលគឺព្រះគ្រីស្ដផ្ទាល់ ដ្បិតព្រះតម្រិះ និងប្រាជ្ញាញាណដ៏ខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់សុទ្ធតែលាក់ទុកក្នុងអង្គព្រះគ្រីស្ដហ្នឹងហើយ។
ទំនុកតម្កើងលេខ ៦២ (៦១) ,៦-៧.៩ បទពាក្យ ៧
| ៦ | មែនហើយខ្ញុំនឹងបានស្ងប់ចិត្ត | ពេលបាននៅជិតព្រះអម្ចាស់ | |
| ខ្ញុំតែងសង្ឃឹមគ្មានក្រឡះ | លើព្រះអម្ចាស់របស់ខ្ញុំ | ។ |
| ៧ | ព្រះអង្គតែមួយជាថ្មដា | សង្គ្រោះពាំងពារខ្មាំងជិតជុំ | |
| ទ្រង់ជាកំពែងដ៏រឹងមាំ | ខ្ញុំផុតទុក្ខធំគ្មានសៅហ្មង | ។ |
| ៩ | ឧិប្រជាជនទាំងអស់អើយ | ចូរកុំកន្ដើយនាំគ្នីគ្នា | |
| ផ្ញើកាយផ្ញើចិត្តទាំងជន្មា | លើព្រះគ្រប់គ្រាតរៀងទៅ | ។ |
| ចូរទូលទុក្ខសោកក្ដីកង្វល់ | សព្វអស់អំពល់កុំទុកនៅ | |
| ទ្រង់ជាជម្រកមិនអាស្រូវ | ដរាបរៀងទៅជាប់ជានិច្ច | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន (១៤៥),២.៨-៩
អាលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត។ ព្រះអង្គប្រោសឱ្យអ្នកដែលសោកសង្រេងងើបឡើងវិញ! ព្រះអង្គធើ្វឱ្យមនុស្សអាក្រក់វិនាសអន្ដរាយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,៦-១១
នៅថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងចូលក្នុងធម្មសាលា ហើយព្រះអង្គបង្រៀនគេ។ នៅទីនោះ មានបុរសម្នាក់ស្វិតដៃស្ដាំ។ ពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ីតាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រាសអ្នកជំងឺនៅថ្ងៃសប្ប័ទ ព្រោះគេចង់រកលេសចោទប្រកាន់ព្រះអង្គ។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់ពួកគេ ព្រះអង្គមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើងមក ឈរនៅកណ្ដាលគេឯណេះ!»។ បុរសនោះក៏ក្រោកឈរឡើង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំសួរអ្នករាល់គ្នាថា នៅថ្ងៃសប្ប័ទ តើមនុស្សមានសិទ្ធិធើ្វអំពើល្អ ឬធើ្វអំពើអាក្រក់? មានសិទ្ធិសង្គ្រោះជីវិតមនុស្ស ឬធើ្វឱ្យមនុស្សវិនាសអន្ដរាយ?»។ ព្រះអង្គបែរព្រះភក្រ្ដទតមើលមនុស្សទាំងអស់ដែលនៅជុំវិញ រួចមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ គាត់ក៏លាតដៃ ហើយដៃគាត់បានជាដូចដើមវិញ។ ពួកគេក្ដៅក្រហាយយ៉ាងខ្លាំង ហើយពិគ្រោះគ្នាគិតធើ្វយ៉ាងណាដើម្បីប្រឆាំងនឹងព្រះយេស៊ូ។
1,114 Views
Post Views:
1,129