អត្ថបទព្រះគម្ពីរ
ថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៣ រដូវធម្មតា
ព័ណ៌បៃតង

អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡ ១,២៤-២,៣

បងប្អូនជាទីស្រឡាញ់! ខ្ញុំមានអំណរដោយរងទុក្ខវេទនាសម្រាប់បងប្អូន ព្រោះខ្ញុំរងទុក្ខ​លំបាកក្នុងរូបកាយដូច្នេះ ដើម្បីបំពេញទុក្ខវេទនារបស់ព្រះគ្រីស្ដសម្រាប់ព្រះកាយរបស់ព្រះ​អង្គ គឺព្រះសហគមន៍។ ខ្ញុំបានទទួលមុខងារបម្រើព្រះសហគមន៍នេះ តាមការចាត់ចែងរបស់​ព្រះជាម្ចាស់ ដែលផ្ទុកផ្ដាក់ឲ្យខ្ញុំធើ្វ គឺណែនាំបងប្អូនឲ្យស្គាល់ព្រះបន្ទូលរបស់ព្រះអង្គបានសព្វ​គ្រប់ ។ នេះហើយជាគម្រោងការដ៏អស្ចារ្យ ដែលព្រះជាម្ចាស់បានលោក់ទុកតាំងពីយូអង្វែង​​តរៀងមក មិនឲ្យជំនាន់មុនៗស្គាល់ឡើយ។ តែឥឡូវ ព្រះអង្គបានបង្ហាញឲ្យជនដ៏វិសុទ្ធរបស់​ព្រះអង្គស្គាល់ ។ ព្រះជាម្ចាស់សព្វព្រះហប្ញទ័យឲ្យប្រជារាស្រ្ដដ៏វិសុទ្ធនេះ ស្គាល់សិរីរុងរឿង​ដ៏​ប្រសើរបំផុតនៃគម្រោងការនេះ នៅក្នុងចំណោមសាសន៍ដ៏ទៃ  ពោលគឺ ព្រះគ្រីស្ដគង់នៅក្នុង​បងប្អូន  ដែលព្រះអង្គប្រទានឲ្យបងប្អូនមានសង្ឃឹមថា នឹងបានទទួលសិរីរុងរឿងរបស់​ព្រះអង្គ។​​ ដូច្នេះ យើងនាំដំណឹងអំពីព្រះគ្រីស្ដនេះ ហើយយើងដាស់តឿន និងប្រៀនប្រដៅមនុស្សគ្រប់​ៗ​រូបដោយប្រើប្រាជ្ញាគ្រប់យ៉ាងធើ្វឲ្យគេទាំងអស់គ្នាបានគ្រប់លក្ខណៈក្នុងអង្គព្រះគ្រីស្ដ ។ ខ្ញុំធើ្វ​ការនឿយហត់ដើម្បីសម្រេចគោលដៅនេះឯង គឺខំតយុទ្ធ ដោយប្រើមហិប្ញទ្ធិរបស់ព្រះអង្គដែល​កំពុងតែមានសកម្មភាពក្នុងរូបខ្ញុំយ៉ាងខ្លាំង ដ្បិតព្រះតម្រិះ និងព្រះប្រាជ្ញាញ្ញាណដ៏ខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់ សុទ្ធតែលាក់ទុកក្នុងអង្គព្រះគ្រីស្ដហ្នឹងហើយ។
ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា ខ្ញុំតយុទ្ធខ្លាំងក្លាយ៉ាងណាសម្រាប់បងប្អូន សម្រាប់អស់អ្នក​នៅស្រុកឡៅឌីសេ និងសម្រាប់​​​អស់អ្នកដែលមិនធ្លាប់ឃើញមុខខ្ញុំផ្ទាល់ គឺខ្ញុំចង់លើទឹកចិត្តបងប្អូនទាំងនោះ ឲ្យរួបរួមគ្នាក្នុងសេចក្ដីស្រឡាញ់ ដើម្បីឲ្យគេមានប្រាជ្ញា​វាងវៃបំផុត យល់​សព្វគ្រប់ទាំងអស់ និងស្គាល់ច្បាស់នូវគម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ ពោលគឺ​ព្រះគ្រីស្ដផ្ទាល់ ដ្បិតព្រះតម្រិះ និងប្រាជ្ញាញាណដ៏ខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់សុទ្ធតែលាក់ទុក​ក្នុងអង្គព្រះគ្រីស្ដហ្នឹងហើយ ។ 

ទំនុកតម្កើងលេខ​ ៦២ (៦១),៦-៧.៩         បទពាក្យ ៧

៦.មែនហើយខ្ញុំនឹងបានស្ងប់ចិត្ត ពេលបាននៅជិតព្រះអម្ចាស់
ខ្ញុំតែងសង្ឃឹមគ្មានក្រឡះលើព្រះអម្ចាស់របស់ខ្ញុំ។
៧. ព្រះអង្គតែមួយជាថ្មដាសង្គ្រោះពាំងពារខ្មាំងជិតជុំ
ទ្រង់ជាកំពែងដ៏រឹងមាំខ្ញុំផុតទុក្ខធំគ្មានសៅហ្មង ។
៩. ឱប្រជាជនទាំងអស់អើយចូរកុំកន្ដើយនាំគ្នីគ្នា
ផ្ញើកាយផ្ញើចិត្តទាំងជន្មាលើព្រះគ្រប់គ្រាតរៀងទៅ ។
ចូរទូលទុក្ខសោកក្ដីកង្វល់សព្វអស់អំពល់កុំទុកនៅ
ទ្រង់ជាជម្រកមិនអាស្រូវដរាបរៀងទៅជាប់ជានិច្ច ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ ទន ១៤៦,២.៨-៩

អាលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត។ ព្រះអង្គប្រោសឲ្យអ្នកដែលសោកសង្រេងងើបឡើងវិញ!
ព្រះអង្គធ្វើឲ្យមនុស្សអាក្រក់វិនាសអន្ដរាយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក​ , ៦-១១

នៅថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងចូលក្នុងធម្មសាលា ហើយព្រះអង្គបង្រៀនគេ ។ ​​នៅទីនោះ មានបុរសម្នាក់ស្វិតដៃស្ដាំ ។ ពួកធម្មចារ្យនិងពួកខាងគណៈផារីស៊ីតាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រាសអ្នកជំងឺនៅថ្ងៃសប្ប័ទ ព្រោះគេចង់រកលេសចោទប្រកាន់ព្រះអង្គ​។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់ពួកគេ ព្រះអង្គមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ « ចូរក្រោកឡើង មកឈរនៅកណ្ដាលគេឯណេះ! »។ បុរសនេះក៏ក្រោកឈរឡើង ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ « ខ្ញុំសុំសួរអ្នករាល់គ្នាថា នៅថ្ងៃសប្ប័ទ តើមនុស្សមានសិទ្ធិធើ្វអំពើល្អ ឬធើ្វអំពើអាក្រក់? »។ ​មានសិទ្ធិសង្គ្រោះជីវិតមនុស្ស ឬធើ្វឲ្យមនុស្សវិនាសអន្ដរាយ? » ។ ព្រះអង្គបែរព្រះភ័ក្រ្ដទតមើលមនុស្សទាំងអស់ដែលនៅជុំវិញ រួចមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖ « ចូរលាតដៃមើល៍! » ។ គាត់ក៏លាតដៃ ហើយដៃគាត់បានដូចជាដើមវិញ ។ ពួកគេក្ដៅក្រហាយយ៉ាងខ្លាំង ហើយពិគ្រោះគ្នា គិតធើ្វយ៉ាងណាដើម្បីប្រឆាំងនឹងព្រះយេស៊ូ ។

ខែ​តុលា 2024
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
28293031  
119 Views

Theme: Overlay by Kaira