ថ្ងៃចន្ទ អាទិត្យទី២១
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេស្សាឡូនិក ១ ថស ១,១-៥.៨-១០
យើងខ្ញុំ ប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ សូមជម្រាបមកព្រះសហគមន៍នៅក្រុងថេស្សាឡូនិកដែលរួមជាមួយព្រះជាម្ចាស់ជាព្រះបិតា និងជាមួយព្រះអម្ចាស់យេស៊ូគ្រីស្ត។ សូមព្រះអង្គប្រណីសន្ដោស និងប្រទានសេចក្ដីសុខសាន្តដល់បងប្អូន។ យើងតែងតែអរព្រះគុណព្រះជាម្ចាស់អំពីបងប្អូនទាំងអស់គ្នាជានិច្ច ហើយនៅពេលយើងអធិស្ឋាន យើងតែងនឹកគិតដល់បងប្អូនជាដរាប។ នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ជាព្រះបិតារបស់យើង យើងនឹកចាំអំពីកិច្ចការដែលបងប្អូនបានធ្វើដោយជំនឿ អំពីការនឿយហត់ដែលបងប្អូនបំពេញ ដោយចិត្តស្រឡាញ់ និងអំពីការស៊ូទ្រាំរបស់បងប្អូន ដោយចិត្តសង្ឃឹមលើព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង។ បងប្អូនជាទីស្រឡាញ់របស់ព្រះអម្ចាស់អើយ យើងដឹងហើយថា ព្រះអង្គបានជ្រើសរើសបងប្អូន ដ្បិតយើងបាននាំដំណឹងល្អមកជូនបងប្អូន មិនមែនត្រឹមតែដោយពាក្យសម្ដីប៉ុណ្ណោះទេ គឺដោយមានឫទ្ធានុភាព មានព្រះវិញ្ញាណដ៏វិសុទ្ធ និងមានចិត្តជឿជាក់ទាំងស្រុងថែមទៀតផង។ កាលយើងនៅជាមួយបងប្អូន យើងបានប្រព្រឹត្តយ៉ាងណាសម្រាប់ជាប្រយោជន៍បងប្អូន ដូចបងប្អូនជ្រាបស្រាប់ហើយ។ ដ្បិតព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលចេញពីបងប្អូនទៅនោះ មិនត្រឹមតែលាន់ឮសុសសាយក្នុងស្រុកម៉ាសេដូន និងស្រុកអាខៃប៉ុណ្ណោះទេ គឺជំនឿរបស់បងប្អូនលើព្រះជាម្ចាស់បានឮខ្ចរខ្ចាយទៅគ្រប់ទីកន្លែង។ ដូច្នេះ យើងមិនបាច់និយាយអ្វីទៀតឡើយ។ មនុស្សម្នារៀបរាប់អំពីរបៀបដែលបងប្អូនទទួលយើង នៅពេលយើងមករកបងប្អូន និងអំពីរបៀបដែលបងប្អូនលះបង់ព្រះក្លែងក្លាយ បែរមករកព្រះជាម្ចាស់ ដើម្បីគោរពបម្រើព្រះអង្គដែលមានព្រះជន្មរស់ និងជាព្រះដ៏ពិតប្រាកដ។ បងប្អូនក៏ទន្ទឹងរង់ចាំព្រះបុត្រារបស់ព្រះអង្គយាងពីស្ថានបរមសុខមក គឺព្រះយេស៊ូដែលព្រះអង្គបានប្រោសឱ្យមានព្រះជន្មរស់ឡើងវិញ។ ព្រះយេស៊ូនេះប្រោសយើងឱ្យរួចផុតពីព្រះពិរោធដែលកំពុងតែមក។
ទំនុកតម្កើងលេខ ១៤៩,១-៦ បទកាកគតិ
| ១ | សូមច្រៀងបទថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | សូមសរសើរកោត |
| ទ្រង់ក្នុងចំ | ណោមកូនចៅសោត | អង្គប្រជុំផ្ដោត |
| | ថ្វាយព្រអង្គផង | ។ |
| ២ | សូមប្រជាជន | អ៊ីស្រាអែលគន់ | គយចិត្តប៉ុនប៉ង |
| សប្បាយរីករាយ | ដោយទ្រង់បានប | បង្កើតអ្នកឱ្យចង់ |
| | គោរពព្រះមហាក្សត្រ | ។ |
| ៣ | សូមនំាគ្នារំា | ជាកិត្តិយសធំ | ថ្វាយព្រះម្ចាស់ក្ដាត់ |
| សូមផ្គុំតន្រ្ដី | ទះស្គរភ្លេងភ្លាត់ | ដេញចាប៉ីក្រាប់ |
| | ពិណផងថ្វាយព្រះ | ។ |
| ៤ | ដ្បិតព្រះអង្គម្ចាស់ | សព្វព្រះទ័យណាស់ | ប្រទានតេជះ |
| ឱ្យប្រជាជន | ប្រោសអ្នកតូចទាប | ឱ្យមានជម្នះ |
| | ទំាងសិរីយស | ។ |
| ៤ | សូមឱ្យអ្នកជឿ | សង្ឃឹមពឹងលើ | ព្រះសុខឥតគ្រោះ |
| រីករាយសប្បាយ | ជោគជ័យមានឈ្មោះ | ត្រេកអរលើសលប់ |
| | ពេលមានជោគជ័យ | ។ |
| ៦ | សូមទំាងអស់គ្នា | កោតរាល់វេលា | សរសើរម្ចាស់ថ្លៃ |
| មាត់ពោលពាក្យល្អ | ដៃកាន់ដាវផង | សព្វទុក្ខទាំងពួក |
| | កុំចាត់ឱ្យអស់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១០,២៧
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គពិតជាគង្វាលដ៏ពិតប្រាកដតែមួយ។ យើងខ្ញុំស្ដាប់សំឡេងព្រះអង្គ ហើយទៅតាមព្រះអង្គ។អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៣,១៣-២២
ព្រះយេស៊ូមានព្រះបន្ទូលថា៖ «នែ៎! ពួកធម្មាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន! ព្រោះអ្នករាល់គ្នាបិទទ្វារមិនឱ្យមនុស្សចូរទៅព្រះរាជ្យនៃស្ថានបរមសុខ! អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទំាងរារំាងអ្នកដែលចង់ចូលមិនឱ្យគេចូលទៀតផង!។ ពួកធម្មាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន! ព្រោះអ្នករាល់គ្នាធើ្វដំណើរតាមផ្លូវទឹក និងតាមផ្លូវគោក ស្វែងរកបញ្ជុះបញ្ជូលគេឱ្យចូលសាសនារបស់អ្នករាល់គ្នា យ៉ាងហោចណាស់ឱ្យបានមនុស្សម្នាក់ដែរ។ លុះគេចូលសាសនាហើយ អ្នករាល់គ្នាធើ្វឱ្យគេរឹតតែអាក្រក់ជួជាតិជាងអ្នករាល់គ្នាមួយទ្វេជាពីរ។ ពូកអ្នកដឹកនំាកង្វាក់អើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន! ព្រោះអ្នករាល់គ្នានិយាយថា បើអ្នកស្បថដោយយកព្រះវិហារធើ្វជាសាក្សី ពាក្យសម្បថនោះយកជាការពុំបានទេ។ ផ្ទុយទៅវិញ បើស្បថដោយយកមាសរបស់ព្រះវិហារធើ្វជាសាក្សី ទើបយកជាការបាន។ មនុស្សលេលាកង្វាក់អើយ! មាស ឬព្រះវិហារដែលធើ្វឱ្យមាសទៅជាវត្ថុពិសិដ្ឋ តើមួយណាសំខាន់ជាង?។ អ្នករាល់គ្នានិយាយទៀតថា អ្នកណាស្បថដោយយកអាសនៈធើ្វជាសាក្សី ពាក្យសម្បថនោះយកជាការពុំបានទេ។ ផ្ទុយទៅវិញ បើស្បថដោយយកតង្វាយលើអាសនៈធើ្វជាសាក្សីទើបយកជាការបាន។ មនុស្សកង្វាក់អើយ! តង្វាយដែលគេថ្វាយលើអាសនៈឬអាសនៈដែលធើ្វឱ្យតង្វាយទៅជាតង្វាយពិសិដ្ឋ តើមួយណាសំខាន់ជាង?។ ដូច្នេះ អ្នកណាស្បថដោយយកអាសនៈជាសាក្សី អ្នកនោះមានទំាងអាសនៈ មានទំាងអ្វីៗនៅលើអាសនៈជាសាក្សីមែន។ អ្នកណាស្បថដោយយកព្រះវិហារជាសាក្សី អ្នកនោះមានទំាងព្រះវិហារ មានទំាងព្រះជាម្ចាស់ដែលគង់នៅក្នុងព្រះវិហារជាសាក្សីដែរ។ អ្នកណាស្បថដោយយកស្ថានបរមសុខជាសាក្សី អ្នកនោះមានទំាងបល័្លង្ករបស់ព្រះជាម្ចាស់ មានទំាងព្រះជាម្ចាស់ដែគង់នៅលើបល័្លង្កជាសាក្សី» ។
825 Views
Post Views:
835