ថ្ងៃចន្ទ អាទិត្យទី១៩
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ក្រហម
ថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦
បុណ្យគោរព
សន្តឡូរ៉ង់ ជាឧបដ្ឋាក និងជាមរណសាក្សី
សូមចុចទីនេះ
លោកឡូរ៉ង់ ជាឧបដ្ឋាកនៅក្រុងរ៉ូម។ នៅឆ្នាំ ២៥៨ ព្រះចៅរីយ៉ាំងបៀតបៀនធ្វើបាបគ្រីស្តបរិស័ទ។ ទ្រង់ឱ្យគេកាត់កសម្តេចប៉ាបស៊ីសទី២ (ថ្ងៃទី៧ ខែសីហា)។ លោកឡូរ៉ង់ជាអ្នកកាន់ប្រាក់ និងទ្រព្យសម្បត្តិនៃព្រះសហគមន៍។ លោកមិនព្រមប្រគល់ប្រាក់នេះឱ្យនគរបាល គឺលោកចែកទាំងអស់ដល់ជនក្រីក្រទៅវិញ។ នគរបាលចាប់លោកធ្វើទារុណកម្ម ដោយដុតលោកទាំងរស់នៅលើគ្រែដែក។
សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល អគ ១,២-៦.២៤-២៨គ
នៅថ្ងៃទីប្រាំខែផល្គុន ត្រូវនឹងឆ្នាំទីប្រាំ ក្រោយគេចាប់ព្រះបាទយ៉ូយ៉ាគីនមកជាឈ្លើយ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកអេសេគីអែលជាបូជាចារ្យ នៅស្រុកខាល់ដេ ជិតទន្លេកេបារ។ ពេលនោះ ព្រះអម្ចាស់ដាក់ព្រះហស្តលើលោក។ ខ្ញុំក្រឡេកមើលទៅឃើញមានខ្យល់ព្យុះបក់បោកមកពីទិសខាងជើង មានដុំពពកមួយយ៉ាងធំ និងមានផ្លេកបន្ទោរចេញពីពពកនោះ ទាំងមានពន្លឺព័ទ្ធជុំវិញ ហើយនៅចំកណ្តាលមានដុំភ្លើងមួយបញ្ចេញរស្មីយ៉ាងត្រចះត្រចង់។ នៅខាងក្នុងពពកនោះ មានសត្វលោកបួនដែលមានទ្រង់ទ្រាយដូចមនុស្ស។ សត្វលោកនីមួយៗមានមុខបួន និងស្លាបបួន។ ពេលសត្វទាំងនោះហោះទៅមុខ ខ្ញុំឮសន្ធឹកស្លាបដូចសូរស័ព្ទមហាសាគរ និងដូចព្រះសូរសៀងរបស់ព្រះដ៏មានឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុត។ សន្ធឹកស្លាបនោះក៏លាន់ឮឡើងយ៉ាងទ្រហឹងអឺងអាប់ដូចសន្ធឹកកងទ័ព។ នៅពេលសត្វលោកនោះឈប់ហើរ គេក៏ទម្លាក់ស្លាបចុះ។ មានសំឡេងមួយលេចឮពីលំហអាកាស ដែលស្ថិតនៅលើក្បាលសត្វលោកទាំងបួន។ នៅលើលំហអាកាស ដែលស្ថិតនៅលើក្បាលសត្វទាំងនោះ មានដូចជាត្បូងកណ្តៀងមួយដែលមានរាងជាបល្ល័ង្ក។ នៅលើត្បូងដែលមានរាងជាបល្ល័ង្កនោះ មានដូចជាទ្រង់ទ្រាយរបស់មនុស្សម្នាក់។ ខ្ញុំក៏បានឃើញពន្លឺក្រហមឆ្អៅភ្លឺនៅជុំវិញ ហើយពីត្រង់កន្លែងដែលមានរាងដូចចង្កេះឡើងទៅលើ និងពីត្រង់កន្លែងដែលមានរាងដូចចង្កេះចុះទៅក្រោម ក៏មានដូចជាពន្លឺភ្លើងដ៏ភ្លឺត្រចះត្រចង់ព័ទ្ធជុំវិញដែរ។ ពន្លឺដ៏ត្រចះត្រចង់ព័ទ្ធជុំវិញនោះ ដូចឥន្ទធនូនៅថ្ងៃមានភ្លៀង គឺជារស្មីនៃសិរីរុងរឿងរបស់ព្រះអម្ចាស់។ ពេលឃើញភ្លាម ខ្ញុំក្រាបថ្វាយបង្គំឱនមុខដល់ដី។
ទំនុកតម្កើងលេខ ១៤៨,១-២.១១-១៤ បទពាក្យ ៧
| ១ | សូមលើកតម្កើងអស់ទេវតា | នៅស្ថានសួគ៌ាព្រះអម្ចាស់ | |
| សូមកោតសរសើរតម្កើងព្រះ | នៅទីខ្ពង់ខ្ពស់ឆ្ងាយបំផុត | ។ |
| ២ | ទេវតាទាំងឡាយដែលជាកង | កម្លាំងព្រះអង្គកុំនឹកស្លូត | |
| សរសើរព្រះអង្គគ្រប់ៗមាត់ | ចូរដៃប្រណម្យកុំបីស្រាក | ។ |
| សូមពិភពលោកធំទាំងមូល | រៀបចំស្រុះស្រួលកុំមានផ្អាក | |
| លើកតម្កើងសិរីជ័យជោគ | របស់ព្រះអង្គរាល់វេលា | ។ |
| ១១ | មនុស្សច្រើនក្រៃគ្រប់ជាតិសាសន៍ | គ្រប់ប្រជារាស្ត្រមូលទាំងអស់ | |
| ទាំងស្តេចតូចធំមានសក្តិយស | នាំប្រជារាស្ត្រលើកតម្កើង | ។ |
| សូមលើកសិរីថ្លៃរុងរឿង | របស់ព្រះអង្គត្រដែតឡើង | |
| ព្រោះទ្រង់ជាព្រះរបស់យើង | សូមលើកតម្កើងព្រះម្ចាស់ថ្លៃ | ។ |
| ១២ | កំលោះក្រមុំធំតូចស្តើង | ក្មេងចាស់តម្កើងសិរីជ័យ | |
| ព្រះអង្គថ្លៃថ្លាផុតផែនដី | តម្កើងម្ចាស់ថ្លៃតែមួយអង្គ | ។ |
| ១៣ | សូមតម្កើងព្រះនាមព្រះអង្គ | ដ្បិតមានតែទ្រង់ទេដែលសម | |
| មាននាមប្រសើរលើសខ្ពស់ខ្ពង់ | អនេកអនន្តឥតឧបមា | ។ |
| សិរីរុងរឿងនៃព្រះអង្គ | ត្រដាងសន្ធឹងអាកាសា | |
| គ្រប់គ្រងផែនដីទាំងមេឃា | ល្បីល្បាញចេស្តាលាន់រំពង | ។ |
| ១៤ | ព្រះអង្គបានប្រោសឱ្យប្រជា | ជនងើបមុខផ្ងាមានទំនង | |
| ងើបមុខឡើងវិញមានកម្លាំង | ក្លាហានតតាំងមានជំនះ | ។ |
| ព្រះអង្គស្ថិតនៅជិតជនជាតិ | អ៊ីស្រាអែលពិតមីរដេដាស | |
| កូនចៅព្រះអង្គបានខ្ពង់ខ្ពស់ | មានកេរ្តិ៍មានយសឈ្មោះប្រសើរ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ថស ២,១៤
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់បានត្រាស់ហៅយើងដោយសារដំណឹងល្អ ដើម្បីឱ្យយើងរួមទទួលសិរីរុងរឿងរបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៧,២២-២៧
កាលក្រុមសាវ័ក និងព្រះយេស៊ូនៅជួបជុំគ្នាក្នុងស្រុកកាលីឡេ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃមនុស្សលោកជាមិនខាន។ គេនឹងសម្លាប់លោក ប៉ុន្តែនៅថ្ងៃទីបី លោកនឹងទទួលជីវិតថ្មីដ៏រុងរឿង»។ ឮដូច្នោះ ពួកសាវ័កព្រួយចិត្តជាខ្លាំង។ លុះព្រះយេស៊ូយាងមកដល់ក្រុងកាផានុមជាមួយក្រុមសាវ័ក អ្នកហូតពន្ធសម្រាប់ព្រះវិហារនាំគ្នាចូលមករកលោកសិលា ហើយសួរថា៖«លោកគ្រូរបស់បងតែងបង់ពន្ធសម្រាប់ព្រះវិហារឬទេ?»។ លោកតបវិញថា៖ «បាទ! លោកបង!»។ កាលលោកសិលាទៅដល់ផ្ទះ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់មុនថា៖ «ស៊ីម៉ូន! តាមយោបល់អ្នក ស្តេចនៅផែនដីនេះទារពន្ធអាករពីនរណា? ពីបុត្ររបស់ស្តេច ឬពីអ្នកផ្សេង?»។ លោកទូលថា៖«ពីអ្នកផ្សេង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «មែន បើដូច្នេះ បុត្ររបស់ស្តេចមិនត្រូវបង់ពន្ធឡើយ! ប៉ុន្តែ ដើម្បីកុំឱ្យអ្នកទាំងនោះទាស់ចិត្ត ចូរទៅស្ទូចត្រីសមុទ្រ ហើយយកត្រីដែលស្ទូចបានមុនគេបើកមាត់ អ្នកនឹងឃើញកាក់មួយ។ ចូរយកកាក់នោះទៅបង់ពន្ធឱ្យខ្ញុំ និងឱ្យអ្នកចុះ!»។
520 Views
Post Views:
524