ថ្ងៃចន្ទ អាទិត្យទី១៣
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥
ឬមរណសាក្សីដើមដំបូង
នៅព្រះសហគមន៍ក្រុងរ៉ូម
ពណ៌ក្រហម
នៅគ.ស ៦៤ ព្រះចៅអធិរាជរ៉ូម៉ាំងព្រះនាមណេរុងបានចាប់គ្រីស្តបរិស័ទជាច្រើនអ្នកយកទៅឆ្កាង និងដុតសម្លាប់ទាំងរស់។ នៅទីក្រុងរ៉ូម គេរ៉ាយរ៉ាប់អំពីព្រះចៅណេរុងថា ជាអ្នកដុតបំផ្លាញក្រុងរ៉ូម ប៉ុន្តែដោយទ្រង់មានបំណងចង់បំបាត់ពាក្យចចាមអារាមនោះ ព្រះចៅណេរុងក៏ចោទប្រកាន់ថា គ្រីស្តបរិស័ទជាអ្នកប្រព្រឹត្ត។ ទ្រង់ធ្វើទារុណកម្មគេយ៉ាងខ្លាំងហួសពីការស្មាន។ ឈ្មោះគ្រីស្តបរិស័ទនេះមកពីបុរសម្នាក់ ដែលទេសាភិបាលប៉ុនពីឡាតបានធ្វើទោសប្រហារជីវិត ក្នុងរជ្ជកាលព្រះបាទទីបែរ។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ១៨,១៦-៣៣
បុរសទាំងបីដែលមកបរិភោគនៅជំរំរបស់លោកអប្រាហាំក្រោកឡើង ហើយចាកចេញតម្រង់ទៅកាន់ក្រុងសូដុម។ លោកអប្រាហាំក៏ជូនដំណើរអ្នកទាំងបីទៅដែរ។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «តើយើងនឹងលាក់ការដែលយើងបម្រុងនឹងធ្វើមិនឱ្យអប្រាហាំដឹង ឬយ៉ាងណា? ទេ! យើងមិនត្រូវលាក់ទេ ដ្បិតគាត់នឹងបង្កើតប្រជាជាតិមួយធំ ដ៏មានកម្លាំងខ្លាំងក្លា ហើយប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីក៏នឹងទទួលពរដោយសារគាត់ដែរ។ យើងបានជ្រើសរើសគាត់ឱ្យប្រៀនប្រដៅកូនចៅ និងវង្សត្រកូលតរៀងទៅ ឱ្យប្រតិបត្តិតាមមាគ៌ារបស់ព្រះអម្ចាស់ ដោយប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌ផង។ ដូច្នេះ ព្រះអម្ចាស់នឹងប្រទានឱ្យលោកអប្រាហាំស្របតាមព្រះបន្ទូលសន្យាដែលព្រះអង្គបាននិយាយជាមួយលោក»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកអប្រាហាំថា៖ «ពាក្យចោទប្រកាន់អ្នកក្រុងសូដុម និងអ្នកក្រុងកូម៉ូរ៉ាលាន់ឮខ្លាំងណាស់ ហើយអំពើបាបរបស់គេក៏ធ្ងន់ណាស់ដែរ។ យើងត្រូវតែចុះទៅមើល ដើម្បីឱ្យដឹងថា តើកិរិយាមារយាទរបស់គេដូចពាក្យចោទដែលលាន់ឮមកយើង ឬយ៉ាងណាៗនោះ យើងមុខជានឹងដឹងច្បាស់មិនខាន»។ បុរសពីរនាក់ដែលហែរហមព្រះអម្ចាស់ក៏ចេញពីកន្លែងនោះតម្រង់ទៅក្រុងសូដុម។ ចំណែកឯលោកអប្រាហាំវិញ លោកនៅជាមួយព្រះអម្ចាស់។ លោកចូលទៅជិតព្រះអង្គ ហើយទូលសួរថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គនឹងបំបាត់មនុស្សសុចរិត រួមជាមួយមនុស្សទុច្ចរិតដែរឬអ្វី? ក្នុងក្រុងនោះ ប្រហែលជាមានមនុស្សសុចរិតហាសិបនាក់ដែរមើលទៅ! តើព្រះអង្គនឹងបំផ្លាញក្រុងនោះចោលមែនឬ? សូមព្រះអង្គប្រោសប្រណីដល់ក្រុងនោះ ដោយយោគយល់ដល់មនុស្សសុចរិតទាំងហាសិបនាក់នោះផង! សូមព្រះអង្គកុំប្រហារជីវិតមនុស្សសុចរិតរួមជាមួយមនុស្សទុច្ចរិតឡើយ! បើធ្វើដូច្នេះ មនុស្សសុចរិតនឹងដូចមនុស្សបាបដែរ! ព្រះអង្គមិនគួរប្រព្រឹត្តដូច្នេះទេ! ព្រះអង្គជាចៅក្រមនៃផែនដីទាំងមូល គួរតែប្រព្រឹត្តតាមយុត្តិធម៌ផង!»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកបានមនុស្សសុចរិតហាសិបនាក់នៅក្នុងក្រុងសូដុម ហើយនឹងអត់ទោសឱ្យអ្នកក្រុងទាំងមូល ដោយយោគយល់ដល់អ្នកសុចរិតទាំងនោះ»។
លោកអប្រាហាំទូលទៀតថា៖ «ខ្ញុំគ្រាន់តែជាធូលីដីនិងជាផេះប៉ុណ្ណោះ។ សូមអភ័យទោសចំពោះខ្ញុំ ដែលហ៊ានតវ៉ាជាមួយព្រះអម្ចាស់បែបនេះ។ ប្រហែលខ្វះប្រាំនាក់ មនុស្សសុចរិតមានតែសែសិបប្រាំនាក់ទេ តើព្រះអង្គនឹងបំផ្លាញក្រុងទាំងមូលចោលព្រោះតែប្រាំនាក់នោះឬ?» ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកមនុស្សសុចរិតបានសែសិបប្រាំនាក់ យើងមិនបំផ្លាញក្រុងនោះចោលឡើយ»។ លោកអប្រាំហាំទូលព្រះអង្គទៀតថា៖ «ប្រហែលរកបានតែសែសិបនាក់ទេមើលទៅ»។ ព្រះអង្គមានព្រះបន្ទូលថា៖«ប្រសិនបើយើងរកបានសែសិបនាក់ យើងមិនបំផ្លាញក្រុងនោះចោលឡើយ»។ លោកអប្រាហាំទូលទៀតថា៖ «បើខ្ញុំទូលម្តងទៀត សូមព្រះអម្ចាស់កុំខ្ញាល់ ប្រហែលរកបានតែសាមសិបនាក់ទេមើលទៅ!»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកបានសាមសិបនាក់ យើងមិនបំផ្លាញក្រុងនោះចោលឡើយ»។ លោកអប្រាហាំទូលទៀតថា៖ «បពិត្រព្រះអម្ចាស់! សូមកុំប្រកាន់ ប្រហែលរកបានតែម្ភៃនាក់ទេមើលទៅ!»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកបានម្ភៃនាក់ យើងមិនបំផ្លាញក្រុងនោះចោលឡើយ»។ លោកអប្រាហាំទូលទៀតថា៖ «បពិត្រព្រះអម្ចាស់! សូមកុំខ្ញាល់ ខ្ញុំសូមទូលម្តងទៀតជាលើកក្រោយបង្អស់ ប្រហែលរកបានតែដប់នាក់ទេ!»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកបានដប់នាក់ យើងមិនបំផ្លាញក្រុងនោះចោលឡើយ»។
លុះព្រះអម្ចាស់មានព្រះបន្ទូលនឹងលោកអប្រាហាំរួចហើយ ទ្រង់យាងចេញបាត់ទៅ រីឯលោកអប្រាហាំវិញ លោកក៏ត្រឡប់មកកន្លែងបោះជំរំវិញ។
ទំនុកតម្កើងលេខ ១០៣ (១០២),១-៤.៨-១១ បទកាកគតិ
| ១ | ខ្ញុំសូមសរសើរ | ព្រះគ្មានអ្វីស្មើ | អស់ពីដួងចិត្ត |
| ខ្ញុំសូមតម្កើង | នាមដ៏វិសុទ្ធ | ព្រះដ៏មានឫទ្ធិ |
| | ផុតលើលោកា | ។ |
| ២ | ខ្ញុំសូមតម្កើង | សរសើរលើកឡើង | អស់ពីចិន្តា |
| ខ្ញុំសូមរំឭក | ព្រះហស្តអស្ចារ្យ | សប្បុរសករុណា |
| | មិនបំភ្លេចឡើយ | ។ |
| ៣ | ព្រះអង្គអត់ទោស | នូវរាល់កំហុស | ដែលមានមកហើយ |
| ខ្ញុំបានប្រព្រឹត្ត | ព្រះអង្គប្រោសឱ្យ | ខ្ញុំបានធូរស្បើយ |
| | ផុតរោគសោកសៅ | ។ |
| ៤ | ព្រះអង្គរំដោះ | ជីវិតឱ្យរស់ | ផុតពីរណ្តៅ |
| ព្រះអង្គអាណិត | អាសូរពេកកូវ | ខ្ញុំផុតសោកសៅ |
| | ដោយទ្រង់មេត្តា | ។ |
| ៨ | ព្រះអម្ចាស់ថ្លៃ | មានព្រះហឫទ័យ | អាណិតករុណា |
| ប្រណីសន្តោស | គ្រប់ពេលវេលា | ដល់មនុស្សគ្រប់គ្នា |
| | មិនឱ្យមានភ័យ | ។ |
| ៩ | ទ្រង់មិនបន្ទោស | ប្រើពាក្យបោកបោះ | ដាក់យើងរាល់ថ្ងៃ |
| ទ្រង់មិនពិរោធ | មិនខេខឹងអ្វី | ហើយតែងប្រណី |
| | ដល់យើងគ្រប់គ្នា | ។ |
| ១០ | ព្រះអង្គមិនដាក់ | ទោសយើងម្នាក់ៗ | ឱ្យឈឺគ្រាំគ្រា |
| សមតាមអំពើ | បាបច្រើនមហិមា | ទ្រង់តែងមេត្តា |
| | មិនយកទោសពៃរ៍ | ។ |
| ១១ | មេឃនៅខ្ពស់ឆ្ងាយ | សន្លឹមអន្លាយ | ពីភពផែនដី |
| ព្រះទ័យព្រះម្ចាស់ | ដែលធ្លាប់ប្រណី | ក៏នៅខ្ពស់ឆ្ងាយ |
| | យ៉ាងដូច្នោះដែរ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៥,៨
អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នាប្រុងត្រចៀកស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៨,១៨-២២
នៅគ្រានោះ ព្រះយេស៊ូឃើញបណ្តាជនចោមរោមព្រះអង្គ ទ្រង់ក៏បញ្ជាឱ្យគេចេញទូកទៅត្រើយម្ខាង។ ពេលនោះ មានធម្មាចារ្យម្នាក់ចូលមកជិតព្រះអង្គ ហើយទូលថា៖ «លោកគ្រូ! ខ្ញុំប្របាទសុខចិត្តទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏ដោយ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ រីឯបុត្រមនុស្សវិញ លោកគ្មានទីជម្រកសម្រាកសោះឡើយ»។ មានសាវ័កម្នាក់ទៀតទូលព្រះអង្គថា៖ «ព្រះអម្ចាស់! សូមព្រះអង្គអនុញ្ញាតឱ្យខ្ញុំប្របាទត្រឡប់ទៅបញ្ចុះសពឪពុកសិន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ ទុកឱ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ»។
51 Views
Post Views:
51