ថ្ងៃចន្ទ អាទិត្យទី១២
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ១២,១-៩
នៅសម័យនោះ លោកអប្រាហាំរស់នៅក្នុងស្រុកខាល់ដេ។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកអប្រាហាំថា៖ «ចូរអ្នកចាកចេញពីស្រុកកំណើត ឃ្លាតចេញពីញាតិសន្តាន ពីក្រុមគ្រួសារឪពុកអ្នក តម្រង់ឆ្ពោះទៅស្រុកដែលយើងនឹងបង្ហាញអ្នក។ យើងនឹងធ្វើឱ្យអ្នកបង្កើតបានប្រជាជាតិមួយយ៉ាងធំ យើងក៏នឹងឱ្យពរអ្នកដែរ។ យើងនឹងធ្វើឱ្យអ្នកមានឈ្មោះល្បី ហើយអ្នកនឹងផ្ដល់ពរដល់អ្នកដទៃថែមទៀតផង យើងនឹងឱ្យពរដល់ជនទាំងឡាយដែលជូនពរអ្នក រីឯអ្នកណាដាក់បណ្តាសាអ្នក យើងនឹងដាក់បណ្តាសាអ្នកនោះដែរ។ មនុស្សគ្រប់ជាតិសាសន៍នៅលើផែនដីនឹងទទួលពរដោយសារអ្នក»។ លោកអប្រាហាំចេញដំណើរទៅតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយលោកឡុតក៏ចេញទៅជាមួយដែរ។ ពេលលោកអប្រាហាំចាកចេញពីស្រុកហារ៉នទៅនោះ លោកអាយុចិតសិបប្រាំឆ្នាំហើយ។ លោកនាំលោកស្រីសារ៉ាជាភរិយា និងលោកឡុតជាក្មួយទៅជាមួយ។ លោកក៏យកទ្រព្យសម្បតិ្តទាំងប៉ុន្មានដែលពួកលោករកបាន ព្រមទាំងអ្នកបម្រើ និងហ្វូងសត្វទាំងអស់ដែលពួកលោកទិញនៅស្រុកហារ៉នទៅជាមួយដែរ។ អស់លោកនាំគ្នាចេញដំណើរឆ្ពោះទៅស្រុកកាណាន។ លុះមកដល់ស្រុកកាណានហើយ លោកអប្រាហាំដើរកាត់ស្រុកនោះ រហូតដល់កន្លែងមួយ ឈ្មោះស៊ីគែម គឺទៅដល់ដើមជ្រៃរបស់តាម៉ូរ៉េ។ ក្នុងសម័យនោះ ជនជាតិកាណានជាម្ចាស់ស្រុក។ ព្រះអម្ចាស់បង្ហាញព្រះអង្គឱ្យលោកអប្រាហាំឃើញ ហើយមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឱ្យពូជពង្សអ្នក»។ នៅទីនោះ លោកអប្រាហាំសាងអាសនៈមួយសម្រាប់បូជាយញ្ញថ្វាយព្រះអម្ចាស់ដែលទ្រង់បាបង្ហាញព្រះអង្គឱ្យលោកឃើញ។ បន្ទាប់មក លោកចាកចេញពីទីនោះឆ្ពោះទៅតំបន់ភ្នំដែលនៅខាងកើតក្រុងបេតអែល។ លោកបោះជំរំនៅចន្លោះក្រុងបេតអែលដែលនៅខាងលិច និងក្រុងអៃដែលនៅខាងកើត។ លោកសាងអាសនៈមួយសម្រាប់បូជាយញ្ញថ្វាយព្រះអម្ចាស់ ហើយថ្វាយបង្គំព្រះនាមព្រះអម្ចាស់ រួចលោកបន្តដំណើរពីកន្លែងមួយទៅកន្លែងមួយ ទៅទិសខាងត្បូង។
ទំនុកតម្កើងលេខ ៣៣ (៣២),១២-១៣.១៨-២០.២២ បទព្រហ្មគីតិ
| ១២ | ប្រជាជនដែលគោរព | បម្រើគ្រប់គ្មានទំនេរ | |
| ទុកជាព្រះឥតប្រែ | នោះជួបតែសុខគ្រប់គ្រា | ។ |
| ជនដែលព្រះអង្គជ្រើស | ឥតមានឃ្នើសជាទ្រព្យា | |
| ជារាស្ត្រផ្ទាល់អង្គា | នោះមុខជារួចផុតទុក្ខ | ។ |
| ១៣ | ព្រះម្ចាស់ទតមកពី | ស្ថានរមណីបរមសុខ | |
| ទតមើលពីលើមក | ឃើញមនុស្សលោកយើងទាំងអស់ | ។ |
| ១៨ | ព្រះអង្គតាមរក្សា | អស់អ្នកណាដែលខ្លាចព្រះ | |
| អ្នកពឹងលើអម្ចាស់ | ដ៏សប្បុរសមានមេត្តា | ។ |
| ១៩ | ព្រះអង្គបានសង្គ្រោះ | ឱ្យគេរស់មានសង្ខារ | |
| ផុតពីក្តីមរណា | នៅក្នុងគ្រាដែលអត់ឃ្លាន | ។ |
| ២០ | យើងសូមផ្ញើជីវិត | លើព្រះពិតមិនខកខាន | |
| ជាខែលដ៏ចំណាន | សង្គ្រោះប្រាណផុតភិតភ័យ | ។ |
| ២២ | សូមព្រះជាអម្ចាស់ | សម្តែងព្រះទ័យវិសុទ្ធ | |
| មេត្តាខ្ពស់បំផុត | កាយជីវិតផ្ញើព្រះអង្គ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប ៤,១២
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិឫទ្ធិ។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅក្នុងឆន្ទៈនិងគំនិត នៅក្នុងជម្រៅចិត្តរបស់យើង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៧,១-៥
ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «កុំថ្កោលទោសអ្នកដទៃឱ្យសោះ ដើម្បីកុំឱ្យព្រះជាម្ចាស់ថ្កោលទោសអ្នករាល់គ្នា។ អ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះជាម្ចាស់ក៏នឹងថ្កោលទោសអ្នករាល់គ្នាយ៉ាងនោះដែរ។ ព្រះអង្គនឹងវាល់ឱ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឱ្យអ្នកដទៃ។ ហេតុអ្វីបានជាអ្នកមើលឃើញល្អងធូលីនៅក្នុងភ្នែកបងប្អូន តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់អ្នកដូច្នេះ?។ បើមានធ្នឹមនៅក្នុងភ្នែករបស់អ្នក ម្តេចក៏អ្នកនិយាយទៅបងប្អូនថា “ទុកឱ្យខ្ញុំផ្តិតយកល្អងធូលីចេញពីភ្នែកអ្នក?”។ មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន ទើបអ្នកមើលឃើញច្បាស់ល្មមនឹងផ្តិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន»។
464 Views
Post Views:
484