ថ្ងៃចន្ទ អាទិត្យទី១០
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣

អត្ថបទទី១៖ សូមថ្លែងលិខិតទី២ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ២ករ ១,១-៧

ខ្ញុំប៉ូល ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យតែងតាំងជាទូតរបស់ព្រះគ្រីស្តយេស៊ូ ខ្ញុំ និង​​លោកធីម៉ូថេ សូមជម្រាបមកព្រះសហគមន៍របស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស និងជំរាប​មកដល់អស់ជនដ៏វិសុទ្ធនៅស្រុកក្រិកទាំងមូល។ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រីស្តប្រណីសន្តោស និងប្រទានសេចក្តីសុខសាន្តដល់បងប្អូន។ សូមលើកតម្កើងព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះយេស៊ូជាអម្ចាស់នៃយើង។ ព្រះ​អង្គជាព្រះបិតាប្រកបដោយព្រះហឫទ័យមេត្តាករុណា និងជាព្រះដែលជួយសម្រាលទុក្ខគ្រប់បែប​យ៉ាង។ ព្រះអង្គសម្រាលទុក្ខយើងនៅពេលយើងមានទុក្ខវេទនាសព្វបែបយ៉ាង ដើម្បីឱ្យយើងអាចសម្រាលទុក្ខអស់អ្នកដែលមានទុក្ខវេទនា ព្រោះព្រះជាម្ចាស់បានប្រទានឱ្យយើងផ្ទាល់បានធូរស្បើយរួចហើយដែរ។ យើងរួមទុក្ខលំបាកជាមួយព្រះ​គ្រីស្តកាន់តែច្រើនយ៉ាងណា យើងក៏បានធូរស្រាលពីទុក្ខដោយសារព្រះគ្រីស្តកាន់តែ​ច្រើនយ៉ាងនោះដែរ។ បើយើងត្រូវរងទុក្ខវេទនា គឺដើម្បីឱ្យព្រះអង្គសម្រាលទុក្ខ និង​សង្គ្រោះបងប្អូន។ បើយើងបានធូរស្បើយក្នុងចិត្តហើយនោះ គឺដើម្បីឱ្យបងប្អូន​បានធូរស្បើយក្នុងចិត្ត ធ្វើឱ្យបងប្អូនអាចស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗដូចយើងដែរ។ ដូច្នេះ កាលណាយើងគិតពីបងប្អូន យើងមានសង្ឃឹមយ៉ាងមុតមាំ ដោយដឹងថា ដូច​បងប្អូនរងទុក្ខលំបាករួមជាមួយយើងយ៉ាងណា បងប្អូនក៏នឹងបានធូរស្រាលរួមជាមួយ​យើងយ៉ាងនោះដែរ។

ទំនុកតម្កើងលោកតូប៊ីត ៣៤ (៣៣),២-៩ បទកាកគតិ

ខ្ញុំអរព្រះគុណអម្ចាស់ពេកពន់គ្រប់ពេលវេលា
សូមលើកតម្កើងព្រះអង្គគ្រប់គ្រាឥតមានរួញរា
ឈប់ឈរសោះឡើយ
ខ្ញុំខ្ពស់មុខព្រោះព្រះម្ចាស់សង្គ្រោះខ្ញុំមិនកន្តើយ
ចូរអ្នកទន់ទាបស្តាប់កុំព្រងើយនឹងបានធូរស្បើយ
អំណរខ្លាំងក្លា
សូមមកប្រកាសនឹងខ្ញុំឱ្យច្បាស់ដោយពោលឡើងថា
ព្រះម្ចាស់ថ្កុំថ្កើងរុងរឿងក្រៃណាយើងនាំគ្នីគ្នា
តម្កើងព្រះអង្គ
ខ្ញុំបានស្វែងរកព្រះម្ចាស់តបមកឥតមានបង្អង់
ទ្រង់បានរំដោះខ្ញុំអស់ទុក្ខផងតក់ស្លុតមួរហ្មង
ឆ្លងផុតទាំងអស់
អ្នកដែលសម្លឹងឆ្ពោះទៅព្រះអង្គបានសុខឥតមោះ
ផុតអស់ទុក្ខសោកវិយោគរងគ្រោះពួកគេទាំងនោះ
មិនខកចិត្តឡើយ
អស់អ្នកកំសត់និងមនុស្សទុរគតគេស្រែកដង្ហោយ
ហៅរកព្រះម្ចាស់ទ្រង់សណ្តាប់ហើយសង្គ្រោះគេឱ្យ
ផុតពីគ្រោះកាច
ទេវទូតរបស់ព្រះម្ចាស់ទាំងអស់ថែទាំអ្នកខ្លាច
រក្សាការពារគេក្រោមអំណាចរំដោះឱ្យរួច
ផុតពីទុក្ខភ័យ
ចូរអ្នកផ្អែកពឹងពិសោធន៍ឱ្យដឹងថាព្រះម្ចាស់ថ្លៃ
ទ្រង់មានមេត្តាសប្បុរសពេកក្រៃអស់ជនប្រុសស្រី
មានជ័យមង្គល

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,១២

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរអរសប្បាយរីករាយឡើង ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,១-១២

ព្រះយេស៊ូទតឃើញមហាជនដែលដើរតាមព្រះអង្គ។ ព្រះអង្គយាងឡើងទៅលើភ្នំ រួចគង់នៅទីនោះ។ សាវ័កនាំគ្នាចូលមកគាល់ព្រះអង្គ។ ព្រះអង្គក៏មានព្រះបន្ទូល​បង្រៀនគេថា៖ «អ្នកណាដាក់ចិត្តជាអ្នកក្រីក្រ អ្នកនោះមានសុភមង្គល ដ្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ។ អ្នកណាមានចិត្តស្លូតបូត អ្នកនោះមាន​សុភមង្គលហើយ ដ្បិតពួកគេនឹងទទួលទឹកដីទុកជាមត៌ក!។ អ្នកណាសោកសៅ អ្នក​នោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសម្រាលទុក្ខពួកគេ។ អ្នកណាស្រេក​ឃ្លានសេចក្តីសុចរិត អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងប្រទានឱ្យ​ពួកគេឆ្អែត។ អ្នកណាមានចិត្តមេត្តាករុណា អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះ​ជាម្ចាស់នឹងសម្តែងព្រះហឫទ័យមេត្តាករុណាដល់ពួកគេវិញ។ អ្នកណាមានចិត្តបរិសុទ្ធ អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់។ អ្នកណាកសាង​សន្តិភាព អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងមានឈ្មោះជាបុត្ររបស់ព្រះ​ជាម្ចាស់។ អ្នកណាត្រូវគេបៀតបៀនព្រោះតែបានធ្វើតាមសេចក្តីសុចរិត អ្នកនោះមាន​សុភមង្គល ដ្បិតគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ!»។ ប្រសិនបើមានគេត្មះតិះដៀល បៀតបៀន និងមានគេនិយាយអាក្រក់គ្រប់យ៉ាងបង្ខូចឈ្មោះអ្នករាល់គ្នាព្រោះតែខ្ញុំ នោះអ្នករាល់គ្នាមានសុភមង្គលហើយ។ ចូរអរ​សប្បាយរីករាយឡើង ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ ​ដ្បិតពួកព្យាការីដែលរស់នៅមុនអ្នករាល់គ្នា ក៏ត្រូវគេបៀតបៀនដូច្នោះដែរ»។

311 Views

Theme: Overlay by Kaira