អាទិត្យទី 0៤ នៃបុណ្យចម្លង
ថ្ងៃចន្ទ
ពណ៌ស

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១១,១-១៨

ក្រុមគ្រីស្តទូត និងបងប្អូននៅស្រុកយូដាឮដំណឹងថា សាសន៍ដទៃក៏បានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់​ដែរ។ កាលលោកសិលាឡើងទៅដល់ក្រុងយេរូសាឡឹមវិញ អ្នកជឿដែលជាសាសន៍យូដានាំគ្នារិះគន់​លោក​ថា៖ ​«លោក​បានចូលក្នុងផ្ទះសាសន៍ដទៃ ហើយលោក​ក៏បានបរិភោគ​ជាមួយពួក​គេថែម​ទៀតផង!» ។
លោក​សិលា​រៀបរាប់ប្រាប់គេតាមលំដាប់លំដោយថា៖ «កាលខ្ញុំនៅក្រុងយ៉ុបប៉េ ក្នុងពេលអធិដ្ឋាន ខ្ញុំលង់​ស្មារតីនិមិត្តឃើញវត្ថុម្យ៉ាង ដូចកម្រាលតុមួយយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុងចុះពីលើមកដល់ខ្ញុំ។ ពេល​ខ្ញុំ​ពិនិត្យយ៉ាងដិតដល់ទៅ ខ្ញុំឃើញមានសត្វចតុប្បាទ សត្វព្រៃ សត្វលូនវារ និងបក្សាបក្សី។ ខ្ញុំក៏ឮព្រះសូរសៀងមួយ​បញ្ជាមកខ្ញុំថា៖ “សិលាអើយ! ចូរសម្លាប់សត្វទាំងនេះបរិភោគទៅ!” ។ ប៉ុន្តែខ្ញុំទូលទៅវិញថា៖ “ទេ! បពិត្រព្រះ​អម្ចាស់​! ​ទូលបង្គំពុំដែលទទួលទានអ្វីដែលវិន័យហាមឃាត់ ឬអាហារមិនបរិសុទ្ធទាល់តែសោះ” ។ ព្រះសូរសៀងនោះ ក៏បន្លឺចុះ​​​ពីលើមេឃមកជាលើកទីពីរថា៖ “អ្វីៗដែលព្រះជាម្ចាស់បានប្រោសឱ្យបរិសុទ្ធហើយ ចូរកុំចាត់ទុកថាវិន័យ​ហាម​ឃាត់​នោះ​ឡើយ!” ។ ហេតុការណ៍នេះកើតមានឡើងដល់ទៅបីដងទើបវត្ថុនោះឡើងទៅលើមេឃវិញអស់។ នៅពេល​នោះ ស្រាប់តែមានបុរសបីនាក់ដែលគេចាត់ពីក្រុងសេសារេឱ្យមករកខ្ញុំ បានមកដល់ផ្ទះដែលយើងស្នាក់នៅ ។ ព្រះវិញ្ញាណមានព្រះបន្ទូលប្រាប់ខ្ញុំឱ្យចេញដំណើរទៅជាមួយគេកុំរារែកឡើយ។ ពេលនោះមានបង​ប្អូនប្រាំ​មួយនាក់​ជូ​ន​​ដំណើរ​ខ្ញុំទៅដែរ ហើយយើងបានទៅដល់ផ្ទះលោកគ័រនេល្យូស។ លោកបានរៀបរាប់ប្រាប់យើងថា លោកបាន​ឃើញ​​ទេវទូតមកជួបលោកនៅក្នុងផ្ទះ ទាំងពោលថា៖ “សុំលោកចាត់មនុស្សឱ្យទៅក្រុងយ៉ុបប៉េ រកមនុស្សម្នាក់​ឈ្មោះ​​​ស៊ី​ម៉ូ​នហៅ “សិលា”។ គាត់នឹងប្រកាសព្រះបន្ទូលដែលផ្តល់ការសង្គ្រោះឱ្យលោក​ និងក្រុម​គ្រួសារ​របស់​លោក​ទាំង​មូល​”។ នៅ​ពេ​​លខ្ញុំចាប់ផ្តើមនិយាយស្រាប់តែព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមកសណ្ឋិតលើពួកគេ ដូចព្រះអង្គ​យាង​ចុះ​មក​សណ្ឋិ​ត​លើយើងកាលពីដើមដំបូងនោះដែរ។ ពេលនោះ ខ្ញុំក៏នឹកឃើញព្រះបន្ទូលរបស់ព្រះ អម្ចាស់​ថា៖​ “លោក​យ៉ូ​ហានបានធ្វើពិធីជ្រមុជឱ្យគេក្នុងទឹក រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ”។ ប្រ​សិ​ន​​​បើ​ព្រះជាម្ចាស់ប្រទានព្រះអំណោយទានដល់គេ ដូចព្រះអង្គ​បានប្រទានមក​យើងដែល​ជឿលើព្រះអម្ចាស់​យេស៊ូ​គ្រី​ស្ត​​ដែរ​នោះ តើរូបខ្ញុំនេះមានអំណាចអ្វីនឹងទៅឃាត់ឃាំងព្រះជាម្ចាស់បាន?»។ កាលក្រុមអ្នកជឿបានឮសេចក្តីទាំងនេះគេធូរចិត្ត ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ទាំងពោលថា៖ «សូម្បីតែសាសន៍ដទៃ ក៏ព្រះជាម្ចាស់​បាន​ប្រោសប្រទានឱ្យគេកែប្រែចិត្តគំនិតដើម្បីទទួលជីវិតដែរ!»។

ទំនុកតម្កើងលេខ ៤២, ២-៣ បទកាកគតិ

បពិត្រព្រះម្ចាស់ខ្ញុំប្រាថ្នាណាស់ចង់នៅជាមួយ
គិតដេកមិនលក់យប់នឹកថ្ងៃព្រួយចង់នៅជាមួយ
ដូចក្តាន់រកទឹក
ខ្ញុំស្រេកខ្ញុំឃ្លានព្រះម្ចាស់ក៏មានបារមីមានឫទ្ធិ
ព្រះជន្មគង់នៅស្ថិតស្ថេរពិតៗខ្ញុំចង់នៅជិត
ព្រះភ័ក្រ្តព្រះអង្គ

ទំនុកតម្កើងលេខ ៤៣, ៣-៤ បទពាក្យ ៧

សូមផ្តល់ពន្លឺនិងក្តីពិតឱ្យនៅស្ថេរស្ថិតហើយតម្រង់
ទៅភ្នំវិសុទ្ធដ៏ផូរផង់ដំណាក់ព្រះអង្គសមសព្វគ្រប់
ខ្ញុំនឹងឆ្ពោះទៅទីអាសនៈព្រះអង្គឥតអាក់ជាប្រភព
នៃក្តីអំណរដ៏លើសលប់តម្កើងមិនឈប់ដោយតន្រ្តី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១០,១៤-១៥

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូជាគង្វាលដ៏ប្រសើរ។ ព្រះអង្គស្គាល់ចៀមរបស់ព្រះអង្គ ហើយចៀម​របស់​ព្រះអង្គ​ក៏ស្គាល់​ព្រះ​អង្គដែរ។
ព្រះអង្គក៏បានស៊ូប្តូរព្រះជន្មសម្រាប់ចៀមទាំងនោះ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១០,១-១០

ព្រះយេស៊ូមានព្រះបន្ទូលមកកាន់ពួកផារីស៊ីថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណា​មិន​ចូលក្នុង​ក្រោល​ចៀម​តាមទ្វារ តែផ្លោះចូលតាមកន្លែងផ្សេង អ្នកនោះជាចោរលួចចោរប្លន់។ រីឯអ្នកដែលចូលតាមទ្វារ ពិត​ជា​គង្វាលរបស់ចៀម។ ឆ្មាំទ្វារ បើកទ្វារឱ្យគាត់ចូល ហើយចៀមទាំងប៉ុន្មានស្តាប់សំឡេងគាត់។ គាត់ហៅចៀម​ផ្ទាល់របស់​​គាត់តាមឈ្មោះវារៀងៗខ្លួន រួចនាំចេញទៅខាងក្រៅ។ លុះគាត់បញ្ចេញ​ចៀម​ចេញពីក្រោលអស់ហើយ គាត់​ដើ​រ​នាំមុខវា ហើយវាដើរតាមក្រោយគាត់ ពីព្រោះវាស្គាល់សំឡេងរបស់គាត់។ ចៀមទាំងនោះមិនដើរតាម​អ្ន​ក​ដទៃ​ជា​ដាច់​ខាត ផ្ទុយទៅវិញ វារត់គេចចេញឆ្ងាយពីគេ ព្រោះវាមិនស្គាល់សំឡេងរបស់អ្នកដទៃឡើយ»។
ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះឱ្យគេស្តាប់ ប៉ុន្តែគេពុំបានយល់ថាព្រះអង្គមានព្រះបន្ទូល​អំពី​រឿង​អ្វី​ឡើយ។ ព្រះយេស៊ូមានព្រះ បន្ទូលទៅគេទៀតថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំហ្នឹងហើយជាទ្វារសម្រាប់​ឱ្យ​ចៀមចេញ​ចូល។ អ្នកដែលមកមុនខ្ញុំទាំងប៉ុន្មាន សុទ្ធតែជាចោរលួច ចោរប្លន់ទាំងអស់ ចៀមមិនបានស្តាប់​សំឡេង​អ្នក​​ទាំងនោះឡើយ។ ខ្ញុំហ្នឹងហើយជាទ្វារ អ្នកណាចូលតាមខ្ញុំ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ អ្នកនោះនឹងចេញចូល ព្រមទាំងរកឃើញចំណីអាហារថែមទៀតផង។ ចោរវាមក គិតតែពីលួចប្លន់ គិតតែ ពីសម្លាប់ និងបំផ្លាញប៉ុណ្ណោះ។ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីឱ្យមនុស្សលោកមានជីវិត ហើយឱ្យគេមានជីវិតពេញបរិបូណ៌»។

148 Views

Theme: Overlay by Kaira