ថ្ងៃចន្ទ អាទិត្យទី០៣
រដូវអបអរសាទរ
ពណ៌ស្វាយ
ថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គដែលមានព្រះហឫទ័យ មេត្តាករុណាដ៏លើសលប់ចំពោះមនុស្សលោក។ ព្រះអង្គចាត់ព្រះបុត្រាឱ្យយាងមកបំភ្លឺមនុស្សលោក។ ក៏ប៉ុន្តែ យើងខ្ញុំមិនសូវស្គាល់ព្រះអង្គនៅឡើយ! សូមទ្រង់ព្រះមេត្តា ពង្រឹងជំនឿ ពង្រឹងសេចក្តីសង្ឃឹម និងពង្រឹងសេចក្តីស្រឡាញ់របស់យើងខ្ញុំផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរជំរឿនប្រជាជន ជរ ២៤,២-៧.១៥.១៧
ព្រះបាទបាឡាកចាត់ហោរាបាឡាម ឱ្យទៅប្រទេចផ្តាសាប្រជាជនអ៊ីស្រាអែល។ កាលលោកទៅដល់កន្លែងជនជាតិអ៊ីស្រាអែលបោះជំរំ លោកសម្លឹងមើលទៅឃើញជនជាតិអ៊ីស្រាអែលបោះជំរំតាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ក៏យាងមកសណ្ឋិតលើលោកបាឡាម លោកថ្លែងសេចក្តីដូចតទៅ៖«នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រ ជាពាក្យរបស់អ្នកពូកែឈ្វេងយល់ ជាពាក្យរបស់អ្នកដែលឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកដែលឃើញនិមិត្តហេតុពីព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត អ្នកដែលស្លុងស្មារតី ហើយមើលឃើញយ៉ាងច្បាស់។ កូនចៅយ៉ាកុបអើយ! ពន្លារបស់អ្នកស្អាតណាស់! កូនចៅអ៊ីស្រាអែលអើយ! ទីលំនៅរបស់អ្នកក៏ស្អាតដែរ! គឺប្រៀបដូចជាទឹកជ្រោះហូរ ដូចសួនឧស្យានដែលស្ថិតនៅក្បែរទន្លេ ដូចដើមក្រឹស្នាដែលព្រះអម្ចាស់បានដាំ ដូចដើមតាត្រៅដែលដុះនៅតាមមាត់ទឹក។ មានវីរបុរសម្នាក់កើតចេញពីពូជពង្សរបស់លោកយ៉ាកុប ហើយគ្រងរាជ្យលើប្រជាជនជាច្រើន នគររបស់លោករីកចម្រើនគ្រប់ទីកន្លែង ព្រះរាជ្យរបស់ព្រះអង្គប្រសើរបំផុត»។ លោកបាឡាមថ្លែងទៀតថា៖«នេះជាពាក្យរបស់បាឡាមកូនរបស់បេអ៊រ ជាពាក្យរបស់អ្នកពូកែឈ្វេងយល់។ ខ្ញុំឃើញវីរបុរសនោះ តែមិនមែនក្នុងពេលឥឡូវនេះទេ ខ្ញុំសម្លឹងមើលស្តេចនោះតែមិនមែននៅជិតទេ។ មានផ្កាយមួយរះចេញពីពូជពង្សរបស់លោកយ៉ាកុប មានដំបងរាជ្យមួយចេញពីអ៊ីស្រាអែល»។
ទំនុកតម្កើងលេខ ២៥,៤-១០.១៤ បទពាក្យ ៧
| ៤. | ឱព្រះអម្ចាស់ទូលបង្គំ | សូមជួយណែនាំនិងបង្រៀន |
| ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កាន | វិសុទ្ធហួសស្មាននៃព្រះអង្គ ។ |
| ៥. | សូមជួយអប់រំខ្ញុំឱ្យរស់ | តាមក្តីពិតស្មោះព្រះអង្គផង |
| ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មង | សង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃ ។ |
| ៦. | ឱព្រះអម្ចាស់សូមកុំភ្លេច | ចាំជាប់ជានិច្ចពេញព្រះទ័យ |
| ដែលធ្លាប់អាណិតពន់ពេកក្រៃ | ករុណាប្រណីខ្ញុំជានិច្ច ។ |
| ៧. | សូមបំភ្លេចបាបនិងកំហុស | ដែលខ្ញុំមានទៅច្រើនឬតិច |
| នៅពីក្មេងខ្ចីសូមបំភ្លេច | ទ្រង់គ្មានកលកិច្ចធ្លាប់មេត្តា ។ |
| ៨. | ព្រះអម្ចាស់មានព្រះហឫទ័យ | សប្បុរសពេកក្រៃករុណា |
| សូមជួយបង្ហាញពីមាគ៌ា | មនុស្សបាបរាល់គ្នាបានស្គាល់ផង ។ |
| ៩. | ព្រះអង្គនាំមនុស្សដែលមានចិត្ត | សុភាពសុចរិតតាមគន្លង |
| មាគ៌ាត្រឹមត្រូវល្អផូរផង់ | មិនឱ្យមានហ្មងស្គាល់ផ្លូវល្អ ។ |
| ១០. | មាគ៌ារបស់ព្រះអម្ចាស់ | សម្តែងយ៉ាងច្បាស់ករុណាធម៌ |
| ដល់អ្នកគោរពទោះក្រីក្រ | ខ្ពង់ខ្ពស់បវរតាមសម្ពន្ធ ។ |
| ១៤. | ព្រះតែងសម្តែងភក្តីភាព | អ្នកតូចខ្ពស់ទាបយ៉ាងស្ម័គ្រស្មោះ |
| អ្នកដែលកោតខ្លាចទ្រង់សប្បុរស | ឱ្យគេទាំងអស់ស្គាល់មេត្រី ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទំន ៨៥,៨
អាលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះយើងខ្ញុំ សូមសង្គ្រោះយើងខ្ញុំផង!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២១,២៣-២៧
ព្រះយេស៊ូយាងចូលក្នុងព្រះវិហារ នៅពេលព្រះអង្គកំពុងតែបង្រៀនគេ ពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យរបស់ប្រជាជននាំគ្នាចូលមកសួរព្រះអង្គថា៖«តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? អ្នកណាប្រគល់អំណាចនេះឱ្យលោក?» ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«ខ្ញុំក៏សុំសួរសំណួរតែមួយដល់អស់លោកដែរ បើអស់លោកប្រាប់ខ្ញុំ ខ្ញុំនឹងប្រាប់អស់លោកវិញថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វី។ តើនរណាចាត់លោកយ៉ូហានឱ្យមកធ្វើពិធីជ្រមុជទឹក? ព្រះជាម្ចាស់ ឬមនុស្ស?»។ គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា “ព្រះជាម្ចាស់ចាត់លោកយ៉ូហានឱ្យមក” គាត់មុខជាសួរយើងថា“ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន?” បើយើងឆ្លើយថា “មនុស្សចាត់លោកយ៉ូហានឱ្យមក” នោះយើងខ្លាចប្រជាជនរករឿង ត្បិតមនុស្សគ្រប់ៗគ្នាចាត់ទុកលោកយ៉ូហានជាព្យាការី»។ ដូច្នេះគេទូលឆ្លើយព្រះយេស៊ូថា៖«យើងមិនដឹងទេ!»។ ព្រះអង្គមានព្រះបន្ទូលទៅវិញថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថាខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គណែនាំយើងខ្ញុំតាមរបៀបផ្សេងៗឱ្យស្គាល់ ព្រះអង្គ។ យើងខ្ញុំសូមថ្វាយខ្លួនទាំងស្រុងចំពោះព្រះអង្គ រួមជាមួយព្រះយេស៊ូដែលបានបូជាព្រះជន្ម។ ទ្រង់មានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គចាត់ព្យាការីជាច្រើនឱ្យមកប្រៀនប្រដៅយើងខ្ញុំក្នុងនាមព្រះអង្គ។ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យទទួលស្គាល់ព្រះបន្ទូលព្រះអង្គ ដោយសារអស់អ្នកដែលនិយាយមកយើងខ្ញុំក្នុងព្រះនាមព្រះអង្គសព្វថ្ងៃ។ សូមពង្រឹងជំនឿរបស់យើងខ្ញុំផង។
170 Views
Post Views:
172