អត្ថបទព្រះគម្ពីរ
ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២

សប្តាហ៍នៃព្រះហឫទ័យមេត្តាករុណា
ពណ៌ក្រហម
បុណ្យគោរព

សន្ដម៉ាកុស អ្នកនិពន្ធព្រះគម្ពីរដំណឹងល្អ

លោកយ៉ូហាន-ម៉ាកុស ពុំមែនជាគ្រីស្តទូតរបស់ព្រះយេស៊ូគ្រីស្តទេ តែលោកបានប្រកាសដំណឹងល្អអំពីព្រះយេស៊ូរួមជាមួយគ្រីស្តទូតប៉ូល និងគ្រីស្ដទូតសិលា។ លោកនិពន្ធគម្ពីរដំណឹងល្អមួយកណ្ឌមុនគេ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៥,១២-១៦

រីឯ​ពួក​យុវជន​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​គោរព​ចុះ​ចូល​នឹង​ព្រឹទ្ធា‌ចារ្យ។ ចូរ​ទាក់‌ទង​គ្នា​ទៅ​វិញ​ទៅ​មកដោយ​សុភាព​រាប‌សា ដ្បិត «ព្រះ‌ជាម្ចាស់​ប្រឆាំង​នឹង​អស់​អ្នក​ដែល​អួត​ខ្លួន តែ​ព្រះ‌អង្គ​ប្រណី‌សន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន​វិញ»។ ដូច្នេះ ត្រូវ​ដាក់​ខ្លួន​នៅ​ក្រោម​ព្រះ‌ហស្ដ​ដ៏​មាន​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ ដើម្បី​ឱ្យព្រះ‌អង្គ​លើក​តម្កើង​បង‌ប្អូន នៅ​ពេល​ដែល​ព្រះ‌អង្គ​បាន​កំណត់​ទុក។ ចូរ​ផ្ទេរ​ទុក្ខ​កង្វល់​ទាំង​ប៉ុន្មាន​របស់​បង‌ប្អូន​ទៅ​ព្រះ‌អង្គ​ទៅ ដ្បិត​ព្រះ‌អង្គ​យក​ព្រះ‌ហ​ឫទ័យ​ទុក​ដាក់​នឹង​បង‌ប្អូន។ ត្រូវ​ភ្ញាក់​ខ្លួន ហើយ​ប្រុង​ស្មារតី​ជា‌និច្ច! ដ្បិត​មារជា​សត្រូវ​នឹង​បង‌ប្អូនកំពុង​តែ​ក្រវែល​ជុំ‌វិញ​បង‌ប្អូន ដូច​សឹង្ហ​ក្រវែលទាំងគ្រហឹមរក​ត្របាក់​ស៊ី​អ្នក​ណា​ម្នាក់។ ចូរ​ប្រឆាំង​នឹង​វា ហើយ​មាន​ជំនឿ​មាំ‌មួន​ឡើង ដោយ​ដឹង​ថា បង‌ប្អូន​រួម​ជំនឿ​ឯ​ទៀតៗ​នៅ​ក្នុង​សកល​លោក​ទាំង​មូល ក៏​ត្រូវ​រង‌ទុក្ខ​លំបាក​ដូច​បង‌ប្អូន​ដែរ។ បន្ទាប់​ពី​បង‌ប្អូន​បាន​រង‌ទុក្ខ​លំបាក​មួយ‌រយៈ​ពេល​ខ្លី​នេះ​រួច​ហើយ ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​ប្រណី‌​សន្ដោស​គ្រប់​យ៉ាង ដែល​បាន​ត្រាស់​ហៅ​បង‌ប្អូនឱ្យ​ទទួល​សិរី‌រុង​រឿង​ដ៏​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​រួម​ជា​មួយ​ព្រះ‌គ្រីស្ត ព្រះ‌អង្គ​នឹង​លើក​បង‌ប្អូន​ឱ្យ​មាន​ជំហរ​ឡើង​វិញ ប្រទាន​ឱ្យ​បង‌ប្អូន​បាន​រឹង‌ប៉ឹង មាន​កម្លាំង និង​ឱ្យ​បង‌ប្អូន​បាន​មាំ‌មួន​ឥត​រង្គើ​ឡើយ។ សូម​ឱ្យព្រះ‌អង្គ​បាន​ប្រកប​ដោយ​ព្រះ‌ចេស្ដា សូម​លើក​តម្កើង​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។
ខ្ញុំ​សរសេរ​លិខិត​ដ៏​ខ្លី​ផ្ញើ​មក​ជូន​បង‌ប្អូន​នេះ ដោយ​មាន​លោក​ស៊ីលវ៉ាន​ជា​អ្នក​ស្មោះ‌ត្រង់​បាន​ជួយ ដើម្បី​លើក​ទឹក​ចិត្ត​បង‌ប្អូន និង​បញ្ជាក់​ប្រាប់​បង‌ប្អូន​ថា បង‌ប្អូន​ពិត​ជា​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់​មែន​។ ព្រះ‌សហគមន៍​នៅ​ក្រុង​បាប៊ីឡូនសូម​ជម្រាប​សួរ​មក​បង‌ប្អូន ហើយ​លោក​ម៉ាកុស ជា​កូន​របស់​ខ្ញុំ សូម​ជម្រាប​សួរ​មក​បង‌ប្អូន​ដែរ។ ចូរ​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្និទ្ធ‌ស្នាល​។ សូម​ឱ្យ​បង‌ប្អូន​ទាំង​អស់ដែល​រួម​រស់​នឹង​ព្រះ‌គ្រីស្តបាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។

ទំនុកតម្កើងលេខ ៨៩ (៨៨),២-៣.៦-៧.១៦-១៧ បទកាកគតិ

ឱ! ព្រះជាម្ចាស់ខ្ញុំមិនគេចប្រាសនឹងច្រៀងតម្កើង
បង្គំព្រះអង្គព្រះទ័យខ្ពស់ថ្កើងអស់កល្បយូរលង់
អង្វែងតទៅ ។
ខ្ញុំប្រកាសថាព្រះទ័យមេត្តាករុណាត្រឹមត្រូវ
របស់ព្រះអង្គស្ថិតស្ថេរគង់នៅមាំមិនអាស្រូវ
ដូចផ្ទៃមេឃា ។
ឱព្រះម្ចាស់អើយទេវតានេះហើយសរសើររៀងរាប់
ពីស្នាព្រះហស្តអស្ចារ្យគួរគាប់ច្រៀងកោតមិនឈប់
ពីព្រះទ័យស្ម័គ្រ ។
នៅស្ថានសួគ៌ាឥតមាននរណាស្មើរព្រះអង្គជាក់
ពពួកទេវតាក៏មិនមានអ្នកឱ្យបានដូចព្រះ
អម្ចាស់នោះទេ ។
១៦បពិត្រព្រះម្ចាស់ប្រជាអរណាស់រស់ក្រោមចេស្តា
ពន្លឺសប្បុរសសន្តោសករុណារាស្រ្តផុតទុក្ខា
មានសុខមង្គល ។
១៧គេនឹងសប្បាយរីករាយរាល់ថ្ងៃដោយស្មោះទទួល
ព្រះនាមព្រះអង្គឥតមានប្រែប្រួលខ្ពស់មុខសុខស្រួល
ឥតមានសៅហ្មង ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១​ករ ១,២៣-២៤

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តដែលសោយទីវង្គតតនៅលើឈើឆ្កាងពិតជាឫទ្ធានុភាព និងព្រះប្រាជ្ញាញាញរបស់ព្រះជាម្ចាស់មែន។
យើងប្រកាសដំណឹងអំពីព្រះគ្រីស្តបែបនេះ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក​ ១៦,១៥-២០

ព្រះយេស៊ូដែលទទួលព្រជន្មដ៏រុងរឿងមានព្រះបន្ទូលទៅកាន់សាវ័កថា៖ “ចូរនាំគ្នាទៅគ្រប់ទីកន្លែងនៅក្នុងពិភពលោក ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះ។ អ្នកណាជឿ ហើយទទួលពីធីជ្រមុជទឹកព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ រីឯអ្នកដែលមិនជឿនឹងត្រូវទទួលទោស។ អស់អ្នកដែលជឿនឹងធ្វើទីសម្គាល់ទាំងនេះ គឺគេនឹងដេញខ្មោចក្នុងនាមខ្ញុំ គេនិយាយភាសាថ្មី។ ប្រសិនបើគេកាន់ពស់ឬផឹកអ្វីដែលមានជាតិពុល ក៏គេមិនមានគ្រោះថ្នាក់អ្វីដែរ។ ប្រសិនបើគេដាក់ដៃលើអ្នកជំងឺ អ្នកជំងឺនឹងបានជាសះស្បើយ”។ កាលព្រះអម្ចាស់យេស៊ូមានព្រះបន្ទូលទាំងនេះរួចហើយ ព្រះជា​ម្ចាស់​លើកព្រះអង្គឡើងទៅស្ថានបរមសុខឱ្យគង់នៅខាងស្តាំព្រះអង្គ។ ក្រុមសាវ័កនាំគ្នាទៅប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង។ ព្រះអម្ចាស់ធ្វើការរួមជាមួយគេ ទាំងបញ្ជាក់ព្រះបន្ទូល ដោយសម្តែងទីសម្កាល់ផ្សេងៗជាប់ជាមួយផង។

218 Views

Theme: Overlay by Kaira