ថ្ងៃចន្ទ អាទិត្យទី០១
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង
សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ១សម ១,១-៨
មានបុរសម្នាក់ឈ្មោះអែលកាណា រស់នៅភូមិរ៉ាម៉ា ក្នុងតំបន់ភ្នំអេប្រាអ៊ីម។ បុរសនោះមានប្រពន្ធពីរ ម្នាក់ឈ្មោះហាណ្ណា និងម្នាក់ទៀតឈ្មោះពេនីណា។ នាងពេនីណា មានកូនច្រើន រីឯនាងហាណ្ណាវិញ នាងគ្មានកូនទេ។ រៀងរាល់ឆ្នាំ លោកអែលកាណាតែងតែធ្វើដំណើរទៅភូមិស៊ីឡូ ទៅថ្វាយបង្គំព្រះអម្ចាស់នៃពិភពទាំងមូល និងថ្វាយយញ្ញបូជាទៀតផង។ នៅគ្រានោះ កូនប្រុសទាំងពីរនាក់របស់លោកហេលី គឺលោកហូបនី និងលោកភីនេអាស ធ្វើជាបូជាចារ្យរបស់ព្រះអម្ចាស់នៅភូមិស៊ីឡូ។ នៅថ្ងៃថ្វាយយញ្ញបូជា លោកអែល កាណាមានទម្លាប់យកសាច់មួយចំណែកឱ្យទៅនាងពេនីណាជាប្រពន្ធ ព្រមទាំងកូនប្រុសស្រីរបស់នាង។ ប៉ុន្ដែ ចំពោះនាងហាណ្ណាវិញ គាត់ឱ្យមួយទ្វេជាពីរ ព្រោះគាត់ស្រឡាញ់នាងច្រើនជាង ទោះបីព្រះអម្ចាស់បានធ្វើឱ្យនាងទៅជាស្រ្ដីអារក៏ដោយ។ នាងពេនីណាតែងតែរុកគួនបញ្ឃឺចិត្ដនាងហាណ្ណា ក្នុងគោលបំណងឱ្យនាងខឹងនឹងព្រះអម្ចាស់ដែលបានធ្វើឱ្យនាងទៅជាស្រ្ដីអារ។ នាងពេនីណាធ្វើបែបនេះជារៀងរាល់ឆ្នាំ គឺនៅពេលដែលនាងហាណ្ណាឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់នៅស៊ីឡូម នាងពេនីណាតែងតែរុកគួននាងជានិច្ច។ នាងហាណ្ណាក៏អង្គុយយំ ហើយមិនព្រមបរិភោគអ្វីសោះ។ ពេលនោះ លោកអែលកាណាជាប្ដីក៏សួរទៅនាងថា៖«ហាណ្ណាអើយ! ហេតុអ្វីបានជានាងយំ? ហេតុអ្វីបានជានាងមិនបរិភោគដូច្នេះ? ហេតុអ្វីបានជានាងព្រួយចិត្ដ? ឬមួយខ្ញុំគ្មានតម្លៃស្មើនឹងកូនដប់នាក់ទេឬ?»។
ទំនុកតម្កើងលេខ ១១៦ (១១៥), ១២-១៤.១៧-១៩ បទព្រហ្មគិតិ
១២. | ព្រះគុណព្រះអង្គថ្លៃ | ទោះយកអ្វីក៏មិនបាន | |
ប្រសើរឱ្យស្មើបាន | ត្រូវតបស្នងឱ្យសមរម្យ | ។ | |
១៣. | គឺខ្ញុំត្រូវលើកពែង | ទាំងសម្ដែងនាមឧត្ដម | |
ព្រះអង្គរំដោះខ្ញុំ | ដោយស្រែករកព្រះជាម្ចាស់ | ។ | |
១៤. | ខ្ញុំនឹងយកតង្វាយ | មកដាក់ថ្វាយក្រាបសំពះ | |
លាបំណន់ពីព្រះ | នៅចំពោះមុខប្រជា | ។ | |
១៧. | ទូលបង្គំសូមថ្វាយ | យញ្ញទាំងឡាយដោយគួរគាប់ | |
អង្វររកនាមជាប់ | នាមព្រះអង្គខ្ពស់ពេកពន់ | ។ | |
១៨. | ខ្ញុំនឹងយកតង្វាយ | មកដាក់ថ្វាយលាបំណន់ | |
នៅមុខប្រជាជន | ដែលជារាស្រ្តនៃព្រះអង្គ | ។ | |
១៩. | គឺនៅក្នុងទីធ្លា | ព្រះវិហារស្រស់បំព្រង | |
ស្ថិតនៅកណ្តាលក្រុង | សូមសរសើរតម្កើងព្រះ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១,១៥
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ! ចូរនាំគ្នាជឿដំណឹងល្អចុះ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១,១៤-២០
ក្រោយពេលគេចាប់លោកយ៉ូហានបាទីស្តយកទៅឃុំឃាំង ព្រះយេស៊ូយាងទៅស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់។ ព្រះអង្គមានព្រះបន្ទូលថា ៖ «ពេលកំណត់មកដល់ហើយ រីឯព្រះរាជ្យរបស់ព្រះជាម្ចាស់ ក៏មកជិតបង្កើយដែរ។ ចូរនាំគ្នាប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ!»។ កាលព្រះយេស៊ូយាងតាមឆ្នេរសមុទ្រកាលីឡេ ព្រះអង្គទតឃើញលោកស៊ីម៉ូន និងលោកអន់ដ្រេជាប្អូនរបស់គាត់កំពុងតែបង់សំណាញ់ ព្រោះអ្នកទាំងពីរជាអ្នកនេសាទត្រី។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «សុំអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឱ្យនេសាទមនុស្សវិញ»។ កាលព្រះយេស៊ូយាងទៅមុខបន្តិច ព្រះអង្គទតឃើញលោកយ៉ាកុប និងលោកយ៉ូហានជាប្អូនកំពុងតែរៀបចំអួននៅក្នុងទូកមួយ។ អ្នកទាំងពីរជាកូនលោកសេបេដេ។ ព្រះអង្គត្រាស់ហៅអ្នកទាំងពីរភ្លាម គេក៏ដើរតាមព្រះយេស៊ូទៅ ទុកឪពុកឱ្យនៅក្នុងទូកជាមួយពួកកូនឈ្នួល។