ជំពូកទី៣ អគ្គសញ្ញាអាពាហ៍ពិពាហ៍ រវាងគ្រីស្តបរិស័ទកាតូលិកម្នាក់ និងអ្នកមិនមែនជាគ្រីស្តបរិស័ទ
១៩៧នៅពេលដែលគ្រីស្តបរិស័ទកាតូលិកម្នាក់ រៀបអាពាហ៍ពិពាហ៍ជាមួយនឹងអ្នកស្វែងយល់ម្នាក់ ឬ អ្នកមិនមែនជាគ្រីស្តបរិស័ទ យើងប្រារព្ធពិធីអាពាហ៍ពិពាហ៍នៅព្រះវិហារ ឬ នៅកន្លែងសមរម្យផ្សេងទៀត តាមក្បួនខាងក្រោមនេះ។
-ពិធីនេះ ត្រូវតែប្រារព្ធដោយលោកបូជាចារ្យ ឬ លោកឧបដ្ឋាកដែលបានទទួលការអនុញ្ញាតពីលោកអភិបាលតាមតំបន់ ឬ លោកបូជាចារ្យទទួលខុសត្រូវជាប្រចាំ ដើម្បីប្រទានពរលើអាពាហ៍ពិពាហ៍ក្នុងនាមព្រះសហគមន៍។
១៩៨នៅពេលកំណត់ លោកអធិបតី ស្លៀកពាក់អាវវែង ខ្សែស្តូឡា និងអាវកាសូឡាពណ៌ស ឬ ពណ៌ពិធីបុណ្យប្រចាំថ្ងៃ រួមជាមួយអ្នកបម្រើអាសនៈដើរទៅដល់ទ្វារចូលនៃព្រះវិហារ ឬ កន្លែងដែលបានជ្រើសរើស ហើយទទួលស្វាគមន៍ គូស្រករយ៉ាងកក់ក្ដៅ។
-បន្ទាប់មក លោកអធិបតី អ្នកបម្រើអាសនៈ គូស្រករ សាក្សីនិងអង្គប្រជុំឈានមកដល់កន្លែងអង្គុយ។

ពិធីគោរពវិញ្ញាណក្ខន្ធដូនតា – ជម្រើស

លោកអធិបតី៖
ក្នុងព្រះនាមព្រះបិតានិងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
អង្គប្រជុំ ៖ អាម៉ែន។
១៩៩បន្ទាប់មក លោកអធិបតី មានប្រសាសន៍ទៅកាន់គូស្រករ និងអង្គប្រជុំទាំងមូល ដើម្បីរៀបចំចិត្តគំនិត ប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍ តាមរយៈពាក្យពេចន៍ខាងក្រោម ឬ ពាក្យពេចន៍ស្រដៀងផ្សេងទៀត៖
(នាមកូនកំលោះ…)និង(នាមកូនក្រមុំ…)ជាទីស្រឡាញ់!
ព្រះសហគមន៍ចូលរួមក្នុងអំណរសប្បាយនិងស្វាគមន៍កូនៗ
រួមជាមួយញាតិសន្ដាននិងមិត្តភក្ដិ
ក្នុងថ្ងៃកូនៗរួមគ្នាបង្កើតគ្រួសារអស់មួយជីវិត។
ចំពោះគ្រីស្តបរិស័ទ ព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីថ្លៃថ្នូរ និងភក្តីភាព
ដ្បិតព្រះអង្គជាសេចក្ដីស្រឡាញ់។
ដូច្នេះ សូមកូនៗ រួមជាមួយបងប្អូនដែលកំពុងជួបជុំគ្នានៅទីនេះ
ស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ ដោយយកចិត្តទុកដាក់
ហើយសូមទូលអង្វរព្រះអង្គ ឱ្យកូនៗសម្រេចបំណងប្រាថ្នាគ្រប់ប្រការ
និងអាចអនុវត្តតាមរាល់សេចក្ដីដែលកូនៗទូលសូមផង។
២០០តាមកាលៈទេសៈ យើងអាចរំលងពិធីផ្តើមប្រារព្ធ (ពិធីស្វាគមន៍)បាន គឺចាប់ផ្តើមប្រារព្ធពិធីលើកតម្កើងព្រះបន្ទូលតែម្តង។
២០១ពិធីលើកតម្កើងព្រះបន្ទូលរបស់ព្រះជាម្ចាស់មានដូចធម្មតា។ យើងយកអត្ថបទក្នុងចំណោមអត្ថបទដែលមាននៅ លេខ ២៣៥ ដល់ ២៧៨។ យើងអាចយកមួយ ឬ ពីរអត្ថបទ។ បើជាការគួរ យើងអាចយកអត្ថបទតែមួយក៏បាន។ យ៉ាងហោចណាស់ ត្រូវតែជ្រើសរើសអត្ថបទមួយដែលមានអត្ថន័យយ៉ាងច្បាស់អំពីអាពាហ៍ពិពាហ៍។
២០២ក្រោយពីបានថ្លែងព្រះបន្ទូលដំណឹងល្អ លោកអធិបតីទេសនា ដោយពន្យល់អំពីគម្រោងការដ៏អស្ចារ្យនៃអាពាហ៍ពិពាហ៍តាមគ្រីស្តសាសនា អំពីសេចក្ដីថ្លៃថ្នូរនៃសេចក្ដីស្រឡាញ់របស់គូស្វាមីភរិយា អំពីព្រះអំណោយទាននៃអគ្គសញ្ញា និងភារកិច្ចរបស់គូស្វាមីភរិយា។
លោកទេសនា ដោយរិះគិតអំពីអត្ថបទទាំងប៉ុន្មានដែលគេបានជ្រើសរើស និងដោយយកចិត្តទុកដាក់អំពីស្ថានភាពរបស់អស់អ្នកដែលចូលរួមផងដែរ។
២០៣អង្គប្រជុំទាំងមូលក្រោកឈរ លោកអធិបតីអញ្ជើញសាក្សីឱ្យនៅអមខាងស្ដាំ និងខាងឆ្វេងគូស្រករ។ បន្ទាប់មក លោកពោលទៅពួកគេ តាមពាក្យពេចន៍ខាងក្រោម ឬ ពាក្យពេចន៍ស្រដៀង៖
កូនៗជាទីស្រឡាញ់!
កូនៗមករួមគ្នាក្នុងព្រះវិហារនេះ
ដើម្បីទូលអង្វរព្រះអម្ចាស់ សូមព្រះអង្គប្រថាប់ត្រាបញ្ជាក់
និងពង្រឹងសេចក្ដីស្រឡាញ់របស់កូនៗ
នៅចំពោះមុខលោកទទួលខុសត្រូវព្រះសហគមន៍
និងចំពោះមុខព្រះសហគមន៍ទាំងមូល។
ព្រះជាម្ចាស់នឹងប្រោសប្រទានពរដ៏ច្រើនមហិមា
ដល់សេចក្ដីស្រឡាញ់់របស់កូនៗ
ព្រះអង្គក៏នឹងពង្រឹងសេចក្ដីស្រឡាញ់នេះបន្ថែមទៀត​ ។
ដូច្នេះ កូនៗនឹងអាចទទួលភារកិច្ចទាំងប៉ុន្មាន
នៃអាពាហ៍ពិពាហ៍ដោយចិត្តភក្ដី
រហូតដល់ថ្ងៃចុងក្រោយបំផុតនៃជីវិត។
អាស្រ័យហេតុនេះហើយ នៅចំពោះមុខព្រះសហគមន៍
ខ្ញុំសូមកូនៗ ប្រកាសឱ្យលាន់ឮនូវគោលបំណងរបស់ខ្លួន។

របៀបទីមួយ

២០៤ឥឡូវនេះ លោកអធិបតី សួរគូស្រករអំពីសេរីភាព ភក្តីភាព ការទទួលនិងការអប់រំកូន។ សូមគូស្រករឆ្លើយម្នាក់ម្ដង។
(នាមកូនកំលោះ…) និង (នាមកូនក្រមុំ…)
កូនៗបានស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ដែលសម្ដែងសេចក្ដីថ្លៃថ្នូរនៃសេចក្ដីស្រឡាញ់
របស់មនុស្សលោក និងរបស់អាពាហ៍ពិពាហ៍។
១-កូនៗរួមគ្នាមកក្នុងព្រះវិហារនេះ ដើម្បីរៀបអាពាហ៍ពិពាហ៍
តើកូនៗមានសេរីភាពពេញទី និងស្ម័គ្រចិត្តខ្លួនឯងដែរឬទេ?
កូនក្រមុំ ៖ ចាស៎ មាន។
កូនកំលោះ៖ បាទ មាន។
២-ដោយជ្រើសរើសជីវិតអាពាហ៍ពិពាហ៍ តើកូនៗសុខចិត្តស្រឡាញ់គ្នា
ព្រមទាំងគោរពឱ្យតម្លៃគ្នាទៅវិញទៅមក អស់មួយជីវិតដែរឬទេ?
កូនក្រមុំ ៖ ចាស៎ ខ្ញុំសុខចិត្ត។
កូនកំលោះ ៖ បាទ ខ្ញុំសុខចិត្ត។
៣-តើកូនៗយល់ព្រមទទួលខុសត្រូវ ក្នុងឋានៈជាស្វាមីភិរយា
[ព្រមទាំងជាមាតាបិតា] ដែរឬទេ?
កូនក្រមុំ ៖ ចាស៎ ខ្ញុំយល់ព្រម ។
កូនកំលោះ ៖ បាទ ខ្ញុំយល់ព្រម ។

របៀបទីពីរ

២០៥លោកអធិបតី ពោលទៅកាន់អង្គប្រជុំ៖
បងប្អូនជាទីស្រឡាញ់!
រួមជាមួយ (នាមកូនកំលោះ…) និង (នាមកូនក្រមុំ…)
យើងបានស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ដែលសម្ដែងសេចក្ដីថ្លៃថ្នូរនៃសេចក្ដីស្រឡាញ់
ចំពោះមនុស្សលោក និងចំពោះអាពាហ៍ពិពាហ៍។
កូនៗជាទីស្រឡាញ់!
ដើម្បីរៀបអាពាហ៍ពិពាហ៍
គូស្វាមីភរិយាត្រូវប្រគល់ខ្លួន ចំពោះគ្នាទៅវិញទៅមក
ដោយមានសេរីភាពពេញទី និងគ្មានការបង្ខិតបង្ខំពីនរណាឡើយ។
គូស្វាមីភរិយាត្រូវតែសន្យាស្រឡាញ់គ្នា
ទាំងគោរពនិងឱ្យតម្លៃគ្នា អស់មួយជីវិត
ព្រមទាំងត្រូវទទួលខុសត្រូវ ក្នុងឋានៈជាគូស្វាមីភរិយា
[និងជាមាតាបិតា]
១-តើ (នាមកូនកំលោះ…)និង(នាមកូនក្រមុំ…)ចង់រស់នៅក្នុងអាពាហ៍ពិពាហ៍
តាមបែបនេះឬទេ?
កូនក្រមុំ ៖ ចាស៎ ខ្ញុំចង់។
កូនកំលោះ ៖ បាទ ខ្ញុំចង់។
២០៦លោកអធិបតី អញ្ចើញគូស្រករឱ្យកាន់ដៃគ្នា ធ្វើពាក្យបង្ហាញការយល់ព្រមតាមរយៈជម្រើសណាមួយខាងក្រោមនេះ៖
១.កូនៗជាទីស្រឡាញ់!
ដោយកូនៗមានបំណង ចង់ឈានចូលក្នុងជីវិតអាពាហ៍ពិពាហ៍
ចូរកាន់ដៃគ្នា ប្រកាសការយល់ព្រម ចំពោះគ្នាទៅវិញទៅមក
នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ និងនៅចំពោះមុខព្រះសហគមន៍។
២០៧២.កូនៗជាទីស្រឡាញ់!
នៅចំពោះមុខវត្តមានអស់បងប្អូនដែលជួបជុំគ្នានៅទីនេះ ចូរកូនៗកាន់ដៃគ្នា ប្រកាសការយល់ព្រម ចំពោះគ្នាទៅវិញទៅមក
[នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់]។
២០៨៣.កូនៗជាទីស្រឡាញ់!
នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ជាប្រភពនៃសេចក្ដីស្រឡាញ់របស់កូនៗ
ហើយដែលនឹងគង់នៅជាមួយកូនៗជារៀងរហូត
និងនៅចំពោះមុខវត្តមានអស់បងប្អូនដែលជួបជុំគ្នាទីនេះ
ចូរកូនៗកាន់ដៃគ្នា ប្រកាសការយល់ព្រម ចំពោះគ្នាទៅវិញទៅមក។
២០៩៤.កូនៗជាទីស្រឡាញ់!
ដើម្បីរួមជាធ្លុងតែមួយ នៅក្នុងអង្គព្រះគ្រីស្ត
ព្រមទាំងដើម្បីឱ្យព្រះអង្គប្រោសសេចក្ដីស្រឡាញ់របស់កូនៗ
ឱ្យទៅជាទីសម្គាល់ដែលមើលឃើញ
នៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់
ចូរកូនៗកាន់ដៃគ្នា ប្រកាសការយល់ព្រម
នៅចំពោះមុខព្រះសហគមន៍។
២១០កូនកំលោះប្រើដៃស្ដាំរបស់ខ្លួន កាន់ដៃស្ដាំកូនក្រមុំ រួចប្រកាសការយល់ព្រមចំពោះគ្នាទៅវិញទៅមក ដោយត្រូវតែប្រើរបៀបមួយ ក្នុងចំណោមទាំងបីខាងក្រោមជាដាច់ខាត៖
២១១របៀបទីមួយ
កូនកំលោះ
បង (នាមកូនកំលោះ…) ទទួលយកអូន (នាមកូនក្រមុំ…) ធ្វើជាភរិយា
ហើយសន្យាថា នឹងមានចិត្តភក្តីចំពោះអូន ទាំងពេលមានអំណរសប្បាយ ក៏ដូចពេលមានទុក្ខលំបាក
ពេលមានសុខភាពល្អ ក៏ដូចពេលមានជំងឺ បងសន្យាស្រឡាញ់និងគោរពអូន អស់មួយជីវិតរបស់បង។
កូនក្រមុំ
អូន (នាមកូនក្រមុំ…) ទទួលយកបង (នាមកូនកំលោះ…) ធ្វើជាស្វាមី
ហើយសន្យាថា នឹងមានចិត្តភក្តីចំពោះបង
ទាំងក្នុងពេលមានអំណរសប្បាយ ក៏ដូចក្នុងពេលមានទុក្ខលំបាក
ពេលមានសុខភាពល្អ ក៏ដូចពេលមានជំងឺ
អូនសន្យាស្រឡាញ់និងគោរពបង អស់មួយជីវិតរបស់អូន។
២១២របៀបទីពីរ
កូនកំលោះ ៖ តើអូន (នាមកូនក្រមុំ…) ចង់ធ្វើជាភរិយារបស់បងឬទេ?
កូនក្រមុំ ៖ចាស អូនចង់។ ចំពោះបង (នាមកូនកំលោះ…) វិញ តើបងចង់ធ្វើជាស្វាមីរបស់អូនឬទេ?
កូនកំលោះ៖បាទ បងចង់។ បង (នាមកូនកំលោះ…) ទទួលយកអូន (នាមកូនក្រមុំ…) ធ្វើជាភរិយា ហើយបងនឹងក្លាយទៅជាស្វាមីរបស់អូន។
បងសន្យាថា នឹងស្រឡាញ់អូនដោយចិត្តភក្តី ទាំងពេលមានអំណរសប្បាយ ក៏ដូចក្នុងពេលមានទុក្ខលំបាក អស់មួយជីវិតរបស់យើង។
កូនក្រមុំ ៖អូន (នាមកូនក្រមុំ…)ទទួលយកបង(នាមកូនកំលោះ…)ធ្វើជាស្វាមី ហើយអូននឹងទៅជាភរិយារបស់បង។
អូនសន្យាថា នឹងស្រឡាញ់បងដោយចិត្តភក្តី ទាំងពេលមានអំណរសប្បាយ ក៏ដូចក្នុងពេលមានទុក្ខលំបាកអស់មួយជីវិតរបស់យើង។
២១៣របៀបទីបី
កូនកំលោះ ៖តើអូន(នាមកូនក្រមុំ…)ចង់ធ្វើជាភរិយារបស់បងដែរឬទេ?
កូនក្រមុំ ៖ចាស អូនចង់ ។ រីឯបង តើបងចង់ធ្វើជាស្វាមីរបស់អូនដែរឬទេ?
កូនកំលោះ ៖បាទ បងចង់។
កូនក្រមុំ ៖អូនយល់ព្រមទទួលយកបងធ្វើជាស្វាមី និងស្ម័គ្រចិត្តប្រគល់ខ្លួនចំពោះបង។
កូនកំលោះ ៖បងយល់ព្រមទទួលអូនធ្វើជាភរិយា និងស្ម័គ្រចិត្តប្រគល់ខ្លួនចំពោះអូន។
រួមគ្នា៖ដើម្បីស្រឡាញ់គ្នា ដោយចិត្តភក្តី ទាំងពេលមានអំណរសប្បាយ ក៏ដូចក្នុងពេលមានទុក្ខលំបាក និងដើម្បីជួយគាំទ្រគ្នាទៅវិញទៅមកអស់មួយជីវិតរបស់យើង។

របៀបទីបួន

២១៤បើគូស្រករមានបញ្ហាពិតប្រាកដ មិនអាចប្រើប្រាស់របៀបមួយក្នុងចំណោមរបៀបទាំងបីខាងលើ ឬ បើមានមូលហេតុផ្សេងទៀត លោកបូជាចារ្យ ឬលោកឧបដ្ឋាកអាចសុំឱ្យពួកគេយល់ព្រមរៀបការ ដោយសួរជាសំណួរដល់ពួកគេតែម្តង។
តើលោក (នាមកូនកំលោះ…) យល់ព្រម
ទទួលយក កញ្ញា (នាមកូនក្រមុំ…) ធ្វើជាភរិយា
ហើយសន្យាថា មានចិត្តភក្ដីចំពោះនាង
ទាំងពេលមានអំណរសប្បាយ ក៏ដូចក្នុងពេលមានទុក្ខលំបាក
ពេលមានសុខភាពល្អ ក៏ដូចពេលមានជំងឺ
ដើម្បីស្រឡាញ់និងគោរពនាង អស់មួយជីវិតរបស់លោកឬទេ?
កូនកំលោះ៖ បាទ ខ្ញុំចង់។
តើកញ្ញា (នាមកូនក្រមុំ…) យល់ព្រមទទួលយក
លោក (នាមកូនកំលោះ…) ធ្វើជាស្វាមី
ហើយសន្យាថា មានចិត្តភក្ដីចំពោះគាត់
ទាំងពេលមានអំណរសប្បាយ ក៏ដូចក្នុងពេលមានទុក្ខលំបាក
ពេលមានសុខភាពល្អ ក៏ដូចពេលមានជំងឺ
ដើម្បីស្រឡាញ់និងគោរពគាត់ អស់មួយជីវិតរបស់កញ្ញាឬទេ?
កូនក្រមុំ៖ ចាស ខ្ញុំចង់។
២១៥បន្ទាប់មក លោកបូជាចារ្យ ឬ លោកឧបដ្ឋាក ទទួលការយល់ព្រមរបស់គូស្រករ ដោយពោល ព្រមទាំងធ្វើកាយវិការមួយ ក ឬ ខ ដូចខាងក្រោម៖
ក. លាតដៃស្តាំឆ្ពោះទៅគូស្រករ
ខ. ដាក់ដៃស្តាំលើដៃទាំងពីររបស់គូស្រករ
១-សូមព្រះអម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រថាប់ត្រាបញ្ជាក់ និងពង្រឹងការយល់ព្រមរបស់កូនៗ ដែលទើបប្រកាសនៅចំពោះមុខព្រះសហគមន៍ ឱ្យនៅស្ថិតស្ថេរយូរអង្វែង
ព្រមទាំងប្រទានឱ្យកូនៗពោរពេញដោយព្រះអំណោយទានរបស់ព្រះអង្គជានិច្ច។
ហេតុនេះហើយ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ។ (មថ ១៩,៦)
អង្គប្រជុំ៖ អាម៉ែន។
២-សូមព្រះអម្ចាស់ជាព្រះដ៏មានព្រះជន្មគង់នៅ ជាព្រះរបស់លោកអប្រាហាំ ជាព្រះរបស់លោកអ៊ីសាក និងជាព្រះរបស់លោកយ៉ាកុប ដែលបានផ្សំផ្គុំគូស្រករដើមដំបូងក្នុងសួន
អេដែន។
ឥឡូវនេះ នៅក្នុងអង្គព្រះគ្រីស្ត សូមព្រះអង្គប្រថាប់ត្រាបញ្ជាក់ ព្រមទាំងប្រទានពរយ៉ាងបរិបូរណ៍ដល់ការយល់ព្រម ដែលកូនៗទើបប្រកាស ចំពោះមុខព្រះសហគមន៍។
ហេតុនេះហើយ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ។ (មថ ១៩,៦)
អង្គប្រជុំ៖ អាម៉ែន។
លោកអធិបតី ៖ ចូរយើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!
អង្គប្រជុំ ៖ សូមអរព្រះគុណព្រះជាម្ចាស់។
២១៦តាមកាលៈទេសៈ យើងអាចរំលងពិធីប្រទានពរ និងប្រគល់ចិញ្ចៀនបាន។ ប៉ុន្តែ បើមិនរំលងទេ លោកអធិបតី ប្រទានពរលើចិញ្ចៀន ដោយពោលថា៖
ជម្រើស ១
សូមព្រះអម្ចាស់ប្រទានពរ លើចិញ្ចៀនទាំងនេះ
ដែលកូនៗនឹងប្រគល់ឱ្យគ្នាទៅវិញទៅមក
ទុកជាទីសម្គាល់នៃសេចក្ដីស្រឡាញ់ និងភក្តីភាព។
អង្គប្រជុំ ៖ អាម៉ែន។
២១៧ជម្រើស ២
បពិត្រព្រះអម្ចាស់!
សូមព្រះអង្គប្រទានពរ លើចិញ្ចៀនទាំងនេះ ដែលយើងខ្ញុំប្រទានពរក្នុងព្រះនាមព្រះអង្គ ដើម្បីឱ្យអស់អ្នកដែលពាក់ចិញ្ចៀននេះ រក្សាចិត្តភក្តីទាំងស្រុង ចំពោះគ្នាទៅវិញទៅមក។
សូមឱ្យអ្នកទាំងនោះ ធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ព្រមទាំងរស់នៅជាមួយគ្នាប្រកបដោយសេចក្ដីសុខសាន្ត មានសុច្ឆន្ទៈ និងស្រឡាញ់គ្នាទៅវិញទៅមកជារៀងរហូតផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
២១៨ជម្រើស ៣
បពិត្រព្រះអម្ចាស់!
សូមព្រះអង្គប្រទានពរ និងអភិសេក (នាមកូនកំលោះ…) និង (នាមកូនក្រមុំ…) ជាអ្នកបម្រើរបស់ព្រះអង្គក្នុងសេចក្ដីស្រឡាញ់របស់ពួកគាត់ ចំពោះគ្នាទៅវិញទៅមក។
សូមឱ្យចិញ្ចៀនទាំងនេះ ក្លាយជាទីសម្គាល់នៃចិត្តភក្ដីរបស់ពួកគាត់ចំពោះគ្នាទៅវិញទៅមក ព្រមទាំងរំឭកពួកគាត់ អំពីសេចក្ដីស្រឡាញ់របស់ពួកគាត់ជានិច្ចផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
២១៩ជម្រើស ៤
បពិត្រព្រះអម្ចាស់ជាព្រះបិតាយើងខ្ញុំ! ព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយយើងខ្ញុំនៅក្នុងអង្គព្រះយេស៊ូគ្រីស្ត។
សូមព្រះអង្គប្រទានពរ លើចិញ្ចៀនទាំងនេះឱ្យទៅជាទីសម្គាល់នៃចិត្តភក្តីរបស់ (នាមកូនកំលោះ…) និង (នាមកូនក្រមុំ…) ដែលមានចំពោះគ្នាទៅវិញទៅមក
ព្រមទាំងរំឭកពួកគាត់ ឱ្យស្រឡាញ់គ្នាទៅវិញទៅមកជានិច្ចផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
២២០-កូនកំលោះបំពាក់ចិញ្ចៀន ចូលដៃនាងខាងឆ្វេងរបស់កូនក្រមុំ ដោយពោលថា៖
កូនកំលោះ
នាមកូនក្រមុំ…………………សូមអូនទទួលចិញ្ចៀននេះទុកជាទីសម្គាល់នៃសេចក្ដីស្រឡាញ់ និងចិត្តភក្តីរបស់បងក្នុងព្រះនាមព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
កូនក្រមុំបំពាក់ចិញ្ចៀន ចូលដៃនាងខាងឆ្វេងរបស់កូនកំលោះ ដោយពោលថា៖
កូនក្រមុំ
នាមកូនកំលោះ……………..សូមបងទទួលចិញ្ចៀននេះទុកជាទីសម្គាល់នៃសេចក្ដីស្រឡាញ់ និងចិត្តភក្តីរបស់អូនក្នុងព្រះនាមព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
២២១ជាធម្មតា លោកអធិបតីប្រទានពរលើគូស្វាមីភរិយា។ ក៏ប៉ុន្តែតាមកាលៈទេសៈ យើងអាចរំលងពិធីនេះ ដោយជំនួសនូវពាក្យអធិដ្ឋានតាម លេខ ២២៣។ គូស្វាមីភរិយា ក្រោកឈរ ឬ លុតជង្គង់ នៅកន្លែងរបស់ពួកគេ។ ដោយលាតដៃ លោកអធិបតីអញ្ចើញអង្គប្រជុំឱ្យអធិដ្ឋាន ដោយពោលថា៖
បងប្អូនជាទីស្រឡាញ់!
ចូរយើងតាំងចិត្តអធិដ្ឋាន ទូលអង្វរព្រះជាម្ចាស់
ប្រោសប្រទានព្រះអំណោយទានដ៏បរិបូណ៌របស់ព្រះអង្គ
មកលើគូស្វាមីភរិយាថ្មោងថ្មីនេះ។
សូមព្រះអង្គជួយគាំទ្រ ដោយព្រះហឫទ័យសប្បុរស
ដល់អស់អ្នកដែលព្រះអង្គប្រោសប្រទានយ៉ាងច្រើនលើសលប់
ដោយអគ្គសញ្ញាអាពាហ៍ពិពាហ៍។
-ទាំងអស់គ្នាស្ងៀមស្ងាត់ អធិដ្ឋានមួយស្របក់៖
២២២-លោកបូជាចារ្យលាតដៃលើគូស្វាមីភរិយា ដោយពោលបន្តថា៖
បពិត្រព្រះជាម្ចាស់!
ជាព្រះបង្កើតពិភពលោកទាំងមូលនិងអ្វីៗសព្វសារពើ
ព្រះអង្គក៏បង្កើតមនុស្សជាបុរស និងជាស្រ្តី
ដែលជារូបតំណាងរបស់ព្រះអង្គ
ហើយព្រះអង្គក៏សព្វព្រះហឫទ័យឱ្យសហគមន៍របស់ពួកគេ
បានពោរពេញដោយព្រះអំណោយទានរបស់ព្រះអង្គ។
យើងខ្ញុំសូមលំទោនកាយទូលអង្វរ
សូមព្រះអង្គប្រោសប្រទានព្រះអំណោយទានដ៏បរិបូណ៌
មកលើកូនក្រមុំ (នាមភរិយា…)
និងកូនកំលោះ (នាមស្វាមី…) ជាសហជីវិនរបស់នាង។
សូមព្រះអង្គចាក់បង្ហូរឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ
ពីស្ថានដ៏ខ្ពង់ខ្ពស់បំផុត យាងមកដុតបញ្ឆេះដួងចិត្តពួកគាត់ឱ្យឆេះឆួល
ព្រមទាំងឱ្យពួកគាត់ចេះប្រគល់ខ្លួនចំពោះគ្នាទៅវិញទៅមក
ក្នុងអាពាហ៍ពិពាហ៍។
សូមឱ្យពួកគាត់មានភាពប៉ិនប្រសប់ក្នុងការអប់រំកូនៗរបស់ខ្លួន
ដើម្បីតុបតែងបន្ថែមសោភ័ណភាពនៃក្រុមគ្រួសារ
ព្រមទាំងធ្វើឱ្យព្រះសហគមន៍ចម្រើនឡើង។
បពិត្រព្រះអម្ចាស់!
សូមឱ្យពួកគាត់ចេះកោតសរសើរនិងអរព្រះគុណព្រះអង្គ
នៅពេលជីវិតមានអំណរសប្បាយនិងសុភមង្គល
ព្រមទាំងចេះស្វែងរកពឹងលើព្រះអង្គ
នៅពេលជីវិតមានទុក្ខលំបាក និងមានបញ្ហា
ដោយមានមនសិការថា ព្រះអង្គតែងមានវត្តមាន
គង់នៅក្បែរចាំលួងលោមពួកគាត់ ឱ្យបានធូរស្បើយជានិច្ច។
សូមឱ្យពួកគាត់ចេះអធិដ្ឋាន រួមជាមួយព្រះសហគមន៍កាតូលិកដ៏វិសុទ្ធ
ព្រមទាំងជាសាក្សីដ៏ពិតប្រាកដរបស់ព្រះអង្គ ក្នុងពិភពលោកនេះ។
សូមឱ្យពួកគាត់រួមរស់ជាមួយគ្នាដោយអំណរសប្បាយ
រហូតដល់ចាស់ព្រឹទ្ធចាស់ព្រេង នៅជុំវិញញាតិសន្ដាននិងមិត្តភក្តិ។
លុះដល់អវសាននៃជីវិត
សូមឱ្យពួកគាត់អាចចូលក្នុងព្រះរាជ្យនៃស្ថានបរមសុខផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយ
ព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន
ឱ! ព្រះអម្ចាស់អើយ!
សូមព្រះអង្គទទួលពាក្យអង្វររបស់យើងខ្ញុំ។
សូមព្រះអង្គជួយថែរក្សាដោយព្រះហឫទ័យសប្បុរស
ដល់អាពាហ៍ពិពាហ៍ ដែលព្រះអង្គបានរៀបចំនិងផ្សំផ្គុំ
ដើម្បីជាប្រយោជន៍ដល់ជីវិតមនុស្សលោក និងឱ្យពួកគេចម្រើនឡើង។
សូមព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ
ថែរក្សាការពារអ្វីៗគ្រប់យ៉ាង ដែលមានព្រះអង្គជាប្រភពផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយ
ព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន
២២៤អង្គប្រជុំអាចច្រៀងបទចម្រៀងមួយ ដើម្បីអរព្រះគុណព្រះជាម្ចាស់ ដែលបានប្រទានអគ្គសញ្ញាអាពាហ៍ពិពាហ៍ ឬ អាចលេងភ្លេងស្រាលៗក៏បានដែរ។
២២៥បើគូស្វាមីភរិយាស្ម័គ្រចិត្ត ពួកគេអាចថ្លែងពាក្យអធិដ្ឋាន តាមជម្រើសដូចខាងក្រោម៖
បពិត្រព្រះអម្ចាស់
ព្រះអង្គសព្វព្រះហឫទ័យណែនាំយើងខ្ញុំ តាំងពីថ្ងៃចាប់ផ្ដើម រហូតដល់ថ្ងៃនេះ
យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលបានប្រគល់យើងខ្ញុំ
ចំពោះគ្នាទៅវិញទៅមក។
ឥឡូវនេះ យើងខ្ញុំរួមគ្នា
សូមថ្វាយសេចក្ដីស្រឡាញ់របស់យើងខ្ញុំ ចំពោះព្រះអង្គ។
យើងខ្ញុំសូមទូលអង្វរព្រះអង្គ សូមថែរក្សាការពារយើងខ្ញុំ
ក្នុងសេចក្ដីសុខសាន្ត ហើយប្រទានឱ្យយើងខ្ញុំមានចិត្តភក្តី
ដោយរួមគ្នាជាធ្លុងតែមួយ ជារៀងរហូតផង។
២២៦បន្ទាប់មក យើងទូលអង្វរព្រះជាម្ចាស់ សម្រាប់ពិភពលោក។ ជាដំបូង លោកបូជាចារ្យ ឬលោកឧបដ្ឋាក អញ្ចើញឱ្យទូលអង្វរដូចតទៅ៖
១.ក្នុងឱកាសដ៏មានអំណរសប្បាយនេះ
ដោយជឿទុកចិត្តទាំងស្រុងលើព្រះជាម្ចាស់
សូមយើងទូលអង្វរព្រះអង្គ សម្រាប់គូស្វាមីភរិយាថ្មោងថ្មី
សម្រាប់យើងទាំងអស់គ្នា ដែលជួបជុំគ្នានៅទីនេះ
ព្រមទាំងសម្រាប់ព្រះសហគមន៍ និងសម្រាប់ពិភពលោកទាំងមូល។
២២៧២.បងប្អូនជាទីស្រឡាញ់!
ដោយព្រះហឫទ័យប្រណីសន្តោស និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់
ព្រះអង្គសព្វព្រះហឫទ័យប្រោសសេចក្ដីស្រឡាញ់
របស់ (នាមស្វាមី…) និង (នាមភរិយា…) ឱ្យបានរីកចម្រើន។
ចូរយើងទូលអង្វរព្រះជាម្ចាស់
សូមព្រះអង្គយាងមកជួយការពារក្រុមគ្រួសារទាំងអស់
ក្នុងពិភពលោកទាំងមូល។
២២៨បន្ទាប់មក មានពាក្យអង្វរសកល និងបន្ទររបស់គ្រីស្តបរិស័ទ។ មានពាក្យទូលអង្វរដូចតទៅ ឬ ក្នុងឧបសម្ព័ន្ធទី៤ (លេខ ២៩០-២៩៣)៖
២២៩ពាក្យអង្វរសកលរបស់គ្រីស្តបរិស័ទ

១-បពិត្រព្រះជាម្ចាស់! យើងខ្ញុំសូមទូលអង្វរព្រះអង្គ សម្រាប់គូស្វាមីភរិយាថ្មោងថ្មី ដែលព្រះអង្គទើបផ្សំផ្គុំក្នុងចំណងអាពាហ៍ពិពាហ៍។ សូមព្រះអង្គប្រទានឱ្យពួកគាត់មានសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងស្រឡាញ់គ្នាជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។
អ្នកអាន៖ យើងខ្ញុំសូមទូលអង្វរព្រះអង្គ។

២-បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ! យើងខ្ញុំសូមទូលអង្វរព្រះអង្គ សម្រាប់មាតាបិតា ក្រុមគ្រួសារ និងមិត្តសម្លាញ់របស់គូស្វាមីភរិយាថ្មោងថ្មី ព្រមទាំងអស់អ្នកដែលតែងតែជួយពួកគាត់។ សូមព្រះអង្គប្រទានឱ្យអស់លោកមានសុខភាពល្អ មានសេចក្ដីសុខសាន្ត និងមានសុភមង្គលក្នុងជីវិត ជាពិសេសសូមព្រះអង្គប្រទានឱ្យវិញ្ញាណក្ខន្ធទាំងអស់របស់ក្រុមគ្រួសារ បានចូលក្នុងព្រះរាជ្យនៃស្ថានបរមសុខផង។
អ្នកអាន៖ យើងខ្ញុំសូមទូលអង្វរព្រះអង្គ។

៣-បពិត្រព្រះជាម្ចាស់! តាមរយៈគ្រួសារដ៏វិសុទ្ធនៃភូមិណាសារ៉ែត យើងខ្ញុំសូមទូលអង្វរព្រះអង្គ សម្រាប់អស់ក្រុមគ្រួសារទាំងឡាយក្នុងពិភពលោក។ សូមឱ្យសមាជិកនីមួយៗនៃគ្រួសារ ចេះរួមគ្នាជាធ្លុងតែមួយ បំពេញកាតព្វកិច្ចរៀងៗខ្លួន ព្រមទាំងស្រឡាញ់គ្នាទៅវិញទៅមក។ ជាពិសេស សម្រាប់អស់យុវជន និងយុវនារីដែលកំពុងរិះគិតអំពីការត្រាស់ហៅ ឱ្យរកឃើញអំណរសប្បាយដ៏ពិតប្រាកដនៃជីវិតផង។
អ្នកអាន៖ យើងខ្ញុំសូមទូលអង្វរព្រះអង្គ។

៤-បពិត្រព្រះជាម្ចាស់ជាគង្វាលដ៏សប្បុរស សូមព្រះអង្គប្រមែប្រមូលប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះអង្គ ឱ្យរួបរួមគ្នាជាធ្លុងតែមួយ និងប្រទានឱ្យយើងខ្ញុំមានជំនឿរឹងមាំ ចេះរស់នៅតាមព្រះបន្ទូលនៃសេចក្ដីពិត ព្រមទាំងរស់នៅជាសាក្សីនៃសេចក្ដីស្រឡាញ់របស់ព្រះអង្គ ក្នុងពិភពលោកសព្វថ្ងៃនេះផង។
អ្នកអាន៖ យើងខ្ញុំសូមទូលអង្វរព្រះអង្គ។

២៣០ដោយមិនមានថ្លែងពាក្យអធិដ្ឋានសរុប លោកអធិបតី ណែនាំអង្គប្រជុំសូត្រធម៌ឪព្រះបិតាយើងខ្ញុំ ដោយពោលថា៖
ព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់
ព្រះអង្គជាព្រះបិតារបស់មនុស្សទាំងអស់
ព្រះអង្គសព្វព្រះហឫទ័យឱ្យបុត្រធីតារបស់ព្រះអង្គ
រួមគ្នាជាធ្លុងតែមួយ ក្នុងសេចក្ដីស្រឡាញ់។
ដូច្នេះ សូមបងប្អូនដែលកំពុងជួបជុំគ្នានៅទីនេះ
រួមគ្នាទូលអង្វរព្រះជាម្ចាស់
តាមរយៈពាក្យអធិដ្ឋាន នៃមហាគ្រួសាររបស់ព្រះអង្គ
ដែលព្រះអម្ចាស់យេស៊ូគ្រីស្ត បានប្រៀនប្រដៅ
ហើយតាមព្រះបញ្ជារបស់ព្រះអង្គ យើងខ្ញុំហ៊ានសូត្រថា៖
ឱ ព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ!
សូមសម្តែងព្រះបារមីឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គ បានសម្រេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យអស់អ្នក
ដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ។
តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។
២៣១លោកអធិបតី ប្រទានពរលើគូស្វាមីភរិយានិងអង្គប្រជុំ ដោយប្រើពាក្យដូចតទៅ៖
លោកអធិបតី៖
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការប្រទានព្រះពរឱ្យអស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
អង្គប្រជុំ៖ អាម៉ែន។
២៣២គួរច្រៀងបទចម្រៀងចេញដ៏សមរម្យ។
២៣៣បើជាការគួរ ក្នុងនាមព្រះសហគមន៍ លោកអធិបតីអាចជូនព្រះគម្ពីរ ឈើឆ្កាង រូបព្រះយេស៊ូ ឬ ផ្គាំ ដល់គូស្វាមីភរិយា ដើម្បីជាទីសម្គាល់រំលឹកអំពីថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគាត់។ សូមមើលឧបសម្ព័ន្ធលេខ ៥ (លេខ ២៩៤ ដល់ ២៩៩)។
២៣៤ក្រោយពីពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍ គូស្វាមីភរិយា សាក្សី និងលោកបូជាចារ្យ ឬ លោកឧបដ្ឋាកចុះហត្ថលេខាសៀវភៅអាពាហ៍ពិពាហ៍។ គួរចុះហត្ថលេខា ចំពោះមុខអង្គប្រជុំនៅលើតុដោយឡែកពីអាសនៈ។
187 Views

Theme: Overlay by Kaira