ជំពូកទី៣ អគ្គសញ្ញាអាពាហ៍ពិពាហ៍ រវាងគ្រីស្តបរិស័ទកាតូលិកម្នាក់ និងអ្នកមិនមែនជាគ្រីស្តបរិស័ទ
១៣៤នៅពេលដែលយើងមិនអាចថ្វាយអភិបូជា ឬ យើងចាត់ទុកថា គួរតែមិនថ្វាយអភិបូជា។ ដូច្នេះ លោកបូជាចារ្យ ឬ លោកឧបដ្ឋាក ដែលជាលោកអធិបតីត្រូវប្រើពិធីខាងក្រោមនេះ។
*សម្គាល់៖ ពាក្យថា លោកអធិបតី គឺជាការហៅរួមមួយ ដែលសំដៅដល់អធិបតីនៃពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍ក្រៅអភិបូជា ហើយអាចជាលោកអភិបាល ឬ លោកបូជាចារ្យ ឬ លោកឧបដ្ឋាក។
របៀបទីមួយ
១៣៥នៅពេលកំណត់ លោកអធិបតីស្លៀកពាក់អាវវែង ខ្សែស្តូឡា និងអាវកាសូឡាពណ៌ស ឬពណ៌ពិធីបុណ្យប្រចាំថ្ងៃ រួមជាមួយអ្នកបម្រើអាសនៈ ដើរទៅដល់ទ្វារចូលនៃព្រះវិហារទទួល ស្វាគមន៍គូស្រករយ៉ាងកក់ក្ដៅ ព្រមទាំងទទួលពួកគេ ដើម្បីបង្ហាញថាព្រះសហគមន៍ចូលរួម ចំណែកក្នុងអំណរសប្បាយរបស់ពួកគេជានិច្ច។
១៣៦បន្ទាប់មក ទាំងអស់គ្នាហែទៅដល់អាសនៈដែលរួមមាន៖ អ្នកបម្រើអាសនៈដើរខាងមុខ បន្ទាប់មក លោកបូជាចារ្យ ឬលោកឧបដ្ឋាក និងគូស្រករ ដោយមាន (ស្របតាមទំនៀម
ទម្លាប់តាមតំបន់) មាតាបិតា (យ៉ាងហោចណាស់) និង (ឬ) សាក្សីពីរនាក់ជួយកំដរពួកគេរហូតដល់កន្លែងអង្គុយ។ ពេលនោះ យើងច្រៀងបទចម្រៀងចូលក្នុងពេលក្បួនកំពុងហែ។
១៣៧បន្ទាប់មក លោកបូជាចារ្យ ឬលោកឧបដ្ឋាក ឈានមកដល់អាសនៈ ឱនកាយគោរព ព្រមទាំងថើបអាសនៈដោយការគោរព។ បន្ទាប់មកទៀត លោកឈានទៅកាន់កន្លែងអង្គុយ។
របៀបទីពីរ
១៣៨នៅពេលកំណត់ លោកបូជាចារ្យ ឬលោកឧបដ្ឋាក ពាក់អាវវែង ខ្សែស្តូឡា និងអាវកាសូឡាពណ៌ស ឬ ពណ៌នៃពិធីបុណ្យប្រចាំថ្ងៃ រួមជាមួយអ្នកបម្រើអាសនៈ ដើរទៅដល់កន្លែងដែលគេបានរៀបចំទុកជាមុន សម្រាប់គូស្រករ ឬ ទៅដល់កន្លែងអង្គុយរបស់លោក។
១៣៩បន្ទាប់មក ពេលគូស្រករមកដល់កន្លែងអង្គុយ ពេលនោះលោកអធិបតីទទួលស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅ ដើម្បីបង្ហាញថា ព្រះសហគមន៍ចូលរួមចែករំលែកនូវអំណរសប្បាយ រួមជាមួយពួកគេផងដែរ។
១៤០បន្ទាប់មក មានច្រៀងបទចម្រៀងចូល លោកអធិបតីឈានមកដល់អាសនៈឱនកាយគោរពព្រមទាំងថើបអាសនៈដោយការគោរព។ បន្ទាប់មកទៀត លោកឈានទៅកាន់កន្លែង
អង្គុយ។

សូមព្រះ‌អង្គជួយព្រះ‌រាជាពីព្រះ‌វិហាររបស់ព្រះ‌អង្គ សូមព្រះ‌អង្គគាំ‌ទ្រព្រះ‌រាជាពីភ្នំស៊ីយ៉ូន! សូមព្រះ‌អង្គប្រទាននូវអ្វីៗមកព្រះ‌រាជា តាមតែព្រះ‌អង្គប្រាថ្នា និងធ្វើឱ្យគម្រោង‌ការរបស់ព្រះ‌រាជា បានសម្រេចទាំងអស់!(អាលេលូយ៉ា)។

សូមសម្ដែងព្រះ‌ហឫទ័យមេត្តា‌ករុណាដ៏លើស‌លប់ចំពោះយើងខ្ញុំ តាំងពីព្រលឹមនោះយើងខ្ញុំ នឹងមានអំណរសប្បាយរីក‌រាយអស់មួយជីវិត។ បពិត្រព្រះ‌អម្ចាស់ជាព្រះនៃយើងខ្ញុំអើយ! សូម សម្ដែងសេចក្ដីស្រឡាញ់ចំពោះយើងខ្ញុំផង សូមជួយឱ្យកិច្ច‌ការដែលយើងខ្ញុំធ្វើបានខ្ជាប់‌ខ្ជួនពិតមែន ហើយសូមជួយឱ្យកិច្ច‌ការរបស់យើងខ្ញុំបានខ្ជាប់‌ខ្ជួនរហូតតទៅ (អាលេលូយ៉ា)។

បពិត្រព្រះអម្ចាស់! ទូល‌បង្គំសរសើរតម្កើងព្រះ‌អង្គជារៀងរាល់ថ្ងៃ ទូល‌បង្គំកោតសរសើរ ព្រះ‌នាមរបស់ព្រះ‌អង្គ អស់‌កល្បជាអង្វែងតរៀងទៅ! ព្រះ‌អម្ចាស់មានព្រះ‌ហឫទ័យសប្បុរស ចំពោះមនុស្សទាំងអស់ ព្រះ‌អង្គមានព្រះ‌ហឫទ័យអាណិត‌អាសូរដល់សត្វលោកទាំងអស់ដែលព្រះ‌អង្គ បានបង្កើតមក(អាលេលូយ៉ា)។

១៤១បន្ទាប់មក លោកអធិបតី រួមជាមួយអង្គប្រជុំគូសសញ្ញាឈើឆ្កាង ដោយពោលថា៖
លោកអធិបតី៖ក្នុងព្រះនាមព្រះបិតា  និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
អង្គប្រជុំ៖អាម៉ែន។
លោកអធិបតី៖សូមព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអម្ចាស់យេស៊ូគ្រីស្ត និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយនឹងការរួមរស់ជាធ្លុងតែមួយ ដោយព្រះវិញ្ញាណដ៏វិសុទ្ធ
គង់នៅជាមួយបងប្អូន។
អង្គប្រជុំ៖ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
លោកអធិបតី៖សូមព្រះហឫទ័យប្រណីសន្តោស និងសេចក្តីសុខសាន្តរបស់ព្រះជាម្ចាស់ជាព្រះបិតាយើងខ្ញុំ ហើយនឹងព្រះអម្ចាស់យេស៊ូគ្រីស្ត គង់នៅជាមួយបងប្អូន។
អង្គប្រជុំ៖ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
លោកអធិបតី៖សូមព្រះអម្ចាស់គង់នៅជាមួយបងប្អូន។
អង្គប្រជុំ៖ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
លោកអធិបតី៖សូមសេចក្តីសុខសាន្តគង់នៅជាមួយបងប្អូន។
អង្គប្រជុំ ៖ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
១៤២បន្ទាប់មក លោកអធិបតីមានប្រសាសន៍ទៅកាន់គូស្រករ និងអង្គប្រជុំទាំងមូល ដើម្បីរៀបចំចិត្តគំនិត ប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍តាមរយៈពាក្យពេចន៍ខាងក្រោម ឬ ពាក្យសម្ដីស្រដៀងផ្សេងទៀត៖
បងប្អូនជាទីស្រឡាញ់!
នៅថ្ងៃនេះ យើងមានអំណរសប្បាយឥតឧបមា
ដោយមូលផ្ដុំគ្នានៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់
ដើម្បីប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍
ជុំវិញ កូនកំលោះ…. និង កូនក្រមុំ….
នៅថ្ងៃដែលពួកគាត់សម្រេចចិត្តបង្កើតក្រុមគ្រួសារផ្ទាល់ខ្លួន។
ចំពោះពួកគាត់ នេះជាពេលវេលាមានតែមួយ ដែលសំខាន់បំផុតក្នុងជីវិត។
ដូច្នេះ ចូរយើងទាំងអស់គ្នាខិតខំស្រឡាញ់
និងគាំទ្រពួកគាត់ដោយអធិដ្ឋាន
ព្រមទាំងចូលរួមស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ដែលមានព្រះបន្ទូលមកយើងទាំងអស់គ្នានៅថ្ងៃនេះ។
រួមជាមួយព្រះសហគមន៍ដ៏វិសុទ្ធ
សូមយើងទាំងអស់គ្នាទូលអង្វរព្រះជាម្ចាស់ជាបិតា
នៅក្នុងអង្គព្រះយេស៊ូគ្រីស្ត​
សម្រាប់គូស្រករដែលជាអ្នកបម្រើរបស់ព្រះអង្គ
សូមព្រះអង្គមេត្តាទទួលពួកគាត់ដោយព្រះហឫទ័យស្រឡាញ់
ព្រមទាំងប្រទានពរដ៏លើសលប់ដល់ពួកគាត់
ឱ្យរួមគ្នាជាអង្គតែមួយ រហូតតរៀងទៅផង។
១៤៣(នាមកូនកំលោះ…) និង (នាមកូនក្រមុំ…) ជាទីស្រឡាញ់!
ព្រះសហគមន៍ចូលរួមក្នុងអំណរសប្បាយ និងស្វាគមន៍កូនៗរួមជាមួយញាតិសន្ដាន និងមិត្តភក្ដិ
ក្នុងថ្ងៃកូនៗរួមគ្នាបង្កើតគ្រួសារអស់មួយជីវិត
នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ជាព្រះបិតា។
ក្នុងថ្ងៃដ៏សែនសប្បាយនេះ
សូមព្រះជាម្ចាស់មេត្តាព្រះសណ្ដាប់នូវពាក្យអង្វររបស់កូនៗ
ព្រមទាំងប្រទានព្រះអំណោយទានពីស្ថានបរមសុខមកជួយគាំទ្រកូនៗ។
សូមឱ្យកូនៗសម្រេចបំណងប្រាថ្នាគ្រប់ប្រការ
និងអាចអនុវត្តតាមរាល់សេចក្ដីដែលកូនៗទូលសូមផង។
លោកអធិបតី៖ សូមបងប្អូនតាំងចិត្តអធិដ្ឋាន….
១៤៤ជម្រើស ១
បពិត្រព្រះជាម្ចាស់ជាព្រះបិតា!
ព្រះអង្គប្រោសអាពាហ៍ពិពាហ៍ឱ្យបានវិសុទ្ធ
ព្រមទាំងជាគម្រោងការដ៏អស្ចារ្យ និងជានិមិត្តសញ្ញា
នៃសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ត ចំពោះព្រះសហគមន៍ ។
សូមព្រះអង្គព្រះសណ្ដាប់ពាក្យអង្វររបស់យើងខ្ញុំ
ដើម្បីជាប្រយោជន៍ដល់ (នាមកូនកំលោះ…) និង (នាមកូនក្រមុំ…)
ជាអ្នកជឿលើព្រះអង្គ ដែលនៅក្នុងថ្ងៃនេះ ពួកគាត់សន្យាប្រគល់ខ្លួន
ចំពោះគ្នាទៅវិញទៅមក ដោយមានចិត្តស្រឡាញ់។
សូមឱ្យជីវិតរបស់ពួកគាត់ ក្លាយទៅជាសក្ខីភាព
នាំមកនូវសេចក្ដីពិតអំពីសេចក្ដីស្រឡាញ់
ដែលពួកគាត់មានចំពោះគ្នាទៅវិញទៅមកផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត
ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យ
រួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ
អស់កល្បជាអង្វែងតរៀងទៅ។
អង្គប្រជុំ៖ អាម៉ែន។
១៤៥ជម្រើស ២
បពិត្រព្រះជាម្ចាស់ជាព្រះបិតា!
នៅពេលព្រះអង្គបង្កើតមនុស្សលោក
ព្រះអង្គបង្កើតគេជាបុរស និងជាស្រ្តី
ហើយព្រះអង្គក៏សព្វព្រះហឫទ័យឱ្យពួកគេ រួមជាធ្លុងតែមួយ។
ដោយភាពជាធ្លុងតែមួយនៃអាពាហ៍ពិពាហ៍
សូមព្រះអង្គផ្សារភ្ជាប់ (នាមកូនកំលោះ…) និង (នាមកូនក្រមុំ…)
ដោយសេចក្ដីស្រឡាញ់
ព្រមទាំងប្រទានឱ្យសេចក្ដីស្រឡាញ់របស់ពួកគាត់ បង្កើតផលផ្លែ។
ដូច្នេះ តាមរយៈការរស់នៅ ពួកគាត់នឹងក្លាយជាសាក្សី
អំពីព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ ក្នុងពិភពលោកនេះផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត
ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យ
រួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ
អស់កល្បជាអង្វែងតរៀងទៅ។
អង្គប្រជុំ៖ អាម៉ែន។
១៤៦ជម្រើស ៣
បពិត្រព្រះជាម្ចាស់ជាព្រះបិតា!
សូមព្រះអង្គព្រះសណ្ដាប់ពាក្យអង្វររបស់យើងខ្ញុំ
ដើម្បីជាប្រយោជន៍ដល់ (នាមកូនកំលោះ…) និង (នាមកូនក្រមុំ…)
ដែលរួមគ្នានៅថ្ងៃនេះ ក្នុងអគ្គសញ្ញាអាពាហ៍ពិពាហ៍
នៅមុខអាសនៈរបស់ព្រះអង្គ។
សូមព្រះអង្គប្រោសប្រទានព្រះពរសព្វគ្រប់ប្រការ
ព្រមទាំងពង្រឹងសេចក្ដីស្រឡាញ់របស់ពួកគាត់
ឱ្យកាន់តែរីកចម្រើនឡើង ជារៀងរាល់ថ្ងៃផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត
ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យ
រួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ
អស់កល្បជាអង្វែងតរៀងទៅ។
អង្គប្រជុំ៖ អាម៉ែន។
១៤៧ជម្រើស ៤
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ!
សូមព្រះអង្គព្រះសណ្ដាប់ពាក្យអង្វររបស់យើងខ្ញុំ
ដើម្បីជាប្រយោជន៍ដល់ (នាមកូនកំលោះ…) និង (នាមកូនក្រមុំ…)
កំពុងជួបជុំគ្នានៅថ្ងៃនេះ នឹងរួមគ្នាជាធ្លុងតែមួយ
ដោយអគ្គសញ្ញាអាពាហ៍ពិពាហ៍។
សូមព្រះអង្គបង្កើនជំនឿរបស់ពួកគាត់លើព្រះអង្គ ឱ្យចម្រើនឡើង
ព្រមទាំងជំនឿដែលពួកគាត់មានចំពោះគ្នាទៅវិញទៅមក។
សូមព្រះអង្គប្រទានពរមកលើព្រះសហគមន៍របស់ព្រះអង្គ
តាមរយៈពួកគាត់ ដោយសារការអប់រំកូនចៅរបស់ខ្លួន ក្នុងជំនឿ។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត
ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យ
រួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ
អស់កល្បជាអង្វែងតរៀងទៅ។
អង្គប្រជុំ៖ អាម៉ែន។
១៤៨ជម្រើស ៥
បពិត្រព្រះអម្ចាស់!
សូមព្រះអង្គព្រះសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ
ព្រមទាំងថែរក្សាអាពាហ៍ពិពាហ៍ ដែលព្រះអង្គបានបង្កើត
ដើម្បីឱ្យមនុស្សលោកមានជីវិត និងចម្រើនឡើង។
សូមព្រះអង្គថែរក្សានិងគាំទ្រការរួបរួម
នៃអាពាហ៍ពិពាហ៍ដែលមានព្រះអង្គជាប្រភព
ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដែលសោយរាជ្យ
រួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អស់កល្បជាអង្វែងតរៀងទៅ។
អង្គប្រជុំ៖ អាម៉ែន។
១៤៩ជម្រើស ៦
បពិត្រព្រះអម្ចាស់!
ព្រះអង្គបានប្រទានពរដល់មនុស្ស តាំងពីកំណើតពិភពលោកមកម៉្លេះ
ដោយប្រោសប្រទានឱ្យពួកគេ មានសមត្ថភាពអាចបង្កើតកូន។
សូមព្រះអង្គព្រះសណ្ដាប់ពាក្យអង្វររបស់យើងខ្ញុំ
ព្រមទាំងប្រោសប្រទានពរយ៉ាងបរិបូរណ៍
មកលើ (នាមកូនកំលោះ…) និង (នាមកូនក្រមុំ…)
ជាអ្នកបម្រើរបស់ព្រះអង្គ។
សូមឱ្យពួកគាត់ រួមគ្នាជាធ្លុងតែមួយ
ដោយមានចិត្តស្រឡាញ់ជាគូស្វាមីភរិយា
ព្រមទាំងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក
ដោយមានចិត្តថ្លើមតែមួយ
និងដោយមានបំណងចង់ទៅជាជនដ៏វិសុទ្ធផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដែលសោយរាជ្យ
រួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អស់កល្បជាអង្វែងតរៀងទៅ។
អង្គប្រជុំ៖ អាម៉ែន។
១៥០ជម្រើស ៧
បពិត្រព្រះជាម្ចាស់ជាព្រះបិតា!
ព្រះអង្គបានសម្ដែងសេចក្ដីស្រឡាញ់ដ៏លើសលប់ចំពោះយើងខ្ញុំ
ដោយចាត់ព្រះបុត្រាព្រះអង្គ បូជាព្រះជន្មសម្រាប់យើងខ្ញុំ។
នៅថ្ងៃនេះ យើងខ្ញុំសូមអង្វរព្រះអង្គ
សម្រាប់ (នាមកូនកំលោះ…) និង (នាមកូនក្រមុំ…)
សូមព្រះយេស៊ូគ្រីស្តគង់នៅជាមួយពួកគាត់
ព្រមទាំងជួយពួកគាត់ ឱ្យចេះប្រគល់ខ្លួនចំពោះគ្នាទៅវិញទៅមក
ដោយស្មោះអស់ពីចិត្ត ជារៀងរហូតផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត
ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យ
រួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ
អស់កល្បជាអង្វែងតរៀងទៅ។
អង្គប្រជុំ៖ អាម៉ែន។
១៥១ជម្រើស ៨
បពិត្រព្រះអម្ចាស់!
នៅពេលនេះ (នាមកូនកំលោះ…) និង (នាមកូនក្រមុំ…)
សូមថ្វាយខ្លួនចំពោះព្រះអង្គ។
ព្រះអង្គបានប្រោសប្រទានឱ្យចិត្តគំនិតរបស់ពួកគាត់
ពោរពេញដោយសេចក្ដីស្រឡាញ់ចំពោះគ្នា រួចមកហើយ
ប៉ុន្តែ ថ្ងៃនេះ ពួកគាត់ចង់ថ្វាយសេចក្ដីស្រឡាញ់នេះចំពោះព្រះអង្គ
ព្រមទាំងទូលអង្វរព្រះអង្គ ប្រទានពរលើសេចក្ដីស្រឡាញ់របស់ពួកគាត់។
សូមព្រះអង្គក្លាយជាប្រភពនៃពាក្យបង្ហាញការយល់ព្រម
ដែលពួកគាត់នឹងប្រកាសចំពោះគ្នាទៅវិញទៅមក
នៅចំពោះព្រះភក្ត្រព្រះអង្គ
ព្រមទាំងអាចរក្សាទុកពាក្យបង្ហាញការយល់ព្រមនោះ
អស់មួយជីវិតរបស់ពួកគាត់។
សូមព្រះអង្គប្រោសប្រទានឱ្យពួកគាត់មានចិត្តភក្តី
ដូចព្រះអង្គមានព្រះហឫទ័យភក្តីដែរ។
ដោយភក្តីភាពនេះ សូមឱ្យពួកគាត់រួមគ្នាជាធ្លុងតែមួយ
ឱ្យកាន់តែមាំមួនឡើងៗ។
សូមព្រះអង្គប្រោសប្រទានឱ្យពួកគាត់ស្រឡាញ់គ្នា
ដូចព្រះអង្គស្រឡាញ់ពួកគាត់
ដើម្បីឱ្យសេចក្ដីស្រឡាញ់របស់ពួកគាត់ចំពោះគ្នា
បានកើតសាជាថ្មី ជារៀងរហូតផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដែលសោយរាជ្យ
រួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អស់កល្បជាអង្វែងតរៀងទៅ។
អង្គប្រជុំ៖ អាម៉ែន។
១៥២ជម្រើស ៩
បពិត្រព្រះអម្ចាស់!
ព្រះអង្គបានប្រមែប្រមូលយើងខ្ញុំ
រួមជាមួយ (នាមកូនកំលោះ…) និង (នាមកូនក្រមុំ…)
ឱ្យមកជួបជុំគ្នានៅក្នុងព្រះវិហារនេះ
ដើម្បីថ្វាយសេចក្ដីស្រឡាញ់របស់ពួកគាត់ចំពោះគ្នាទៅព្រះអង្គ ។
នៅថ្ងៃដ៏សែនសប្បាយនេះ សូមព្រះអង្គគង់នៅជាមួយពួកគាត់
ព្រមទាំងប្រទានពរដល់សេចក្ដីស្រឡាញ់ដែលពួកគាត់មានចំពោះគ្នា។
សូមព្រះអង្គជួយយើងខ្ញុំ ឱ្យចេះអធិដ្ឋានសម្រាប់ពួកគាត់
និងស្រឡាញ់ពួកគាត់ជានិច្ច។
សូមឱ្យយើងខ្ញុំខិតខំយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ
ដែលបង្ហាញអំពីសេចក្ដីថ្លៃថ្នូរ និងភាពដ៏វិសុទ្ធនៃអាពាហ៍ពិពាហ៍។
ដោយយើងខ្ញុំមានអំណរសប្បាយជួបជុំគ្នានៅទីនេះ
សូមព្រះអង្គប្រទានឱ្យយើងខ្ញុំ ចេះអរព្រះគុណព្រះអង្គជានិច្ចផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដែលសោយរាជ្យ
រួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អស់កល្បជាអង្វែងតរៀងទៅ។
អង្គប្រជុំ៖ អាម៉ែន។
១៥៣ពិធីលើកតម្កើងព្រះបន្ទូលរបស់ព្រះជាម្ចាស់មានដូចធម្មតា។ យើងអាចយកពីរ ឬ បីអត្ថបទ៖ អត្ថបទទី១ ដកស្រង់ពីសម្ពន្ធមេត្រីចាស់ (លេខ ២៣៥-២៤៣) ឬ ពេលរដូវបុណ្យចម្លងអត្ថបទទី១ ដកស្រង់ពីគម្ពីរវិវរណៈ (លេខ ២៥៧)។ ត្រូវតែយកអត្ថបទចុងក្រោយពីក័ណ្ឌគម្ពីរដំណឹងល្អ (លេខ ២៦៩-២៧៨)។ យ៉ាងហោចណាស់ ត្រូវតែជ្រើសរើសអត្ថបទមួយដែលមានអត្ថន័យយ៉ាងច្បាស់អំពីអាពាហ៍ពិពាហ៍។
១៥៤ក្រោយពីបានថ្លែងព្រះបន្ទូលដំណឹងល្អ លោកបូជាចារ្យ ឬលោកឧបដ្ឋាក ទេសនាដោយពន្យល់អំពីគម្រោងការដ៏អស្ចារ្យនៃអាពាហ៍ពិពាហ៍តាមគ្រីស្តសាសនា អំពីសេចក្ដីថ្លៃថ្នូរនៃសេចក្ដីស្រឡាញ់របស់គូស្វាមីភរិយា អំពីព្រះអំណោយទាននៃអគ្គសញ្ញានិងភារកិច្ចរបស់គូស្វាមីភរិយា។ លោកទេសនាដោយរិះគិតអំពីអត្ថបទទាំងប៉ុន្មាន ដែលគេបានជ្រើសរើស និងដោយយកចិត្តទុកដាក់អំពីស្ថានភាពរបស់អស់អ្នកដែលចូលរួមផងដែរ។
១៥៥បើប្រារព្ធអាពាហ៍ពិពាហ៍មានគូស្រករច្រើនគូ ក្នុងពេលតែមួយ ចំពោះសំណួរត្រូវតែសួរម្ដងមួយគូៗ មុននឹងធ្វើពាក្យប្រកាសការយល់ព្រម និងការទទួលពាក្យការប្រកាសយល់ព្រម។ រីឯពិធីផ្សេងទៀត រួមទាំងពិធីជូនពរនៃអាពាហ៍ពិពាហ៍ អាចធ្វើរួមគ្នា។
១៥៦មុនចាប់ផ្តើមប្រារព្ធពិធីអាពាហ៍ពិពាហ៍ យើងគួរប្រកាសជំនឿនៃព្រះសហគមន៍កាតូលិក។ សូមមើលឧបសម្ព័ន្ធទី ២ (លេខ ២៧៩-២៨៣) ជួយផ្តល់ដំបូន្មាន។
ខ្ញុំជឿលើព្រះជាម្ចាស់ ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ
ជាព្រះបង្កើតមេឃ និងដី។
ខ្ញុំជឿលើព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាតែមួយនៃព្រះបិតា
ហើយជាព្រះអម្ចាស់យើងខ្ញុំ។
ព្រះអង្គមានកំណើតជាមនុស្ស ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ
ហើយទ្រង់បានប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី
ព្រះអង្គបានសោយទុក្ខលំបាកនៅជំនាន់ លោកប៉ុនពីឡាត។
ព្រះអង្គត្រូវគេឆ្កាង សោយទិវង្គត
ហើយព្រះសពព្រះអង្គ ត្រូវគេបញ្ចុះក្នុងរូងថ្មមួយ។
ព្រះអង្គបានយាងចុះទៅស្ថានក្រោម
លុះដល់ថ្ងៃទីបី ព្រះអង្គមានព្រះជន្មរស់ឡើងវិញ ពីចំណោមមនុស្សស្លាប់
ព្រះអង្គបានយាងឡើងស្ថានបរមសុខ
ទៅគង់ខាងស្តាំព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ។
ព្រះអង្គនឹងយាងមកវិញ ដើម្បីវិនិច្ឆ័យមនុស្សទាំងរស់ ទាំងស្លាប់។
ខ្ញុំជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ ខ្ញុំជឿលើព្រះសហគមន៍កាតូលិកដ៏វិសុទ្ធ
និងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ។
ខ្ញុំជឿថា មានការលើកលែងទោសមនុស្សឱ្យរួចពីបាប
ហើយរូបកាយមនុស្សនឹងរស់ឡើងវិញ
ព្រមទាំងមានជីវិតរស់នៅ អស់កល្បជានិច្ចផង។
អាម៉ែន។
កូនៗជាទីស្រឡាញ់!
កូនៗមករួមគ្នាក្នុងព្រះវិហារនេះ
ដើម្បីទូលអង្វរព្រះអម្ចាស់ សូមព្រះអង្គប្រថាប់ត្រាបញ្ជាក់
និងពង្រឹងសេចក្ដីស្រឡាញ់របស់កូនៗ
នៅចំពោះមុខលោកទទួលខុសត្រូវព្រះសហគមន៍
និងចំពោះមុខព្រះសហគមន៍ទាំងមូល។
ព្រះគ្រីស្តបានប្រោសប្រទានពរដ៏ច្រើនមហិមា
មកលើសេចក្ដីស្រឡាញ់របស់កូនៗ
ហើយតាមរយៈអគ្គសញ្ញាជ្រមុជទឹក ព្រះអង្គក៏បានលាងជម្រះកូនៗ
ឱ្យបានស្អាតបរិសុទ្ធរួចស្រេចទៅហើយ។
ឥឡូវនេះ តាមរយៈអគ្គសញ្ញាពិសេស
ព្រះអង្គក៏បំពេញនិងពង្រឹងសេចក្ដីស្រឡាញ់របស់កូនៗបន្ថែមទៀត
ដូច្នេះ កូនៗនឹងអាចទទួលភារកិច្ចទាំងប៉ុន្មាន
នៃអាពាហ៍ពិពាហ៍ ដោយចិត្តភក្ដី
រហូតដល់ថ្ងៃចុងក្រោយបំផុតនៃជីវិត។
អាស្រ័យហេតុនេះហើយ នៅចំពោះមុខព្រះសហគមន៍
ខ្ញុំសូមកូនៗ ប្រកាសឱ្យលាន់ឮនូវគោលបំណងរបស់ខ្លួន។

របៀបទីមួយ

១៥៨ឥឡូវនេះ លោកអធិបតី សួរគូស្រករអំពីសេរីភាព ភក្តីភាព ការទទួលនិងការអប់រំកូន។ សូមគូស្រករឆ្លើយម្នាក់ម្ដង។
(នាមកូនកំលោះ…) និង (នាមកូនក្រមុំ…)
កូនៗបានស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ដែលសម្ដែងសេចក្ដីថ្លៃថ្នូរនៃសេចក្ដីស្រឡាញ់
របស់មនុស្សលោក និងរបស់អាពាហ៍ពិពាហ៍។
១-កូនៗរួមគ្នាមកក្នុងព្រះវិហារនេះ ដើម្បីរៀបអាពាហ៍ពិពាហ៍
តើមាននរណាបង្ខិតបង្ខំដែរឬទេ?
កូនក្រមុំ ៖ ចាស៎ មិនមានទេ។
កូនកំលោះ ៖ បាទ មិនមានទេ។
២-តើកូនៗមានសេរីភាពពេញទី និងស្ម័គ្រចិត្តខ្លួនឯងដែរឬទេ?
កូនក្រមុំ ៖ ចាស៎ មាន។
កូនកំលោះ ៖ បាទ មាន។
៣-ដោយជ្រើសរើសជីវិតអាពាហ៍ពិពាហ៍ តើកូនៗសុខចិត្តស្រឡាញ់គ្នា
ព្រមទាំងគោរពឱ្យតម្លៃគ្នាទៅវិញទៅមក អស់មួយជីវិតដែរឬទេ?
កូនក្រមុំ ៖ ចាស៎ ខ្ញុំសុខចិត្ត។
កូនកំលោះ ៖ បាទ ខ្ញុំសុខចិត្ត។
បើគូស្រករមានកូនហើយ មិនចាំបាច់សួរសំណួរខាងក្រោមនេះ។
[ ៤-តើកូនៗយល់ព្រមទទួលកូនដែលព្រះជាម្ចាស់ប្រទានឱ្យ
ដោយស្រឡាញ់ ចិញ្ចឹមបីបាច់ថែរក្សា​ ប្រៀនប្រដៅ ឱ្យស្របតាមធម្មវិន័យ
របស់ព្រះគ្រីស្ត និងជំនឿនៃព្រះសហគមន៍កាតូលិកដែរឬទេ?]
កូនក្រមុំ ៖ ចាស៎ ខ្ញុំយល់ព្រម។
កូនកំលោះ ៖ បាទ ខ្ញុំយល់ព្រម។
បើអាច លោកសួរបន្ថែមនូវសំណួរខាងក្រោម ឬ តាមពាក្យសម្តីស្រដៀង៖
៥-តើកូនៗសុខចិត្តទទួលយកបេសកកម្ម ជាគ្រីស្តបរិស័ទនៅក្នុងសង្គម
និងនៅក្នុងព្រះសហគមន៍កាតូលិកដែរឬទេ?
កូនក្រមុំ ៖ ចាស៎ ខ្ញុំសុខចិត្ត។
កូនកំលោះ ៖ បាទ ខ្ញុំសុខចិត្ត។

របៀបទីពីរ

១៥៩លោកអធិបតីពោលទៅកាន់អង្គប្រជុំ៖
បងប្អូនជាទីស្រឡាញ់!
រួមជាមួយ (នាមកូនកំលោះ…) និង (នាមកូនក្រមុំ…)
យើងបានស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ដែលសម្ដែងសេចក្ដីថ្លៃថ្នូរនៃសេចក្ដីស្រឡាញ់
ចំពោះមនុស្សលោក និងចំពោះអាពាហ៍ពិពាហ៍។
-បន្ទាប់មក លោកអធិបតីសួរគូស្រករអំពីសេរីភាព ភក្តីភាព ការទទួលនិងការអប់រំកូន។
សូមឆ្លើយម្នាក់ម្ដង។ លោកបន្ត (បើគូស្រករមានវ័យចាស់ហើយ មិនចាំបាច់អានសេចក្ដី
ដែលមាននៅខាងក្នុងសញ្ញាតង្កៀបទេ៖
កូនៗជាទីស្រឡាញ់!
ដើម្បីរៀបអាពាហ៍ពិពាហ៍
គូស្វាមីភរិយាត្រូវប្រគល់ខ្លួន ចំពោះគ្នាទៅវិញទៅមក
ដោយមានសេរីភាពពេញទី និងគ្មានការបង្ខិតបង្ខំពីនរណាឡើយ។
គូស្វាមីភរិយាត្រូវតែសន្យាស្រឡាញ់គ្នា
ទាំងគោរពនិងឱ្យតម្លៃគ្នា អស់មួយជីវិត
[ព្រមទាំងត្រូវទទួលកូនទាំងប៉ុន្មាន ដែលព្រះជាម្ចាស់ប្រទាន
ដោយប្រៀនប្រដៅកូនៗទាំងនោះ
តាមដំណឹងល្អរបស់ព្រះគ្រីស្ត និងជំនឿព្រះសហគមន៍កាតូលិក]
លោកអធិបតីពោលទៅកាន់គូស្រករ៖
១-តើ (នាមកូនកំលោះ…) និង (នាមកូនក្រមុំ…) ចង់រស់នៅក្នុងអាពាហ៍ពិពាហ៍
តាមបែបនេះឬទេ?
កូនក្រមុំ ៖ ចាស៎ ខ្ញុំចង់ ។
កូនកំលោះ ៖ បាទ ខ្ញុំចង់។
បើជាការគួរ លោកអធិបតីអាចបន្ថែមនូវសំណួរខាងក្រោម ឬពាក្យពេចន៍ស្រដៀង៖
២-តើកូនៗសុខចិត្តទទួលយកបេសកកម្ម ជាគ្រីស្តបរិស័ទក្នុងសង្គម
និងក្នុងព្រះសហគមន៍កាតូលិកដែរឬទេ?
កូនក្រមុំ ៖ ចាស៎ ខ្ញុំសុខចិត្ត ។
កូនកំលោះ ៖ បាទ ខ្ញុំសុខចិត្ត។
១៦០លោកអធិបតី អញ្ចើញគូស្រករឱ្យកាន់ដៃគ្នា ធ្វើពាក្យបង្ហាញការយល់ព្រមតាមរយៈជម្រើសណាមួយនៃពាក្យអញ្ជើញខាងក្រោមនេះ៖
១. កូនៗជាទីស្រឡាញ់!
ដោយកូនៗមានបំណង ចង់ឈានចូលក្នុងជីវិតអាពាហ៍ពិពាហ៍
ចូរកាន់ដៃគ្នា ប្រកាសការយល់ព្រម ចំពោះគ្នាទៅវិញទៅមក
នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ និងនៅចំពោះមុខព្រះសហគមន៍។
១៦១២.កូនៗជាទីស្រឡាញ់!
នៅចំពោះមុខវត្តមានអស់បងប្អូនដែលជួបជុំគ្នានៅទីនេះ
ចូរកូនៗកាន់ដៃគ្នា ប្រកាសការយល់ព្រម ចំពោះគ្នាទៅវិញទៅមក
នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ និងនៅចំពោះមុខព្រះសហគមន៍។
១៦២៣.កូនៗជាទីស្រឡាញ់!
នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ជាប្រភពនៃសេចក្ដីស្រឡាញ់របស់កូនៗ
ហើយដែលនឹងគង់នៅជាមួយកូនៗជារៀងរហូត
និងនៅចំពោះមុខវត្តមានអស់បងប្អូនដែលជួបជុំគ្នាទីនេះ
ចូរកូនៗកាន់ដៃគ្នា ប្រកាសការយល់ព្រម ចំពោះគ្នាទៅវិញទៅមក។
១៦៣៤. កូនៗជាទីស្រឡាញ់!
ដើម្បីរួមជាធ្លុងតែមួយ នៅក្នុងអង្គព្រះគ្រីស្ត
ព្រមទាំងដើម្បីឱ្យព្រះអង្គប្រោសសេចក្ដីស្រឡាញ់របស់កូនៗ
ឱ្យទៅជាទីសម្គាល់ដែលមើលឃើញ នៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់
ចូរកូនៗកាន់ដៃគ្នា ប្រកាសការយល់ព្រម
នៅចំពោះមុខព្រះសហគមន៍។
១៦៤កូនកំលោះនិងកូនក្រមុំកាន់ដៃស្តាំ ប្រកាសការយល់ព្រមចំពោះគ្នាទៅវិញទៅមក ដោយត្រូវតែប្រើរបៀបមួយក្នុងចំណោមទាំងបីខាងក្រោមជាដាច់ខាត៖
១៦៥របៀបទីមួយ
កូនកំលោះ៖
បង (នាមកូនកំលោះ…) ទទួលយកអូន (នាមកូនក្រមុំ…) ធ្វើជាភរិយា
ហើយសន្យាថា នឹងមានចិត្តភក្តីចំពោះអូន
ទាំងពេលមានអំណរសប្បាយ ក៏ដូចពេលមានទុក្ខលំបាក
ពេលមានសុខភាពល្អ ក៏ដូចពេលមានជំងឺ
បងសន្យាស្រឡាញ់និងគោរពអូន អស់មួយជីវិតរបស់បង។
កូនក្រមុំ៖
អូន (នាមកូនក្រមុំ…) ទទួលយកបង (នាមកូនកំលោះ…) ធ្វើជាស្វាមី
ហើយសន្យាថា នឹងមានចិត្តភក្តីចំពោះបង
ទាំងក្នុងពេលមានអំណរសប្បាយ ក៏ដូចក្នុងពេលមានទុក្ខលំបាក
ពេលមានសុខភាពល្អ ក៏ដូចពេលមានជំងឺ
អូនសន្យាស្រឡាញ់និងគោរពបង អស់មួយជីវិតរបស់អូន។
១៦៦របៀបទីពីរ
កូនកំលោះ ៖ តើអូន(នាមកូនក្រមុំ…)ចង់ធ្វើជាភរិយារបស់បងឬទេ?
កូនក្រមុំ ៖ចាស អូនចង់។ ចំពោះបង (នាមកូនកំលោះ…) វិញ តើបងចង់ធ្វើជាស្វាមីរបស់អូនឬទេ?
កូនកំលោះ ៖បាទ បងចង់។
បង (នាមកូនកំលោះ…) ទទួលយកអូន (នាមកូនក្រមុំ…) ធ្វើជាភរិយា ហើយបងនឹងក្លាយទៅជាស្វាមីរបស់អូន។
បងសន្យាថា នឹងស្រឡាញ់អូនដោយចិត្តភក្តី ទាំងពេលមានអំណរសប្បាយ ក៏ដូចក្នុងពេលមានទុក្ខលំបាក អស់មួយជីវិតរបស់យើង។
កូនក្រមុំ ៖អូន (នាមកូនក្រមុំ…) ទទួលយកបង (នាមកូនកំលោះ…) ធ្វើជាស្វាមី ហើយអូននឹងទៅជាភរិយារបស់បង។
អូនសន្យាថា នឹងស្រឡាញ់បងដោយចិត្តភក្តី ទាំងពេលមានអំណរសប្បាយ ក៏ដូចក្នុងពេលមានទុក្ខលំបាក អស់មួយជីវិតរបស់យើង។
១៦៧របៀបទីបី
កូនកំលោះ ៖តើអូន (នាមកូនក្រមុំ…) ចង់ធ្វើជាភរិយារបស់បងដែរឬទេ?
កូនក្រមុំ ៖ចាស អូនចង់។ រីឯបង តើបងចង់ធ្វើជាស្វាមីរបស់អូនដែរឬទេ?
កូនកំលោះ ៖បាទ បងចង់។
កូនក្រមុំ ៖អូនយល់ព្រមទទួលយកបងធ្វើជាស្វាមី និងស្ម័គ្រចិត្តប្រគល់ខ្លួនចំពោះបង។
កូនកំលោះ ៖បងយល់ព្រមទទួលអូនធ្វើជាភរិយា និងស្ម័គ្រចិត្តប្រគល់ខ្លួនចំពោះអូន។
រួមគ្នា៖ដើម្បីស្រឡាញ់គ្នា ដោយចិត្តភក្តី ទាំងពេលមានអំណរសប្បាយ ក៏ដូចក្នុងពេលមានទុក្ខលំបាក និងដើម្បីជួយគាំទ្រគ្នាទៅវិញទៅមក អស់មួយជីវិតរបស់យើង។
របៀបទីបួន
១៦៨បើគូស្រករមានបញ្ហាពិតប្រាកដ មិនអាចប្រើប្រាស់របៀបមួយក្នុងចំណោមរបៀបទាំងបីខាងលើ ឬ បើមានមូលហេតុផ្សេងទៀត លោកអធិបតីអាចសុំឱ្យពួកគេយល់ព្រមរៀបការ ដោយសួរជាសំណួរដល់ពួកគេតែម្តង។ ជាដំបូង លោកសួរទៅកូនកំលោះ៖
តើលោក (នាមកូនកំលោះ…) យល់ព្រមទទួលយកកញ្ញា (នាមកូនក្រមុំ…) ធ្វើជាភរិយា ហើយសន្យាថា មានចិត្តភក្ដីចំពោះនាង ទាំងពេលមានអំណរសប្បាយ ក៏ដូចក្នុងពេលមានទុក្ខលំបាក ពេលមានសុខភាពល្អ ក៏ដូចពេលមានជំងឺ ដើម្បីស្រឡាញ់និងគោរពនាង អស់មួយជីវិតរបស់លោកឬទេ?
កូនកំលោះ៖ បាទ ខ្ញុំចង់។
បន្ទាប់មក លោកអធិបតីសួរកូនក្រមុំ៖
តើកញ្ញា (នាមកូនក្រមុំ…) យល់ព្រមទទួលយកលោក (នាមកូនកំលោះ…) ធ្វើជាស្វាមី ហើយសន្យាថា មានចិត្តភក្ដីចំពោះគាត់ ទាំងពេលមានអំណរសប្បាយ ក៏ដូចក្នុងពេលមានទុក្ខលំបាក ពេលមានសុខភាពល្អ ក៏ដូចពេលមានជំងឺ ដើម្បីស្រឡាញ់និងគោរពគាត់ អស់មួយជីវិតរបស់កញ្ញាឬទេ?
កូនក្រមុំ៖ ចាស ខ្ញុំចង់។
១៦៩បន្ទាប់មក លោកបូជាចារ្យ ឬ លោកឧបដ្ឋាក ទទួលការយល់ព្រមរបស់គូស្រករ ដោយពោល ព្រមទាំងធ្វើកាយវិការមួយ ក ឬ ខ ដូចខាងក្រោម៖
ក. លាតដៃស្តាំឆ្ពោះទៅគូស្រករ
ខ. ដាក់ដៃស្តាំលើដៃទាំងពីររបស់គូស្រករ
១៧០បន្ទាប់មក លោកពោលថា៖
១- សូមព្រះអម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ
ប្រថាប់ត្រាបញ្ជាក់ និងពង្រឹងការយល់ព្រមរបស់កូនៗ
ដែលទើបប្រកាសនៅចំពោះមុខព្រះសហគមន៍
ឱ្យនៅស្ថិតស្ថេរយូរអង្វែង ព្រមទាំងប្រទានឱ្យកូនៗ
ពោរពេញដោយព្រះអំណោយទានរបស់ព្រះអង្គជានិច្ច។
ហេតុនេះហើយ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករ
ដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ។ (មថ ១៩,៦)
អង្គប្រជុំ៖ អាម៉ែន។
២- សូមព្រះអម្ចាស់ជាព្រះដ៏មានព្រះជន្មគង់នៅ
ជាព្រះរបស់លោកអប្រាហាំ ជាព្រះរបស់លោកអ៊ីសាក
និងជាព្រះរបស់លោកយ៉ាកុប
ដែលបានផ្សំផ្គុំគូស្រករដើមដំបូង ក្នុងសួនអេដែន។
ឥឡូវនេះ នៅក្នុងអង្គព្រះគ្រីស្ត
សូមព្រះអង្គប្រថាប់ត្រាបញ្ជាក់
ព្រមទាំងប្រទានពរយ៉ាងបរិបូរណ៍ដល់ការយល់ព្រម
ដែលកូនៗទើបប្រកាស ចំពោះមុខព្រះសហគមន៍។
ហេតុនេះហើយ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករ
ដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ។ (មថ ១៩,៦)
អង្គប្រជុំ៖ អាម៉ែន។
លោកអធិបតី ៖ ចូរយើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!
អង្គប្រជុំ ៖ សូមអរព្រះគុណព្រះជាម្ចាស់។
១៧១អ្នកបម្រើអាសនៈជូនចិញ្ចៀនឱ្យលោកអធិបតី រួចលោកប្រទានពរ។ បើអាច គួរតែប្រោះទឹកព្រះពរលើចិញ្ចៀន និងប្រគល់ចិញ្ចៀនឱ្យគូស្រករ។
ជម្រើស ១
សូមព្រះអម្ចាស់ប្រទានពរ  លើចិញ្ចៀនទាំងនេះ
ដែលកូនៗនឹងប្រគល់ឱ្យគ្នាទៅវិញទៅមក
ទុកជាទីសម្គាល់នៃសេចក្ដីស្រឡាញ់ និងភក្តីភាព។
អង្គប្រជុំ ៖ អាម៉ែន
១៧២ជម្រើស ២
បពិត្រព្រះអម្ចាស់!
សូមព្រះអង្គប្រទានពរ លើចិញ្ចៀនទាំងនេះ
ដែលយើងខ្ញុំប្រទានពរក្នុងព្រះនាមព្រះអង្គ
ដើម្បីឱ្យអស់អ្នកដែលពាក់ចិញ្ចៀននេះ
រក្សាចិត្តភក្តីទាំងស្រុង ចំពោះគ្នាទៅវិញទៅមក។
សូមឱ្យអ្នកទាំងនោះ ធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ
ព្រមទាំងរស់នៅជាមួយគ្នា ប្រកបដោយសេចក្ដីសុខសាន្ត
មានសុច្ឆន្ទៈ និងស្រឡាញ់គ្នាទៅវិញទៅមក ជារៀងរហូតផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
១៧៣ជម្រើស ៣
បពិត្រព្រះអម្ចាស់!
សូមព្រះអង្គប្រទានពរ និងអភិសេក
(នាមកូនកំលោះ…) និង (នាមកូនក្រមុំ…) ជាអ្នកបម្រើរបស់ព្រះអង្គ
ក្នុងសេចក្ដីស្រឡាញ់របស់ពួកគាត់ ចំពោះគ្នាទៅវិញទៅមក។
សូមឱ្យចិញ្ចៀនទាំងនេះ ក្លាយជាទីសម្គាល់នៃចិត្តភក្ដី
របស់ពួកគាត់ចំពោះគ្នាទៅវិញទៅមក
ព្រមទាំងរំឭកពួកគាត់ អំពីសេចក្ដីស្រឡាញ់
របស់ពួកគាត់ជានិច្ចផង។
អង្គប្រជុំ៖ អាម៉ែន។
១៧៤ជម្រើស ៤
បពិត្រព្រះអម្ចាស់ជាព្រះបិតាយើងខ្ញុំ!
ព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយយើងខ្ញុំ
នៅក្នុងអង្គព្រះយេស៊ូគ្រីស្ត។
សូមព្រះអង្គប្រទានពរ លើចិញ្ចៀនទាំងនេះ
ឱ្យទៅជាទីសម្គាល់នៃចិត្តភក្តីរបស់
(នាមកូនកំលោះ…) និង (នាមកូនក្រមុំ…) ដែលមានចំពោះគ្នាទៅវិញទៅមក
ព្រមទាំងរំឭកពួកគាត់ ឱ្យស្រឡាញ់គ្នាទៅវិញទៅមកជានិច្ចផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
១៧៥កូនកំលោះបំពាក់ចិញ្ចៀន ចូលដៃនាងខាងឆ្វេងរបស់កូនក្រមុំ ដោយពោលថា៖
កូនកំលោះ
នាមកូនក្រមុំ…………………សូមអូនទទួលចិញ្ចៀននេះ
ទុកជាទីសម្គាល់នៃសេចក្ដីស្រឡាញ់ និងចិត្តភក្តីរបស់បង
ក្នុងព្រះនាមព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
កូនក្រមុំបំពាក់ចិញ្ចៀន ចូលដៃនាងខាងឆ្វេងរបស់កូនកំលោះ ដោយពោលថា ៖
កូនក្រមុំ
នាមកូនកំលោះ……………..សូមបងទទួលចិញ្ចៀននេះ
ទុកជាទីសម្គាល់នៃសេចក្ដីស្រឡាញ់ និងចិត្តភក្តីរបស់អូន
ក្នុងព្រះនាមព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
១៧៦លោកអធិបតី បែរទៅរកគូស្វាមីភរិយាថ្មោងថ្មី សូមព្រះជាម្ចាស់ប្រទានពរឱ្យពួកគាត់។
លោកអធិបតីត្រូវតែធ្វើពិធីជូនពរលើគូស្វាមីភរិយា ជាដាច់ខាត។
-គូស្វាមីភរិយាមកខាងមុខអាសនៈ ហើយតាមកាលៈទេសៈ ក្រោកឈរ ឬ លុតជង្គង់។
-ក្នុងចំណោមការជូនពរ យើងអាចជ្រើសរើសជម្រើសណាមួយខាងក្រោម ឬ ក្នុង
ឧបសម្ព័ន្ធទី៣(លេខ ២៨៤-២៨៩)។ តាមកាលៈទេសៈ បើគូស្វាមីភរិយាមានវ័យចាស់ហើយ សូមរំលងពាក្យក្នុងសញ្ញាតង្កៀប […]។
១៧៧លោកបូជាចារ្យ ឬលោកឧបដ្ឋាក លាតដៃ ហើយអញ្ចើញអង្គប្រជុំអធិដ្ឋាន ដោយពោលថា៖
បងប្អូនជាទីស្រឡាញ់!
ចូរយើងតាំងចិត្តអធិដ្ឋាន ទូលអង្វរព្រះអម្ចាស់
សម្រាប់គូស្វាមីភរិយាថ្មោងថ្មី ដែលឈានចូលមកជិតអាសនៈ
ប្រៀបដូចឈានចូលចាប់ផ្ដើមជីវិតអាពាហ៍ពិពាហ៍
ឱ្យរួមគ្នាជាធ្លុងតែមួយ ក្នុងសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។
-ទាំងអស់គ្នាស្ងៀមស្ងាត់ អធិដ្ឋានមួយស្របក់
-លោកអធិបតីលាតដៃលើគូស្វាមីភរិយា ដោយពោលបន្តថា៖
បពិត្រព្រះជាម្ចាស់ជាព្រះបិតាដ៏វិសុទ្ធ!
ព្រះអង្គបានបង្កើតមនុស្ស ជារូបតំណាងរបស់ព្រះអង្គ
ព្រះអង្គក៏បានបង្កើតគេជាបុរស និងជាស្រ្តី
ព្រមទាំងឱ្យរួមគ្នាជាធ្លុងតែមួយ
ទាំងរូបកាយ ទាំងវិញ្ញាណ ក្នុងឋានៈជាស្វាមីភរិយា
ដើម្បីបំពេញបេសកកម្មរបស់ព្រះអង្គ ក្នុងពិភពលោកនេះ។
បពិត្រព្រះជាម្ចាស់!
ព្រះអង្គបង្ហាញឱ្យឃើញអំពីគម្រោងការដ៏អស្ចារ្យ
នៃសេចក្ដីស្រឡាញ់របស់ព្រះអង្គ
ដោយប្រើសេចក្ដីស្រឡាញ់របស់គូស្វាមីភរិយា
ដើម្បីបង្ហាញទីសម្គាល់ អំពីសម្ពន្ធមេត្រី
ដែលព្រះអង្គចងជាមួយប្រជារាស្ត្ររបស់ព្រះអង្គ
ដោយព្រះហឫទ័យមេត្តាករុណា។
នៅពេលអត្ថន័យនៃអគ្គសញ្ញាបានបំពេញយ៉ាងបរិបូរណ៍
ញុាំងឱ្យអាពាហ៍ពិពាហ៍ដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្តនិងព្រះសហគមន៍
អាចបង្ហាញឱ្យឃើញយ៉ាងច្បាស់ តាមរយៈជីវិតអាពាហ៍ពិពាហ៍
ក្នុងចំណោមអស់អ្នកជឿលើព្រះអង្គ។
យើងខ្ញុំសូមទូលអង្វរព្រះអង្គ សូមលាតព្រះហស្ត
មកលើអ្នកបម្រើរបស់ព្រះអង្គគឺ (នាមស្វាមី…) និង (នាមភរិយា…)
ព្រមទាំងចាក់បង្ហូរឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ
ឱ្យគង់សណ្ឋិតនៅក្នុងដួងចិត្តរបស់ពួកគាត់។
បពិត្រព្រះអម្ចាស់!
សូមព្រះអង្គប្រោសប្រទានពួកគាត់
ចេះចែករំលែកសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក
ក្នុងពេលពួកគាត់ចាប់ផ្ដើមជីវិតនៃអគ្គសញ្ញាអាពាហ៍ពិពាហ៍។
សូមឱ្យពួកគាត់ចេះបង្ហាញគ្នាទៅវិញទៅមក
នូវទីសម្គាល់នៃវត្តមានរបស់ព្រះអង្គ
ដើម្បីរួមគ្នាជាធ្លុងតែមួយ ទាំងរូបកាយ ទាំងវិញ្ញាណ។
បពិត្រព្រះអម្ចាស់!
សូមឱ្យពួកគាត់ចេះប្រកបការងារប្រចាំថ្ងៃ
ដើម្បីចិញ្ចឹមក្រុមគ្រួសារដែលពួកគាត់បង្កើត
[ព្រមទាំងប្រៀនប្រដៅកូនចៅរបស់ខ្លួន
ឱ្យក្លាយជាសមាជិកនៃក្រុមគ្រួសារនៅស្ថានបរមសុខ
តាមមាគ៌ានៃដំណឹងល្អរបស់ព្រះជាម្ចាស់]
សូមព្រះអង្គប្រោសប្រទានព្រះអំណោយទានដ៏បរិបូណ៌
មកលើបុត្រីរបស់ព្រះអង្គគឺ (នាមភរិយា…)
សូមឱ្យនាងបំពេញកាតព្វកិច្ចជាឧត្តមភរិយា
[និងជាមាតាប្រកបដោយព្រហ្មវិហារធម៌]
សូមឱ្យនាងចេះនាំសិរីសួស្ដីនិងភាពកក់ក្ដៅ ចូលក្នុងក្រុមគ្រួសារ
តាមរយៈសេចក្ដីស្រឡាញ់ប្រកបដោយព្រហ្មចរិយធម៌
ព្រមទាំងចេះរស់នៅប្រកបដោយចរិយាធម៌ សីលធម៌ និងសុជីវធម៌
ដើម្បីលើកកិត្តិយសនៃក្រុមគ្រួសាររបស់នាង។
សូមព្រះអង្គប្រាសប្រទានព្រះអំណោយទានដ៏បរិបូណ៌
មកលើបុត្រារបស់ព្រះអង្គគឺ (នាមស្វាមី…)
សូមឱ្យលោកបំពេញកាតព្វកិច្ចជាឧត្តមស្វាមី ដែលមានចិត្តភក្ដី
[និងជាបិតាប្រកបដោយព្រហ្មវិហារធម៌]
បពិត្រព្រះជាម្ចាស់ជាព្រះបិតាដ៏វិសុទ្ធ!
សូមឱ្យគូស្វាមីភរិយាដែលបានរៀបអាពាហ៍ពិពាហ៍
ខាងមុខអាសនៈ នៅចំពោះវត្តមានរបស់ព្រះអង្គ
បានចូលរួមពិធីជប់លៀងដ៏ប្រសើរបំផុតនៅថ្ងៃណាមួយ
ក្នុងព្រះរាជ្យនៃស្ថានបរមសុខផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយ
ព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
១៧៨អង្គប្រជុំអាចច្រៀងបទមួយ ដើម្បីអរព្រះគុណព្រះជាម្ចាស់ ដែលបានប្រទានអគ្គសញ្ញាអាពាហ៍ពិពាហ៍ ឬ អាចលេងភ្លេងស្រាលៗក៏បានដែរ។
១៧៩បើគូស្វាមីភរិយាស្ម័គ្រចិត្ត ពួកគេអាចថ្លែងពាក្យអធិដ្ឋាន តាមជម្រើសដូចខាងក្រោម៖
១៨០ជម្រើស ១
បពិត្រព្រះជាម្ចាស់ជាព្រះបិតា!
ព្រះអង្គសព្វព្រះហឫទ័យចងសម្ពន្ធមេត្រីជាមួយមនុស្សលោក
យើងខ្ញុំសូមទូលអង្វរនិងអរព្រះគុណព្រះអង្គ
ដ្បិតព្រះអង្គបានប្រោសប្រទានឱ្យយើងខ្ញុំ
បានជួបជុំគ្នានិងធ្វើដំណើររួមជាមួយគ្នា
ក្រោមការណែនាំដ៏ថ្នាក់ថ្នមរបស់ព្រះអង្គ។
យើងខ្ញុំសូមអរព្រះគុណព្រះអង្គ សម្រាប់មាតាបិតា
ក្រុមគ្រួសារ សាក្សី និងមិត្តសម្លាញ់របស់យើងខ្ញុំ
និងអស់អ្នកដែលជាទីសម្គាល់ នៃសេចក្ដីស្រឡាញ់របស់ព្រះអង្គ។
បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់!
នៅថ្ងៃនេះ យើងខ្ញុំសូមថ្វាយនូវអ្វីៗដែលយើងខ្ញុំបានទទួលពីព្រះអង្គ
ព្រមទាំងអ្វីៗដែលយើងខ្ញុំនឹងទទួលពីព្រះអង្គ
រួមទាំងជីវិត និងការងាររបស់យើងខ្ញុំ
[ហើយកូនៗទាំងប៉ុន្មាន ដែលយើងខ្ញុំសង្ឃឹមថានឹងបានទទួល]
ព្រះអង្គស្គាល់ដែនកំណត់ និងភាពទន់ខ្សោយរបស់យើងខ្ញុំ
សូមព្រះអង្គប្រោសប្រណី និងលើកលែងទោសឱ្យយើងខ្ញុំផង។
បពិត្រព្រះវិញ្ញាណដ៏វិសុទ្ធ!
ជាព្រះវិញ្ញាណនៃព្រះបិតានិងព្រះបុត្រា
ជាព្រះវិញ្ញាណនៃសេចក្ដីស្រឡាញ់
យើងខ្ញុំសូមទូលអង្វរព្រះអង្គ
សូមឱ្យយើងខ្ញុំខិតខំយកចិត្តទុកដាក់បំពេញ
នូវកិច្ចការរបស់ព្រះអង្គនៅក្នុងពិភពលោកនេះ
ព្រមទាំងចេះជួយលើកទឹកចិត្តគ្នាទៅវិញទៅមក។
សូមឱ្យយើងខ្ញុំមានចិត្តស្មោះចំពោះព្រះគ្រីស្ត
ព្រមទាំងធ្វើដំណើរជាមួយព្រះអង្គជានិច្ច។
សូមព្រះនាងព្រហ្មចារិនីម៉ារី!
ជាមាតានៃព្រះជាម្ចាស់និងមាតានៃយើងខ្ញុំ
ព្រមទាំងជាស្រ្តី ដែលព្រះជាម្ចាស់ប្រទានពរលើសស្រ្តីទាំងឡាយ
ជួយអង្វរព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះនាងឱ្យយើងខ្ញុំ
ហើយសូមព្រះអង្គព្រះសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំផង។
អង្គប្រជុំ៖ អាម៉ែន។
១៨១ជម្រើស ២
បពិត្រព្រះជាម្ចាស់ជាព្រះបិតាយើងខ្ញុំ!
យើងខ្ញុំសូមអរព្រះគុណព្រះអង្គ
ដែលបានណែនាំយើងខ្ញុំតាំងពីថ្ងៃចាប់ផ្ដើម
រហូតដល់ថ្ងៃពោរពេញដោយសុភមង្គលនេះ។
ព្រះអង្គក៏បានប្រោសប្រទានឱ្យយើងខ្ញុំ
ប្រគល់ខ្លួនចំពោះគ្នាទៅវិញទៅមក។
ឥឡូវនេះ យើងខ្ញុំរួមគ្នាថ្វាយសេចក្ដីស្រឡាញ់របស់យើងខ្ញុំ
ចំពោះគ្នាទៅវិញទៅមក ទៅដល់ព្រះអង្គ។
សូមព្រះអង្គប្រោសយើងខ្ញុំ ឱ្យរួបរួមគ្នាជានិច្ច
ហើយសូមរក្សាយើងខ្ញុំ ក្នុងសេចក្តីសុខសាន្តរបស់ព្រះអង្គ
ព្រមទាំងថែរក្សាការពារអាពាហ៍ពិពាហ៍របស់យើងខ្ញុំ។
[សូមឱ្យយើងខ្ញុំមានអំណរសប្បាយ ដោយទទួលកូនពីព្រះអង្គ។]
សូមបើកដួងចិត្តយើងខ្ញុំឱ្យទូលាយ សម្រាប់អ្នកដទៃ។
សូមឱ្យយើងខ្ញុំមានចិត្តភក្តី ចំពោះគ្នាទៅវិញទៅមកអស់មួយជីវិត។
នៅថ្ងៃចុងក្រោយបំផុតនៃជីវិត
សូមព្រះអង្គទទួលយើងខ្ញុំ ឱ្យចូលក្នុងព្រះរាជ្យនៃស្ថានបរមសុខ
ដែលពោរពេញដោយសេចក្ដីស្រឡាញ់របស់ព្រះអង្គ។
នៅទីនោះ យើងខ្ញុំនឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ
ទាំងពោរពេញដោយសុភមង្គល និងសេចក្ដីសុខសាន្ត
អស់កល្បជាអង្វែងតរៀងទៅ។
អង្គប្រជុំ៖ អាម៉ែន។
១៨២ជម្រើស ៣
បពិត្រព្រះអម្ចាស់ជាព្រះបិតា​
ដែលប្រកបដោយព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង!
យើងខ្ញុំជឿជាក់ថា ព្រះអង្គត្រាស់ហៅយើងខ្ញុំ
ឱ្យក្លាយជាទីសម្គាល់នៃសេចក្ដីស្រឡាញ់របស់ព្រះអង្គ
ចំពោះមនុស្សលោក។
បពិត្រព្រះអម្ចាស់ជាព្រះជាម្ចាស់
ដែលចងសម្ពន្ធមេត្រីអស់កល្បជានិច្ច ជាមួយប្រជារាស្ត្ររបស់ព្រះអង្គ
យើងខ្ញុំជឿជាក់ថា ព្រះអង្គត្រាស់ហៅយើងខ្ញុំ
ឱ្យផ្តល់សក្ខីភាពអំពីសេចក្ដីថ្លៃថ្នូរ
នៃសេចក្ដីស្រឡាញ់របស់មនុស្ស។
បពិត្រព្រះអម្ចាស់ជាព្រះបិតា
ដែលគង់នៅទីនេះយ៉ាងពិតប្រាកដមែន
យើងខ្ញុំជឿជាក់ថា ព្រះអង្គត្រាស់ហៅយើងខ្ញុំ
ឱ្យជួយគ្នាទៅវិញទៅមក ដើម្បីឱ្យយើងខ្ញុំរួមរស់ជាមួយព្រះអង្គ។
បពិត្រព្រះអម្ចាស់ជាព្រះបិតា
ដែលប្រកបដោយព្រះហឫទ័យមេត្តាករុណា
យើងខ្ញុំជឿជាក់ថា ព្រះអង្គត្រាស់ហៅយើងខ្ញុំ
ឱ្យទៅជាតង្វាយនៃសេចក្ដីស្រឡាញ់របស់ព្រះអង្គ។
អង្គប្រជុំ៖ អាម៉ែន។
១៨៣បន្ទាប់មក យើងទូលអង្វរព្រះជាម្ចាស់ សម្រាប់ពិភពលោក។
ក. ជាដំបូង លោកបូជាចារ្យ ឬលោកឧបដ្ឋាក អញ្ចើញឱ្យទូលអង្វរដូចតទៅ៖
១. ក្នុងឱកាសដ៏មានអំណរសប្បាយនេះ
ដោយជឿទុកចិត្តទាំងស្រុងលើព្រះជាម្ចាស់
សូមយើងទូលអង្វរព្រះអង្គ សម្រាប់គូស្វាមីភរិយាថ្មោងថ្មី
សម្រាប់យើងទាំងអស់គ្នា ដែលជួបជុំគ្នានៅទីនេះ
ព្រមទាំងសម្រាប់ព្រះសហគមន៍ និងសម្រាប់ពិភពលោកទាំងមូល។
១៨៤២. បងប្អូនជាទីស្រឡាញ់!
ដោយព្រះហឫទ័យប្រណីសន្តោស
និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់
ព្រះអង្គសព្វព្រះហឫទ័យប្រោសសេចក្ដីស្រឡាញ់
របស់ (នាមស្វាមី…) និង (នាមភរិយា…) ឱ្យបានវិសុទ្ធ និងល្អឥតខ្ចោះ។
ដូច្នេះ យើងសូមថ្វាយពួកគាត់
ទៅក្នុងព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។
១៨៥៣. បងប្អូនជាទីស្រឡាញ់!
សូមបងប្អូនទូលអង្វរព្រះជាម្ចាស់
ដែលប្រកបដោយព្រះហឫទ័យសប្បុរស
ប្រោសប្រទានឱ្យសេចក្ដីស្រឡាញ់របស់គូស្វាមីភរិយាថ្មោងថ្មី
ព្រមទាំងក្រុមគ្រួសារទាំងអស់ ក្នុងពិភពលោក
ឱ្យបានចម្រើនឡើងផង។
១៨៦ខ. បន្ទាប់មក មានពាក្យអង្វរសកល និងចម្លើយរបស់គ្រីស្តបរិស័ទ។
មានពាក្យទូលអង្វរដូចខាងក្រោម ឬ ក្នុងឧបសម្ព័ន្ធទី៤ (លេខ ២៩០-២៩៣)៖
១៨៧ពាក្យអង្វរសកលគ្រីស្តបរិស័ទ

១-បពិត្រព្រះជាម្ចាស់! យើងខ្ញុំសូមទូលអង្វរព្រះអង្គ សម្រាប់សម្ដេចប៉ាប លោកអភិបាល លោកបូជាចារ្យ លោកឧបដ្ឋាក។ សូមព្រះអង្គប្រទានឱ្យអស់លោក មានកម្លាំងកាយ កម្លាំងចិត្តមាំមួន ប្រាជ្ញាឈ្លាសវៃ ជំនឿរឹងមាំ ព្រមទាំងជិតសិ្នទ្ធជាមួយព្រះអង្គ ដើម្បីបន្តប្រកាសដំណឹងល្អ ទៅដល់មនុស្សគ្រប់ជាតិសាសន៍ផង។

អ្នកអាន៖ យើងខ្ញុំសូមទូលអង្វរព្រះអង្គ។

២-បពិត្រព្រះជាម្ចាស់! យើងខ្ញុំសូមទូលអង្វរព្រះអង្គ សម្រាប់គូស្វាមីភរិយាថ្មោងថ្មី ដែលព្រះអង្គទើបផ្សំផ្គុំ ក្នុងចំណងអាពាហ៍ពិពាហ៍។ សូមព្រះអង្គប្រទានឱ្យពួកគាត់ មានសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងស្រឡាញ់គ្នាជារៀងរាល់ថ្ងៃ រហូតអស់មួយ ជីវិត។

អ្នកអាន៖ យើងខ្ញុំសូមទូលអង្វរព្រះអង្គ។

៣-បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ! យើងខ្ញុំសូមទូលអង្វរព្រះអង្គ សម្រាប់មាតាបិតា ក្រុមគ្រួសារ និងមិត្តសម្លាញ់របស់គូស្វាមីភរិយាថ្មោងថ្មី ព្រមទាំង អស់អ្នកដែលតែងតែជួយពួកគាត់។ សូមព្រះអង្គប្រទានឱ្យអស់លោក មានសុខភាពល្អ មានសេចក្ដីសុខសាន្ត និងមានសុភមង្គលក្នុងជីវិត។ ជាពិសេស សូមព្រះអង្គប្រទានឱ្យ វិញ្ញាណក្ខន្ធទាំងអស់របស់ក្រុមគ្រួសារ បានចូលក្នុងព្រះរាជ្យនៃស្ថានបរមសុខផង។

អ្នកអាន៖ យើងខ្ញុំសូមទូលអង្វរព្រះអង្គ។

៤- បពិត្រព្រះជាម្ចាស់! តាមរយៈគ្រួសារដ៏វិសុទ្ធនៃភូមិណាសារ៉ែត យើងខ្ញុំសូមទូល អង្វរព្រះអង្គ សម្រាប់អស់ក្រុមគ្រួសារទាំងឡាយក្នុងពិភពលោក។ សូមឱ្យសមាជិក នីមួយៗនៃគ្រួសារ ចេះរួមគ្នាជាធ្លុងតែមួយ បំពេញកាតព្វកិច្ចរៀងៗខ្លួន ព្រមទាំង ស្រឡាញ់គ្នាទៅវិញទៅមក។ ជាពិសេស សម្រាប់អស់យុវជននិងយុវនារីដែលកំពុង រិះគិតអំពីការត្រាស់ហៅ ឱ្យរកឃើញអំណរសប្បាយដ៏ពិតប្រាកដនៃជីវិតផង។

អ្នកអាន៖ យើងខ្ញុំសូមទូលអង្វរព្រះអង្គ។

៥-បពិត្រព្រះជាម្ចាស់ជាគង្វាលដ៏សប្បុរស សូមព្រះអង្គប្រមែប្រមូលប្រជារាស្រ្តដ៏វិសុទ្ធ របស់ព្រះអង្គ ឱ្យរួបរួមគ្នាជាធ្លុងតែមួយ និងប្រទានឱ្យយើងខ្ញុំមានជំនឿរឹងមាំ ចេះរស់នៅតាមព្រះបន្ទូលនៃសេចក្ដីពិត ព្រមទាំងរស់នៅជាសាក្សីនៃសេចក្ដីស្រឡាញ់ របស់ព្រះអង្គ ក្នុងពិភពលោកសព្វថ្ងៃនេះផង។

អ្នកអាន៖ យើងខ្ញុំសូមទូលអង្វរព្រះអង្គ។
១៨៨លោកអធិបតី ណែនាំធម៌ឱព្រះបិតាយើងខ្ញុំ ដោយពោលថា៖
តាមដំបូន្មានរបស់ព្រះយេស៊ូជាព្រះសង្រ្គោះ
និងតាមការប្រៀនប្រដៅរបស់ព្រះអង្គ យើងខ្ញុំហ៊ានទូលថា៖
ព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ!
សូមសម្តែងព្រះបារមីឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គ បានសម្រេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យអស់អ្នក
ដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ។
តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។
-ដោយសារគ្មានពិធីប្រារព្ធអភិបូជា ជាធម្មតាយើងមិនទទួលព្រះកាយព្រះគ្រីស្ត។ ក៏ប៉ុន្តែ
បើយើងត្រូវចែកព្រះកាយព្រះគ្រីស្ត (ក្នុងកាលៈទេសៈយ៉ាងពិសេស ដូចនៅពេលដែល
លោកបូជាចារ្យមិនអាចណែនាំពិធីអភិបូជា) លោកឧបដ្ឋាកនឹងធ្វើតាមក្បួនពិធីអភិបូជា
ក្រៅពីអភិបូជា លេខ៣០ ដល់ ៣៨។
១៨៩លោកអធិបតី ប្រទានពរយ៉ាងឱឡារិកលើគូស្វាមីភរិយានិងអង្គប្រជុំដោយប្រើពាក្យដូចតទៅ៖
ជម្រើស ១
សូមព្រះជាម្ចាស់ជាព្រះបិតា
ដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច
ថែរក្សាកូនៗឱ្យមានចិត្តគំនិតតែមួយ
ព្រមទាំងស្រឡាញ់គ្នាទៅវិញទៅមករៀងរហូត
ដើម្បីឱ្យសេចក្ដីសុខសាន្តរបស់ព្រះគ្រីស្តគង់នៅជាមួយកូនៗ
ព្រមទាំងស្ថិតនៅជាប់ក្នុងក្រុមគ្រួសាររបស់កូនៗជានិច្ចផង។
ឆ្លើយ៖ អាម៉ែន
សូមឱ្យកូនៗទទួលព្រះពរពីព្រះជាម្ចាស់ តាមរយៈកូនរបស់ខ្លួន
ព្រមទាំងទទួលបានការជួយជ្រោមជ្រែង
និងការទំនុកបម្រុងពីសំណាក់មិត្តភក្តិ អ្នកជិតខាង
ហើយសូមឱ្យកូនៗរស់នៅចុះសម្រុងជាមួយមនុស្សទាំងអស់
ដោយសេចក្ដីសុខសាន្តនិងសុខដុមរមនាផង។
ឆ្លើយ៖ អាម៉ែន
សូមឱ្យកូនៗក្លាយទៅជាសាក្សី ដែលផ្ដល់សក្ខីភាព
អំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ ក្នុងពិភពលោកនេះ
តាមរយៈកិច្ចការមេត្តាករុណាចេញពីសន្ដានចិត្តដ៏សប្បុរស
ដោយចេះជួយអស់អ្នករងទុក្ខលំបាក ជនក្រីក្រ អ្នកអស់សង្ឃឹម
តាមតម្រូវការនៃជីវិតរបស់ពួកគាត់
ដ្បិតថ្ងៃណាមួយ បងប្អូនទាំងនោះ នឹងទទួលកូនៗ
ឱ្យចូលរួមអំណរសប្បាយ ក្នុងព្រះរាជ្យនៃស្ថានបរមសុខផង។
ឆ្លើយ៖ អាម៉ែន
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការប្រទានព្រះពរឱ្យអស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
អង្គប្រជុំ៖ អាម៉ែន។
១៩០ជម្រើស ២
សូមព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ
ប្រោសប្រទានឱ្យកូនៗមានអំណរសប្បាយដែលមកពីព្រះអង្គ
ព្រមទាំងប្រទានពរដ៏លើសលប់ តាមរយៈកូនរបស់កូនៗផង។
ឆ្លើយ៖ អាម៉ែន
សូមព្រះបុត្រាតែមួយនៃព្រះជាម្ចាស់
ប្រោសប្រណីនិងថែរក្សាការពារកូនៗ
ទាំងក្នុងពេលមានអំណរសប្បាយ ទាំងក្នុងពេលមានទុក្ខព្រួយ
និងគ្រប់កាលៈទេសៈនៃជីវិតរបស់កូនៗផង។
ឆ្លើយ៖ អាម៉ែន
សូមព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះជាម្ចាស់
ចាក់បង្ហូរសេចក្ដីស្រឡាញ់របស់ព្រះអង្គ ក្នុងដួងចិត្តកូនៗជានិច្ចផង។
ឆ្លើយ៖ អាម៉ែន
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការប្រទានព្រះពរឱ្យអស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
អង្គប្រជុំ៖ អាម៉ែន។
១៩១ជម្រើស ៣
សូមព្រះអម្ចាស់យេស៊ូ
ដែលជាភ្លៀវកិត្តិយសចូលរួមក្នុងពិធីមង្គលការនៃភូមិកាណា
ប្រោសប្រទានពរយ៉ាងបរិបូរណ៍ឱ្យកូនៗ
ព្រមទាំងក្រុមគ្រួសារនិងមិត្តភក្ដិរបស់កូនៗផង។
ឆ្លើយ៖ អាម៉ែន
សូមព្រះអម្ចាស់យេស៊ូគ្រីស្ត
ដែលបានស្រឡាញ់ព្រះសហគមន៍រហូតដល់ទីបញ្ចប់
ចាក់បង្ហូរសេចក្ដីស្រឡាញ់របស់ព្រះអង្គ
ក្នុងដួងចិត្តកូនៗជានិច្ចផង។
ឆ្លើយ៖ អាម៉ែន
សូមព្រះគ្រីស្តប្រោសប្រទានឱ្យកូនៗ
ដែលបានជឿលើការរស់ឡើងវិញរបស់ព្រះអង្គ
មានអំណរសប្បាយក្នុងការទន្ទឹងរង់ចាំ
ដោយសេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ដ៏វិសុទ្ធផង។
ឆ្លើយ៖ អាម៉ែន
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការប្រទានព្រះពរឱ្យអស់បងប្អូន
គឺព្រះបិតានិងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
អង្គប្រជុំ៖ អាម៉ែន។
១៩២ជម្រើស ៤
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ
ថែរក្សានិងពង្រឹងសេចក្ដីស្រឡាញ់របស់កូនៗ
ឱ្យកាន់តែរឹងមាំឡើងៗ។
[សូមឱ្យកូនរបស់កូនៗ ទៅជាព្រះពរនៃព្រះជាម្ចាស់
ដែលផ្តល់អំណរសប្បាយដ៏បរិបូណ៌ឱ្យកូនៗ។]
សូមសេចក្ដីសុខសាន្តរបស់ព្រះគ្រីស្ត
គង់នៅក្នុងក្រុមគ្រួសារនិងក្នុងចិត្តកូនៗជាប់ជានិច្ច។
សូមព្រះជាម្ចាស់ប្រទានព្រះពរ
ដល់មុខរបរនិងការងាររបស់កូនៗឱ្យរីកចម្រើន
ព្រមទាំងទទួលបានជោគជ័យ ក្នុងសេចក្ដីសុចរិត។
សូមឱ្យសុភមង្គលរបស់កូនៗ ស្ថិតនៅជាប់នឹងព្រះជាម្ចាស់ជានិច្ច។
សូមឱ្យកូនៗមានកល្យាណមិត្តស្ថិតនៅក្បែរ
ដើម្បីចូលរួមក្នុងអំណរសប្បាយ
ព្រមទាំងជួយជ្រោមជ្រែងនិងទំនុកបម្រុង
នៅក្នុងគ្រាដែលកូនៗជួបទុក្ខលំបាក។
សូមឱ្យកូនៗមានចិត្តសប្បុរស
ដល់អស់អ្នករងទុក្ខលំបាក
អស់ជនក្រីក្រ ក្មេងកំព្រា ជនអនាថា
ដោយផ្ដល់នូវជំនួយ តាមតម្រូវការនៃជីវិតរបស់ពួកគាត់។
សូមព្រះអម្ចាស់ជួយណែនាំ និងការពារកូនៗ
ឱ្យរស់នៅជាគំរូល្អសម្រាប់បងប្អូនដទៃ
ព្រមទាំងជាសាក្សី ដែលផ្ដល់សក្ខីភាព
អំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ក្នុងពិភពលោកសព្វថ្ងៃ។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ
ប្រទានព្រះពរដល់ (នាមស្វាមី…) និង (នាមភរិយា…) និងដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
អង្គប្រជុំ៖ អាម៉ែន។
១៩៣ជម្រើស ៥
បពិត្រព្រះអម្ចាស់ជាព្រះបិតា
សូមព្រះអង្គទតមើលគូស្វាមីភរិយាថ្មោងថ្មីនេះ
ដោយព្រះហឫទ័យសប្បុរស
ព្រមទាំងប្រទានព្រះពរយ៉ាងបរិបូរណ៍ដល់ពួកគាត់។
សូមឱ្យពួកគាត់រួមគ្នាជាធ្លុងតែមួយ
ក្នុងសេចក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្រ
ព្រមទាំងឱ្យបានទៅជាជនដ៏វិសុទ្ធ
ដោយរក្សាភក្ដីភាព ក្នុងសម្ពន្ធមេត្រីនៃអាពាហ៍ពិពាហ៍។
[សូមឱ្យពួកគាត់មានសុភមង្គលយ៉ាងបរិបូរណ៍
ដោយរួមគ្នាបង្កើតនិងអប់រំកូនៗ
ដែលជាព្រះអំណោយទានមកពីព្រះអង្គ។]
សូមឱ្យពួកគាត់រស់នៅជាពលរដ្ឋល្អក្នុងសង្គម
ដោយប្រកាន់ខ្ជាប់នូវសុចរិតភាពនិងយុត្តិធម៌
ព្រមទាំងចេះបម្រើអ្នកដទៃ និងសង្គមជាតិអស់ពីដួងចិត្ត
ដើម្បីជាពន្លឺបំភ្លឺដល់អស់អ្នកដែលស្វែងរកព្រះអង្គ។
សូមឱ្យពួកគាត់ចេះប្រើគ្រប់កាលៈទេសៈនៃជីវិត
ដើម្បីផ្តល់សក្ខីភាពអំពីដំណឹងល្អរបស់ព្រះអង្គ
ទាំងក្នុងពេលមានអំណរសប្បាយ និងពេលមានទុក្ខលំបាក។
សូមឱ្យពួកគាត់មានអាយុយ៉ឺនយូរ
មានសុខភាពល្អ មានកម្លាំងមាំមួន មានអំណរសប្បាយ
ព្រមទាំងជោគជ័យក្នុងការងារនិងមុខរបរ។
[សូមឱ្យពួកគាត់មានសុភមង្គល
ដោយឃើញកូនៗរបស់ខ្លួនរីកចម្រើន
និងមានគូស្រករក្នុងអំណរសប្បាយ។]
នៅអវសានកាលនៃជីវិត
សូមឱ្យពួកគាត់បានចូលក្នុងព្រះដំណាក់របស់ព្រះអង្គ
រួមជាមួយសន្តបុគ្គលទាំងឡាយ។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់
(នាមស្វាមី…) និង (នាមភរិយា…) និងដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
អង្គប្រជុំ៖ អាម៉ែន។
១៩៤ជម្រើស ៦
សូមព្រះជាម្ចាស់ជាព្រះបិតា
ប្រោសប្រទានឱ្យកូនៗរួបរួមគ្នាជាធ្លុងតែមួយ
ព្រមទាំងពង្រឹងសេចក្ដីស្រឡាញ់របស់កូនៗ
ឱ្យកាន់តែរឹងមាំឡើងៗ។
[សូមឱ្យកូនរបស់កូនៗ ទៅជាអំណរសប្បាយចំពោះកូនៗ។]
សូមឱ្យកូនៗមានកល្យាណមិត្តដ៏ពិតប្រាកដ
សូមព្រះអង្គប្រទានព្រះពរដល់ការងារនិងមុខរបររបស់កូនៗ
សូមឱ្យកូនៗមានសេចក្ដីសុខសាន្តជារៀងរហូត។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ
ប្រទានព្រះពរដល់ (នាមស្វាមី…) និង (នាមភរិយា…) និងដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
អង្គប្រជុំ៖ អាម៉ែន។
លោកអធិបតី ៖ សូមអស់បងប្អូនអញ្ជើញឱ្យបានសុខសាន្ត។
អង្គប្រជុំ ៖ សូមអរព្រះគុណព្រះជាម្ចាស់។
១៩៥បើជាការគួរ ក្នុងនាមព្រះសហគមន៍ លោកអធិបតីអាចជូនព្រះគម្ពីរ ឈើឆ្កាង រូបព្រះយេស៊ូ
ឬ ផ្គាំ ដល់គូស្វាមីភរិយា ដើម្បីជាទីសម្គាល់រំលឹកអំពីថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគាត់។
សូមមើលឧបសម្ព័ន្ធទី៥ (លេខ ២៩៤ ដល់ ២៩៩)។
១៩៦ក្រោយពីពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍ គូស្វាមីភរិយា សាក្សី និងលោកអធិបតី ចុះហត្ថលេខាក្នុង
សៀវភៅអាពាហ៍ពិពាហ៍។ គួរចុះហត្ថលេខា ចំពោះមុខអង្គប្រជុំ នៅលើតុដោយឡែកពី
តុសក្ការៈ។
164 Views

Theme: Overlay by Kaira