ក្បួនពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍
អារម្ភកថា
បុព្វកថា
សេចក្ដីផ្ដើម
១. សារៈសំខាន់ និងសេចក្ដីថ្លៃថ្នូរនៃអគ្គសញ្ញាអាពាហ៍ពិពាហ៍
២. កាតព្វកិច្ច និងការទទួលខុសត្រូវ
៣. ពិធីប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍
៤. ការរៀបចំនិងកែសម្រួលផ្សេងៗរបស់លោកអភិបាលតាមប្រទេសនីមួយៗ
ជំពូកទី១ អគ្គសញ្ញាអាពាហ៍ពិពាហ៍ ក្នុងអភិបូជា
ជំពូកទី២ អគ្គសញ្ញាអាពាហ៍ពិពាហ៍ ក្រៅអភិបូជា
ជំពូកទី៣ អគ្គសញ្ញាអាពាហ៍ពិពាហ៍ រវាងគ្រីស្តបរិស័ទកាតូលិកម្នាក់ និងអ្នកមិនមែនជាគ្រីស្តបរិស័ទ
អារម្ភកថា
លោកអភិបាលទាំងបីអង្គជាទីគោរព! លោកបូជាចារ្យ លោកឧបដ្ឋាក បព្វជិត បព្វជិតា និស្សិតទេវវិទ្យាល័យ និងអស់បងប្អូនគ្រីស្តបរិស័ទជាទីស្រឡាញ់!
បងប្អូនជាទីស្រឡាញ់! បងប្អូនដឹងស្រាប់ហើយថា ព្រះសហគមន៍កាតូលិកកម្ពុជា ទើបតែមានជីវិតរស់ឡើងវិញ មិនយូរប៉ុន្មានទេ។ ព្រះសហគមន៍បានឆ្លងកាត់សម័យកាលដ៏ងងឹតសូន្យសុងបំផុត ដែលសង្គ្រាម នាសម័យនោះ បានបំបាត់ចោលនូវមនុស្សម្នា ព្រះវិហារ វត្តអារាម សាសនា និងឯកសារនានា។ ក្នុងនោះ ឯកសារទាក់ទងនឹងព្រះសហគមន៍កាតូលិកក៏ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងផងដែរ។
ក្រោយពីព្រះសហគមន៍កាតូលិកកម្ពុជាមានជីវិតរស់ឡើងវិញ យើងក៏មានតម្រូវការឯកសារទាក់ទងនឹងអប់រំជំនឿព្រះគម្ពីរ និងពិធីបុណ្យ សម្រាប់ប្រើប្រាស់នៅក្នុងព្រះសហគមន៍កាតូលិកយើងផងដែរ។
នៅឆ្នាំ១៩៩៧ ព្រះសហគមន៍កាតូលិកកម្ពុជា ដែលជាសមាជិកនៃសមាគមព្រះគម្ពីរកម្ពុជា បានបោះពុម្ពផ្សាយព្រះគម្ពីរភាសាខ្មែរសម្រាយលើកទីមួយ ដែលបកប្រែពីឯកសារដើមជាភាសា ហេប្រឺ និងក្រិក សម្រាប់ប្រើប្រាស់រួមនៅក្នុងគ្រីស្តសាសនាអន្តរនិកាយ។
នៅឆ្នាំ២០០៦ ក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកកម្ពុជា បានបង្កើតគណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគជាផ្លូវការ ដែលមានសមាជិក១៩រូប ដើម្បីកែសម្រួលក្បួនពិធីអភិបូជា តាមក្រុងរ៉ូម (MISSALE ROMANUM)។ នៅឆ្នាំ២០១៦ គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគក៏បានបញ្ចប់ការងាររបស់ខ្លួន និងបានបោះពុម្ពប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ដោយលោកអភិបាលទាំងបីភូមិភាគ ដែលមានការអនុញ្ញាតពីក្រសួងពិធីបុណ្យនៃសន្តអាសនៈ។
នៅឆ្នាំ២០២១ គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ ដែលមានលោកអភិបាល ប្រ៊ុយណូ កូសម៍ ជាអភិបាលទទួលបន្ទុក បានបង្កើតការិយាល័យពិធីបុណ្យកាតូលិកកម្ពុជា ក្នុងគោលបំណងបកប្រែ រៀបរៀង កែសម្រួលឯកសារនានាទាក់ទងនឹងពិធីបុណ្យកាតូលិក។ ការងារបកប្រែ រៀបរៀង និងកែសម្រួលនេះ ពិតជាមិនងាយស្រួលឡើយ ព្រោះតែភាពខុសគ្នានៃភាសា ដែលនាំឱ្យអ្នកបកប្រែត្រូវថ្លឹងថ្លែងអំពីអត្ថន័យ និងសោភ័ណភាពនៃការប្រើប្រាស់ភាសាខ្មែរជាដើម។
ឆ្លងកាត់រយៈពេលជាច្រើនខែ ការិយាល័យពិធីបុណ្យកាតូលិកកម្ពុជា មានសេចក្ដីសោមនស្សក្រៃលែង នាំមកជូនបងប្អូននូវ ក្បួនពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍ ជាភាសាខ្មែរ ដែលបកប្រែពីភាសាបារាំង និងមាន ជំនួយជាភាសាអង់គ្លេស សម្រាប់ប្រើប្រាស់នៅក្នុងព្រះសហគមន៍កាតូលិកកម្ពុជា។ ការប្រើប្រាស់នេះ ជាការ ប្រើប្រាស់ពិសោធន៍ រយៈពេល០១ឆ្នាំ គឺគិតចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦។ ការិយាល័យពិធីបុណ្យកាតូលិកកម្ពុជា ក៏បានបង្កើតគណៈកម្មការពិនិត្យនិងកែសម្រួល ដោយស្នើ សុំលោកបូជាចារ្យ ព្រឹទ្ធាចារ្យនៃព្រះសហគមន៍ ចូលរួមក្នុងកិច្ចការនេះ ដើម្បីមានមតិយោបល់នានាទាក់ទង នឹងពាក្យពេចន៍ អក្ខរាវិរុទ្ធ អំពីក្បួនពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍ ក្នុងគោលបំណងកែតម្រូវឱ្យក្បួនពិធីនេះ កាន់តែមានភាពល្អប្រសើរ។
ជាចុងក្រោយ ការិយាល័យពិធីបុណ្យសង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបាននូវមតិយោបល់កែតម្រូវ ពីសំណាក់លោកអភិបាល លោកបូជាចារ្យ លោកឧបដ្ឋាក បព្វជិត បព្វជិតា និស្សិតទេវវិទ្យាល័យ និងអស់ បងប្អូនគ្រីស្តបរិស័ទ ជាមិនខាន។
ក្នុងឱកាស បុណ្យសន្តយ៉ូសែប ជាស្វាមីព្រះនាងម៉ារី។
សូមព្រះជាម្ចាស់ប្រទានព្រះពរឱ្យអស់បងប្អូន។ សូមអរព្រះគុណ និងសូមអរគុណ!
រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤
នាយកការិយាល័យពិធីបុណ្យកាតូលិកកម្ពុជា
បូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
បុព្វកថា
កាលពីដើមដំបូងបង្អស់ព្រះជាម្ចាស់បង្កើតផ្ទៃមេឃនិងផែនដី។ នៅថ្ងៃទីប្រាំពីរព្រះជាម្ចាស់បង្ហើយ កិច្ចការដែលព្រះអង្គបានធ្វើ គឺក្រោយពីបានបញ្ចប់កិច្ចការទាំងនោះ ព្រះអង្គក៏សម្រាកនៅថ្ងៃទីប្រាំពីរ។ ព្រះជាម្ចាស់ប្រទានពរឱ្យថ្ងៃទីប្រាំពីរ និងញែកថ្ងៃនោះឱ្យបានវិសុទ្ធ ដ្បិតថ្ងៃនោះ ព្រះអង្គបានបញ្ចប់កិច្ចការទាំងប៉ុន្មានដែលព្រះអង្គបានបង្កើត (កណ ១,១;២,២-៣)។ ព្រះជាអម្ចាស់បានយកធូលីដីមកសូនធ្វើជាមនុស្ស រួចព្រះអង្គផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង (កណ ២,៧)។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «បើមនុស្សប្រុសនៅតែឯងដូច្នេះ មិនស្រួលទេ។ យើងនឹងបង្កើតម្នាក់ទៀតឱ្យជួយ និងបានជាគ្នា» (កណ ២,១៨)។ ព្រះជាអម្ចាស់យកឆ្អឹងជំនីរដែលព្រះអង្គបានហូតចេញពីមនុស្ស មកធ្វើជាស្ត្រីរួចទ្រង់នាំនាងមកជួបគាត់ (កណ២,២២)។ ហេតុនេះ បុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ (កណ២,២៤)។
បងប្អូនជាទីស្រឡាញ់! ព្រះជាម្ចាស់បានបង្កើតមនុស្សជារូបតំណាងរបស់ព្រះអង្គ ហើយព្រះអង្គបានបង្កើតគេ ជាបុរសនិងជាស្ត្រី ហើយព្រះអង្គក៏សព្វព្រះហឫទ័យឱ្យអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ។ យើងជាមនុស្សមិនត្រូវបំបាក់បំបែកនូវអ្វីដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ។ ព្រះជាម្ចាស់បានប្រទានពរយ៉ាងមហិមាដល់គូស្រករដើមដំបូង គឺអដាំ និងអេវ៉ា ហើយព្រះអង្គប្រោសប្រទានឱ្យពួកគេបង្កើតកូនចៅពាសពេញផែនដីទាំងមូល។ មកដល់ជំនាន់លោកអប្រាហាំនិងលោកយាយសារ៉ាវិញ ព្រះអង្គក៏មានព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់ចំពោះអ្នកទាំងពីរដោយប្រទានឱ្យពួកគេមានកូននៅអាយុដែលបម្រុងនឹងវិលត្រឡប់ទៅជាធូលីដីវិញ។ ដូច្នេះ យើងដឹងថា អ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ ព្រះអង្គតែងប្រទានពរយ៉ាងមហិមាជានិច្ច។
បងប្អូនត្រៀមបង្កើតក្រុមគ្រួសារជាទីស្រឡាញ់អើយ! ត្រូវស្រឡាញ់គ្នាទៅវិញទៅមកព្រោះសេចក្ដីស្រឡាញ់កើតមកពីព្រះជាម្ចាស់។ ព្រះជាម្ចាស់បានសម្ដែងព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គក្នុងចំណោមយើង គឺព្រះអង្គបានចាត់ព្រះបុត្រាតែមួយគត់របស់ព្រះអង្គ ឱ្យយាងមកក្នុងលោកនេះ ដើម្បីឱ្យយើងមានជីវិតដោយសារព្រះបុត្រា។ ប្រសិនបើព្រះជាម្ចាស់បានស្រឡាញ់យើងដល់កម្រិតនេះទៅហើយ យើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ (យហ ៤,៧.៩.១១)។
សូមបងប្អូនទាំងអស់គ្នាលើកតម្លៃនៃការរស់នៅជាស្វាមីភរិយា គឺមិនត្រូវក្បត់ចិត្តគ្នាឡើយ ដ្បិតព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសអ្នកប្រព្រឹត្តអំពើប្រាសចាកសីលធម៌និងផិតក្បត់ (ហប ១៣,៤)។
បងប្អូនជាស្ត្រីដែលមានស្វាមីអើយ ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ឱ្យបានស្របតាមរបៀប អ្នកជឿលើព្រះអម្ចាស់។ បងប្អូនដែលមានភរិយាអើយ ត្រូវស្រឡាញ់ភរិយារបស់ខ្លួន ហើយមិនត្រូវមួម៉ៅ ដាក់នាងឡើយ (កូឡ ៣,១៨-១៩)។
បងប្អូនដែលកោតខ្លាចព្រះគ្រីស្ត ត្រូវគោរពចុះចូលគ្នាទៅវិញទៅមក។ បងប្អូនជាស្ត្រីដែលមានស្វាមី ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ដូចជាគោរពចុះចូលនឹងព្រះអម្ចាស់ដែរ ដ្បិតស្វាមីនាំមុខភរិយា ដូចព្រះគ្រីស្តនាំមុខព្រះសហគមន៍ហើយជាព្រះសង្គ្រោះរបស់ព្រះសហគមន៍ ដែលជាព្រះកាយព្រះអង្គ។
ហេតុនេះ ព្រះសហគមន៍គោរពចុះចូលនឹងព្រះគ្រីស្តយ៉ាងណា ភរិយាក៏ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ក្នុងគ្រប់កិច្ចការទាំងអស់យ៉ាងនោះដែរ។ ចំពោះបងប្អូនដែលមានប្រពន្ធវិញ ចូរស្រឡាញ់ភរិយា ដូចព្រះគ្រីស្តបានស្រឡាញ់ព្រះសហគមន៍ដែរ ព្រះអង្គបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់សម្រាប់ព្រះសហគមន៍ ដើម្បីប្រោសឱ្យព្រះសហគមន៍បានទៅជាវិសុទ្ធ ទាំងជម្រះឱ្យបានស្អាតបរិសុទ្ធ ដោយលាងក្នុងទឹក និងដោយសារព្រះបន្ទូល (អភ ៥,២១-២៦)។
ជាចុងក្រោយ យើងដឹងហើយថា រូបកាយរបស់យើងនៅលើផែនដីនេះ ប្រៀបដូចជាជម្រកមួយ ដែលត្រូវរលាយសូន្យទៅ តែយើងមានវិមានមួយនៅស្ថានបរមសុខជាលំនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលពុំមែនជាស្នាដៃរបស់មនុស្សឡើយ គឺជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់។ ទោះបីយើងស្ថិតនៅក្នុងរូបកាយនេះ ឬក៏ត្រូវឃ្លាតឆ្ងាយពីរូបកាយនេះក្តី យើងមានបំណងធ្វើយ៉ាងណាឱ្យតែបានគាប់ព្រះហឫទ័យព្រះអង្គ ដ្បិតយើងទាំងអស់គ្នានឹងត្រូវទៅឈរនៅមុខទីកាត់ក្តីរបស់ព្រះគ្រីស្ត ដើម្បីឱ្យម្នាក់ៗទទួលផលតាមអំពើដែលខ្លួនបានប្រព្រឹត្ត កាលពីនៅរស់ក្នុងរូបកាយនេះនៅឡើយ ទោះបីជាអំពើនោះល្អ ឬអាក្រក់ក្តី (២ ករ ៥,១.៩-១០)។
សូមឱ្យបងប្អូនបានប្រកបដោយព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់ ហើយសូមឱ្យបងប្អូនបានប្រកបដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងសូមឱ្យបងប្អូនបានរួមរស់ជាមួយគ្នា ដោយព្រះវិញ្ញាណដ៏វិសុទ្ធផង (២ ករ ១៣,១៣)។
សេចក្ដីផ្ដើម
១. សារៈសំខាន់ និងសេចក្ដីថ្លៃថ្នូរនៃអគ្គសញ្ញាអាពាហ៍ពិពាហ៍
១.១ ពេលព្រះជាម្ចាស់បង្កើតអ្វីៗសព្វសារពើ
| ១ | ជាទូទៅ អាពាហ៍ពិពាហ៍ជាការចងសម្ពន្ធមេត្រីយ៉ាងឱឡារិក រវាងបុរសម្នាក់ និងស្រ្តីម្នាក់ ប្ដេជ្ញារួមរស់ជាមួយគ្នាអស់មួយជីវិត ដែលមានអានុភាព និងកម្លាំងមកពីធម្មជាតិ។ ប៉ុន្តែ ចំពោះអស់អ្នកជឿលើព្រះជាម្ចាស់ អាពាហ៍ពិពាហ៍ត្រូវបានលើកឡើងឱ្យមានសេចក្ដីថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់លើសពីធម្មតា ដ្បិតព្រះសហគមន៍បានរាប់បញ្ចូលទៅក្នុងចំណោមអគ្គសញ្ញានៃសម្ពន្ធមេត្រីថ្មី។ |
| ២ | អាពាហ៍ពិពាហ៍ គឺបង្កើតឡើងដោយសម្ពន្ធមេត្រីនៃស្វាមីភរិយា តាមរយៈពាក្យបង្ហាញការយល់ព្រម ដោយពួកគាត់មានសេរីភាពពេញទី ក្នុងការប្រគល់ឱ្យគ្នាទៅវិញទៅមក និងទទួល យកគ្នាទៅវិញទៅមកផងដែរ។ លើសពីនេះ ការរស់នៅជាសហភាពរវាងបុរសម្នាក់ និងស្រ្តីម្នាក់ ទាមទារឱ្យអ្នកទាំងពីរមានភក្ដីភាព ហើយមិនអាចរំលាយឯកភាពនៃចំណងដែលពួកគាត់បានចងឡើយ ដើម្បីជាផលប្រយោជន៍សម្រាប់កូនៗរបស់ខ្លួន។ |
| ៣ | លើសពីនេះទៅទៀត អាពាហ៍ពិពាហ៍មានគោលដៅ គឺបង្កើតកូនដែលជាចំណុចកំពូលនៃអាពាហ៍ពិពាហ៍ កើតចេញពីសេចក្ដីស្រឡាញ់របស់គូស្វាមីភរិយា។ មិនតែប៉ុណ្ណោះ គូស្វាមីភរិយាមានកាតព្វកិច្ចអប់រំកូនៗ ដែលជាអំណោយទានដ៏មានតម្លៃបំផុតនៃអាពាហ៍ពិពាហ៍ឱ្យដើរតាមមាគ៌ារបស់ព្រះគ្រីស្ត ព្រោះព្រះគ្រីស្ត៖ «ជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត»។ |
| ៤ | ដោយសេចក្ដីស្រឡាញ់ និងភាពស្និទ្ធស្នាលនៃជីវិត ធ្វើឱ្យគូស្វាមីភរិយា៖ «មិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ» (កណ ២,២៤) ដែលមានព្រះជាម្ចាស់ជាព្រះបង្កើត។ ហេតុនេះហើយ ទើបព្រះជាម្ចាស់ប្រទានវិន័យដ៏ពិសេសដល់សហគមន៍ដ៏តូចមួយនេះ។ ទោះបីលោកអដាំ និងនាងអេវ៉ាជាគូស្វាមីដើមដំបូងបានប្រព្រឹត្តអំពើបាប ហើយទោះបីជាមនុស្សជំនាន់ក្រោយបានទទួលទោសយ៉ាងណាក៏ដោយ ក៏ព្រះអង្គនៅតែប្រទានពរដល់សហគមន៍ដ៏តូចនេះដែរ។ ហេតុនេះហើយ បានជាចំណងដ៏សក្ការៈនេះ មិនគ្រាន់តែអាស្រ័យលើឆន្ទៈរបស់មនុស្សតែប៉ុណ្ណោះទេ គឺព្រះជាម្ចាស់ផ្ទាល់ដែលបង្កើតអាពាហ៍ពិពាហ៍នោះឡើង។ លើសពីនេះ ព្រះអង្គក៏សព្វព្រះហឫទ័យឱ្យអាពាហ៍ពិពាហ៍មានតម្លៃដ៏ថ្លៃថ្នូរបំផុត និងមានគោលដៅយ៉ាងពិសេសដ៏លើសលប់ថែមទៀតផង។ |
១.២. ពេលព្រះជាម្ចាស់ចងសម្ពន្ធមេត្រីថ្មី
| ៥ | ដោយព្រះគ្រីស្តជាព្រះអម្ចាស់បានប្រោសប្រទានឱ្យមនុស្ស និងអ្វីៗទាំងអស់កើតជាថ្មី ព្រះអង្គក៏សព្វព្រះហឫទ័យឱ្យអាពាហ៍ពិពាហ៍ទទួលយកតម្លៃ និងភាពដ៏វិសុទ្ធដូចសភាពដើមវិញ ដើម្បីកុំឱ្យមនុស្សបំបាក់បំបែកគូស្រករដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ។ ព្រះគ្រីស្តបានលើកចំណងនៃអាពាហ៍ពិពាហ៍ដែលមិនអាចរំលាយនេះ ឱ្យមានសេចក្ដីថ្លៃថ្នូរជាអគ្គសញ្ញា ដើម្បីឱ្យទៅជាគំរូនៃសម្ពន្ធមេត្រីរបស់ព្រះអង្គជាមួយព្រះសហគមន៍។ |
| ៦ | នៅភូមិកាណា ដោយវត្តមានរបស់ព្រះគ្រីស្តជាព្រះអម្ចាស់ ព្រះអង្គបានប្រទានពរ និងអំណរសប្បាយដល់ពិធីមង្គលការ។ ព្រះអង្គក៏បានប្រោសទឹកឱ្យក្លាយជាស្រា ពោលគឺព្រះអង្គបង្ហាញទុកជាមុនអំពីពេលកំណត់នៃសម្ពន្ធមេត្រីថ្មីអស់កល្បជានិច្ច។ កាលពីមុន ព្រះជាម្ចាស់បានចាប់ផ្តើមចងសម្ពន្ធមេត្រីជាមួយប្រជាជនរបស់ព្រះអង្គ ដោយព្រះហឫទ័យស្រឡាញ់ និងភក្តីភាពយ៉ាងណា ឥឡូវនេះ ព្រះសង្រ្គោះរបស់មនុស្សលោកក៏បង្ហាញថា ព្រះអង្គជាស្វាមីរបស់ព្រះសហគមន៍យ៉ាងនោះដែរ។ ព្រះគ្រីស្តសម្រេចបាននូវសម្ពន្ធមេត្រីរបស់ព្រះអង្គជាមួយព្រះសហគមន៍នៅក្នុងគម្រោងការដ៏អស្ចារ្យនៃបុណ្យចម្លង។ |
| ៧ | ដោយពិធីជ្រមុជទឹក ដែលជាអគ្គសញ្ញានៃជំនឿ ព្រះជាម្ចាស់បានរាប់បញ្ជូលមនុស្សប្រុស និងមនុស្សស្រីក្នុងសម្ពន្ធមេត្រីរបស់ព្រះគ្រីស្តជាមួយព្រះសហគមន៍ជាស្ថាពរ។ ហេតុនេះហើយ បានជាសហគមន៍នៃគូស្វាមីភរិយារួមចំណែកក្នុងសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ត ព្រមទាំងទទួលកម្លាំងពីសក្ការបូជារបស់ព្រះអង្គ។ តាមលក្ខណៈថ្មីនេះ អាពាហ៍ពិពាហ៍ស្របតាមច្បាប់ព្រះសហគមន៍កាតូលិក រវាងគ្រីស្តបរិស័ទពីរនាក់ គឺសុទ្ធតែក្លាយទៅជាអគ្គសញ្ញាទាំងអស់។ |
| ៨ | ដោយអគ្គសញ្ញាអាពាហ៍ពិពាហ៍ គូស្វាមីភរិយាគ្រីស្តបរិស័ទប្រកាស និងចូលរួមក្នុងគម្រោងការដ៏អស្ចារ្យនៃឯកភាព និងចូលរួមទទួលផលផ្លែនៃសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ត និងព្រះសហគមន៍។ ហេតុនេះហើយ បានជាការរួមរស់ជាមួយគ្នាជាគូស្វាមីភរិយា ទាំងទទួល និងអប់រំកូន បានជំរុញដាស់តឿនគ្នាទៅវិញទៅមក ឱ្យក្លាយទៅជាជនដ៏វិសុទ្ធ។ ម្យ៉ាងទៀត ពួកគេក៏មានតួនាទី និងអំណោយទានក្នុងចំណោមប្រជាជនរបស់ព្រះជាម្ចាស់ដែរ។ |
| ៩ | ដោយអគ្គសញ្ញាអាពាហ៍ពិពាហ៍ ព្រះវិញ្ញាណដ៏វិសុទ្ធញុាំងគូស្វាមីភរិយាគ្រីស្តបរិស័ទឱ្យបានដូចព្រះគ្រីស្ត ដែលស្រឡាញ់ព្រះសហគមន៍រហូតដល់បូជាព្រះជន្ម ពោលគឺឱ្យអ្នកទាំងពីរមានសេចក្ដីថ្លៃថ្នូរស្មើគ្នា ខិតខំរួបរួមគ្នា ដោយប្រគល់ឱ្យគ្នាទៅវិញទៅមក និងដោយមានសេចក្ដីស្រឡាញ់ ដែលមានព្រះជាម្ចាស់ជាប្រភព។ ក្នុងកាលៈទេសៈណាក៏ដោយ ទោះបីក្នុងពេលមានទុក្ខលំបាក ឬពេលមានអំណរសប្បាយ គូស្វាមីភរិយាត្រូវព្យាយាមអស់ពីកម្លាំងកាយកម្លាំងចិត្ត រក្សាចិត្តភក្តី ដោយបដិសេធមិនប្រព្រឹត្តអំពើផិតក្បត់ ឬលែងលះគ្នាជាដាច់ខាត។ |
| ១០ | ទោះជាអាពាហ៍ពិពាហ៍មានគោលដៅដ៏សំខាន់ផ្សេងទៀតក៏ដោយ បើគូស្វាមីភរិយាយល់ច្បាស់អំពីសេចក្ដីស្រឡាញ់ក្នុងអាពាហ៍ពិពាហ៍ និងពិតជាស្រឡាញ់គ្នាយ៉ាងស្មោះអស់ពីចិត្ត ហើយបានកសាងក្រុមគ្រួសារនៅលើមូលដ្ឋានគ្រឹះនៃសេចក្ដីស្រឡាញ់នេះ គូស្រករគ្រីស្តបរិស័ទនឹងពិតជាត្រៀមខ្លួនដោយចិត្តក្លាហាន ដើម្បីសហការជាមួយព្រះជាម្ចាស់ជាព្រះបង្កើត និងជាមួយព្រះគ្រីស្ត ជាព្រះសង្រ្គោះមែន។ ហេតុនេះ ដោយជឿទុកចិត្តលើព្រះជាម្ចាស់ និងដោយសុខចិត្តបូជាជីវិតចំពោះគ្នាទៅវិញទៅមក ពួកគាត់បានលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ជាព្រះបង្កើត ព្រមទាំងទៅជាមនុស្សដ៏ល្អឥតខ្ចោះនៅក្នុងអង្គព្រះគ្រីស្ត នៅពេលពួកគេទទួលយកតួនាទីរបស់ខ្លួន គឺបង្កើតកូន ព្រមទាំងទទួលខុសត្រូវក្នុងព្រះសហគមន៍ និងក្នុងសង្គមផងដែរ។ |
| ១១ | ពិតមែនហើយ ព្រះជាម្ចាស់បានត្រាស់ហៅគូស្វាមីភរិយាឱ្យរៀបអាពាហ៍ពិពាហ៍ ព្រះអង្គក៏ត្រាស់ហៅពួកគេឱ្យ “នៅក្នុង” អាពាហ៍ពិពាហ៍ផងដែរ។ ដោយជឿលើព្រះបន្ទូលរបស់ ព្រះជាម្ចាស់ អស់អ្នករៀបអាពាហ៍ពិពាហ៍នៅក្នុងអង្គព្រះគ្រីស្ត អាចលើកតម្កើងគម្រោងការដ៏អស្ចារ្យនៃឯកភាពរបស់ព្រះគ្រីស្ត និងព្រះសហគមន៍ ព្រមទាំងរួមចំណែកក្នុងគម្រោងការនេះ ដោយរស់នៅឱ្យត្រឹមត្រូវតាមអាពាហ៍ពិពាហ៍ និងធ្វើជាសាក្សីចំពោះមុខអ្នកដទៃផងដែរ។ នៅក្នុងអាពាហ៍ពិពាហ៍ដែលគូស្វាមីភរិយាប្រាថ្នាចង់បាន ហើយបានរៀបចំ និងប្រារព្ធ ព្រមទាំងកំពុងអនុវត្តក្នុងពន្លឺនៃជំនឿ គឺពេលនោះ “ព្រះសហគមន៍ចូលរួមសក្ការបូជាពិសេសមួយជួយពង្រឹង រួចប្រថាប់ត្រាដោយពិធីជូនពរ ពួកទេវទូតជាអ្នកប្រកាស និងមានព្រះជាម្ចាស់ជាព្រះបិតា ជាអ្នកបញ្ជាក់អាពាហ៍ពិពាហ៍នោះ”។ ប្រសិនបើគ្រីស្តបរិស័ទពីរនាក់រួបរួមគ្នា ដោយមានចិត្តសង្ឃឹមតែមួយ ដោយគោរពវិន័យនៃអាពាហ៍ពិពាហ៍ និងដោយបម្រើគ្នាទៅវិញទៅមកមែន គ្រីស្តបរិស័ទទាំងពីរនាក់នោះពិតជាគូស្វាមីភរិយាដ៏អស្ចារ្យមែន! ពួកគេទាំងពីរនាក់បានទៅជាបុត្រធីតានៃព្រះបិតាតែមួយ ជាអ្នកបម្រើនៃម្ចាស់តែមួយ ដោយគ្មានអ្វីអាចបំបាក់បំបែកពួកគេបានឡើយ។ ហេតុនេះ ពួកគេទៅជាបុគ្គលពីរនាក់ក្នុងរូបកាយតែមួយ ព្រោះថា៖ «នៅទីណាមានរូបកាយតែមួយ នៅទីនោះក៏មានវិញ្ញាណតែមួយដែរ»។ |
២. កាតព្វកិច្ច និងការទទួលខុសត្រូវ
| ១២ | គូស្រករ និងក្រុមគ្រួសារជាអ្នកទទួលខុសត្រូវដ៏ចម្បងបំផុតក្នុងការរៀបចំ និងប្រារព្ធពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍។ បន្ទាប់មក ក្នុងឋានៈជាអ្នកទទួលខុសត្រូវព្រះសហគមន៍ និងពិធីបុណ្យ គឺមានលោកអភិបាល លោកបូជាចារ្យទទួលខុសត្រូវប្រចាំព្រះសហគមន៍ និងសហការីរបស់លោក ព្រមទាំងលោកឧបដ្ឋាក និងព្រះសហគមន៍ទាំងមូលផងដែរ។ |
| ១៣ | យោងតាមបទបញ្ជា និងការណែនាំរបស់អស់លោកអភិបាលតាមប្រទេសនីមួយៗទាក់ទងនឹងការរៀបចំអាពាហ៍ពិពាហ៍ លោកអភិបាលនៃភូមិភាគត្រូវតែរៀបចំរបៀបប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍ ដោយមានគ្រីស្តបរិស័ទចូលរួមជួយគាំទ្រអស់អ្នករៀបអាពាហ៍ពិពាហ៍ ដើម្បីឱ្យពួកគេរីកចម្រើន និងបានទៅជាគូស្វាមីភរិយាដ៏ល្អឥតខ្ចោះ។ |
| ១៤ | ជាពិសេស ក្នុងសហគមន៍របស់ពួកគេ លោកគង្វាលត្រូវតែយកចិត្តទុកដាក់ណែនាំគ្រីស្តបរិស័ទឱ្យគាំទ្រគូស្វាមីភរិយា៖ ក. ដោយធម្មទេសនា និងបង្រៀនអប់រំជំនឿស្របតាមអាយុកុមារ យុវជន និងមនុស្សពេញវ័យ ឬប្រើប្រាស់មធ្យោបាយគមនាគមន៍សង្គម ដើម្បីឱ្យគ្រីស្តបរិស័ទយល់អំពីអត្ថន័យនៃ អាពាហ៍ពិពាហ៍តាមគ្រីស្តសាសនា និងអំពីតួនាទីរបស់គូស្រករ ព្រមទាំងតួនាទីជាមាតាបិតាគ្រីស្តបរិស័ទ។ ខ. ជួយរៀបចំគូស្រករដោយផ្ទាល់ឱ្យរៀបអាពាហ៍ពិពាហ៍ ដើម្បីឱ្យពួកគាត់ដឹងមុនអំពីភារកិច្ច និងភាពដ៏វិសុទ្ធនៃរបៀបរស់នៅថ្មី។ គ. ការប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍ជួយបំភ្លឺថា គូស្រករបានចូលរួមក្នុងគម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត ព្រមទាំងទៅជាទីសម្គាល់បង្ហាញពីផលផ្លែនៃគម្រោងការដ៏អស្ចារ្យនៃឯកភាពរបស់ព្រះគ្រីស្ត និងព្រះសហគមន៍។ ឃ. ជួយណែនាំគូស្រករឱ្យមានរបៀបរស់នៅជាក្រុមគ្រួសារកាន់តែវិសុទ្ធពីមួយថ្ងៃទៅមួយថ្ងៃ ទាំងរក្សាទុកសម្ពន្ធមេត្រីជាគូស្វាមីភរិយាដោយប្រកាន់ខ្ជាប់នូវចិត្តភក្តី ស្មោះស្ម័គ្ជជាមួយគ្នាជានិច្ច។ |
| ១៥ | ដើម្បីរៀបចំអាពាហ៍ពិពាហ៍ឱ្យបានត្រឹមត្រូវ និងសមរម្យ ត្រូវតែមានពេលវេលាគ្រប់គ្រាន់ គឺមិនមែនធ្វើឡើងដោយប្រញាប់ប្រញាល់តាមតែចិត្តចង់នោះឡើយ ហើយត្រូវតែជូនដំណឹងជាមុនដល់គូស្រករអំពីលក្ខខណ្ឌមួយនេះ។ |
| ១៦ | តាមពិត ដើម្បីអាចទទួលអគ្គសញ្ញាអាពាហ៍ពិពាហ៍ ត្រូវតែមានជំនឿជាមុនសិន ដូច្នេះ អស់លោកគង្វាលត្រូវទទួលគូស្រករ ព្រមទាំងជួយចិញ្ចឹម និងថែរក្សាជំនឿរបស់ពួកគាត់ ក្រោមការណែនាំប្រកបដោយព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្ត។ |
| ១៧ | បើជាការគួរ ក្រោយពីបានរម្លឹកគូស្រករនូវមូលដ្ឋានសំខាន់ៗអំពីលទ្ធិនៃគ្រីស្តសាសនាតាមព្រះសហគមន៍កាតូលិក (លេខ ១-១១ ខាងលើ) អស់លោកគង្វាលអាចបង្រៀនលទ្ធិនៃគ្រីស្តសាសនាតាមព្រះសហគមន៍កាតូលិក ទាក់ទងអំពីអាពាហ៍ពិពាហ៍ និងក្រុមគ្រួសារ អគ្គសញ្ញា និងពិធីផ្សេងៗ ពាក្យអធិដ្ឋាន និងអត្ថបទផ្សេងៗដល់គូស្រករ ដើម្បីឱ្យពួកគាត់ដឹងខ្លួនយ៉ាងច្បាស់ ក្នុងការប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍ និងដើម្បីឱ្យអគ្គសញ្ញានេះបង្កើតផលផ្លែល្អ ក្នុងដំណើរជីវិតរបស់ពួកគាត់។ |
| ១៨ | ចំពោះអស់គ្រីស្តបរិស័ទកាតូលិកដែលមិនទាន់ទទួលអគ្គសញ្ញាលាបថ្ងាស គួរតែទទួលអគ្គសញ្ញាលាបថ្ងាសជាមុនសិន ដើម្បីក្លាយជាគ្រីស្តបរិស័ទពេញលេញ មុនទទួលអគ្គសញ្ញាអាពាហ៍ពិពាហ៍។ លើសពីនេះ ដើម្បីលើកតម្លៃនៃអគ្គសញ្ញា ព្រមទាំងភាពសមរម្យរបស់គ្រីស្តបរិស័ទ គូស្រករ គួរតែទទួលអគ្គសញ្ញាលើកលែងទោស មុនពេលប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍ក្នុងអភិបូជា ដែលមានទទួលព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត។ |
| ១៩ | មុននឹងប្រារព្ធពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍ត្រូវដឹងច្បាស់ថា គ្មានអ្វីដែលនឹងទៅជាឧបសគ្គរារាំងក្នុងការប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍ត្រឹមត្រូវ និងស្របច្បាប់នេះបានឡើយ។ |
| ២០ | ក្នុងការណែនាំរៀបចំ ដោយនឹកគិតដល់ចិត្តគំនិតនិងអាកប្បកិរិយារបស់គូស្រករ និងក្រុមគ្រួសារអស់លោកគង្វាលត្រូវខិតខំព្យាយាមណែនាំគូស្រករ ឱ្យស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងពិតប្រាកដ ស្របតាមដំណឹងល្អ ដោយមានពន្លឺនៃជំនឿជួយបំភ្លឺ។ តាមពិត ចំណុចទាំងប៉ុន្មានដែលព្រះសហគមន៍កាតូលិកទាមទារ ដើម្បីឱ្យអាពាហ៍ពិពាហ៍មានភាពត្រឹមត្រូវនិងស្របច្បាប់ បានក្លាយជាការលើកទឹកចិត្តដល់គូស្រករឱ្យកាន់តែសកម្មក្នុងជំនឿ ព្រមទាំងមានសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅ ក្នុងការបង្កើតក្រុមគ្រួសារគ្រីស្តបរិស័ទកាតូលិកយ៉ាងពិតប្រាកដមែន។ |
| ២១ | ក្នុងកាលៈទេសៈណាក៏ដោយ ប្រសិនបើអស់លោកគង្វាលបានខិតខំព្យាយាមអស់ពីសមត្ថភាព ក្នុងការណែនាំគូស្រករឱ្យអនុវត្តតាមគ្រប់លក្ខខណ្ឌដែលព្រះសហគមន៍កាតូលិកទាមទារ ហើយពួកគាត់នៅបដិសេធមិនព្រមអនុវត្តតាម ដូច្នេះ នៅពេលគូស្រករនោះសុំទទួលអគ្គសញ្ញាអាពាហ៍ពិពាហ៍ លោកគង្វាលក៏ត្រូវបដិសេធក្នុងការប្រារព្ធពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍ជូនពួកគាត់ដែរ ទោះបីជាលោកគង្វាលមិនចង់បដិសេធក៏ដោយ។ មិនតែប៉ុណ្ណោះ លោកត្រូវពន្យល់ និងណែនាំពួកគាត់ឱ្យយល់ថា មិនមែនព្រះសហគមន៍ទេដែលជាឧបសគ្គ គឺពួកគាត់ផ្ទាល់ដែលជាអ្នកបង្កនូវឧបសគ្គ ក្នុងការប្រារព្ធអគ្គសញ្ញានោះ។ |
| ២២ | ជាទូទៅ អាពាហ៍ពិពាហ៍តាមព្រះសហគមន៍កាតូលិក គឺរវាងគ្រីស្តបរិស័ទកាតូលិកទាំងពីរនាក់ ប៉ុន្តែ ក៏មានករណីពិសេសជាច្រើនកើតឡើងដូចជា៖ ១-អាពាហ៍ពិពាហ៍រវាងគ្រីស្តបរិស័ទកាតូលិកម្នាក់ និងគ្រីស្តបរិស័ទមិនមែនកាតូលិកម្នាក់។ ២-អាពាហ៍ពិពាហ៍រវាងគ្រីស្តបរិស័ទកាតូលិកម្នាក់ និងអ្នកស្វែងយល់ម្នាក់។ ៣-អាពាហ៍ពិពាហ៍រវាងគ្រីស្តបរិស័ទកាតូលិកម្នាក់ និងអ្នកមិនទាន់ជ្រមុជទឹកម្នាក់។ ៤-អាពាហ៍ពិពាហ៍រវាងគ្រីស្តបរិស័ទកាតូលិកម្នាក់ និងអ្នកបដិសេធជំនឿកាតូលិក។ ដូច្នេះ ចំពោះអស់លោកគង្វាលដឹកនាំព្រះសហគមន៍កាតូលិក ត្រូវយកចិត្តទុកដាក់ចំពោះបទប្បញ្ញត្តិ និងបទបញ្ជារបស់ព្រះសហគមន៍កាតូលិក ចំពោះករណីទាំងអស់ខាងលើ ព្រមទាំងត្រូវសុំជំនួយប្រឹក្សាយោបល់ពីអាជ្ញាធរមានសមត្ថកិច្ចនៃព្រះសហគមន៍កាតូលិកផងដែរ។ |
| ២៣ | តាមរបៀបសមរម្យ គួរឱ្យលោកបូជាចារ្យដែលបានរៀបចំគូស្រករ ជាអ្នកចូលរួមក្នុងការប្រារព្ធនៅក្នុងពិធីនៃអគ្គសញ្ញា លោកជាអ្នកទេសនា ជាអ្នកទទួលពាក្យប្រកាសយល់ព្រមរបស់គូស្រករ និងជាអ្នកប្រារព្ធអភិបូជាផងដែរ។ |
| ២៤ | យ៉ាងណាមិញ ប្រសិនបើលោកឧបដ្ឋាកបានទទួលការអនុញ្ញាតពីលោកបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍ ឬ ពីលោកអភិបាលភូមិភាគ លោកឧបដ្ឋាកនោះ អាចធ្វើជាអ្នកប្រារព្ធពិធីអគ្គសញ្ញា រួមមាន ការសួរសំណួរ… ព្រមទាំងពិធីជូនពរនៃអាពាហ៍ពិពាហ៍ដល់គូស្រករបានផងដែរ។ |
| ២៥ | ចំពោះកន្លែងណាដែលកង្វះខាតលោកបូជាចារ្យ ឬ លោកឧបដ្ឋាកជាប្រចាំ ដូច្នេះលោកអភិបាលភូមិភាគ អាចប្រគល់មុខងារជាអ្នកប្រារព្ធពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍ ឱ្យទៅគ្រីស្តបរិស័ទ ជាអ្នកប្រារព្ធពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍បាន ដោយមានការយល់ព្រមពីសភាលោកអភិបាលកាតូលិកក្នុងប្រទេស និងមានការអនុញ្ញាតពីសន្តអាសនៈជាមុនសិន។ លោកអភិបាលភូមិភាគ ត្រូវតែជ្រើសរើសគ្រីស្តបរិស័ទម្នាក់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបណ្ដុះបណ្ដាល និងអប់រំគូស្រករ ព្រមទាំងអាចប្រារព្ធពិធីអគ្គសញ្ញាតាមរបៀបដ៏សមរម្យបំផុត។ ដូច្នេះ គ្រីស្តបរិស័ទម្នាក់នោះ សុំឱ្យគូស្រករប្រកាសការយល់ព្រម និងទទួលការយល់ព្រមនោះ ក្នុងនាមព្រះសហគមន៍។ |
| ២៦ | បន្ថែមពីនេះ ក៏អាចមានគ្រីស្តបរិស័ទផ្សេងទៀត មានតួនាទីក្នុងការរៀបចំអប់រំគូស្រករខាងផ្លូវវិញ្ញាណ ឬ ជាអ្នកប្រារព្ធពិធី ប៉ុន្តែ យើងដឹងហើយថា ព្រះសហគមន៍ទាំងមូលត្រូវសហការគ្នា ក្នុងការផ្ដល់សក្ខីភាពអំពីជំនឿ ព្រមទាំងជាទីសម្គាល់នៃសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្តចំពោះមនុស្សលោក។ |
| ២៧ | ជាចុងក្រោយ ត្រូវតែប្រារព្ធពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍នៅក្នុងព្រះសហគមន៍របស់គូស្រករណាម្នាក់ ប៉ុន្តែ ប្រសិនបើប្រារព្ធពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍ នៅកន្លែងផ្សេងក្រៅពីព្រះសហគមន៍របស់គូស្រករ ត្រូវតែមានការអនុញ្ញាតពីលោកអភិបាលភូមិភាគ ឬ ពីលោកបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍របស់ពួកគាត់ជាមុនសិន។ |
៣. ពិធីប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍
៣.១. អំពីការរៀបចំ
| ២៨ | ដោយអាពាហ៍ពិពាហ៍ ប្រជាជនរបស់ព្រះជាម្ចាស់រីកចម្រើន និងបានទៅជាវិសុទ្ធ ហេតុនេះហើយ ត្រូវតែប្រារព្ធពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍រួមជាមួយព្រះសហគមន៍តាមភូមិ យ៉ាងហោចណាស់មានសមាជិកមួយចំនួនចូលរួម។ ដោយនឹកគិតដល់ទំនៀមទម្លាប់តាមតំបន់ ហើយបើជាការគួរ យើងអាចប្រាព្ធពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍ជាច្រើននៅពេលតែមួយ ឬ យើងអាចប្រារព្ធពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍នៅក្នុងអភិបូជាថ្ងៃអាទិត្យ។ |
| ២៩ | ត្រូវតែរៀបចំពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍តាំងពីវេលាចម្ងាយ ដោយការព្យាយាម និងយកចិត្តទុកដាក់ឱ្យបានមុនថ្ងៃកំណត់នៃអាពាហ៍ពិពាហ៍ ដោយមានគូស្រករចូលរួមរៀបចំជាមួយ។ ជាធម្មតា ត្រូវប្រារព្ធពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍ក្នុងអភិបូជា ក៏ប៉ុន្តែ តាមកាលៈទេសៈ លោកបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍ អាចសម្រេចចិត្តប្រារព្ធពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍ ក្រៅអភិបូជាបាន។ បើសិនជាអាច លោកបូជាចារ្យដែលជាអ្នកប្រារព្ធពិធីរួមជាមួយគូស្រករ ជ្រើសរើសអត្ថបទព្រះគម្ពីរអំពីរបៀបផ្ដល់ការយល់ព្រមរៀបការ(សំណួរ) ពិធីប្រទានពរ និងប្រគល់ចិញ្ចៀនអំពីពិធីជូនពរនៃអាពាហ៍ពិពាហ៍ អំពីពាក្យអង្វរសកល និងអំពីបទចម្រៀងផ្សេងៗសម្រាប់អភិបូជា។ ម្យ៉ាងទៀត យើងត្រូវយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់អំពីការប្រើប្រាស់ពិធីនានា ដែលមានក្នុង ពិធីប្រារព្ធ ព្រមទាំងទំនៀមទម្លាប់ផ្សេងតាមតំបន់ផងដែរ។ |
| ៣០ | ត្រូវតែជ្រើសរើសបទចម្រៀង និងភ្លេងដ៏សក្ការៈឱ្យបានសមរម្យ និងស្របតាមពិធីអាពាហ៍ពិពាហ៍ដែលបង្ហាញអំពីជំនឿនៃព្រះសហគមន៍កាតូលិក។ លើសពីនេះ ត្រូវចាប់អារម្មណ៍អំពីសារៈសំខាន់នៃទំនុកតម្កើង រួមជាមួយពិធីលើកតម្កើងព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរ។ |
| ៣១ | ពិធីប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍ ជាពិធីមានបរិយាកាសសប្បាយតាមរបៀបសមរម្យបំផុត ហើយការតុបតែងលម្អព្រះវិហារ ក៏ត្រូវធ្វើយ៉ាងណាឱ្យមានសោភ័ណភាព ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ យ៉ាងណាមិញ លោកអភិបាលភូមិភាគត្រូវមានការប្រុងប្រយ័ត្ន គឺធ្វើយ៉ាងណា កុំឱ្យកើតមានបក្សនិយម ឬ ការប្រកាន់វណ្ណៈ ឬ ឋានៈរបស់បុគ្គលណាមួយឡើយ លើកលែងតែការផ្ដល់កិត្តិយសពិសេសជូនដល់អាជ្ញាធរដែនដីតែប៉ុណ្ណោះ។ |
| ៣២ | ប្រសិនបើគូស្រករកំណត់ថ្ងៃប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍ ត្រូវនឹងថ្ងៃពិសេសដូចជារដូវសែសិបថ្ងៃ លោកបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍ត្រូវប្រាប់គូស្រករជាមុន ឱ្យយកចិត្តទុកដាក់អំពីពេលវេលាពិសេសនេះ ហើយមិនត្រូវប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍ជាដាច់ខាត នៅថ្ងៃសុក្រពិសិដ្ឋ និងថ្ងៃសៅរ៍ពិសិដ្ឋឡើយ។ |
៣.២. ក្បួនពិធីប្រារព្ធសម្រាប់ប្រើប្រាស់
| ៣៣ | ដើម្បីប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍ក្នុងអភិបូជា យើងអាចប្រើពិធីដែលមានរៀបរាប់នៅជំពូកទី១។ ចំណែកឯការប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍ក្រៅអភិបូជា យើងអាចប្រើពិធី ដែលមានរៀបរាប់នៅជំពូកទី២ ដែលពិធីប្រារព្ធអគ្គសញ្ញាចាប់ផ្ដើម បន្ទាប់ពីពិធីលើកតម្កើងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ |
| ៣៤ | នៅរាល់ពេលមានការប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍ក្នុងអភិបូជា យើងយកក្បួនពិធីអភិបូជា «ពិធីប្រារព្ធអាពាហ៍ពិពាហ៍» ដោយមានសម្លៀកបំពាក់ពិធីបុណ្យពណ៌សឬពណ៌លឿង។ ប៉ុន្តែ ថ្ងៃពុធបុណ្យរោយផេះ សប្ដាហ៍ពិសិដ្ឋ (ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ) អាទិត្យទីមួយក្រោយពីបុណ្យចម្លង និងថ្ងៃបុណ្យឱឡារិក យើងយកអភិបូជា និងអត្ថបទប្រចាំថ្ងៃនោះ ដោយបញ្ចូលពិធីជូនពរនៃអាពាហ៍ពិពាហ៍ ហើយបើអាច សូមជ្រើសរើសជម្រើសណាមួយនៃពិធីប្រទានពរចុងបញ្ចប់ ក៏ប៉ុន្តែ ដោយពិធីលើកតម្កើងព្រះបន្ទូលក្នុងពិធីអាពាហ៍ពិពាហ៍មានតម្លៃដ៏លើសលប់សម្រាប់បង្រៀនអំពីអគ្គសញ្ញាផ្ទាល់ និងតួនាទីរបស់គូស្វាមីភរិយា យើងប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍ ក្រៅអភិបូជា “សម្រាប់គូស្វាមីភរិយា” យើងអាចយកអត្ថបទតាមក្បួនអត្ថបទគម្ពីរនៃអាពាហ៍ពិពាហ៍ (លេខ ២៣៥ ដល់ ២៧៨)។ ដើម្បីឱ្យដឹងថា យើងមានសិទ្ធិប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍នៅថ្ងៃអាទិត្យ និងនៅថ្ងៃមួយចំនួននៃបុណ្យឱឡារិក សូមមើលទំនៀមទម្លាប់ជាតិ និងបទបញ្ជារបស់អស់លោកអភិបាលតាមប្រទេស និងលោកអភិបាលភូមិភាគផងដែរ។ |
| ៣៥ | នៅរាល់ពិធីនានានៃពិធីប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍ ត្រូវតែមានលក្ខណៈលេចធ្លោ និងច្បាស់លាស់ ពោលគឺ ៖ ក. ពិធីលើកតម្កើងព្រះបន្ទូលព្រះជាម្ចាស់ បង្ហាញពីតម្លៃ និងសារៈសំខាន់នៃអាពាហ៍ពិពាហ៍តាមគ្រីស្តសាសនា ក្នុងប្រវត្តិសាស្ត្រនៃការសង្រ្គោះ។ ម្យ៉ាងទៀត ពិធីនេះ បញ្ជាក់អំពី កិច្ចការទាំងប៉ុន្មានដែលគូស្វាមីភរិយាត្រូវប្រព្រឹត្ត ដើម្បីឱ្យក្រុមគ្រួសាររបស់ខ្លួនបានវិសុទ្ធ។ ខ. ការយល់ព្រមនៃកិច្ចព្រមព្រៀងដែលអ្នកប្រារព្ធពិធីស្នើសុំ និងទទួល។ គ. ពាក្យអធិដ្ឋានដ៏ពីរោះដែលមកពីប្រពៃណីព្រះសហគមន៍ ដើម្បីទូលអង្វរព្រះជាម្ចាស់ ប្រទានពរលើគូស្វាមីភរិយា។ ឃ. ទីបញ្ចប់ ការទទួលព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្តចំពោះគូស្វាមីភរិយា និងគ្រីស្តបរិស័ទឯទៀតៗដែលចិញ្ចឹមសេចក្ដីស្រឡាញ់របស់ពួកគេ និងលើកពួកគេឱ្យរួមរស់ជាមួយនឹងព្រះអម្ចាស់ និងបងប្អូនឯទៀតៗ។ |
| ៣៦ | បើមានអាពាហ៍ពិពាហ៍រវាងគ្រីស្តបរិស័ទកាតូលិកម្នាក់ និងគ្រីស្តបរិស័ទមិនមែនកាតូលិកម្នាក់ យើងត្រូវតែយកពិធីប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍ ក្រៅអភិបូជា (លេខ១៣៤-១៩៦)។ យ៉ាងណាមិញ ប្រសិនបើស្ថានការណ៍អំណោយផលលោកអភិបាលភូមិភាគយល់ព្រម យើងអាចយកពិធីប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍ក្នុងអភិបូជា (លេខ ៤៥-១៣៣) ក៏ប៉ុន្តែ យើងត្រូវតែធ្វើតាមបទបញ្ជាទាំងប៉ុន្មាន ដើម្បីដឹងថា គ្រីស្តបរិស័ទមិនមែនកាតូលិក អាចទទួលព្រះកាយ ព្រះលោហិតព្រះគ្រីស្តបានឬទេ។ ប្រសិនបើមានអាពាហ៍ពិពាហ៍រវាងគ្រីស្តបរិស័ទកាតូលិកម្នាក់ និងអ្នកស្វែងយល់ម្នាក់ ឬរវាងគ្រីស្តបរិស័ទកាតូលិកម្នាក់ និងអ្នកមិនមែនជាគ្រីស្តបរិស័ទម្នាក់ យើងត្រូវប្រើពិធីប្រារព្ធអគ្គសញ្ញារវាងគ្រីស្តបរិស័ទ និងអ្នកមិនមែនជាគ្រីស្តបរិស័ទ ដែលមានរៀបរាប់ខាងក្រោម (លេខ ១៩៧ -២៣៤) ដោយមានស្ថានភាពផ្សេងៗពីគ្នា។ |
| ៣៧ | នៅពេលគ្រីស្តបរិស័ទកាតូលិក ឬ មិនមែនកាតូលិក ដែលមិនសូវចូលរួមក្នុងពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍ ឬ អភិបូជា សុំរៀបការតាមព្រះសហគមន៍កាតូលិក នៅពេលនោះ អស់លោកបូជាចារ្យត្រូវតែយកចិត្តទុកដាក់យ៉ាងពិសេសចំពោះបងប្អូនទាំងនោះ។ |
| ៣៨ | បើប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍ក្នុងអភិបូជា យើងត្រូវរៀបចំក្បួនអភិបូជា (ឬ ក្បួនពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍) និងចិញ្ចៀនរបស់គូស្រករនៅក្បែរអាសនៈ។ ប្រសិនបើអាច សូមរៀបចំផ្ទិលទឹកព្រះពរ និងពែងព្រះលោហិតព្រះគ្រីស្ត ដើម្បីឱ្យគូស្រករទទួល។ លើសពីនេះ រួមជាមួយគូស្រករ យើងរៀបចំកន្លែងអង្គុយពិសេសសម្រាប់ពួកគេ ដោយដឹងថា ពួកគេចូលរួមជាមួយអង្គប្រជុំនៃគ្រីស្តបរិស័ទឯទៀតៗដែរ។ |
៤. ការរៀបចំ និងកែសម្រួលផ្សេងៗរបស់លោកអភិបាលតាមប្រទេសនីមួយៗ
| ៣៩ | យោងតាមធម្មនុញ្ញអំពីពិធីបុណ្យដ៏វិសុទ្ធ (Sacrosanctum Concilium) អស់លោកអភិបាលតាមប្រទេសនីមួយៗ ត្រូវតែធ្វើការកែសម្រួលក្បួននៃទីក្រុងរ៉ូមនេះឱ្យសមស្របតាមទំនៀមទម្លាប់ និងតម្រូវការផ្សេងៗនៃតំបន់នោះ ដើម្បីប្រើប្រាស់ក្នុងតំបន់របស់ខ្លួន បន្ទាប់ពីសន្តអាសនៈទទួលស្គាល់ការកែសម្រួលទាំងនោះ។ |
| ៤០ | ហេតុនេះហើយ បានជាអស់លោកអភិបាលតាមប្រទេសនីមួយៗត្រូវតែ៖ ក. កំណត់ការកែសម្រួលទាំងប៉ុន្មានឱ្យស្របតាម លេខ ៤១-៤៤ ខាងក្រោម។ ខ. កែសម្រួលនិងបំពេញ (បើត្រូវតែធ្វើ) សេចក្តីផ្តើមទាំងប៉ុន្មានដែលមានក្នុងក្បួននៃទីក្រុងរ៉ូម លេខ ៣៣ ពិធីដែលត្រូវប្រារព្ធ ដើម្បីឱ្យគ្រីស្តបរិស័ទចូលរួមយ៉ាងសកម្ម និងដឹងច្បាស់ អំពីតួនាទីរបស់ខ្លួន។ គ. បកប្រែអត្ថបទផ្សេងៗ ស្របតាមលក្ខណៈរៀងៗខ្លួននៃភាសា និងវប្បធម៌ផ្សេងៗ ដោយបន្ថែម (បើជាការគួរ) ទំនុកភ្លេងស្របតាមបទចម្រៀង។ ឃ. បោះពុម្ពសៀវភៅតាមរបៀបដ៏ប្រសើរបំផុត ដើម្បីប្រើប្រាស់សៀវភៅនោះឱ្យបានងាយស្រួល។ |
| ៤១ | ដោយរៀបចំការកែសម្រួលទាំងប៉ុន្មាន ត្រូវយកចិត្តទុកដាក់អំពី៖ ក. យើងអាចកែសម្រួល ឬ បំពេញ (បើជាការគួរ)ទម្រង់នៃក្បួននៃទីក្រុងរ៉ូម (ព្រមទាំងសំណួរផ្សេងៗមុននឹងគូស្រករផ្ដល់ការយល់ព្រមរៀបការ និងពាក្យសម្ដីផ្ទាល់នៃការយល់ព្រមនោះដែរ)។ ខ. ក្នុងក្បួននៃទីក្រុងរ៉ូម នៅពេលមានការស្នើសុំរបៀបផ្សេងៗពីគ្នា យើងអាចបន្ថែមក្នុងក្បួននៃប្រទេសនីមួយៗនូវរបៀបផ្សេងៗទៀតដែលស្រដៀង។ គ. ដោយរក្សាទុករចនាសម្ព័ន្ធនៃពិធីប្រារព្ធអគ្គសញ្ញា យើងអាចរៀបចំផ្នែកនីមួយៗតាមលំដាប់ផ្សេងទៀត។ បើជាការគួរ យើងអាចលុបសំណួរផ្សេងៗមុននឹងគូស្វាមីភរិយាយល់ព្រមរៀបការ។ ក៏ប៉ុន្តែ អ្នកបម្រើព្រះសហគមន៍ត្រូវតែសុំ និងទទួលការយល់ព្រមរបស់គូស្វាមីភរិយាជាដាច់ខាត។ ឃ. បើត្រូវតែធ្វើ យើងអាចសម្រេចចិត្តថា គូស្វាមីភរិយានឹងយល់ព្រមរៀបការជាមួយគ្នា ក្រោយពីអ្នកបម្រើព្រះសហគមន៍បានសួរពួកគេ។ ង. ក្រោយពីបានប្រគល់ចិញ្ចៀន យើងអាចដាក់មកុដលើក្បាលកូនក្រមុំ ឬ គ្របគូស្វាមីភរិយានឹងស្បៃមួយ ស្របតាមទំនៀមទម្លាប់ក្នុងតំបន់។ ច. យើងអាចលុបចោលនូវពិធីកាន់ដៃ ពិធីប្រទានពរ ឬពិធីប្រគល់ចិញ្ចៀន បើពិធីនោះមិនសមស្របតាមនឹងទំនៀមទម្លាប់ក្នុងតំបន់។ យើងក៏អាចធ្វើពិធីផ្សេងៗក៏បានដែរ។ ជ. យើងនឹងពិនិត្យពិច័យ ដោយយកចិត្តទុកដាក់ និងដោយប្រុងប្រយ័ត្ននូវអ្វីដែលយើងអាចទទួលក្នុងចំណោមប្រពៃណីនៃប្រជាជាតិនីមួយៗ។ |
| ៤២ | ម្យ៉ាងទៀត យោងតាមធម្មនុញ្ញអំពីពិធីបុណ្យដ៏វិសុទ្ធ (Sacrosanctum Concilium លេខ៦៣ ចំណុច ខ) អស់លោកអភិបាលតាមប្រទេស អាចរៀបចំក្បួនពិធីអាពាហ៍ពិពាហ៍ផ្ទាល់ ស្របតាមទំនៀមទម្លាប់ក្នុងតំបន់នៃប្រជាជាតិនានា ដោយមានការអនុម័តពីសន្តអាសនៈ។ ក៏ប៉ុន្តែ អ្នកបម្រើព្រះសហគមន៍ត្រូវតែសុំ និងទទួលការយល់ព្រមពីគូស្វាមីភរិយាឱ្យរៀបការ (SC 77) និងធ្វើពិធីជូនពរនៃអាពាហ៍ពិពាហ៍ (SC 78) ជាដាច់ខាត។ ម្យ៉ាងវិញទៀត ត្រូវតែដាក់សេចក្ដីផ្តើម ដែលមានក្នុងក្បួននៃទីក្រុងរ៉ូមនៅទំព័រដើមនៃក្បួនថ្មី លើកលែងតែសេចក្ដីផ្តើម ដែលទាក់ទងនឹងពិធីប្រារព្ធ។ |
| ៤៣ | ចំពោះរបៀបប្រារព្ធអាពាហ៍ពិពាហ៍របស់ប្រជាជាតិទាំងប៉ុន្មានដែលទើបតែបានទទួលដំណឹងល្អជាលើកទីមួយ យើងនឹងទទួលដោយមានចិត្តទូលាយ អ្វីដែលគួរឱ្យគោរព ហើយមិនជាប់ទាក់ទងនឹងអបិយ៍ជំនឿ ឬការភ័ន្តច្រឡំផ្សេងៗ។ បើអាចបានយើងគួររក្សាទំនៀមទម្លាប់ដ៏គួរឱ្យគោរពទាំងអស់នោះ។ លើសពីនេះទៅទៀត យើងនឹងបញ្ចូលទំនៀមទម្លាប់នោះក្នុងពិធីបុណ្យផ្ទាល់ លុះត្រាតែទំនៀមទម្លាប់នោះស្របតាមគោលការណ៍នៃពិធីបុណ្យត្រឹមត្រូវ និងពិតប្រាកដ។ |
| ៤៤ | ចំពោះប្រជាជាតិដែលមានប្រពៃណីប្រារព្ធអាពាហ៍ពិពាហ៍នៅផ្ទះ ហើយដែលមានរយៈពេលច្រើនថ្ងៃ យើងត្រូវតែកែសម្រួលពិធីនោះស្របតាមគ្រីស្តសាសនា និងពិធីបុណ្យដ៏វិសុទ្ធ។ ក្នុងករណីនេះ អស់លោកអភិបាលតាមប្រទេសអាច (បើត្រូវតែធ្វើ) សម្រេចចិត្តថា យើងនឹងប្រារព្ធពិធីផ្ទាល់នៃអគ្គសញ្ញានៅផ្ទះដែរ។ |
