ពិធីគោរពព្រះយេស៊ូលីឈើឆ្កាង
Stations of the Cross

នៅថ្ងៃសុក្រពិសិដ្ឋ ឆ្នាំ១៩៩១ សម្តេចប៉ាបយ៉ូហានប៉ូលទី២ បានប្រារព្ធដំណើរផ្លូវព្រះឈើឆ្កាងមាន១៤ដំណាក់កាល ដែលឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅអំពីព្រឹត្តិការណ៍ក្នុងអត្ថបទគម្ពីរស្តីអំពីទុក្ខលំបាករបស់ព្រះគ្រីស្ត។

ពិធីប្រារព្ធ៖

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាព និងប្រកបដោយព្រះហឫទ័យមេត្តាករុណា
ព្រះអង្គបានចាត់ព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គឱ្យយាងមក
ដើម្បីឱ្យយើងខ្ញុំបានរួចពីបាបដោយព្រះបុត្រា និងមានជីវិតរស់នៅអស់កល្បជានិច្ច។
សូមព្រះអង្គប្រទានពរដល់យើងខ្ញុំ នៅពេលដែលយើងប្រមូលផ្ដុំគ្នា
ដើម្បីរិះគិតអំពីការរងទុក្ខលំបាក និងការសោយទិវង្គតរបស់ព្រះគ្រីស្ត
ដើម្បីឱ្យយើងខ្ញុំរៀនតាមគំរូរបស់ព្រះអង្គអំពីផ្លូវដែលយើងត្រូវធ្វើដំណើរ។
យើងសូមទូលអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាអម្ចាស់យើងខ្ញុំ។

ឆ្លើយរួមគ្នា អាម៉ែន



ដំណាក់ទី ១
ព្រះយេស៊ូនៅសួនកេសេម៉ានី

អ្នកណែនាំ៖យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះគ្រីស្ត។
ឆ្លើយរួមគ្នា៖ព្រះអង្គបានបូជាព្រះជន្មដើម្បីសង្គ្រោះយើងខ្ញុំ។

ព្រះគម្ពីរដំណឹងល្អ (មថ ២៦,៣៦-៤១)

ពេល​នោះ ព្រះ‌យេស៊ូ​យាង​ទៅ​ជា​មួយ​ពួក​សាវ័ក​ដល់​កន្លែង​មួយឈ្មោះ​កេតសេ‌ម៉ានី ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​អង្គុយ​នៅ​ទី​នេះ​សិន ចាំ​ខ្ញុំ​ទៅ​អធិស្ឋាន​នៅ​ត្រង់​កន្លែង​នោះ»។ព្រះ‌អង្គ​នាំ​លោក​សិលា និង​កូន​របស់​លោក​សេបេដេ​ទាំង​ពីរ​នាក់​ទៅ​ជា​មួយ។ ពេល​នោះ ព្រះ‌អង្គ​ចាប់‌ផ្ដើម​ព្រួយ​ព្រះ‌ហឫ‌ទ័យ ហើយ​ចុក‌ចាប់​អន្ទះ‌សា​ពន់‌ប្រមាណ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ទាំង​បី​ថា៖ «ខ្ញុំ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ស្លាប់ អ្នក​រាល់​គ្នា​នៅ​ទី​នេះ​សិន​ហើយ ចូរ​ប្រុង​ស្មារតី​​ជា​មួយ​ខ្ញុំ»។ ព្រះ‌អង្គ​យាង​ទៅ​មុខ​បន្ដិច ក្រាប​ព្រះ‌ភក្ត្រ​ដល់​ដីទូល‌អង្វរ​ថា៖ «ឱ​ព្រះ‌បិតា​អើយ! ប្រសិន​បើ​បាន សូម​ឱ្យពែង​នៃ​ទុក្ខ​លំបាក​នេះចេញ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ ប៉ុន្តែ សូម​កុំ​ធ្វើ​តាម​បំណង​ទូល‌បង្គំ​ឡើយ គឺ​សូម​ឱ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​វិញ»។ ព្រះ‌អង្គ​យាង​មក​រក​ពួក​សាវ័ក ឃើញ​គេ​កំពុង​តែ​ដេក​លក់ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​សិលា​ថា៖ «អ្នក​រាល់​គ្នា​មិន​ស៊ូ‌ទ្រាំ​ប្រុង​ស្មារតី​ជា​មួយ​ខ្ញុំ សូម្បី​តែ​មួយ​ម៉ោង​ក៏​មិន​បាន​ដែរ​ឬ!។ ចូរ​ប្រុង​ស្មារតី ហើយ​អធិស្ឋាន កុំ​ឱ្យ​ចាញ់​ការ​ល្បួង​ឡើយ។ វិញ្ញាណ​របស់​មនុស្ស​ប្រុង‌ប្រៀប​ជា​ស្រេច​មែន តែ​ខ្លួន​គេ​នៅ​ទន់​ខ្សោយ​ទេ»

អធិដ្ឋាន៖

បពិត្រព្រះអម្ចាស់! សូមប្រោសប្រទានកម្លាំង និងប្រាជ្ញាដល់យើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គក្នុងគ្រប់កិច្ចការទាំងអស់។

បន្ទរ៖

បពិត្រព្រះយេស៊ូជាអម្ចាស់ សូមជួយយើងខ្ញុំឱ្យដើរតាមជំហានរបស់ព្រះអង្គផង។

ចម្រៀង៖ យើងខ្ញុំសូមក្រាបបង្គំ

បន្ទរៈយើងខ្ញុំសូមក្រាបបង្គំគោរពដល់ព្រះឧត្តម
ដែលបានប្រោសលោះលោកាដោយបានបូជាព្រះជន្ម
គ្រាប់ស្រូវធ្លាក់នៅលើដីឧបមេយ្យបើមិនងាប់ទៅ
គ្រាប់នៅតែមួយដដែលមិនអាចបង្កើតផលឡើយ
អ្នកណាស្រឡាញ់ជីវិតអ្នកនោះពិតជាបាត់វា
អ្នកដែលស្ម័គ្រចិត្តលះបង់នឹងរក្សាជីវិតគង់
អ្នកណាចង់បម្រើខ្ញុំអ្នកនោះនឹងខំមកតាម
រីអ្នកដែលបានបម្រើព្រះបិតាតម្កើងគេ

ដំណាក់ទី ២
លោកយូដាសក្បត់ព្រះយេស៊ូ គេចាប់ព្រះអង្គ

អ្នកណែនាំ៖យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះគ្រីស្ត។
ឆ្លើយរួមគ្នា៖ព្រះអង្គបានបូជាព្រះជន្មដើម្បីសង្គ្រោះយើងខ្ញុំ។

ព្រះគម្ពីរដំណឹងល្អ (មក ១៤,៤៣-៤៦)

ព្រះ‌អង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ ស្រាប់​តែ​យូដាស​ជា​សាវ័ក​ម្នាក់ ក្នុង​ចំណោម​សាវ័ក​ទាំង​ដប់‌ពីរ​រូប​មក​ដល់ ដោយ​មាន​បណ្ដា‌ជន​មួយ​ក្រុម កាន់​ដាវ កាន់​ដំបង​មក​ជា​មួយ​ផង។ ពួក​នាយក​បូជា‌ចារ្យ​ ពួក​បណ្ឌិត​ខាង​វិន័យ និង​ពួក​ព្រឹទ្ធា‌ចារ្យបាន​ចាត់​អ្នក​ទាំង​នោះ​ឱ្យមក។ យូដាស​ដែល​នាំ​គេ​មក​ចាប់​ព្រះ‌យេស៊ូ បាន​សន្មត​ជា​មួយ​អ្នក​ទាំង​នោះ​នូវ​សញ្ញា​មួយ​ថា៖ «ខ្ញុំ​ថើប​អ្នក​ណា គឺ​អ្នក​នោះ​ហើយ សុំ​ចាប់​គាត់​នាំ​យក​ទៅ ដោយ​ប្រយ័ត្ន‌ប្រយែងឱ្យ​មែន‌ទែន»។ កាល​មក​ដល់​ភ្លាម យូដាស​ដើរ​តម្រង់​មក​រក​ព្រះ‌យេស៊ូពោល​ថា៖ «លោក​​​គ្រូ!»​ រួច​គាត់​ថើប​ព្រះ‌អង្គ។ ពួក​គេ​នាំ​គ្នា​ចាប់​ព្រះ‌យេស៊ូ។

អធិដ្ឋាន៖

បពិត្រព្រះអម្ចាស់! សូមប្រោសប្រទានកម្លាំងឱ្យយើងខ្ញុំមានឆន្ទៈប្រកបដោយជំនឿយ៉ាងមុតមាំ ចេះរស់នៅឆ្លុះបញ្ចាំងអំពីដំណឹងល្អដែលព្រះអង្គបានប្រទានដល់យើងខ្ញុំ

បន្ទរ៖

បពិត្រព្រះយេស៊ូជាអម្ចាស់ សូមជួយយើងខ្ញុំឱ្យដើរតាមជំហានរបស់ព្រះអង្គផង។

ចម្រៀង៖ បុត្រព្រះអម្ចាស់

បុត្រព្រះអម្ចាស់បានឆ្កាងព្រះហស្តជាយញ្ញបូជា
ដោយទ្រង់ជ្រៀបច្បាស់កិច្ចការនានារងទុក្ខវេទនា
នៃមនុស្សលោកីយ៍ ។
ក្តីស្រឡាញ់ត្រង់របស់ព្រះអង្គទាញយកផែនដី
ទាំងមូលចូលមកហើយទ្រង់ឃ្មាតខ្មីនាំមនុស្សប្រុសស្រី
ឆ្ពោះព្រះបិតា ។
ដោយអង្គព្រះគ្រីស្តទ្រង់ព្រះតម្រិះកែប្រែលោកកា
ទ្រង់ជាដើមចុងសារពើនានាក៏ក្លាយទៅជា
អំណោយព្រះអង្គ ។

ដំណាក់ទី ៣
ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់កាត់ទោសព្រះយេស៊ូ

អ្នកណែនាំ៖យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះគ្រីស្ត។
ឆ្លើយរួមគ្នា៖ព្រះអង្គបានបូជាព្រះជន្មដើម្បីសង្គ្រោះយើងខ្ញុំ។

ព្រះគម្ពីរដំណឹងល្អ (លក ២២,៦៦-៧១)

លុះ​ព្រឹក​ឡើង ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ប្រជាជន ពួក​នាយក​បូជា‌ចារ្យ និង​ពួក​បណ្ឌិត​ខាង​វិន័យ ជួប‌ជុំ​គ្នាបង្គាប់​ឱ្យគេ​នាំ​ព្រះ‌យេស៊ូ​ចូល​មក​ឈរ​នៅ​ខាង​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​របស់​គេ។ ពួក​គេ​សួរ​ព្រះ‌អង្គ​ថា៖ «ប្រាប់​យើង​មក​មើល៍ តើ​អ្នក​ជា​ព្រះ‌គ្រីស្ដ​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល‌ឆ្លើយ​ថា៖ «បើ​ខ្ញុំ​ប្រាប់​អស់​លោក ក៏​អស់​លោក​ពុំ​ជឿ​ខ្ញុំ ហើយ​បើ​ខ្ញុំ​សួរ​អស់​លោក​វិញ ក៏​អស់​លោក​មិន​ឆ្លើយ​នឹង​ខ្ញុំ​ដែរ។ ប៉ុន្តែ អំណើះ​ត​ទៅ បុត្រ​មនុស្ស​នឹង​អង្គុយនៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់​ដ៏​មាន​ឫទ្ធា‌នុភាព​»។ ពេល​នោះ គេ​សួរ​ព្រម​គ្នា​ឡើង​ថា៖ «បើ​ដូច្នេះ អ្នក​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ឬ?»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អស់​លោក​មាន​ប្រសាសន៍​ត្រូវ​មែន គឺ​ខ្ញុំ​នេះ​ហើយ»។ គេ​ក៏​និយាយ​ឡើង​ថា៖ «យើង​មិន​បាច់​រក​សាក្សី​ឯ​ណា​ទៀត​ទេ ដ្បិត​យើង​បាន​ឮ​ពាក្យ​របស់​អ្នក​នេះ​ផ្ទាល់​តែ​ម្ដង!»

អធិដ្ឋាន៖

បពិត្រព្រះអម្ចាស់! សូមសម្តែងឱ្យយើងខ្ញុំស្គាល់សេចក្តីសុចរិតរបស់ព្រះអង្គ ដើម្បីញ៉ាំងឱ្យយើងខ្ញុំខិតខំកសាងយុត្តិធម៌អំពីព្រះរាជដែលព្រះអង្គបានសន្យា។

បន្ទរ៖

បពិត្រព្រះយេស៊ូជាអម្ចាស់ សូមជួយយើងខ្ញុំឱ្យដើរតាមជំហានរបស់ព្រះអង្គផង។

ចម្រៀង៖ តើព្រះជាម្ចាស់ជានរណា?

តើព្រះជាម្ចាស់ជានរណា?ទុកឱ្យមនុស្សាបានយកឈ្នះ
ចាប់យកធ្វើបាបយ៉ាងដូច្នេះដោយទ្រង់មិនចេះចាប់កំហុសឡើយ
បន្ទរៈតើព្រះជាម្ចាស់ជានរណា?ដែលស្រឡាញ់មនុស្សលោកយ៉ាងនេះ?(២ដង)
តើព្រះជាម្ចាស់ជានរណា?ដែលបានសោយព្រះទិវង្គត
ប្រទានជីវិតមិនរលត់ឱ្យមនុស្សរួមរស់ជាមួយព្រះអង្គ
តើព្រះជាម្ចាស់ជានរណា?ដែលយំសោកាលើទុក្ខា
នៃមនុស្សលោកាដូចមាតាសោកសៅសោកាទុក្ខកូនភ្ងាណា

ដំណាក់ទី ៤
លោក​សិលា​បដិសេធ​មិន​ស្គាល់​ព្រះ‌យេស៊ូ

អ្នកណែនាំ៖យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះគ្រីស្ត។
ឆ្លើយរួមគ្នា៖ព្រះអង្គបានបូជាព្រះជន្មដើម្បីសង្គ្រោះយើងខ្ញុំ។

ព្រះគម្ពីរដំណឹងល្អ (មថ ២៦,៦៩-៧៥)

ពេល​នោះ លោក​សិលា​អង្គុយ​នៅ​ខាង​ក្រៅ​ក្នុង​ទីធ្លា។ មាន​ស្ត្រី​បម្រើ​របស់​មហា‌បូជា‌ចារ្យម្នាក់​ចូល​មក​ជិត​គាត់ ពោល​ថា៖ «អ្នក​ឯង​ជា​បក្ស‌ពួក​របស់​យេស៊ូជា​អ្នក​ស្រុក​កាលី‌ឡេ​ដែរ!»។ ប៉ុន្តែ គាត់​ប្រកែក​ថា៖ «ខ្ញុំ​មិន​ដឹង​ថា នាង​ចង់​និយាយ​អំពី​រឿង​អ្វី​ឡើយ!» ពេល​លោក​សិលា​ដើរ​ចេញ​ពី​ទី​នោះឆ្ពោះ​ទៅ​រក​ខ្លោង​ទ្វារ មាន​ស្ត្រី​បម្រើ​ម្នាក់​ទៀត​ឃើញ​គាត់ ហើយ​ពោល​ថា៖ «អ្នក​នេះ​ជា​បក្ស‌ពួក​របស់​យេស៊ូ​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​ដែរ!»។ លោក​សិលា​ក៏​ប្រកែក​សា​ជា​ថ្មី ទាំង​ស្បថ​ថា៖ «ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ!»។ បន្ដិច​ក្រោយ​មក អស់​អ្នក​ដែល​នៅ​ទី​នោះនាំ​គ្នា​ចូល​ទៅ​ជិត​លោក​សិលា ហើយ​ពោល​ថា៖ «អ្នក​ឯង​ពិត​ជា​បក្ស‌ពួក​របស់​អ្នក​ទាំង​នោះ ព្រោះ​សម្ដី​អ្នក​ឯង​បញ្ជាក់​ច្បាស់​ថា អ្នក​ឯង​មក​ពី​ស្រុក​កាលី‌ឡេ​មែន!»។ លោក​សិលា​ក៏​ពោល​ឡើង​ថា៖ «បើ​ខ្ញុំ​កុហក សូម​ព្រះ‌ជាម្ចាស់​ដាក់​ទោស​ខ្ញុំ​ចុះ!។ ខ្ញុំ​សុំ​ស្បថ​ថា ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​នោះ​ទាល់​តែ​សោះ!»។ រំពេច​នោះ ស្រាប់​តែ​មាន់​រងាវ​ឡើង លោក​សិលា​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ​ដែល​ថា៖ «មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា មិន​ស្គាល់​ខ្ញុំ»​។ លោក​សិលា​ចាក‌ចេញ​ពី​ទី​នោះ ហើយ​យំ​សោក​យ៉ាង​ខ្លោច‌ផ្សា។

អធិដ្ឋាន៖

បពិត្រព្រះអម្ចាស់! សូមប្រោសប្រទានឱ្យយើងខ្ញុំមានចិត្តស្មោះត្រង់ ហ៊ាននិយាយសេចក្តីពិតនៅពេលមានការលំបាក។

បន្ទរ៖

បពិត្រព្រះយេស៊ូជាអម្ចាស់ សូមជួយយើងខ្ញុំឱ្យដើរតាមជំហានរបស់ព្រះអង្គផង។

ចម្រៀង៖ ព្រះគ្រីស្តព្រះសង្គ្រោះ

យើងជឿពិត ព្រះគ្រីស្ត គង់ជាមួយយើង យើងសូមកោតសរសើរ
លើឈើឆ្កាង ព្រះអង្គ ទ្រង់បានសង្គ្រោះយើង យើងសូមកោតសរសើរ។
ឱ​! ព្រះគ្រីស្ត ជីវិតបូជាលើឈើឆ្កាង យើងសូមកោតសរសើរ
ទ្រង់រំដោះ បាបយើងមនុស្សលោកីយ៍ យើងសូមកោតសរសើរ។


ដំណាក់ទី ៥
ព្រះ‌យេស៊ូ​នៅ​មុខ​លោក​ពីឡាត

អ្នកណែនាំ៖យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះគ្រីស្ត។
ឆ្លើយរួមគ្នា៖ព្រះអង្គបានបូជាព្រះជន្មដើម្បីសង្គ្រោះយើងខ្ញុំ។

ព្រះគម្ពីរដំណឹងល្អ (មក ១៥,១-៥.១៥)

លុះ​ព្រលឹម​ឡើង​ ពួក​នាយក​បូជា‌ចារ្យ​ប្រជុំ​គ្នាជា​មួយ​ពួក​ព្រឹទ្ធា‌ចារ្យ ពួក​បណ្ឌិត​ខាង​វិន័យ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​មូល។ គេ​បាន​ចង​ព្រះ‌យេស៊ូ ហើយ​បញ្ជូន​ព្រះ‌អង្គ​ទៅ​លោក​ពីឡាត។ លោក​ពីឡាត​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេច​យូដា​មែន​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «លោក​ទេ​តើ ដែល​មាន​ប្រសាសន៍​ដូច្នេះ!»។ ពួក​នាយក​បូជា‌ចារ្យ​បាន​យក​រឿង​ជា​ច្រើនមក​ចោទ​ប្រកាន់​ព្រះ‌យេស៊ូ។ លោក​ពីឡាត​សួរ​ព្រះ‌អង្គ​ម្ដង​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មិន​ឆ្លើយ​អ្វី​សោះ​ដូច្នេះ? អ្នក​មិន​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​គេ​ចោទ​ប្រកាន់​អ្នក​ទេ​ឬ?»។ ព្រះ‌យេស៊ូ​ពុំ​បាន​ឆ្លើយ​តប​ទៀត​ឡើយ ជា​ហេតុ​នាំឱ្យ​លោក​ពីឡាត​ងឿង‌ឆ្ងល់​ជា​ខ្លាំង។ លោក​ពីឡាត​ចង់​បំពេញ​ចិត្ត​បណ្ដា‌ជនក៏​ដោះ​លែង​បារ៉ា‌បាស។ បន្ទាប់​ពី​បញ្ជា​ឱ្យ​គេ​វាយ​ព្រះ‌យេស៊ូ​នឹង​រំពាត់​រួច​ហើយ លោក​ប្រគល់​ទៅ​ឱ្យ​គេ​ឆ្កាង។

អធិដ្ឋាន៖

បពិត្រព្រះអម្ចាស់! សូមប្រោសប្រទានឱ្យយើងខ្ញុំចេះថ្លឹងថ្លែង ចេះសម្លឹងមើលតាមរបៀបព្រះអង្គទត ខុសពីរបៀបដែលលោកកីយ៍សម្លឹងមើលផង។

បន្ទរ៖

បពិត្រព្រះយេស៊ូជាអម្ចាស់ សូមជួយយើងខ្ញុំឱ្យដើរតាមជំហានរបស់ព្រះអង្គផង។

ចម្រៀង៖ រួមជាមួយព្រះគ្រីស្ត

សូមជួយយើងខ្ញុំឱ្យចេះគិតគូរខំតស៊ូដើរតាមព្រះអង្គ
ទោះបីយ៉ាប់យ៉ឺនលំបាកប្រាណលុះដល់ឈើឆ្កាងបានរុងរឿង
ពេលថ្ងៃខ្ញុំធ្វើការហត់នឿយយប់មកដល់ហើយចិត្តខ្ញុំប៉ង
ចង់រួមជាមួយព្រះអង្គផងនេះជាបំណងដ៏ថ្លៃថ្លា
បន្ទរៈរួមជាមួយព្រះយេស៊ូជាគំរូឱ្យយើងដើរតាម
រួមថ្វាយទៅកាន់ព្រះបិតាសូមទ្រង់មេត្តា មេត្តាយើងខ្ញុំ
សូមជួយយើងខ្ញុំឱ្យមានចិត្តត្រង់ជឿតែព្រះអង្គគ្រប់ពេលវេលា
សូមឱ្យយើងខ្ញុំចេះស្រឡាញ់គ្នាដូចជាព្រះបិតាស្រឡាញ់យើង

ដំណាក់ទី ៦
គេវាយព្រះយេស៊ូ និងបំពាក់មកុដបន្លាលើព្រះសិរសាព្រះអង្គ

អ្នកណែនាំ៖យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះគ្រីស្ត។
ឆ្លើយរួមគ្នា៖ព្រះអង្គបានបូជាព្រះជន្មដើម្បីសង្គ្រោះយើងខ្ញុំ។

ព្រះគម្ពីរដំណឹងល្អ (យហ ១៩,១-៣)

ពេល​នោះ លោក​ពីឡាត​បង្គាប់​ឱ្យ​ទាហាន​យក​ព្រះ‌យេស៊ូ​ទៅ​វាយ​នឹង​រំពាត់។ ពួក​ទាហាន​យក​បន្លា​មក​ក្រង​ធ្វើ​ជា​មកុដ​បំពាក់​ព្រះ‌សិរសា​ព្រះ‌អង្គ ហើយ​យក​អាវ​ពណ៌​ក្រហម​ទុំ​មក​ពាក់​ឱ្យព្រះ‌អង្គ​ដែរ។ បន្ទាប់​មក គេ​នាំ​គ្នា​ចូល​ទៅ​ជិត​ព្រះ‌អង្គ ទាំង​ពោល​ថា៖ «ស្ដេច​យូដា​អើយ! សូម​ថ្វាយ‌បង្គំ» ហើយ​ក៏​ទះ​កំផ្លៀង​ព្រះ‌អង្គ។

អធិដ្ឋាន៖

បពិត្រព្រះអម្ចាស់! សូមប្រោសប្រទានឱ្យយើងខ្ញុំចេះស៊ូទ្រាំក្នុងគ្រាមានទុក្ខលំបាក ដើម្បីយើងខ្ញុំថ្វាយជីវិតជាសក្ការបូជាទុកជាការលើកតម្កើងព្រះអង្គ។

បន្ទរ៖

បពិត្រព្រះយេស៊ូជាអម្ចាស់ សូមជួយយើងខ្ញុំឱ្យដើរតាមជំហានរបស់ព្រះអង្គផង។

ទំនុកតម្កើង៖ លេខ ៣៨,១៨.២២-២៣ (បទពាក្យ៧)

ខ្ញុំធ្លាក់ខ្លួនស្គមស្គាំងរីងរៃទុក្ខព្រួយរាល់ថ្ងៃទ្រូងឆាបឆួល
ឈឺចាប់ជានិច្ចឥតប្រែប្រួលខ្លួនខ្ញុំចង់ដួលកាយទោរទន់
ឱព្រះម្ចាស់អើយកុំបោះបង់ចោលខ្ញុំឱ្យរស់ទាំងត្រដរ
មេត្តាខ្ញុំផងសូមអង្វរកុំយាងចេញចរខ្ញុំខ្លោចផ្សា
ឱព្រះអម្ចាស់ព្រះសង្គ្រោះ សូមជួយឱ្យរស់ផុតមរណា
យាងមកឆាប់ៗស្រង់សង្ខារ        នោះទើបជីវ៉ាផុតក្សិណក្ស័យ

ដំណាក់ទី ៧
ព្រះយេស៊ូលីឈើឆ្កាង

អ្នកណែនាំ៖យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះគ្រីស្ត។
ឆ្លើយរួមគ្នា៖ព្រះអង្គបានបូជាព្រះជន្មដើម្បីសង្គ្រោះយើងខ្ញុំ។

ព្រះគម្ពីរដំណឹងល្អ (យហ ១៩,៦.១៥-១៧)

កាល​ពួក​នាយក​បូជា‌ចារ្យ និង​កង​រក្សា​ព្រះ‌វិហារឃើញ​ព្រះ‌អង្គ គេ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ឆ្កាង​ទៅ! ឆ្កាង​ទៅ!»។ លោក​ពីឡា​មាន​ប្រសាសន៍​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​គាត់​ទៅ​ឆ្កាង​ខ្លួន​ឯង​ទៅ ដ្បិត​ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​សោះ»។ ប៉ុន្តែ ជន​ជាតិ​យូដា​ស្រែក​ឡើង​ថា៖ «សម្លាប់​ចោល​ទៅ! ឆ្កាង​ទៅ!»។ លោក​ពីឡាត​សួរ​ពួក​គេ​ថា៖ «ឱ្យ​ខ្ញុំ​ឆ្កាង​ស្ដេច​របស់​អ្នក​រាល់​គ្នា​ឬ?»។ ពួក​នាយក​បូជា‌ចារ្យ​ឆ្លើយ​ឡើង​ថា៖ «ក្រៅ​ពី​ព្រះចៅ​អធិរាជ យើង​ខ្ញុំ​គ្មាន​ស្ដេច​ឯ​ណា​ទៀត​ឡើយ»។ ពេល​នោះ លោក​ពីឡាត​ប្រគល់​ព្រះ‌យេស៊ូ​ទៅ​ឱ្យ​គេ​ឆ្កាង។ គេ​នាំ​គ្នា​ចាប់​ព្រះ‌យេស៊ូ​យក​ទៅ។ ព្រះ‌យេស៊ូ​លី​ឈើ​ឆ្កាង​ដោយ​ផ្ទាល់​ព្រះ‌អង្គ ចេញ​ពី​ទី‌ក្រុង​ឆ្ពោះ​ទៅ​កន្លែង​មួយ​ឈ្មោះ “ទួល​លលាដ៍​ក្បាល” ដែល​គេ​ហៅ​ជា​ភាសា​ហេប្រឺ​ថា “កុល‌កូថា”

អធិដ្ឋាន៖

បពិត្រព្រះអម្ចាស់! សូមប្រោសប្រទានឱ្យយើងខ្ញុំមានចិត្តក្លាហានលីឈើឆ្កាងរបស់យើងខ្ញុំជារៀងរាល់ថ្ងៃ។

បន្ទរ៖

បពិត្រព្រះយេស៊ូជាអម្ចាស់ សូមជួយយើងខ្ញុំឱ្យដើរតាមជំហានរបស់ព្រះអង្គផង។

ចម្រៀង៖ ព្រះយេស៊ូជួយសង្គ្រោះ

ព្រះគ្រីស្តជាព្រះពិតប្រាកដទ្រង់បានសោយទិវង្គតទាំងវេទនា
ព្រោះតែធ្វើតាមព្រះបញ្ជានៃព្រះបិតាដែលថ្វាយនាម
ព្រះកេសពោរពេញដោយលោហិតព្រះកាយជុំជិតសុទ្ធតែស្នាម
គេទុកព្រះអង្គដូចសំរាមព្រះកាយនិងឈាមសែនវេទនា
ដោយស្នាមរបួសនៃព្រះអង្គអាចជួយស្រោចស្រង់យើងគ្រប់គ្នា
ឱ្យផុតបាបទុក្ខផងនានាស្គាល់ក្តីសុខជាបានសះស្បើយ

ដំណាក់ទី ៨
លោកស៊ីម៉ូនជាអ្នកស្រុកគីរ៉េនលីឈើឆ្កាងជំនួសព្រះយេស៊ូ

អ្នកណែនាំ៖យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះគ្រីស្ត។
ឆ្លើយរួមគ្នា៖ព្រះអង្គបានបូជាព្រះជន្មដើម្បីសង្គ្រោះយើងខ្ញុំ។

ព្រះគម្ពីរដំណឹងល្អ (មក ១៥,២១)

ពេល​នោះ មាន​បុរស​ម្នាក់​ជា​អ្នក​ស្រុក​គីរ៉េន​ត្រឡប់​មក​ពី​ចម្ការ គេ​ចាប់​បង្ខំ​គាត់ឱ្យ​លី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូ។ អ្នក​នោះ​ឈ្មោះ​ស៊ីម៉ូន ជា​ឪពុក​របស់​អឡិច‌សង់ និង​រូភូស។

អធិដ្ឋាន៖

បពិត្រព្រះអម្ចាស់! សូមប្រោសប្រទានឱ្យយើងខ្ញុំចេះត្រៀមខ្លួនដើម្បីក្លាយជាឧបករណ៍របស់ព្រះអង្គនៅលើផែនដី។

បន្ទរ៖

បពិត្រព្រះយេស៊ូជាអម្ចាស់ សូមជួយយើងខ្ញុំឱ្យដើរតាមជំហានរបស់ព្រះអង្គផង។

ចម្រៀង៖ អ្វីៗដែលអ្នករាល់គ្នាបានប្រព្រឹត្ត

បន្ទរៈគ្រប់ពេលដែលអ្នករាល់គ្នាបានប្រព្រឹត្តអំពើអ្វី
ចំពោះអ្នកតូចតាចនោះគឺអ្នករាល់គ្នាបានប្រព្រឹត្តចំពោះខ្ញុំដែរ
កាលខ្ញុំឃ្លានអ្នករាល់គ្នាឱ្យអាហារខ្ញុំបរិភោគ
កាលខ្ញុំស្រេកអ្នករាល់គ្នាយកទឹកមកឱ្យខ្ញុំពិសា
បពិត្រព្រះអម្ចាស់តើយើងខ្ញុំដែលបានឃើញព្រះអង្គឃ្លាន
ឃើញព្រះអង្គស្រេក
រួមហើយបានយកអាហារ និងទឹកមកថ្វាយព្រះអង្គកាលពីពេលណា?

ដំណាក់ទី ៩
ព្រះយេស៊ូ និងស្ត្រីនៅក្រុងយេរូសាឡឹម

អ្នកណែនាំ៖យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះគ្រីស្ត។
ឆ្លើយរួមគ្នា៖ព្រះអង្គបានបូជាព្រះជន្មដើម្បីសង្គ្រោះយើងខ្ញុំ។

ព្រះគម្ពីរដំណឹងល្អ (លក ២៣,២៧-៣១)

ប្រជាជន​ច្រើន​កុះ‌ករ​ដើរ​តាម​ព្រះ‌អង្គ​ទៅ ព្រម​ទាំង​មាន​ពួក​ស្ត្រី​គក់​ទ្រូងយំ​សោក​អាណិត​ព្រះ‌អង្គផង។ ព្រះ‌យេស៊ូ​ងាក​មក​មាន​ព្រះ‌បន្ទូល​នឹង​ស្ត្រី​ទាំង​នោះ​ថា៖ «ស្ត្រី​ក្រុង​យេរូ‌សាឡឹម​អើយ! កុំ​យំ​សោក​អាណិត​ខ្ញុំ​ធ្វើ​អ្វី ចូរ​យំ​សោក​អាណិត​ខ្លួន​នាង និង​កូន​នាង​វិញ ដ្បិត​នៅ​ថ្ងៃ​ក្រោយ​នឹង​មាន​គេ​ពោល​ថា៖ “ស្ត្រី​ណា​ឥត​កូន​ ស្ត្រី​ណា​មិន​បង្កើត​កូន និង​ស្ត្រី​ណា​មិន​ដែល​បំបៅ​កូន ស្ត្រី​នោះ​ពិត​ជា​មាន​សុភមង្គល​មែន”។ នៅ​ពេល​នោះ គេ​នឹង​និយាយ​ទៅ​ភ្នំ​ថា៖ “ចូរ​រលំ​សង្កត់​ពី​លើ​យើង​ខ្ញុំ​មក! ចូរ​ជួយ​លាក់​ខ្លួន​យើង​ខ្ញុំ​ផង!”។ បើ​គេ​ធ្វើ​បាប​ឈើ​ស្រស់​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​ឈើ​ងាប់​វិញ តើ​គេ​នឹង​ធ្វើ​បាប​ដល់​កម្រិត​ណា​ទៅ!»។

អធិដ្ឋាន៖

បពិត្រព្រះអម្ចាស់! សូមប្រោសប្រទានឱ្យយើងខ្ញុំមានចិត្តសប្បុរស ចេះលើកទឹកចិត្តអស់អ្នកដែលកាន់ទុក្ខសោកសង្រេង។

បន្ទរ៖

បពិត្រព្រះយេស៊ូជាអម្ចាស់ សូមជួយយើងខ្ញុំឱ្យដើរតាមជំហានរបស់ព្រះអង្គផង។

ចម្រៀង៖ កុំឱ្យរន្ធត់ចិត្ត

កុំឱ្យរន្ធត់ចិត្ត កុំឱ្យយើងភ័យខ្លាច ព្រោះយើងមានព្រះអម្ចាស់គង់នៅជាមួយយើង
កុំឱ្យរន្ធត់ចិត្ត កុំឱ្យយើងភ័យខ្លាច មានព្រះម្ចាស់បានហើយ។


ដំណាក់ទី ១០
គេ​ឆ្កាង​ព្រះ‌យេស៊ូ

អ្នកណែនាំ៖យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះគ្រីស្ត។
ឆ្លើយរួមគ្នា៖ព្រះអង្គបានបូជាព្រះជន្មដើម្បីសង្គ្រោះយើងខ្ញុំ។

ព្រះគម្ពីរដំណឹងល្អ (លក ២៣,៣៣-៣៤)

លុះ​មក​ដល់​កន្លែង​មួយ​ដែល​គេ​ហៅ​ថា “ភ្នំ​លលាដ៍​ក្បាល” គេ​ឆ្កាង​ព្រះ‌យេស៊ូ​នៅ​ទី​នោះ ហើយ​គេ​ក៏​ឆ្កាង​អ្នក​ទោស​ទាំង​ពីរ​នាក់​នោះ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ​ព្រះ‌អង្គ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​ព្រះ‌អង្គ។  ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ព្រះ‌បិតា​អើយ! សូម​ព្រះ‌អង្គ​អត់‌ទោសឱ្យ​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ថា​គេ​កំពុង​ធ្វើ​អ្វី​ឡើយ»។ គេ​យក​សម្លៀក‌បំពាក់​របស់​ព្រះ‌អង្គមក​ចាប់​ឆ្នោត​ចែក​គ្នា។

អធិដ្ឋាន៖

បពិត្រព្រះអម្ចាស់! សូមប្រោសប្រទានឱ្យយើងខ្ញុំមានចិត្តមេត្តាករុណា ដើម្បីយើងខ្ញុំចេះបង្ហាញការសម្រុះសម្រួល និងលើកលែងទោសរបស់ព្រះអង្គចំពោះមនុស្សទាំងអស់។

បន្ទរ៖

បពិត្រព្រះយេស៊ូជាអម្ចាស់ សូមជួយយើងខ្ញុំឱ្យដើរតាមជំហានរបស់ព្រះអង្គផង។

ចម្រៀង៖ ឱ! ជនកម្សត់

ឱ! ជនកម្សត់ម្តេចក៏ប្រាសព្រាត់ពីព្រះយេស៊ូចូរមកយ៉ាងឆាប់
មកយ៉ាងប្រញាប់សូមទ្រង់លើកលែងទោស
បន្ទរៈឱ! ព្រះយេស៊ូសូមមេត្តាលើកលែងទោសឱ្យយើងខ្ញុំទាំងឡាយ
ខ្ញុំបាត់ស្មារតីបាត់ទាំងសិរីធ្លាក់ខ្លួនក្សិណក្ស័យព្រោះតែបាបកម្ម
ខុសព្រះបណ្តាំនៃព្រះអម្ចាស់
រាល់ទិនទិវា ខ្មាំងមកយាយីគ្រប់ទាំងទិសទីពីទីជម្រៅ
យើងខ្ញុំស្រែកហៅសូមឱ្យព្រះអង្គជួយ

ដំណាក់ទី ១១
ព្រះ‌យេស៊ូសន្យាជាមួយអ្នកទោស

អ្នកណែនាំ៖យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះគ្រីស្ត។
ឆ្លើយរួមគ្នា៖ព្រះអង្គបានបូជាព្រះជន្មដើម្បីសង្គ្រោះយើងខ្ញុំ។

ព្រះគម្ពីរដំណឹងល្អ (លក ២៣,៣៩-៤៣)

អ្នក​ទោស​ម្នាក់​ដែល​ជាប់​ឆ្កាង​ពោល​ប្រមាថ​ព្រះ‌យេស៊ូ​ថា៖ «បើ​អ្នក​ជា​ព្រះ‌គ្រីស្ដ​មែន ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ទៅ ហើយ​សង្គ្រោះ​យើង​ផង!»។ ប៉ុន្តែ អ្នក​ទោស​ម្នាក់​ទៀត​ស្ដីឱ្យ​អ្នក​នោះ​ថា៖ «ឯង​មិន​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ទេ​ឬ? ឯង​ត្រូវ​គេ​កាត់​ទោស​ដូច​លោក​ដែរ។ គេ​ធ្វើ​ទោសយើង​នេះ​ត្រូវ​ហើយ យើង​ទទួល​ទោស​តាម​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត។ រីឯ​លោក​វិញ លោក​មិន​បាន​ធ្វើ​អំពើ​អាក្រក់​អ្វី​សោះ»។ បន្ទាប់​មក គាត់​ទូល​ព្រះ‌អង្គ​ថា៖ «ឱ​ព្រះ‌យេស៊ូ​អើយ! ពេល​ព្រះ‌អង្គ​យាង​មក​គ្រង​រាជ្យ សូម​កុំ​ភ្លេច​ទូល‌បង្គំ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឱ្យ​អ្នក​ដឹង​ច្បាស់​ថា ថ្ងៃ​នេះ អ្នក​បាន​ទៅ​នៅ​ស្ថាន​បរម‌សុខ​ជា​មួយ​ខ្ញុំ»

អធិដ្ឋាន៖

បពិត្រព្រះអម្ចាស់! សូមប្រោសប្រទានឱ្យយើងខ្ញុំចេះតស៊ូព្យាយាម ដើម្បីយើងស្វែងរកព្រះអង្គឥតឈប់ឈរ។

បន្ទរ៖

បពិត្រព្រះយេស៊ូជាអម្ចាស់ សូមជួយយើងខ្ញុំឱ្យដើរតាមជំហានរបស់ព្រះអង្គផង។

ចម្រៀង៖ ព្រះយេស៊ូសូមកុំភ្លេចខ្ញុំ

ព្រះយេស៊ូ! សូមកុំភ្លេចខ្ញុំ! ពេលព្រះអង្គយាងមកគ្រងរាជ្យ (២ដង)។


ដំណាក់ទី ១២
ព្រះយេស៊ូមានព្រះបន្ទូលជាមួយមាតា និងសាវ័កព្រះអង្គ

អ្នកណែនាំ៖យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះគ្រីស្ត។
ឆ្លើយរួមគ្នា៖ព្រះអង្គបានបូជាព្រះជន្មដើម្បីសង្គ្រោះយើងខ្ញុំ។

ព្រះគម្ពីរដំណឹងល្អ (យហ ១៩,២៥-២៧)

មាតា​ព្រះ‌យេស៊ូ ប្អូន​ស្រី​មាតា​ព្រះ‌អង្គ នាង​ម៉ារី​ជា​ភរិយា​លោក​ក្លូប៉ាស និង​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡាឈរ​ក្បែរ​ឈើ​ឆ្កាង​របស់​ព្រះ‌អង្គ។ ព្រះ‌យេស៊ូ​ឃើញ​មាតា ព្រម​ទាំង​សាវ័ក​ដែល​ព្រះ‌អង្គ​ស្រឡាញ់​នោះ​ឈរ​នៅ​ជិត ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​មាតា​ថា៖ «អ្នក​អើយ! នេះ​ហើយ​កូន​របស់​អ្នក»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​សាវ័ក​ថា៖ «នេះ​ហើយ​ម្ដាយ​របស់​អ្នក»។ តាំង​ពី​ពេល​នោះ​មក សាវ័ក​នោះ​យក​គាត់​មក​នៅ​ជា​មួយ។

អធិដ្ឋាន៖

បពិត្រព្រះអម្ចាស់! សូមប្រោសប្រទានឱ្យយើងខ្ញុំមានចិត្តនឹងន ចេះយកអាសាអស់បងប្អូនដែលត្រូវការជំនួយ។

បន្ទរ៖

បពិត្រព្រះយេស៊ូជាអម្ចាស់ សូមជួយយើងខ្ញុំឱ្យដើរតាមជំហានរបស់ព្រះអង្គផង។

ចម្រៀង៖ ទីណាមានមេត្តា

ទីណាមានមេត្តា   និងក្តីស្រឡាញ់!   ទីណាមានមេត្តា  ព្រះអម្ចាស់គង់ជាមួយ។


ដំណាក់ទី ១៣
ព្រះ‌យេស៊ូ​សោយ​ទិវង្គតនៅលើឈើឆ្កាង

អ្នកណែនាំ៖យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះគ្រីស្ត។
ឆ្លើយរួមគ្នា៖ព្រះអង្គបានបូជាព្រះជន្មដើម្បីសង្គ្រោះយើងខ្ញុំ។

ព្រះគម្ពីរដំណឹងល្អ (លក ២៣,៤៤-៤៦)

ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់ ផែន‌ដី​ទាំង​មូល​ងងឹត​សូន្យ​រហូត​ដល់​ម៉ោង​បី​រសៀល ព្រះ‌អាទិត្យ​បាត់​រស្មី វាំងនន​នៅ​ក្នុង​ព្រះ‌វិហារ​រហែក​ជា​ពីរចំ​ពាក់​កណ្ដាល។ ព្រះ‌យេស៊ូ​បន្លឺ​ព្រះ‌សូរ‌សៀង​ខ្លាំងៗ​ថា៖ «ព្រះ‌បិតា! ទូល‌បង្គំ​សូម​ប្រគល់​វិញ្ញាណ​របស់​ទូល‌បង្គំទៅ​ក្នុង​ព្រះ‌ហស្ដ​ព្រះ‌អង្គ​វិញ​»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយក៏​រលត់​វិញ្ញាណ​ទៅ។

អធិដ្ឋាន៖

បពិត្រព្រះអម្ចាស់! សូមប្រោសប្រទានឱ្យយើងខ្ញុំទុកចិត្តលើព្រះអង្គ ដើម្បីយើងខ្ញុំប្រគល់វិញ្ញាណរបស់យើងខ្ញុំនៅលើផែនដីនេះក្នុងព្រះហស្តរបស់ព្រះអង្គនៅពេលស្លាប់ផង។

បន្ទរ៖

បពិត្រព្រះយេស៊ូជាអម្ចាស់ សូមជួយយើងខ្ញុំឱ្យដើរតាមជំហានរបស់ព្រះអង្គផង។

ចម្រៀង៖ ព្រះយេស៊ូបានសុគត

ព្រះយេស៊ូបានសុគតទ្រង់បានបូជាព្រះជន្មឰដ៏ឈើឆ្កាង
អំពើអាក្រក់មនុស្សច្រើនពន់ប្រមាណធ្វើឱ្យព្រះអង្គសោយក្តីលំបាក
ដោយស៊ូទ្រាំរងទុក្ខក្នុងអង្គប្រាណ
មាតារបស់ព្រះអង្គរងទុក្ខឈឺចាប់ខ្លោចផ្សានៅក្បែឈើឆ្កាង
ពេញទាំងឱរ៉ាមេត្តាអាណិតបុត្រថ្លៃដែលរងទណ្ឌកម្មដោយមិនចេញស្តី
ដើម្បីសង្គ្រោះមនុស្សលោកីយ៍
យើងខ្ញុំថ្លែងអំណរគុណចំពោះហឫទ័យមេត្តាសន្តោសយើងខ្ញុំ
យើងខ្ញុំសូមសន្យាថាវៀរចាកអាក្រក់សូមជួយយើងខ្ញុំកាន់ផ្លូវទៀងត្រង់
និងបានជ្រកកោនក្រោមម្លប់ព្រះអង្គ

ដំណាក់ទី ១៤
គេដាក់ព្រះសពព្រះយេស៊ូនៅក្នុងផ្នូរថ្មី

អ្នកណែនាំ៖យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះគ្រីស្ត។
ឆ្លើយរួមគ្នា៖ព្រះអង្គបានបូជាព្រះជន្មដើម្បីសង្គ្រោះយើងខ្ញុំ។

ព្រះគម្ពីរដំណឹងល្អ (មថ ២៧,៥៧-៦០)

លុះ​ដល់​ល្ងាច មាន​សេដ្ឋី​ម្នាក់ឈ្មោះ​យ៉ូសែប ជា​អ្នក​ក្រុង​អារី‌ម៉ាថេមក​ដល់ គាត់​ក៏​ជា​សាវ័ក​របស់​ព្រះ‌យេស៊ូ​ដែរ។ គាត់​បាន​អញ្ជើញ​ទៅ​ជួប​លោក​ពីឡាត សុំ​យក​ព្រះ‌សព​ព្រះ‌យេស៊ូ។ លោក​ពីឡាត​ក៏​បញ្ជា​ឱ្យគេ​ប្រគល់​ព្រះ‌សព​មក​គាត់។ លោក​យ៉ូសែប​យក​ព្រះ‌សព​មករុំ​នឹង​ក្រណាត់​ផាឌិប​ថ្មី រួច​ដាក់​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់ ជា​រូង​ថ្ម​ដែល​គេ​ដាប់​ធ្វើ​ផ្នូរ។ បន្ទាប់​មក គាត់​ប្រមៀល​ថ្ម​មួយ​ដុំ​ធំ​បិទ​មាត់​ផ្នូរ ហើយ​ចាក‌ចេញ​ទៅ។

អធិដ្ឋាន៖

បពិត្រព្រះអម្ចាស់! សូមប្រោសប្រទានឱ្យយើងខ្ញុំមានចិត្តមេត្តាករុណាចេះយកអាសាអស់បងប្អូនដែលត្រូវការជំនួយ។

បន្ទរ៖

បពិត្រព្រះយេស៊ូជាអម្ចាស់ សូមជួយយើងខ្ញុំឱ្យដើរតាមជំហានរបស់ព្រះអង្គផង។

ចម្រៀង៖ អំពើអាក្រក់របស់ខ្ញុំ

បន្ទរៈព្រះអម្ចាស់ខ្ញុំដឹងច្បាស់ហើយថាព្រោះយើងខ្ញុំទើបព្រះអង្គក្ស័យ
ដោយរងទុក្ខលំបាកឥតចេញស្តីខ្ញុំសូមទោសសូមទ្រង់មេត្តា
អំពើអាក្រក់ខ្ញុំច្រើនឥតគណនាធ្វើឱ្យព្រះម្ចាស់ព្រួយហឫទ័យ
ម្តេចឡើយក៏ខ្ញុំនៅរឹងទទឹងមិនចាប់ភ្លឹកលន់តួព្រះអង្គ
នៅសួនច្បារកេតសេម៉ានីនោះព្រះអង្គដួលព្រោះទតបាបច្រើន
សូមបិតាវៀរពែងទុក្ខនេះចេញតែសូមតាមព្រះហឫទ័យចុះ

អធិដ្ឋានបញ្ចប់៖

បពិត្រព្រះអម្ចាស់យេស៊ូគ្រីស្ត
ព្រះអង្គបានរងទុក្ខលំបាក និងសោយទិវង្គត
ដើម្បីជាសក្ការបូជាបង្រួបបង្រួមផែនដី និងស្ថានបរមសុខ
និងដើម្បីសម្រុះសម្រួលមនុស្សទាំងអស់ជាមួយព្រះអង្គ។

សូមប្រោសឱ្យយើងខ្ញុំចេះទុកចិត្តលើគម្រោងការដ៏អាថ៌កំបាំងនេះ
ដើម្បីយើងខ្ញុំរួមដំណើរ និងចែករំលែកសិរីរុងរឿងឯស្ថានបរមសុខ
ដែលព្រះអង្គគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ជាព្រះជាម្ចាស់តែមួយ អស់កល្បជាអង្វែងតរៀងទៅ។

ឆ្លើយរួមគ្នា ៖ អាម៉ែន។


ទំព័រពាក់ព័ន្ធ | Related pages
អធិដ្ឋានជានិច្ច
នមស្ការព្រះកាយ
អធិដ្ឋានតាមមាលា
ដំណើរផ្លូវឈើឆ្កាង
ការធ្វើសមាធិ
2,148 Views

Theme: Overlay by Kaira