អធិដ្ឋានតាមមាលា
អ្នកអធិដ្ឋានតាមមាលារួមចិត្តគំនិតជាមួយនាងម៉ារីដែលជាគ្រីស្តបរិស័ទដើមដំបូង និងជាគ្រីស្តបរិស័ទគំរូ ដើម្បីនឹកសញ្ជឹងអំពីព្រឹត្តិការណ៍សំខាន់ៗនៃការសង្គ្រោះ។
តាមប្រពៃណីព្រះសហគមន៍ត្រូវសូត្រធម៌ «ឱព្រះបិតា» ១ដង រួចធម៌ «បពិត្រព្រះនាងម៉ារី» ១០ដង និងធម៌ «កោតសរសើរ» ១ដង។
ពេលសូត្រធម៌ «បពិត្រព្រះនាងម៉ារី» ត្រូវនឹកសញ្ជឹងអំពីព្រឹត្តិការណ៍ដ៏អស្ចារ្យមួយចំនួនក្នុងចំណោមព្រឹត្តិការណ៍ទាំង៤ ដែលព្រះជាម្ចាស់បានប្រព្រឹត្តដើម្បីសង្គ្រោះមនុស្សលោក។
ព្រឹត្តិការណ៍ដ៏អស្ចារ្យទាំង៤ ដែលគ្រីស្តបរិស័ទធ្លាប់អធិដ្ឋានតាមថ្ងៃមានដូចខាងក្រោមនេះគឺ៖
ធម៌ ប្រកាសជំនឿ
- ខ្ញុំជឿលើជាម្ចាស់ជាព្រះបិតា ដ៏មានឫទ្ធានុភាពសព្វប្រការ ជាព្រះបង្កើតមេឃ និងដី។
- ខ្ញុំជឿលើព្រះយេស៊ូគ្រីស្ដ ជាព្រះបុត្រាតែមួយនៃព្រះបិតា ហើយជាព្រះអម្ចាស់យើងខ្ញុំ។
ព្រះអង្គមានកំណើតជាំមនុស្ស ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ ហើយទ្រង់បានប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី ព្រះអង្គបានសោយទុក្ខលំបាកនៅជំនាន់លោកប៉ុនពីឡាត។
ព្រះអង្គត្រូវគេឆ្កាង សោយទិវង្គត ហើយព្រះសពព្រះអង្គត្រូវគេបញ្ចុះក្នុងរូងថ្មមួយ។
ព្រះអង្គបានយាងចុះទៅស្ថានក្រោម លុះដល់ថ្ងៃទីបី ព្រះអង្គមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ព្រះអង្គបានយាងឡើងស្ថានបរមសុខ ទៅគង់ខាងស្ដាំព្រះជាម្ចាស់ព្រះបិតា ដ៏មានឫទ្ធានុភាពសព្វប្រការ។
ព្រះអង្គនឹងយាងមកវិញ ដើម្បីវិនិច្ឆ័យមនុស្សទាំងរស់ទាំងស្លាប់។ - ខ្ញុំជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ ខ្ញុំជឿលើព្រះសហគមន៍កាតូលិកដ៏វិសុទ្ធ និងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ ខ្ញុំជឿថា មានការលើកលែងទោសមនុស្សឱ្យរួចបាប ហើយរូបកាយមនុស្សនឹងរស់ឡើងវិញ ព្រមទាំងមានជីវិតរស់នៅអស់កល្បជានិច្ចផង។ អាម៉ែន។
ធម៌ ឱព្រះបិតា
ឱ ! ព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ !
សូមសម្តែងព្រះបារមីឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ ។
សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ ។
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យអស់អ្នក
ដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ ។
តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច ។
ធម៌បពិត្រព្រះនាងម៉ារី
បពិត្រព្រះនាងម៉ារី ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់
សូមនាងមានអំណរសប្បាយ ព្រះអង្គគង់នៅជាមួយនាង
ព្រះអង្គបានប្រទានពរដល់នាងលើសស្រ្ដីទាំងឡាយ
ហើយទ្រង់ក៏ប្រទានពរដល់ព្រះយេស៊ូជាបុត្រនៃនាងដែរ។
ឱ! សន្ដីម៉ារី ជាមាតាព្រះជាម្ចាស់!
សូមជួយអង្វរព្រះអង្គឱ្យយើងខ្ញុំជាអ្នកបាប
នៅពេលឥឡូវនេះ ហើយនៅពេលស្លាប់ផង។ អាម៉ែន។
ធម៌សូមកោតសរសើរ
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើររៀងមក
ហើយជាដរាបតរៀងទៅ។
អាម៉ែន។
ព្រឹត្តិការណ៍នាំឱ្យអរសប្បាយ
១. ព្រះជាម្ចាស់ចាត់ទេវទូតជូនដំណឹងព្រះនាងម៉ារី
«នាងនឹងមានគភ៌ សម្រាលបានបុត្រមួយ ដែលនាងត្រូវថ្វាយព្រះនាមថា“យេស៊ូ”» (លក ១,៣១)។
ឃ្លារិះគិត៖
ព្រះយេស៊ូមានសម្បត្ដិដ៏ច្រើន ព្រះអង្គបានដាក់ខ្លួនមកជាអ្នកក្រីក្រព្រោះតែបងប្អូន (២ករ ៨,៩)។
ពាក្យសូមអង្វរ៖
សូមព្រះបិតាជាអម្ចាស់ ប្រោសប្រណីដល់យើងខ្ញុំទាំងអស់គ្នានៅទីនេះ និងអស់អ្នកឯទៀតៗដែលទទួលទាំងដំណឹងល្អ និងដំណឹងអាក្រក់ដែរ។
២. ព្រះនាងម៉ារីទៅជម្រាបសួរនាងអេលីសាបិត
«ពេលនាងអេលីសាបិតឮព្រះនាងម៉ារីជម្រាបសួរ ទារកក្នុងផ្ទៃនាងក៏បំរះឡើង» (លក ១,៤១)។
ឃ្លារិះគិត៖
នាងអេលីសាបិតបន្លឺសំឡេងថា៖ «នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿ» (លក ១,៤៥)។
ពាក្យសូមអង្វរ៖
សូមព្រះបិតាជាអម្ចាស់ ប្រោសឱ្យយើងខ្ញុំរួមជាមួយអស់អ្នកដែលយកចិត្ដទុកដាក់បម្រើអ្នកដទៃផង។
៣. ព្រះយេស៊ូប្រសូតមកក្នុងលោកយើងនេះ
«នាងសម្រាលបានបុត្រមួយ ជាបុត្រច្បង។ នាងរុំបុត្រនោះនឹងសំពត់ រួចដាក់ឲ្យផ្ទំក្នុងស្នូកសត្វ» (លក ២,៧)។
ឃ្លារិះគិត៖
ព្រះអម្ចាស់បានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ (ភីល ២,៧)។
ពាក្យសូមអង្វរ៖
សូមព្រះបិតាជាអម្ចាស់ ប្រោសឱ្យយើងខ្ញុំរួបរួមជាមួយអស់អ្នកដែលយកចិត្ដទុកដាក់ការពារជីវិតផង។
៤. ព្រះនាងម៉ារីបីព្រះឱរសយេស៊ូទៅថ្វាយព្រះជាម្ចាស់
«ភ្នែកទូលបង្គំបានឃើញការសង្គ្រោះ ដែលព្រះអង្គបានប្រទានមកឱ្យប្រជាជាតិទាំងអស់» (លក ២,៣០-៣១)។
ឃ្លារិះគិត៖
នៅពេលព្រះគ្រីស្ដយាងចូលក្នុងពិភពលោក ព្រះអង្គមានព្រះបន្ទូលថា៖ «បពិត្រព្រះជាម្ចាស់ឥឡូវនេះ ទូលបង្គំសូមមកធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ» (ហប ១០,៧)។
ពាក្យសូមអង្វរ៖
បពិត្រព្រះបិតាជាអម្ចាស់ សូមព្រះអង្គប្រោសឱ្យប្រជាជាតិនានារកឃើញពន្លឺរបស់ព្រះគ្រីស្ដផង។
៥. នាងម៉ារី និងលោកយ៉ូសែបរកឃើញព្រះកុមារយេស៊ូក្នុងព្រះវិហារ
ព្រះកុមារមានព្រះបន្ទូលតបថា៖«កូនត្រូវនៅក្នុងដំណាក់ព្រះបិតារបស់កូន» (លក ២,៤៩)។
ឃ្លារិះគិត៖
«ព្រះបិតាគង់នៅជាមួយខ្ញុំ ខ្ញុំតែងប្រព្រឹត្តកិច្ចការណាដែលគាប់ព្រះហឫទ័យព្រះអង្គជានិច្ច» (យហ ៨,២៩)។
ពាក្យសូមអង្វរ៖
បពិត្រព្រះបិតាជាអម្ចាស់ សូមព្រះអង្គប្រោសឱ្យយើងខ្ញុំរួមជាមួយអស់អ្នកទាំងឡាយដែលកំពុងជម្រាបបន្ដជំនឿរបស់គ្រីស្ដបរិស័ទដល់អ្នកឯទៀតផង។
ព្រឹត្តិការណ៍សម្ដែងព្រះពន្លឺ
១. ព្រះយេស៊ូទទួលពិធីជ្រមុជទឹក
«ពេលព្រះអង្គយាងឡើងពីទឹកមកភ្លាម ព្រះអង្គទតឃើញផ្ទៃមេឃរហែកជាពីរ ហើយព្រះវិញ្ញាណយាងចុះដូចសត្វព្រាប មកសណ្ឋិតលើព្រះអង្គ» (មក ១,១០)។
ឃ្លារិះគិត៖
«យើងបានទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណតែមួយ ដើម្បីផ្សំគ្នាឡើងជាព្រះកាយតែមួយ»។ (១ករ ១២,១៣)។
ពាក្យសូមអង្វរ៖
បពិត្រព្រះបិតាជាអម្ចាស់ សូមព្រះអង្គប្រោសអស់អ្នកដែលមានបន្ទុកដឹកនាំប្រជាជាតិនានា សូមឱ្យគេបណ្ដោយខ្លួនឱ្យព្រះវិញ្ញាណណែនាំ។
២. ព្រះយេស៊ូប្រែទឹកឱ្យក្លាយជាស្រា
«ការអស្ចារ្យនេះ ជាទីសម្គាល់ដំបូងបង្អស់ ដែលព្រះយេស៊ូបានធ្វើ។ ព្រះអង្គបានសម្ដែងសិរីរុងរឿង ហើយពួកសាវ័កក៏បានជឿលើព្រះអង្គ» (យហ ២,១១)។
ឃ្លារិះគិត៖
«ព្រះយេស៊ូបានធ្វើទីសម្គាល់ផ្សេងៗជាច្រើនទៀត ដើម្បីឱ្យអ្នកជឿមានជីវិតដោយរួមជាមួយព្រះអង្គ» (យហ ២០,៣០-៣១)។
ពាក្យសូមអង្វរ៖
បពិត្រព្រះបិតាជាអម្ចាស់ សូមព្រះអង្គប្រោសឱ្យគូស្រករទាំងអស់ ស៊ូទ្រាំរស់នៅជាមួយគ្នា ទោះបីគេជួបការលំបាកយ៉ាងណាក្ដី។
៣. ព្រះយេស៊ូប្រកាសអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់
«ចូរកែប្រែចិត្តគំនិត ដ្បិតព្រះរាជ្យនៃស្ថានបរមសុខនៅជិតបង្កើយហើយ!»។ (មថ ៤,១៧)
ឃ្លារិះគិត៖
«ព្រះអង្គប្រោសអ្នកជំងឺផ្សេងៗជាច្រើនឱ្យបានជាសះស្បើយ» (លក ៤,៤០)។
ពាក្យសូមអង្វរ៖
សូមព្រះបិតាជាអម្ចាស់ មេត្ដាបង្ហាញព្រះភក្រ្ដព្រះអង្គដល់អស់បងប្អូនដែលសង្គមបោះបង់ចោល ជាពិសេសស្រ្ដីពេស្យា អ្នកស្រឡាញ់ភេទដូចគ្នា អស់អ្នកដែលរស់ដោយសារគំនរសម្រាមជាដើមផង។
៤. ព្រះជាម្ចាស់បង្ហាញសិរីរុងរឿងរបស់ព្រះយេស៊ូ
«ព្រះភ័ក្ត្ររបស់ព្រះយេស៊ូបញ្ចេញរស្មីចែងចាំងដូចពន្លឺថ្ងៃ ហើយព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សដូចពន្លឺ» (មថ ១៧,២)។
ឃ្លារិះគិត៖
«ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយដ៏ថោកទាបរបស់យើងនេះ ឱ្យបានដូចព្រះកាយប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ» (ភីល ៣,២១)។
ពាក្យសូមអង្វរ៖
សូមព្រះបិតាជាអម្ចាស់ មេត្ដាបង្ហាញរស្មីពណ្ណារាយរបស់ព្រះអង្គដល់អ្នកដែលមានស្នាមរបួសលើមុខលើរាងកាយ រួមជាំមួយជនពិការ និងអ្នកដែលយើងខ្ញុំមិនស្រឡាញ់គេផង។
៥. ព្រះយេស៊ូតាំងអគ្គសញ្ញាអរព្រះគុណ
«នេះជារូបកាយ និងលោហិតរបស់ខ្ញុំ ដែលចងសម្ពន្ធមេត្រីថ្មី សម្រាប់អ្នករាល់គ្នា» (មក ១៤,២២-២៤)។
ឃ្លារិះគិត៖
«ព្រះជាម្ចាស់បានលោះយើងដោយព្រះលោហិតរបស់ព្រះគ្រីស្ដ» (អភ ១,៧)។
ពាក្យសូមអង្វរ៖
សូមព្រះបិតាជាអម្ចាស់ មេត្ដាប្រោសឱ្យយើងខ្ញុំសុខចិត្តបូជាជីវិតរួមជាមួយព្រះបុត្រាដែលបូជាព្រះជន្មដោយព្រះហឫទ័យស្រឡាញ់ផង។
ព្រឹត្តិការណ៍នៃទុក្ខលំបាក
១. ព្រះយេស៊ូស្លុតរន្ធត់នៅក្នុងសួនច្បារកេតសេម៉ានី
ព្រះយេស៊ូទូលថា៖ «អ័ប្បា ឱព្រះបិតាអើយ! សូមឱ្យបានសម្រេចតាមព្រះហឫទ័យព្រះអង្គវិញ» (មក ១៤,៣៣-៣៦)។
ឃ្លារិះគិត៖
ព្រះគ្រីស្ដគ្មានបាបទាល់តែសោះ ព្រះអង្គទៅជាតួបាបសម្រាប់យើង ដើម្បីប្រោសយើងឱ្យបានសុចរិត រួមជាមួយព្រះគ្រីស្ដដែរ (១ករ ៦,២១)។
ពាក្យសូមអង្វរ៖
សូមព្រះបិតាជាអម្ចាស់ ទ្រង់ព្រះមេត្ដាប្រោសដល់អស់អ្នកដែលបានសម្រេចចិត្ដជ្រើសរើសធ្វើកិច្ចការដ៏សំខាន់ៗក្នុងថ្ងៃនេះផង។
២. ព្រះយេស៊ូត្រូវគេវាយនឹងរំពាត់
«ពេលនោះ លោកពីឡាតបង្គាប់ឱ្យទាហានយកព្រះយេស៊ូទៅវាយនឹងរំពាត់» (យហ ១៩,១)។
ឃ្លារិះគិត៖
«លោកទទួលការឈឺចាប់ពេញក្នុងខ្លួន។ យើងក៏បានជាសះស្បើយដោយសារស្នាមរបួសរបស់លោក» (អស ៥៣,៣-៥)។
ពាក្យសូមអង្វរ៖
សូមព្រះបិតាជាអម្ចាស់ ប្រោសប្រណីឱ្យយើងខ្ញុំចូលរួមជាមួយអស់អ្នកដែលឈឺចុកចាប់ខាងរាងកាយ និងអស់អ្នកដែលត្រូវគេធ្វើបាបផង។
៣. គេបំពាក់មកុដបន្លាលើព្រះយេស៊ូ
ពួកទាហានគោរពព្រះយេស៊ូ ទាំងពោលចំអកថា៖ «សូមគោរពថ្វាយបង្គំស្ដេចយូដា!» (មក ១៥,១៦)។
ឃ្លារិះគិត៖
«លោកត្រូវរបួសព្រោះបាបកម្មរបស់យើង លោកត្រូវគេជាន់ញក់ញឺ ព្រោះតែអំពើអាក្រក់របស់យើង» (អស ៥៣,៥)។
ពាក្យសូមអង្វរ៖
សូមព្រះបិតាជាអម្ចាស់ មេត្ដាប្រោសប្រណីដល់អស់អ្នកដែលត្រូវគេចំអកឡកឡឺយ និងអ្នកត្រូវគេមើលងាយផង។
៤. ព្រះយេស៊ូលីឈើឆ្កាង
ព្រះយេស៊ូលីឈើឆ្កាងដោយផ្ទាល់ព្រះអង្គ ឆ្ពោះទៅ«ទួលលលាដ៍ក្បាល» (យហ ១៩,១៧)។
ឃ្លារិះគិត៖
«អ្នកណាចង់តាមខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរាល់ថ្ងៃ ហើយមកតាមខ្ញុំចុះ» (លក ៩,២៣)។
ពាក្យសូមអង្វរ៖
សូមព្រះបិតាជាអម្ចាស់ ប្រោសប្រណីឱ្យយើងខ្ញុំចូលរួមជាមួយអស់អ្នកដែលកំពុងលីឈើឆ្កាងដើរតាមព្រះអង្គផង។
៥. ព្រះយេស៊ូសោយទិវង្គត
ព្រះយេស៊ូបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «ព្រះបិតា! ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្ដព្រះអង្គវិញ» (លក ២៣,៤៦)។
ឃ្លារិះគិត៖
«ខ្ញុំរស់ដោយមានជំនឿទៅលើព្រះបុត្រាដែលបានស្រឡាញ់ខ្ញុំ និងបានបូជាព្រះជន្មសម្រាប់ខ្ញុំ» (កាឡ ២,២០)។
ពាក្យសូមអង្វរ៖
សូមព្រះបិតាជាអម្ចាស់ មេត្ដាប្រោសប្រទានកម្លាំងចិត្ដដល់អស់អ្នកដែលហៀបនឹងទទួលមរណភាព ទាំងគ្មានចិត្ដសង្ឃឹមផង។
ព្រឹត្តិការណ៍សម្ដែងសិរីរុងរឿង
១. ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ
ទេវទូតនិយាយទៅកាន់ស្រ្ដីៗថា៖ «កុំភ័យខ្លាចអ្វី! ព្រះយេស៊ូមិននៅទីនេះទេ ព្រះអង្គមានព្រះជន្មរស់ឡើងវិញដូចទ្រង់មានព្រះបន្ទូលរួចមកហើយ» (មថ ២៨,៥-៦)។
ឃ្លារិះគិត៖
«ប្រសិនបើយើងរួមស្លាប់ជាមួយព្រះគ្រីស្ដ យើងជឿថា យើងនឹងមានជីវិតរួមជាមួយព្រះអង្គដែរ» (រ៉ូម ៦,៨-៩)។
ពាក្យសូមអង្វរ៖
សូមព្រះបិតាជាអម្ចាស់ មេត្ដាប្រោសប្រណីឱ្យយើងខ្ញុំចូលរួមជាមួយអស់អ្នកដែលបានឆ្លងកាត់គ្រាដ៏លំបាកទាំងឡាយផង។
២. ព្រះយេស៊ូយាងឡើងស្ថានបរមសុខ
«នៅពេលដែលព្រះយេស៊ូកំពុងតែប្រទានពរដល់ក្រុមសាវ័ក ព្រះជាម្ចាស់លើកយកព្រះអង្គចេញពីគេ ឡើងទៅស្ថានបរមសុខ» (លក ២៤,៥១)។
ឃ្លារិះគិត៖
«ខ្ញុំទៅរៀបចំកន្លែងដែលខ្ញុំនៅទុកសម្រាប់អ្នករាល់គ្នា» (យហ ១៤,២)។
ពាក្យសូមអង្វរ៖
សូមព្រះបិតាជាអម្ចាស់ មេត្ដាប្រោសប្រទានឱ្យយើងខ្ញុំចូលរួមជាមួយអស់អ្នកដែលតស៊ូដើម្បីស្វែងរកតម្លៃនៃជីវិតផង។
៣. ព្រះវិញ្ញាណយាងមកសណ្ឋិតលើក្រុមសាវ័ក
«អ្នកទាំងនោះបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗពីគ្នា តាមព្រះវិញ្ញាណប្រោសប្រទានឱ្យ» (កក ២,៤)។
ឃ្លារិះគិត៖
«រូបកាយរបស់បងប្អូនជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលគង់នៅក្នុងបងប្អូន» (១ករ ៦,១៩)។
ពាក្យសូមអង្វរ៖
សូមព្រះបិតាជាអម្ចាស់ ប្រោសឱ្យយើងខ្ញុំរួមជាមួយគ្រីស្ដបរិស័ទទាំងអស់ដែលជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធផង។
៤. ព្រះជាម្ចាស់លើកនាងម៉ារីឡើងស្ថានបរមសុខ
«អស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ ទ្រង់ក៏ប្រទានឱ្យគេមានសិរីរុងរឿងដែរ» (រ៉ូម ៨,៣០)។
ឃ្លារិះគិត៖
«ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ» (លក ១,៤៧)។
ពាក្យសូមអង្វរ៖
យើងសូមអង្វរព្រះបិតា រួមជាមួយស្រ្ដីទាំងអស់ក្នុងពិភពលោកទាំងមូល សូមឱ្យស្រ្ដីមានចិត្ដក្លាហាន បំពេញការងារ តួនាទី និងបេសកកម្មរបស់ខ្លួន។
៥. ព្រះជាម្ចាស់ប្រទានសិរីរុងរឿងឱ្យនាងម៉ារី
«ព្រះជាម្ចាស់បានប្រោសយើងឱ្យរស់ឡើង និងអង្គុយលើបល្ល័ង្កនៅស្ថានបរមសុខ រួមជាមួយព្រះយេស៊ូគ្រីស្ដដែរ» (អភ ២,៦)។
ឃ្លារិះគិត៖
នាងម៉ារីថ្លែងថា៖ «អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន» (លក ១,៤៨)។
ពាក្យសូមអង្វរ៖
សូមព្រះបិតាជាអម្ចាស់ ប្រោសប្រទានពរដល់ប្រទេសទាំងឡាយ ដែលមិនទាន់មានសន្ដិភាពនៅឡើយផង ជាពិសេស…។