ទំនុកតម្កើងលេខ ៩៥
ចូរយើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
១ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់! ចូរស្រែកច្រៀងដោយអំណរថ្វាយព្រះជាម្ចាស់ដែលជាថ្មដាសង្គ្រោះយើង។
២ ចូរយើងនាំគ្នាចូលមកចំពោះព្រះភក្ត្រព្រះអង្គទាំងអរព្រះគុណ និងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ
៣ ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម ព្រះអង្គជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់លើសព្រះនានា។
៤ ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ គឺចាប់តាំងពីបាតដីរហូតដល់ចុងកំពូលភ្នំ។
៥ សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ព្រោះព្រះអង្គបានបង្កើតសមុទ្រមក រីឯផែនដីក៏ព្រះអង្គបានបង្កើតមកដែរ។
៦ ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអង្គ ចូរយើងក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដែលបានបង្កើតយើងមក
៧ ដ្បិតព្រះអង្គជាព្រះនៃយើង យើងជាប្រជារាស្ដ្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ។ ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ
៨ មិនត្រូវមានចិត្តរឹងរូស ដូចកាលបះបោរនៅមេរីបា ដូចថ្ងៃល្បងលនៅម៉ាសា ក្នុងវាលរហោស្ថាននោះឡើយ
៩ គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង គេសាកមើលយើង ទោះបីគេបានឃើញកិច្ចការដែលយើងធ្វើក៏ដោយ។
១០ ក្នុងអំឡុងពេលសែសិបឆ្នាំ មនុស្សនៅជំនាន់នោះបានធ្វើឱ្យយើងឆ្អែតចិត្តជាខ្លាំង ហើយយើងបានពោលថា:
ពួកនេះជាប្រជាជនដែលមានចិត្តវង្វេង គេពុំស្គាល់មាគ៌ារបស់យើងឡើយ។
១១ ហេតុនេះ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា មិនឱ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត!
ទំនុកតម្កើងលេខ ១០០
ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
១ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់!
២ ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ ចូរនាំគ្នាចូលមកជិតព្រះអង្គដោយច្រៀងយ៉ាងសប្បាយ!
៣ ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក យើងជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយជាប្រជាជនដែលព្រះអង្គថែរក្សា។
៤ ចូរនាំគ្នាចូលតាមទ្វារព្រះដំណាក់របស់ព្រះអង្គ ដោយអរព្រះគុណ ចូរនាំគ្នាចូលមកក្នុងព្រះវិហារ ដោយពាក្យសរសើរតម្កើង!
ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ!
៥ ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ច ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
ទំនុកតម្កើងលេខ ៦៧
សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះជាម្ចាស់
២ ឱព្រះជាម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!
៣ ដូច្នេះ មនុស្សនៅលើផែនដីនឹងស្គាល់មាគ៌ារបស់ព្រះអង្គ ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!
៤ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៥ មហាជននាំគ្នាសប្បាយរីករាយ នាំគ្នាស្រែកជយឃោស ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ដ្រនានាដោយយុត្តិធម៌ ហើយព្រះអង្គដឹកនាំមហាជនទាំងឡាយនៅលើផែនដី។
៦ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៧ ផែនដីបានបង្កើតភោគផល ព្រោះព្រះជាម្ចាស់ជាព្រះនៃយើង បានប្រទានពរឱ្យយើង។
៨ សូមព្រះជាម្ចាស់ប្រទានពរឱ្យយើង សូមឱ្យប្រជាជនទាំងប៉ុន្មាន ដែលរស់នៅទីដាច់ស្រយាលនៃផែនដី គោរពកោតខ្លាចព្រះអង្គ!
ទំនុកតម្កើងលេខ ២៤
ព្រះមហាក្សត្រដ៏ឧត្ដម
១ ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុងពិភពលោក ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ!
២ គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដីពីលើសមុទ្រ ហើយធ្វើឱ្យវាស្ថិតនៅយ៉ាងរឹងប៉ឹងពីលើទន្លេនានា។
៣ តើនរណាអាចឡើងទៅលើភ្នំរបស់ព្រះអម្ចាស់បាន? តើនរណាអាចឈរនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គបាន?
៤ មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន គឺអ្នកដែលមិនបណ្តោយខ្លួនទៅថ្វាយបង្គំព្រះក្លែងក្លាយ និងនិយាយស្បថស្បែបំពាន។
៥ ព្រះអម្ចាស់នឹងប្រទានពរដល់គេ ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះ នឹងប្រោសគេឱ្យសុចរិតដែរ។
៦ គឺអ្នកទាំងនេះហើយដែលស្វែងរកព្រះអង្គ ជាអ្នកស្វែងរកព្រះរបស់លោកយ៉ាកុប។
៧ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ! ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
៨ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់ប្រកបដោយព្រះចេស្ដាដ៏ខ្លាំងពូកែ ព្រះអម្ចាស់ជាអ្នកចម្បាំងដ៏ជំនាញ។
៩ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ! ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
១០ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់នៃពិភពទាំងមូល គឺព្រះអង្គហើយ ដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។
អំណានតាមពេលកំណត់
(Office of Readings)
ឱព្រះជាម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ ។ អាម៉ែន! (អាលេលូយ៉ា!)
ប្រសិនបើការអធិដ្ឋានតាមពេលកំណត់ចាប់ផ្តើមជាមួយការអញ្ជើញ ពាក្យអធិដ្ឋានខាងលើនេះ ត្រូវលុបចោល។
បន្ទាប់មកមាន បទចម្រៀងចូល ក្រោយមានទំនុកតម្កើង ៣ ភ្ជាប់ជាមួយពាក្យបន្ទរ ក្រោយមកទៀត មានឃ្លាខគម្ពីរ ដែលអានមុនព្រះបន្ទូល។ ក្នុងអត្ថបទគម្ពីរ មានអត្ថបទទី១ ដែលយកចេញពីព្រះគម្ពីរ និងអត្ថបទទី២ យកចេញពីគ្រូបាធ្យាយនៃព្រះសហគមន៍ ឬលិខិតរបស់ព្រះសហគមន៍ដទៃទៀត។
HYMN TE DEUM ៖ ច្រៀងរៀងរាល់ថ្ងៃអាទិត្យ ពេលបុណ្យឱឡារិក និងបុណ្យគោរព ដោយយោងតាមអត្ថបទទី២។
ឱព្រះជាម្ចាស់អើយ យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ!
យើងខ្ញុំសូមបន្លឺសំឡេងលើកតម្កើងព្រះអង្គ ជាព្រះអម្ចាស់!
ឱព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ចអើយ
សកលលោកទាំងមូលនឹងនាំគ្នា មកក្រាបថ្វាយបង្គំព្រះអង្គ។
គឺព្រះអង្គហើយដែលទេវទូត អគ្គទេវទូត
និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខ
ក្រាបថ្វាយបង្គំ និងកោតសរសើរព្រះអង្គ។
ផ្ទៃមេឃ និងឬទ្ធានុភាពនៃស្ថានបរមសុខ រួមជាមួយពពួកខេរូប៊ីន និងសេរ៉ាភីម
បន្លឺសម្លេងកោតសរសើរព្រះអង្គឥតឈប់ឈរ ដោយពោលថា ៖
«ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ! ព្រះអង្គជាព្រះអម្ចាស់នៃពិភពទាំងមូល!
ផែនដីទាំងមូលពោរពេញទៅដោយសិរីរុងរឿងរបស់ព្រះអង្គ!»។
គឺព្រះអង្គហើយ ដែលក្រុមគ្រីស្តទូតលើកតម្កើង!
គឺព្រះអង្គហើយ ដែលពួកព្យាការីច្រៀងកោតសរសើរ!
គឺព្រះអង្គហើយ ដែលមរណសាក្សីទាំងឡាយផ្តល់សក្ខីភាព
ដោយបានបូជាជីវិតថ្វាយព្រះអង្គ!
គឺព្រះអង្គហើយ ដែលព្រះសហគមន៍ទូទាំងសកលលោក យកជាទីពឹង
ដោយប្រកាសថា ៖
ព្រះបិតា មានព្រះបារមីឧត្តុង្គឧត្តមអស់កល្បជានិច្ច
ព្រះបុត្រា ជាបុត្រដ៏ពិតប្រាកដតែមួយនៃព្រះបិតា ដែលគួរឲ្យស្ងើចសរសើរណាស់
ព្រះវិញ្ញាណដ៏វិសុទ្ធ ជាព្រះដ៏ជួយការពារ
ដែលព្រះជាម្ចាស់បានចាត់ពីស្ថានបរមសុខមក។
ឱព្រះគ្រីស្តអើយ! ព្រះអង្គជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង !
ជាព្រះបុត្រារបស់ព្រះបិតាអស់កល្បជានិច្ច។
ដោយព្រះអង្គសព្វព្រះហឫទ័យសង្គ្រោះសត្វលោកទាំងមូល
ព្រះអង្គបានបន្ទាបខ្លួនរហូតដល់កើតមកជាមនុស្ស ក្នុងផ្ទៃរបស់នាងព្រហ្មចារិនី។
ព្រះអង្គបានបំបាត់អំណាចនៃសេចក្តីស្លាប់
ហេតុនេះហើយបានជាព្រះអង្គបើកទ្វារនៃព្រះរាជ្យរបស់ព្រះបិតា
ដល់អស់អ្នកជឿសង្ឃឹមលើព្រះអង្គ។
ព្រះអង្គដែលគង់នៅខាងស្តាំព្រះបិតានៅស្ថានបរមសុខ ប្រកបដោយសិរីរុងរឿង!
យើងខ្ញុំជឿជាក់ថា ព្រះអង្គនឹងយាងមកវិនិច្ឆ័យមនុស្ស ទាំងរស់ ទាំងស្លាប់
តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។
ឱព្រះអម្ចាស់អើយ! សូមមេត្តាយាងមកជួយសង្គ្រោះ
អស់អ្នកដែលព្រះអង្គបានប្រោសលោះ
ដោយព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះអង្គ។
សូមព្រះអង្គនាំយើងខ្ញុំឲ្យទទួលចំណែកមត៌ក រួមជាមួយសន្តបុគ្គលទាំងឡាយ
ក្នុងសិរីរុងរឿងដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច។
-ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ
សូមប្រទានពរដល់កូនចៅរបស់ព្រះអង្គ។
បន្ទរ៖ សូមព្រះអង្គធ្វើជាគង្វាលថែរក្សាពួកគេរហូតតរៀងទៅ!
-យើងខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់ជារៀងរាល់ថ្ងៃ ៖
បន្ទរ៖ យើងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់ ចាប់តាំងពីពេលនេះរហូតតរៀងទៅ។
-ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
សូមឲ្យយើងខ្ញុំអាចរួចផុតពីអំពើបាបនៅថ្ងៃនេះផង។
បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូមប្រណីសន្តោសយើងខ្ញុំ!
សូមមេត្តាប្រណីសន្តោសយើងខ្ញុំផង!។
-សូមសម្តែងព្រះហឫទ័យមេត្តាករុណាមកលើយើងខ្ញុំ
បន្ទរ៖ ព្រោះយើងខ្ញុំផ្ញើជីវិតទាំងស្រុងលើព្រះអង្គហើយ។
-ព្រះអម្ចាស់ពិតជាទីសង្ឃឹមរបស់យើងខ្ញុំ៖
បន្ទរ៖ ដូច្នេះ យើងខ្ញុំនឹងលែងបាត់បង់កិត្តិយសទៀតហើយ។
ពាក្យអធិដ្ឋាន
ប្រសិនបើគ្មានការច្រៀង Te Deum ក្រោយអត្ថបទទី២ ទេនោះ យើងអាចសូត្រពាក្យអធិដ្ឋានសរុប។ ការអធិដ្ឋាននាំមុខដោយមានការអញ្ជើញគឺ៖ សូមបងប្អូនតាំងចិត្តអធិដ្ឋាន។
ប្រសិនបើការអធិដ្ឋានឆ្ពោះទៅកាន់ព្រះបិតា យើងត្រូវសូត្រថា៖ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។
ប្រសិនបើការអធិដ្ឋានឆ្ពោះទៅកាន់ព្រះបុត្រា យើងត្រូវសូត្រថា៖ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យឆ្លើយតបនៅពេលបញ្ចប់ពាក្យអធិដ្ឋាន ៖ អាម៉ែន។
ឃ្លាប្រកាសបន្ថែមចុងក្រោយ ពេលបញ្ចប់ពាក្យអធិដ្ឋាន ៖
សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!
ពាក្យអធិដ្ឋានពេលព្រឹក
ឱ ព្រះជាម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ ។ អាម៉ែន! (អាលេលូយ៉ា!)
ឃ្លាឆ្លើយតបនេះត្រូវបញ្ចូល នៅពេលម៉ោងអធិដ្ឋានចាប់ផ្តើមជាមួយការអញ្ជើញ។
ចម្រៀងចូល
ទំនុកតម្កើង ៖ ត្រូវយោងតាមបទចម្រៀងចូល និងឋិតនៅលើទំនុកតម្កើងមួយនៅពេលព្រឹក មានចម្រៀងក្នុងសម្ពន្ធមេត្រីចាស់ ហើយទំនុកតម្កើងកោតសរសើរដទៃទៀត ជាមួយនឹងពាក្យបន្ទរយ៉ាងត្រឹមត្រូវ។ សម្រាប់ថ្ងៃអាទិត្យ និងអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ ទំនុកតម្កើង ចម្រៀង និងពាក្យបន្ទរ ត្រូវយកមកពីក្បួនទំនុកតម្កើងក្នុងសប្តាហ៍នោះ។
ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង ពាក្យបន្ទរ ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។ សម្រាប់បុណ្យឱឡារិក និងបុណ្យគោរព ទំនុកតម្កើង និងចម្រៀងត្រូវយកពីក្បួនទំនុកតម្កើងអាទិត្យទី១ ហើយពាក្យបន្ទរត្រូវយកពីថ្ងៃបុណ្យគោរពសន្តបុគ្គល ឬពីក្បួន។
សម្រាប់ថ្ងៃបុណ្យរំឭកសន្តបុគ្គល ទំនុកតម្កើង ចម្រៀង និងពាក្យបន្ទរត្រូវយកមកពីក្បួនទំនុកតម្កើងក្នុងសប្តាហ៍នោះ លុះត្រាតែជាទំនុកតម្កើង និងពាក្យបន្ទរដែលត្រឹមត្រូវ។
អត្ថបទ ៖ សម្រាប់ថ្ងៃអាទិត្យ និងអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ អត្ថបទត្រូវស៊ីគ្នានឹងក្បួនទំនុកតម្កើង។ ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង អត្ថបទត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។
សម្រាប់បុណ្យឱឡារិក និងបុណ្យគោរព អត្ថបទត្រូវរកនូវថ្ងៃបុណ្យគោរពសន្តបុគ្គល ឬពីក្បួន។ សម្រាប់ថ្ងៃបុណ្យរំឭកសន្តបុគ្គល អត្ថបទអាចយកពីក្បួន ឬពាក្យអធិដ្ឋានប្រចាំថ្ងៃ ដែលត្រឹមត្រូវ។ ចំពោះការជ្រើសរើសយកអត្ថបទវែងជាង ជាពិសេសនៅពេលប្រារព្ធពិធីជាមួយប្រជាជន យោងតាមលេខ ៤៦ នៃការណែនាំទូទៅ ការសម្តែងធម្មទេសនាយ៉ាងខ្លីទៅលើអត្ថបទ អាចនឹងបន្ថែមផងដែរ។
ឃ្លាឆ្លើយតបព្រះបន្ទូល ៖ ត្រូវទុករយៈពេលស្ងៀមស្ងាត់បន្តិច ក្រោយពីការអានអត្ថបទ ឬធម្មទេសនា។ បន្ទាប់មក យើងអានពាក្យបន្ទរនៅខាងក្រោមអត្ថបទ....។
អត្ថបទព្រះគម្ពីរដំណឹងល្អ៖ បន្ទាប់មក ត្រូវអានអត្ថបទព្រះគម្ពីរដំណឹងល្អ ជាមួយពាក្យបន្ទរ។សម្រាប់ថ្ងៃអាទិត្យ ពាក្យបន្ទរ ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ សម្រាប់ការអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ ត្រូវយកពីក្បួនទំនុកតម្កើង។
ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង ពាក្យបន្ទរ ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។
នៅពេលប្រារព្ធពិធីបុណ្យគោរពសន្តបុគ្គល ពាក្យបន្ទរ ត្រូវយកពីក្បួន។
ទំនុកតម្កើងរបស់លោកសាការី (លក ១,៦៨-៧៩)
៦៨ ”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។
៦៩ ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។
៧០ ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម
៧១ គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង
៧២ ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ
៧៣ គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ ជាបុព្វបុរសរបស់យើងថា
៧៤ ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច
៧៥ ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។
៧៦ ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
៧៧ កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ ដោយលើកលែងគេឱ្យរួចពីបាប។
៧៨ ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង
៧៩ និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។
សូមកោតសរសើរ...
ពាក្យអង្វរសកល៖ សម្រាប់ថ្ងៃអាទិត្យ និងអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃពាក្យអង្វរសកល ត្រូវរកពីក្បួនទំនុកតម្កើង។
ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង ពាក្យអង្វរសកល ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។
សម្រាប់បុណ្យឱឡារិក និងបុណ្យគោរព ពាក្យអង្វរសកល ត្រូវរកនូវថ្ងៃបុណ្យគោរពសន្តបុគ្គល ឬពីក្បួន។ សម្រាប់ថ្ងៃបុណ្យរំឭកសន្តបុគ្គល ពាក្យអង្វរសកល អាចយកពីក្បួន ឬពាក្យអធិដ្ឋានប្រចាំថ្ងៃ ដែលត្រឹមត្រូវ។
បន្ទាប់មក អធិដ្ឋាន “ធម៌ឱព្រះបិតា” ដោយមានពាក្យលំនាំខ្លីមួយ៖
ឥឡូវនេះ សូមបងប្អូនតាំងចិត្តអធិដ្ឋាន នូវសេចក្តីដែលព្រះអម្ចាស់យេស៊ូគ្រីស្តបានប្រៀនប្រដៅយើងថា ៖
ឬ សូមបងប្អូនអធិដ្ឋានដូចព្រះគ្រីស្តដែលបានបង្រៀនដល់យើងថា ៖
ឬ ជាមួយនឹងការចង់បានព្រះរាជ្យរបស់ព្រះជាម្ចាស់មកដល់ ចូរយើងអធិដ្ឋានទៅកាន់ព្រះបិតាថា ៖
ចូរប្រមូលការអធិដ្ឋាន និងការសរសើរតម្កើងរបស់យើងឱ្យទៅជាការអធិដ្ឋានតែមួយ ដែលថ្វាយទៅព្រះគ្រីស្តបានបង្រៀនដល់យើងថា៖
ចូរយើងសរុបពាក្យអធិដ្ឋានរបស់យើងជាមួយនឹង ធម៌ឱព្រះបិតា ថា ៖
ទៅកាន់ព្រះគ្រីស្ត៖
ព្រះអម្ចាស់សូមកុំភ្លេចខ្ញុំ ពេលព្រះអង្គយាងមកគ្រងរាជ្យ ហើយសូមបង្រៀនយើងខ្ញុំឱ្យចេះអធិដ្ឋាន៖
ហើយចូរយើងអធិដ្ឋានដោយមានទំនុកចិត្ត ដូចព្រះគ្រីស្តបានទូលអង្វរថា ៖
ចូរយើងថ្វាយពាក្យអធិដ្ឋាន ដែលព្រះគ្រីស្តបានផ្តល់ឱ្យយើង ទុកជាគំរូសម្រាប់ការអធិដ្ឋានទាំងអស់ថា ៖ ធម៌ “ឱព្រះបិតា”
ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ!
សូមសម្តែងព្រះបារមី ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យ
អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ
តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។
ពាក្យអធិដ្ឋាន ដោយគ្មានពាក្យអញ្ជើញ សូមបងប្អូនតាំងចិត្តអធិដ្ឋាន គឺបានបន្ថែមភ្លាម ក្រោយពីពាក្យអធិដ្ឋាន ធម៌ឱព្រះបិតា។
សម្រាប់ការអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ ពាក្យអធិដ្ឋានសរុប ត្រូវយកមកពីក្បួនទំនុកតម្កើងក្នុងសប្តាហ៍នោះ។
ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង ពាក្យអធិដ្ឋាន ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
-ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
-អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
-សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
-អាម៉ែន។
ពាក្យអធិដ្ឋានពេលល្ងាច
ឱព្រះជាម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើង ៖ ត្រូវយោងតាមបទចម្រៀងចូល និងឋិតនៅលើទំនុកតម្កើងពីរ ឬផ្នែកនៃទំនុកតម្កើង មានទាំងចម្រៀងក្នុងសម្ពន្ធមេត្រីថ្មី ជាមួយនឹងពាក្យបន្ទរយ៉ាងត្រឹមត្រូវ។ សម្រាប់ថ្ងៃអាទិត្យ និងអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ ទំនុកតម្កើង ចម្រៀង និងពាក្យបន្ទរ ត្រូវយកមកពីក្បួនទំនុកតម្កើងក្នុងសប្តាហ៍នោះ។
ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង ពាក្យបន្ទរ ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។
សម្រាប់បុណ្យឱឡារិក និងបុណ្យគោរព ទំនុកតម្កើង និងចម្រៀង ត្រូវយកពីក្បួនទំនុកតម្កើងអាទិត្យទី១ ហើយពាក្យបន្ទរត្រូវយកពីថ្ងៃបុណ្យគោរពសន្តបុគ្គល ឬពីក្បួន។
សម្រាប់ថ្ងៃបុណ្យរំឭកសន្តបុគ្គល ទំនុកតម្កើង ចម្រៀង និងពាក្យបន្ទរ ត្រូវយកមកពីក្បួនទំនុកតម្កើងក្នុងសប្តាហ៍នោះ លុះត្រាតែទំនុកតម្កើង និងពាក្យបន្ទរត្រឹមត្រូវ។
អត្ថបទ ៖ សម្រាប់ថ្ងៃអាទិត្យ និងអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ អត្ថបទត្រូវស៊ីគ្នានឹងក្បួនទំនុកតម្កើង។ ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង អត្ថបទត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។
សម្រាប់បុណ្យឱឡារិក និងបុណ្យគោរព អត្ថបទត្រូវរកនូវថ្ងៃបុណ្យគោរពសន្តបុគ្គល ឬពីក្បួន។ សម្រាប់ថ្ងៃបុណ្យរំឭកសន្តបុគ្គល អត្ថបទអាចយកពីក្បួន ឬពាក្យអធិដ្ឋានប្រចាំថ្ងៃ ដែលត្រឹមត្រូវ។ ចំពោះការជ្រើសរើសយកអត្ថបទវែងជាង ជាពិសេសនៅពេលប្រារព្ធពិធីជាមួយប្រជាជន យោងតាមលេខ៤៦ នៃការណែនាំទូទៅ ការសម្តែងធម្មទេសនាយ៉ាងខ្លីទៅលើអត្ថបទ អាចនឹងបន្ថែមផងដែរ។
ឃ្លាឆ្លើយតបព្រះបន្ទូល ៖ ត្រូវទុករយៈពេលស្ងៀមស្ងាត់បន្តិច ក្រោយពីការអានអត្ថបទ ឬធម្មទេសនា។ បន្ទាប់មក យើងអានពាក្យបន្ទរនៅខាងក្រោមអត្ថបទ....។
អត្ថបទព្រះគម្ពីរដំណឹងល្អ៖ បន្ទាប់មក ត្រូវអានអត្ថបទព្រះគម្ពីរដំណឹងល្អ ជាមួយពាក្យបន្ទរ។ សម្រាប់ថ្ងៃអាទិត្យ ពាក្យបន្ទរ ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ និងសម្រាប់ការអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ ត្រូវយកពីក្បួនទំនុកតម្កើង។
ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង ពាក្យបន្ទរ ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។
នៅពេលប្រារព្ធពិធីបុណ្យគោរពសន្តបុគ្គល ពាក្យបន្ទរ ត្រូវយកពីក្បួន។
ទំនុកតម្កើងរបស់ព្រះនាងម៉ារី (លក ១,៤៦-៥៥)
៤៦ «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់*
៤៧ ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គ
នៅគ្រប់ជំនាន់តរៀងទៅ
៥១ ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។
ពាក្យអង្វរសកល ៖ សម្រាប់ថ្ងៃអាទិត្យ និងអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ ពាក្យអង្វរសកល ត្រូវរកពីក្បួនទំនុកតម្កើង។
ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង ពាក្យអង្វរសកល ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។
សម្រាប់បុណ្យឱឡារិក និងបុណ្យគោរព ពាក្យអង្វរសកល ត្រូវរកនូវថ្ងៃបុណ្យគោរពសន្តបុគ្គល ឬពីក្បួន។ សម្រាប់ថ្ងៃបុណ្យរំឭកសន្តបុគ្គល ពាក្យអង្វរសកល អាចយកពីក្បួន ឬពាក្យអធិដ្ឋានប្រចាំថ្ងៃ ដែលត្រឹមត្រូវ។
បន្ទាប់មក អធិដ្ឋាន “ធម៌ឱព្រះបិតា” ដោយមានពាក្យលំនាំខ្លីមួយ៖
ឥឡូវនេះ សូមបងប្អូនតាំងចិត្តអធិដ្ឋាន នូវសេចក្តីដែលព្រះអម្ចាស់យេស៊ូគ្រីស្ត បានប្រៀនប្រដៅយើងថា ៖
ឬ សូមបងប្អូនអធិដ្ឋានដូចព្រះគ្រីស្តដែលបានបង្រៀនដល់យើងថា ៖
ឬ ជាមួយនឹងការចង់បានព្រះរាជ្យរបស់ព្រះជាម្ចាស់មកដល់ ចូរយើងអធិដ្ឋានទៅកាន់ព្រះបិតាថា ៖
ចូរប្រមូលការអធិដ្ឋាន និងការសរសើរតម្កើងរបស់យើង ឱ្យទៅជាការអធិដ្ឋានតែមួយ ដែលថ្វាយទៅព្រះគ្រីស្តបានបង្រៀនដល់យើងថា៖
ចូរយើងសរុបពាក្យអធិដ្ឋានរបស់យើងជាមួយនឹង ធម៌ឱព្រះបិតា ថា ៖
ទៅកាន់ព្រះគ្រីស្ត៖
ព្រះអម្ចាស់សូមកុំភ្លេចខ្ញុំ ពេលព្រះអង្គយាងមកគ្រងរាជ្យ ហើយសូមបង្រៀនយើងខ្ញុំឱ្យចេះអធិដ្ឋាន៖
ហើយចូរយើងអធិដ្ឋានដោយមានទំនុកចិត្ត ដូចព្រះគ្រីស្តបានទូលអង្វរថា ៖
ចូរយើងថ្វាយពាក្យអធិដ្ឋាន ដែលព្រះគ្រីស្តបានផ្តល់ឱ្យយើង ទុកជាគំរូសម្រាប់ការអធិដ្ឋានទាំងអស់ថា ៖ ឱព្រះបិតាយើងខ្ញុំ.............
ពាក្យអធិដ្ឋាន ដោយគ្មានពាក្យអញ្ជើញ សូមបងប្អូនតាំងចិត្តអធិដ្ឋាន គឺបានបន្ថែមភ្លាម ក្រោយពីពាក្យអធិដ្ឋាន ធម៌ឱព្រះបិតា។
សម្រាប់ការអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ ពាក្យអធិដ្ឋាន ត្រូវយកមកពីក្បួនទំនុកតម្កើងក្នុងសប្តាហ៍នោះ។
ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង ពាក្យអធិដ្ឋាន ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
-ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
-អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
-សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
-អាម៉ែន។