ថ្ងៃសុក្រ រដូវធម្មតា
អាទិត្យទី៣៣ ឆ្នាំ«សេស»
ពណ៌បៃតង
ថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៧
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរមរណសាក្សីនៃជនជាតិអ៊ីស្រាអែល ១មបា ៤,៣៦-៣៧.៥២-៥៩
លោកយូដា និងបងប្អូនលោកនិយាយគ្នាថា៖ «ខ្មាំងសត្រូវបរាជ័យហើយ! យើងនាំគ្នាឡើងទៅយេរូសាឡឹម ដើម្បីធ្វើពិធីជម្រះព្រះវិហារឱ្យបរិសុទ្ធ និងធ្វើបុណ្យឆ្លងជាថ្មីទៀតផង»។ កងទ័ពទាំងអស់ប្រមូលផ្ដុំគ្នា ហើយឡើងទៅលើភ្នំស៊ីយ៉ូន។ ថ្ងៃទីម្ភៃប្រាំ ខែគីសលើ ដែលត្រូវនឹងខែមិគសិរ នៅឆ្នាំមួយរយសែសិបប្រាំបី ជនជាតិយូដាក្រោកពីព្រលឹម នាំគ្នាថ្វាយយញ្ញបូជា ស្របតាមធម្មវិន័យ នៅលើអាសនៈដែលទើបតែនឹងសង់ថ្មីនោះ។ គេធ្វើពិធីឆ្លងអាសនៈនេះទាំងច្រៀងបទសរសើរព្រះជាម្ចាស់ ដោយមានប្រគំតូរ្យតន្ត្រីកំដរផង គឺមានពិណ ចាប៉ី ឃឹម ចំលើថ្ងៃខួប ដែលជនជាតិដទៃបានបង្អាប់បង្អោនអាសនៈនេះ។ ប្រជាជនទាំងមូល ក្រាបចុះឱនមុខដល់ដី រួចបន្លឺសំឡេងសរសើរតម្កើងព្រះជាម្ចាស់ ដែលបានប្រោសប្រទានឱ្យពួកគេមានជ័យជម្នះ។ គេធ្វើបុណ្យឆ្លងអាសនៈអស់រយៈពេលប្រាំបីថ្ងៃ ព្រមទាំងថ្វាយតង្វាយដុតទាំងមូលយ៉ាងសប្បាយរីករាយក្រៃលែង។ គេក៏ថ្វាយយញ្ញបូជាមេត្រីភាព និងអរព្រះគុណព្រះអង្គដែរ។ គេយកកម្រងមាស និងខែលមកតុបតែងជញ្ជាំងខាងមុខព្រះវិហារ ហើយជួសជុលខ្លោងទ្វារ និងបន្ទប់ ព្រមទាំងដាក់ទ្វារឡើងវិញផង។ ប្រជាជនមានអំណរសប្បាយយ៉ាងក្រៃលែង ហើយលុបលាងការអាម៉ាស់ ដែលគេទទួលពីសាសន៍ដទៃពីពេលមុន។លោកយូដា និងបងប្អូនលោក ព្រមទាំងសហគមន៍អ៊ីស្រាអែលទាំងមូល ព្រមព្រៀងគ្នាសម្រេចថា ត្រូវធ្វើបុណ្យខួបថ្ងៃឆ្លងអាសនៈនេះ ជារៀងរាល់ឆ្នាំ ក្នុងរយៈពេលប្រាំបីថ្ងៃ ទាំងសប្បាយរីករាយ គឺចាប់តាំងពីថ្ងៃទីម្ភៃប្រាំ ខែគីសលើ ដែលត្រូវនឹងថ្ងៃទីមួយរោច ខែមិគសិរតទៅ។
ទំនុកតម្កើងរបាក្សត្រ ភាគមួយ ២៩,១០-១២ បទកាកគតិ
| ១០ | ឥឡូវនេះខ្ញុំ | មានបំណងធំ | ចង់ចងសម្ពន្ធ |
| មេត្រីជាមួយ | ព្រះអង្គបន្ទាន់ | ជាព្រះនៃជន |
| | ជាតិអ៊ីស្រាអែល | ។ |
| ខ្ញុំសូមអង្វរ | ព្រះម្ចាស់បវរ | បារមីក្រាស់ក្រែល |
| សូមទ្រង់ពង្វាង | ព្រះពិរោធដែល | គ្រប់គ្រងក្រវែល |
| | លើយើងគ្រប់គ្នា | ។ |
| ១១ | ពេលនេះកូនចៅ | ទាំងអស់គ្នាត្រូវ | ឈប់ធ្វើខ្ជីខ្ជា |
| ដ្បិតព្រះអម្ចាស់ | ជ្រើសអ្នករាល់គ្នា | បំពេញមុខងារ |
| | បម្រើព្រះអង្គ | ។ |
| ទ្រង់សព្វព្រះទ័យ | លើអ្នកពេកក្រៃ | ឈរពីមុខទ្រង់ |
| បម្រើកិច្ចការ | តាមព្រះបំណង | គ្រឿងក្រអូបផង |
| | ដាក់ថ្វាយគ្មានទាស់ | ។ |
| ១២ | ពេលនោះកូនចៅ | លេវីមិននៅ | ក្រោកឡើងទាំងអស់ |
| ជំរះដំណាក់ | វិសុទ្ធឥតទាស់ | ថែមទាំងជំរះ |
| | ខ្លួនពួកគេផង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១០,២៧
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គពិតជាគង្វាលដ៏ពិតប្រាកដតែមួយ! យើងខ្ញុំស្ដាប់សំឡេងព្រះអង្គ ហើយទៅតាមព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៩,៤៥-៤៨
ព្រះយេស៊ូយាងចូលព្រះវិហារ ហើយដេញអ្នកលក់ដូរចេញពីទីនោះ ដោយមានព្រះបន្ទូលទៅគេថា៖ «ក្នុងគម្ពីរមានចែងថា “ដំណាក់របស់យើងជាកន្លែងសម្រាប់អធិស្ឋាន” តែអ្នករាល់គ្នាបែរជាយកធ្វើសំបុកចោរទៅវិញ»។ ព្រះយេស៊ូបានបង្រៀនគេនៅក្នុងព្រះវិហារ ជារៀងរាល់ថ្ងៃ។ ក្រុមនាយកបូជាចារ្យ ពួកបណ្ឌិតខាងវិន័យ និងពួកមន្ត្រី នាំគ្នារកមធ្យោបាយធ្វើគុតព្រះអង្គ។ ប៉ុន្តែ គេមិនដឹងជាត្រូវប្រើវិធីណាឡើយ ដ្បិតប្រជាជនទាំងមូលប្រឹងស្ដាប់ព្រះបន្ទូលព្រះអង្គដោយយកចិត្តទុកដាក់។
717 Views