ពាក្យបន្ទរសម្រាប់ការអញ្ជើញនៅពេលព្រឹក
(Invitatory)
- ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
សប្តាហ៍ទី១&៣
ថ្ងៃអាទិត្យ
បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់! ចូរស្រែកច្រៀងដោយអំណរថ្វាយព្រះជាម្ចាស់ដែលជាថ្មដាសង្គ្រោះយើង អាលេលូយ៉ា!។
ថ្ងៃចន្ទ
បន្ទរ៖ ចូរយើងនាំគ្នាចូលមកចំពោះព្រះភក្ត្រព្រះអង្គ ទាំងអរព្រះគុណ និងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ។
ថ្ងៃអង្គារ
បន្ទរ៖ ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអម្ចាស់ ដ្បិតព្រះអង្គជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់លើសព្រះនានា។
ថ្ងៃពុធ
បន្ទរ៖ ចូរយើងក្រាបនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ដែលបានបង្កើតយើងមក។
ថ្ងៃព្រហស្បតិ៍
បន្ទរ៖ ចូរនាំគ្នាមកថ្វាយបង្គំព្រះអម្ចាស់ ដ្បិតព្រះអង្គជាព្រះនៃយើង។
ថ្ងៃសុក្រ
បន្ទរ៖ ចូរនាំគ្នាមកអរព្រះគុណព្រះអម្ចាស់ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ច។
ថ្ងៃសៅរ៍
បន្ទរ៖ ចូរយើងនាំគ្នាមក ឱនកាយថ្វាយបង្គំព្រះជាម្ចាស់ ដែលគ្រប់គ្រងលើអ្វីៗទាំងអស់ និងជាស្នាព្រះហស្តដ៏អស្ចារ្យដែលព្រះអង្គបានបង្កើតមក!។
សប្តាហ៍ទី២&៤
ថ្ងៃអាទិត្យ
បន្ទរ៖ ចូរនាំគ្នាមកថ្វាយបង្គំព្រះអម្ចាស់ ដ្បិតព្រះអង្គជាព្រះនៃយើង យើងជាប្រជារាស្ដ្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ អាលេលូយ៉ា!។
ថ្ងៃចន្ទ
បន្ទរ៖ ចូរយើងនាំគ្នាស្រែកច្រៀងដោយអំណរថ្វាយព្រះអម្ចាស់!។
ថ្ងៃអង្គារ
បន្ទរ៖ ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអម្ចាស់ ដ្បិតព្រះអង្គជាព្រះដ៏ប្រសើរឧត្ដម។
ថ្ងៃពុធ
បន្ទរ៖ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់! ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ។
ថ្ងៃព្រហស្បតិ៍
បន្ទរ៖ ចូរនាំគ្នាចូលមកជិតព្រះអង្គ ដោយច្រៀងយ៉ាងសប្បាយ!។
ថ្ងៃសុក្រ
បន្ទរ៖ ចូរយើងនាំគ្នាចូលមកលើកតម្កើងព្រះអម្ចាស់! មានតែនៅក្បែរព្រះអង្គទេដែលចិត្តយើងបានស្ងប់។
ថ្ងៃសៅរ៍
បន្ទរ៖ ចូរយើងនាំគ្នាស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់! ចូរយើងនាំគ្នាចូលមកសម្រាកនៅក្រោមម្លប់បារមីរបស់ព្រះអង្គ!។
ទំនុកតម្កើងលេខ ៩៥
ចូរយើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
១ | សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់! ចូរស្រែកច្រៀងដោយអំណរថ្វាយព្រះជាម្ចាស់ដែលជាថ្មដាសង្គ្រោះយើង។ |
២ | ចូរយើងនាំគ្នាចូលមកចំពោះព្រះភក្ត្រព្រះអង្គទាំងអរព្រះគុណ និងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ |
៣ | ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម ព្រះអង្គជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់លើសព្រះនានា។ |
៤ | ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ គឺចាប់តាំងពីបាតដីរហូតដល់ចុងកំពូលភ្នំ។ |
៥ | សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ព្រោះព្រះអង្គបានបង្កើតសមុទ្រមក រីឯផែនដីក៏ព្រះអង្គបានបង្កើតមកដែរ។ |
៦ | ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអង្គ ចូរយើងក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដែលបានបង្កើតយើងមក |
៧ | ដ្បិតព្រះអង្គជាព្រះនៃយើង យើងជាប្រជារាស្ដ្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ។ ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ |
៨ | មិនត្រូវមានចិត្តរឹងរូស ដូចកាលបះបោរនៅមេរីបា ដូចថ្ងៃល្បងលនៅម៉ាសា ក្នុងវាលរហោស្ថាននោះឡើយ |
៩ | គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង គេសាកមើលយើង ទោះបីគេបានឃើញកិច្ចការដែលយើងធ្វើក៏ដោយ។ |
១០ | ក្នុងអំឡុងពេលសែសិបឆ្នាំ មនុស្សនៅជំនាន់នោះបានធ្វើឱ្យយើងឆ្អែតចិត្តជាខ្លាំង ហើយយើងបានពោលថា: ពួកនេះជាប្រជាជនដែលមានចិត្តវង្វេង គេពុំស្គាល់មាគ៌ារបស់យើងឡើយ។ |
១១ | ហេតុនេះ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា មិនឱ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ១០០
ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
១ | មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់! |
២ | ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ ចូរនាំគ្នាចូលមកជិតព្រះអង្គដោយច្រៀងយ៉ាងសប្បាយ! |
៣ | ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក យើងជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយជាប្រជាជនដែលព្រះអង្គថែរក្សា។ |
៤ | ចូរនាំគ្នាចូលតាមទ្វារព្រះដំណាក់របស់ព្រះអង្គ ដោយអរព្រះគុណ ចូរនាំគ្នាចូលមកក្នុងព្រះវិហារ ដោយពាក្យសរសើរតម្កើង! ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ! |
៥ | ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ច ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៦៧
សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះជាម្ចាស់
២ | ឱព្រះជាម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង! |
៣ | ដូច្នេះ មនុស្សនៅលើផែនដីនឹងស្គាល់មាគ៌ារបស់ព្រះអង្គ ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ! |
៤ | ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ! |
៥ | មហាជននាំគ្នាសប្បាយរីករាយ នាំគ្នាស្រែកជយឃោស ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ដ្រនានាដោយយុត្តិធម៌ ហើយព្រះអង្គដឹកនាំមហាជនទាំងឡាយនៅលើផែនដី។ |
៦ | ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ! |
៧ | ផែនដីបានបង្កើតភោគផល ព្រោះព្រះជាម្ចាស់ជាព្រះនៃយើង បានប្រទានពរឱ្យយើង។ |
៨ | សូមព្រះជាម្ចាស់ប្រទានពរឱ្យយើង សូមឱ្យប្រជាជនទាំងប៉ុន្មាន ដែលរស់នៅទីដាច់ស្រយាលនៃផែនដី គោរពកោតខ្លាចព្រះអង្គ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ២៤
ព្រះមហាក្សត្រដ៏ឧត្ដម
១ | ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុងពិភពលោក ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ! |
២ | គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដីពីលើសមុទ្រ ហើយធ្វើឱ្យវាស្ថិតនៅយ៉ាងរឹងប៉ឹងពីលើទន្លេនានា។ |
៣ | តើនរណាអាចឡើងទៅលើភ្នំរបស់ព្រះអម្ចាស់បាន? តើនរណាអាចឈរនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គបាន? |
៤ | មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន គឺអ្នកដែលមិនបណ្តោយខ្លួនទៅថ្វាយបង្គំព្រះក្លែងក្លាយ និងនិយាយស្បថស្បែបំពាន។ |
៥ | ព្រះអម្ចាស់នឹងប្រទានពរដល់គេ ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះ នឹងប្រោសគេឱ្យសុចរិតដែរ។ |
៦ | គឺអ្នកទាំងនេះហើយដែលស្វែងរកព្រះអង្គ ជាអ្នកស្វែងរកព្រះរបស់លោកយ៉ាកុប។ |
៧ | ឱទ្វារទាំងឡាយអើយ ចូរបើកចំហ! ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក! |
៨ | តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា? -ព្រះអម្ចាស់ប្រកបដោយព្រះចេស្ដាដ៏ខ្លាំងពូកែ ព្រះអម្ចាស់ជាអ្នកចម្បាំងដ៏ជំនាញ។ |
៩ | ឱទ្វារទាំងឡាយអើយ ចូរបើកចំហ! ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក! |
១០ | តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា? -ព្រះអម្ចាស់នៃពិភពទាំងមូល គឺព្រះអង្គហើយ ដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!