ថ្ងៃទី ២៥ ខែតុលា
បុណ្យរម្លឹក
ថ្ងៃខួបបុណ្យឆ្លងព្រះវិហារ
ពណ៌ស
ព្រះវិហារជាផ្ទះសម្រាប់គ្រីស្តបរិស័ទជួបជុំគ្នា រួមជាមួយព្រះយេស៊ូជាអម្ចាស់ដែលទទួលព្រះជន្មថ្មីដ៏រុងរឿង ដើម្បីស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ អធិដ្ឋាន និងថ្វាយអភិបូជា។ ព្រះសហគមន៍ចាត់ចែងឱ្យគ្រីស្តបរិស័ទធ្វើពិធីខួបថ្ងៃបុណ្យឆ្លងវិហារនិមួយៗ ដើម្បីរឭកគេថា គ្រីស្តបរិស័ទម្នាក់ៗប្រៀបដូចជាថ្មសម្រាប់កសាងព្រះសហគមន៍ដែលជាព្រះកាយព្រះគ្រីស្ត។
អត្ថបទទី ១៖ សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រទី១ ១ពង្ស ៨,២២-២៣.២៧-៣០
ព្រះបាទសាឡូម៉ូនឈរពីមុខអាសនៈរបស់ព្រះអម្ចាស់ នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល ព្រះរាជាលើកព្រះហស្ដទៅលើមេឃ ហើយទូលថា៖«បពិត្រព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល! នៅលើមេឃ និងនៅលើផែនដី គ្មានព្រះណាមួយដូចព្រះអង្គឡើយ។ ព្រះអង្គរក្សាសម្ពន្ធមេត្រី ហើយសម្ដែងព្រះហឫទ័យមេត្តាករុណាចំពោះអ្នកបម្រើរបស់ព្រះអង្គដែលដើរតាមព្រះអង្គ ដោយស្មោះអស់ពីចិត្ត។ តើព្រះជាម្ចាស់ពិតជាអាចគង់នៅលើផែនដីបានឬ? សូម្បីតែផ្ទៃមេឃ និងលំហដ៏ធំធេងក៏ពុំល្មមថ្វាយព្រះអង្គគង់ផង ចុះទម្រាំបើព្រះដំណាក់ដែលទូលបង្គំសង់ថ្វាយនេះ តើរឹងរឹតតែចង្អៀតយ៉ាងណាទៅ។ បពិត្រព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គ ហើយសូមព្រះអង្គព្រះសណ្ដាប់សម្រែក និងពាក្យអធិស្ឋានរបស់ទូលបង្គំនៅថ្ងៃនេះផង!។ សូមទតមើលមកព្រះដំណាក់នេះទាំងយប់ ទាំងថ្ងៃ គឺកន្លែងដែលព្រះអង្គមានព្រះបន្ទូលថា “ទីនេះជាកន្លែងសម្រាប់នាមយើង”។ ពេលទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គអធិស្ឋាននៅទីនេះ សូមព្រះអង្គព្រះសណ្ដាប់ផង។ កាលទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ និងអ៊ីស្រាអែលជាប្រជារាស្ដ្ររបស់ព្រះអង្គអធិស្ឋានឆ្ពោះមកទីនេះ សូមព្រះអង្គមេត្តាព្រះសណ្ដាប់ផង។ បពិត្រព្រះអម្ចាស់ដែលគង់នៅស្ថានបរមសុខ សូមមេត្តាព្រះសណ្ដាប់ពាក្យទូលអង្វររបស់យើងខ្ញុំ និងអត់ទោសឱ្យយើងខ្ញុំផង!។
ទំនុកតម្កើងលេខ ៨៤ (៨៣), ៣-៦.៨-១១ បទព្រហ្មគីតិ
៣ | ខ្ញុំសែនអន្ទះសារ | ចិត្តប្រាថ្នាយ៉ាងជាក់ច្បាស់ | |
ចង់ចូលវិហារព្រះ | ជាអម្ចាស់ទាំងចិត្តកាយ | ។ | |
ចិត្តចង់នៅជាមួយ | ព្រះអង្គជួយមិនរសាយ | ||
អស់ពីកម្លាំងកាយ | មិនមានណាយរួមទាំងចិត្ត | ។ | |
៤ | ត្រចៀកកាំនិងចាប | ជាដរាបវានែបនិត្យ | |
សំបុកធ្វើនៅជិត | អាសនៈពិតនៃព្រះអង្គ | ។ | |
៣ | អស់អ្នកដែលបានស្នាក់ | ក្នុងដំណាក់ដ៏ត្រចង់ | |
មានសុខមង្គលផង | សរសើរថ្កើងទ្រង់មិនឈប់ | ។ | |
៦ | អ្នកណាដែលផ្អែកពឹង | លើកម្លាំងព្រះជាម្លប់ | |
ដ្បិតគេស្វែងមិនឈប់ | ដំណាក់គាប់ដោយស្មោះសរ | ។ | |
៨ | គេខិតកាន់តែជិត | ឥតភ័យភិតព្រួយចំបែង | |
មានកម្លាំងក្រៃលែង | នឹកស្ញប់ស្ញែងគ្រប់អាត្មា | ។ | |
នៅចំពោះព្រះភក្ត្រ | ព្រះអម្ចាស់ដ៏ថ្លៃថ្លា | ||
លើភ្នំដ៏អស្ចារ្យ | ឈ្មោះហៅថាភ្នំស៊ីយ៉ូន | ។ | |
៩ | ឱ! ព្រះជាអម្ចាស់ | មានតេជះខ្លាំងពេកពន់ | |
ស្តាប់ពាក្យទូលបង្គំ | អង្វរសុំក្តីករុណា | ។ | |
ព្រះលោកយ៉ាកុបអើយ | កុំកន្តើយផ្ទៀងព្រះកាណ៌ | ||
សណ្តាប់យើងខ្ញុំណា | ដោយមេត្តាករុណាផង | ។ | |
១០ | ឱ! ព្រះជាអម្ចាស់ | ទតឱ្យច្បាស់កុំរំលង | |
មើលស្តេចដែលឃុំគ្រង | ជាខែលរងបាំងការពារ | ។ | |
សូមទ្រង់ព្រះសន្តោស | មេត្តាប្រោសព្រះរាជា | ||
ដែលព្រះអង្គគាំពារ | តែងតាំងងារដោយប្រេងជ័យ | ។ | |
១១ | មួយថ្ងៃដែលនៅក្នុង | វិហារទ្រង់សប្បាយក្រៃ | |
ជាងរស់មួយពាន់ថ្ងៃ | នៅកន្លែងដទៃទៀត | ។ | |
ខ្ញុំបានសម្រេចចិត្ត | ឈរនៅជិតមិនចង់ឃ្លាត | ||
ជាជាងស្នាក់នៅបៀត | លំនៅញាតិមនុស្សអាក្រក់ | ។ |
អត្ថបទទី ២៖ សូមថ្លែងលិខិតទី ១ របស់សន្ដសិលា ១សល ២,៤-៩
សូមបងប្អូនចូលមកជិតព្រះគ្រីស្ត ជាសិលាដ៏មានជីវិត ជាសិលាដែលមនុស្សលោកបានបោះបង់ចោល តែព្រះជាម្ចាស់បានរើសយក ព្រោះព្រះអង្គឈ្វេងយល់ថាមានតម្លៃវិសេស។ រីឯបងប្អូនវិញ បងប្អូនប្រៀបបាននឹងថ្មដ៏មានជីវិតដែរ ដូច្នេះ ចូរផ្គុំគ្នាឡើងកសាងជាព្រះដំណាក់របស់ព្រះវិញ្ញាណ ធ្វើជាក្រុមបូជាចារ្យដ៏វិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រីស្ត ដ្បិតក្នុងគម្ពីរមានចែងថា៖«យើងបានរើសយកថ្មគ្រឹះមួយដ៏សំខាន់ ហើយមានតម្លៃ យើងដាក់ថ្មនោះនៅក្រុងស៊ីយ៉ូន។អ្នកណាជឿលើថ្មនោះ អ្នកនោះមុខជាមិនត្រូវខកចិត្តឡើយ»។ ថ្មនេះមានតម្លៃវិសេសសម្រាប់បងប្អូនជាអ្នកជឿ។ រីឯអ្នកដែលមិនជឿវិញ «ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត ជាថ្មដែលនាំឱ្យគេជំពប់ដួល ជាសិលាដែលនាំឱ្យគេរវាតចិត្តបាត់ជំនឿ»។ អ្នកទាំងនោះជំពប់ដួល ដូចព្រះជាម្ចាស់បានគ្រោងទុកមកស្រាប់ មកពីគេពុំព្រមជឿព្រះបន្ទូល រីឯបងប្អូនវិញ បងប្អូនជាពូជសាសន៍ដែលព្រះអង្គបានជ្រើសរើស ជាក្រុមបូជាចារ្យរបស់ព្រះមហាក្សត្រ ជាជាតិសាសន៍ដ៏វិសុទ្ធ ជាប្រជារាស្ដ្រដែលព្រះជាម្ចាស់បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ ដើម្បីឱ្យបងប្អូនប្រកាសដំណឹងអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ ដែលបានហៅបងប្អូនឱ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ព្រះអង្គ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៦,១៣-១៩
កាលព្រះយេស៊ូយាងមកដល់ស្រុកសេសារេភីលីព ព្រះអង្គមានព្រះបន្ទូលសួរពួកសាវ័កថា៖«មនុស្សទាំងឡាយថាបុត្រមនុស្សជានរណា?»។ គេទូលថា៖«អ្នកខ្លះថាលោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថាលោកជាព្យាការីអេលី អ្នកខ្លះទៀតថាលោកជាព្យាការីយេរេមី ឬជាព្យាការីណាមួយរូប»។ ព្រះអង្គសួរគេទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ លោកស៊ីម៉ូន សិលាទូលព្រះអង្គថា។ «លោកជាព្រះគ្រីស្ដ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «ស៊ីម៉ូនកូនលោកយ៉ូណាសអើយ អ្នកពិតជាមានសុភមង្គលមែន អ្នកដឹងសេចក្ដីនេះមិនមែនដោយគំនិតប្រាជ្ញាខាងលោកីយ៍ទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខបានសម្ដែងឱ្យអ្នកដឹង។ ខ្ញុំសុំប្រាប់អ្នកថា អ្នកឈ្មោះសិលា ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ។ សេចក្ដីស្លាប់ពុំមានអំណាចលើព្រះសហគមន៍នេះឡើយ ខ្ញុំនឹងប្រគល់កូនសោព្រះរាជ្យនៃស្ថានបរមសុខឱ្យអ្នក។ អ្វីៗដែលអ្នកចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ»។