រដូវបុណ្យចម្លង
ថ្ងៃសៅរ៍ អាទិត្យទី៤
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
- ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញមែន អាលេលូយ៉ា !
ទំនុកតម្កើងតាមការជ្រើសរើស
ចូរយើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
១ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
ចូរស្រែកច្រៀងដោយអំណរថ្វាយព្រះជាម្ចាស់ដែលជាថ្មដាសង្គ្រោះយើង។
២ ចូរយើងនាំគ្នាចូលមកចំពោះព្រះភក្ត្រព្រះអង្គទាំងអរព្រះគុណ
និងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ
៣ ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម
ព្រះអង្គជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់លើសព្រះនានា។
៤ ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ គឺចាប់តាំងពីបាតដីរហូតដល់ចុងកំពូលភ្នំ
៥ សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ
ព្រោះព្រះអង្គបានបង្កើតសមុទ្រមក រីឯផែនដីក៏ព្រះអង្គបានបង្កើតមកដែរ។
៦ ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអង្គ
ចូរយើងក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដែលបានបង្កើតយើងមក
៧ ដ្បិតព្រះអង្គជាព្រះនៃយើង
យើងជាប្រជារាស្ដ្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ។
ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ
៨ មិនត្រូវមានចិត្តរឹងរូស ដូចកាលបះបោរនៅមេរីបា
ដូចថ្ងៃល្បងលនៅម៉ាសា ក្នុងវាលរហោស្ថាននោះឡើយ
៩ គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង
គេសាកមើលយើង ទោះបីគេបានឃើញកិច្ចការដែលយើងធ្វើក៏ដោយ។
១០ ក្នុងអំឡុងពេលសែសិបឆ្នាំ
មនុស្សនៅជំនាន់នោះបានធ្វើឱ្យយើងឆ្អែតចិត្តជាខ្លាំង ហើយយើងបានពោលថា:
ពួកនេះជាប្រជាជនដែលមានចិត្តវង្វេង គេពុំស្គាល់មាគ៌ារបស់យើងឡើយ។
១១ ហេតុនេះ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា
មិនឱ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
១ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់!
២ ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
ចូរនាំគ្នាចូលមកជិតព្រះអង្គដោយច្រៀងយ៉ាងសប្បាយ!
៣ ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក
យើងជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយជាប្រជាជនដែលព្រះអង្គថែរក្សា។
៤ ចូរនាំគ្នាចូលតាមទ្វារព្រះដំណាក់របស់ព្រះអង្គ ដោយអរព្រះគុណ
ចូរនាំគ្នាចូលមកក្នុងព្រះវិហារ ដោយពាក្យសរសើរតម្កើង!
ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ!
៥ ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ច
ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះជាម្ចាស់
២ ឱព្រះជាម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!
៣ ដូច្នេះ មនុស្សនៅលើផែនដីនឹងស្គាល់មាគ៌ារបស់ព្រះអង្គ
ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ
គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!
៤ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៥ មហាជននាំគ្នាសប្បាយរីករាយ នាំគ្នាស្រែកជយឃោស
ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ដ្រនានាដោយយុត្តិធម៌
ហើយព្រះអង្គដឹកនាំមហាជនទាំងឡាយនៅលើផែនដី។
៦ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៧ ផែនដីបានបង្កើតភោគផល
ព្រោះព្រះជាម្ចាស់ជាព្រះនៃយើង បានប្រទានពរឱ្យយើង។
៨ សូមព្រះជាម្ចាស់ប្រទានពរឱ្យយើង សូមឱ្យប្រជាជនទាំងប៉ុន្មាន
ដែលរស់នៅទីដាច់ស្រយាលនៃផែនដី គោរពកោតខ្លាចព្រះអង្គ!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ព្រះមហាក្សត្រដ៏ឧត្ដម
១ ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់
ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុងពិភពលោក
ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ!
២ គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដីពីលើសមុទ្រ
ហើយធ្វើឱ្យវាស្ថិតនៅយ៉ាងរឹងប៉ឹងពីលើទន្លេនានា។
៣ តើនរណាអាចឡើងទៅលើភ្នំរបស់ព្រះអម្ចាស់បាន?
តើនរណាអាចឈរនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គបាន?
៤ មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ
និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន
គឺអ្នកដែលមិនបណ្តោយខ្លួនទៅថ្វាយបង្គំព្រះក្លែងក្លាយ
និងនិយាយស្បថស្បែបំពាន។
៥ ព្រះអម្ចាស់នឹងប្រទានពរដល់គេ
ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះ នឹងប្រោសគេឱ្យសុចរិតដែរ។
៦ គឺអ្នកទាំងនេះហើយដែលស្វែងរកព្រះអង្គ
ជាអ្នកស្វែងរកព្រះរបស់លោកយ៉ាកុប។
៧ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
៨ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់ប្រកបដោយព្រះចេស្ដាដ៏ខ្លាំងពូកែ
ព្រះអម្ចាស់ជាអ្នកចម្បាំងដ៏ជំនាញ។
៩ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
១០ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់នៃពិភពទាំងមូល គឺព្រះអង្គហើយ
ដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៩២
ចូរកោតសរសើរព្រះជាម្ចាស់ដែលបង្កើតអ្វីៗទាំងអស់
ចូរច្រៀងកោតសរសើរអំពីកិច្ចការប្រោសលោះរបស់ព្រះគ្រីស្ត (សន្តអាថាណាស)។
បន្ទរទី១ ៖ បពិត្រព្រះអម្ចាស់ ! ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តុង្គឧត្តមណាស់ អាលេលូយ៉ា!
២ | បពិត្រព្រះអម្ចាស់ ! ទូលបង្គំលើកតម្កើងព្រះអង្គ ពិតជាការប្រពៃណាស់ ស្មូតបទតម្កើងសរសើរព្រះនាមរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ក៏ជាការល្អប្រពៃដែរ ! |
៣ | ទូលបង្គំប្រកាសអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ តាំងពីពេលព្រលឹមមក ហើយក៏ប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គនៅពេលយប់ |
៤ | ដោយលេងឃឹម ដេញចាប៉ី និងដេញពិណដែរ។ |
៥ | បពិត្រព្រះអម្ចាស់! កិច្ចការដែលព្រះអង្គធ្វើ នាំឱ្យទូលបង្គំមានអំណរដ៏លើសលប់ ទូលបង្គំសប្បាយចិត្តយ៉ាងខ្លាំងនឹងស្នាព្រះហស្តរបស់ព្រះអង្គ។ |
៦ | បពិត្រព្រះអម្ចាស់! ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តុង្គឧត្តមណាស់ ព្រះតំរិះរបស់ព្រះអង្គជ្រៅពន់ប្រមាណ! |
៧ | មនុស្សល្ងីល្ងើមិនយល់អ្វីទាំងអស់ មនុស្សឆោតល្ងង់ក៏មិនដឹងអ្វីដែរ។ |
៨ | មនុស្សអាក្រក់ចម្រុងចម្រើនឡើងដូចស្មៅ មនុស្សទាំងប៉ុន្មានដែលប្រព្រឹត្តអំពើទុច្ចរិត ក៏រីកដុះដាលឡើងដែរ ប៉ុន្តែ គេនឹងត្រូវវិនាសអន្តរាយរហូតតរៀងទៅ។ |
៩ | រីឯព្រះអង្គវិញ នៅស្ថានលើ ព្រះអង្គនៅជាព្រះអម្ចាស់ជានិច្ច! |
១០ | បពិត្រព្រះអម្ចាស់! ខ្មាំងសត្រូវរបស់ព្រះអង្គកំពុងតែវិនាស អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតនឹងត្រូវខ្ចាត់ខ្ចាយអស់ទៅ។ |
១១ | ព្រះអង្គប្រទានឱ្យទូលបង្គំមានកម្លាំងដូចដំរី ព្រះអង្គបានចាក់ប្រេងថ្មីមកលើទូលបង្គំ។ |
១២ | ទូលបង្គំឃើញខ្មាំងសត្រូវឃ្លាំមើល ព្រមទាំងឮសម្រែករបស់អស់អ្នកដែលស្អប់ទូលបង្គំ |
១៣ | មនុស្សសុចរិតនឹងរីកដុះដាលឡើងដូចដើមត្នោត ហើយចម្រើនធំឡើងដូចដើមគគីរ។ |
១៤ | ពួកគេប្រៀបបាននឹងដើមឈើដុះនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គេលូតលាស់នៅក្នុងព្រះវិហាររបស់ព្រះជាម្ចាស់នៃយើង |
១៥ | ទោះបីគេមានវ័យចាស់ជរាក្តី ក៏គេនៅតែបង្កើតផលផ្លែដដែល គេមានពន្លកថ្មី និងមានស្លឹកលាស់ខៀវខ្ចីជានិច្ច។ |
១៦ | ការទាំងនេះសម្តែងឱ្យឃើញថា ព្រះអម្ចាស់ជាថ្មដារបស់ខ្ញុំ ព្រះអង្គមានព្រះហឫទ័យទៀងត្រង់ជានិច្ច ឥតប្រែប្រួលសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តុង្គឧត្តមណាស់ អាលេលូយ៉ា!
បទលើកតម្កើងតាមព្យាការីអេសេគីអែល (អគ ៣៦,២៤-២៨)
ព្រះជាម្ចាស់នឹងបង្កើតប្រជារាស្រ្តសាជាថ្មី
ព្រះពន្លារបស់ព្រះជាម្ចាស់ ស្ថិតនៅជាមួយមនុស្សលោកហើយ !
ព្រះអង្គនឹងស្ថិតនៅក្នុងចំណោមពួកគេ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះជាម្ចាស់ផ្ទាល់នឹងគង់ជាមួយពួកគេ (វវ ២១,៣)។
បន្ទរទី២ ៖ យើងនឹងប្រោះទឹកដ៏បរិសុទ្ធលើអ្នករាល់គ្នា អាលេលូយ៉ា!
(បទពាក្យ ៧)
២៤- | យើងនឹងនាំយកអ្នករាល់គ្នា | ចេញពីប្រជាជាតិទាំងឡាយ | |
ប្រមូលមិនឱ្យនៅរាយប៉ាយ | ពីស្រុកជិតឆ្ងាយមកមាតុភូមិ | ។ | |
២៥- | យើងនឹងប្រោះទឹកបរិសុទ្ធ | លើអ្នកប្រាកដដោយថ្នាក់ថ្នម | |
ជំរះឱ្យអ្នកស្អាតទាំងព្រម | ផុតពីសៅហ្មងផងទាំងឡាយ | ។ | |
លែងឱ្យអ្នករាល់គ្នាជាប់ចិត្ត | លើព្រះមិនពិតព្រះក្លែងក្លាយ | ||
ឱ្យអ្នកផុតទុក្ខជួបសប្បាយ | ក្តីសោកទាំងឡាយវិនាសបង់ | ។ | |
២៦- | យើងនឹងប្រគល់ចិត្តគំនិត | ថ្មីល្អប្រណីតវិញ្ញាណផង | |
ដកចិត្តដូចថ្មរឹងកន្លង | ផ្លាស់ប្តូរវិញម្តងចេះមេត្តា | ។ | |
២៧- | យើងដាក់វិញ្ញាណយើងទៅក្នុង | អ្នករាល់គ្នាផងមិនរួញរា | |
ឱ្យអ្នកធ្វើតាមបទបញ្ជា | វិន័យធម្មាដំបូន្មាន | ។ | |
២៨- | អ្នករាល់គ្នានឹងរស់ក្នុងស្រុក | ជួបតែក្តីសុខមិនរំខាន | |
ទឹកដីដែលយើងបានប្រទាន | ឱ្យទៅតាដូនរបស់អ្នក | ។ | |
ហើយយើងនឹងព្រមទទួលយក | អ្នកទាំងអស់មកប្រាកដជាក់ | ||
ធ្វើជារាស្ត្រយើងគ្មានសល់ម្នាក់ | ព្រោះយើងជាព្រះអ្នកឯងហើយ | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ យើងនឹងប្រោះទឹកដ៏បរិសុទ្ធលើអ្នករាល់គ្នា អាលេលូយ៉ា!
ទំនុកតម្កើងលេខ ៨
សិរីរុងរឿងរបស់ព្រះជាម្ចាស់ និងកិត្តិយសរបស់មនុស្ស
ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ឱ្យនៅក្រោមព្រះបាទារបស់ព្រះគ្រីស្ត ព្រមទាំងប្រទានឱ្យព្រះអង្គគង់នៅលើអ្វីៗទាំងអស់ ធ្វើជាសិរសាលើព្រះសហគមន៍ (អភ ១,២២)។
បន្ទរទី៣ ៖ ដ្បិតអ្វីៗទាំងអស់សុទ្ធតែសម្រាប់បម្រើបងប្អូន រីឯបងប្អូនវិញ បងប្អូនបម្រើព្រះគ្រីស្ត ហើយព្រះគ្រីស្តបម្រើព្រះជាម្ចាស់ អាលេលូយ៉ា!
២ | បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយ! ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿងលើសផ្ទៃមេឃទៅទៀត!។ |
៣ | ព្រះអង្គបានប្រើពាក្យសរសើរតម្កើងរបស់ក្មេងៗ និងទារកដែលនៅបៅ ធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចាមិត្តរបស់ព្រះអង្គ ដើម្បីបង្ក្រាបខ្មាំងសត្រូវដ៏កាចសាហាវឱ្យវិនាសសូន្យ។ |
៤ | ពេលទូលបង្គំសម្លឹងមើលផ្ទៃមេឃ ដែលជាស្នាព្រះហស្តរបស់ព្រះអង្គ ហើយសម្លឹងមើលព្រះចន្ទ និងហ្វូងតារា ដែលព្រះអង្គដាក់នៅលើមេឃនោះ |
៥ | ទូលបង្គំសួរខ្លួនឯងថា តើមនុស្សមានឋានៈអ្វីបានជាព្រះអង្គនឹកគិតដល់គេដូច្នេះ? តើបុត្រមនុស្សជាអ្វីបានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ? |
៦ | ព្រះអង្គបានធ្វើឱ្យមនុស្សមានឋានៈទាបជាងទេវតាតែបន្តិចប៉ុណ្ណោះ។ ព្រះអង្គប្រទានសិរីរុងរឿង និងកិត្តិយសដល់គេ ទុកជាមកុដរាជ្យ។ |
៧ | ព្រះអង្គប្រទានឱ្យគេគ្រប់គ្រងលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់ឱ្យនៅក្រោមជើងរបស់គេ |
៨ | គឺទាំងចៀមទាំងគោ និងសត្វព្រៃទាំងប៉ុន្មាន |
៩ | ព្រមទាំងបក្សាបក្សីនៅលើមេឃ ត្រីនៅក្នុងសមុទ្រ និងសត្វទាំងអស់ដែលរស់នៅបាតសមុទ្រ។ |
១០ | បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយ! ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿងពាសពេញលើផែនដីទាំងមូល! ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ដ្បិតអ្វីៗទាំងអស់សុទ្ធតែសម្រាប់បម្រើបងប្អូន រីឯបងប្អូនវិញ បងប្អូនបម្រើព្រះគ្រីស្ត ហើយព្រះគ្រីស្តបម្រើព្រះជាម្ចាស់ អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១៤,៧-៩)
ក្នុងចំណោមបងប្អូន គ្មាននរណាម្នាក់រស់ ឬស្លាប់សម្រាប់ខ្លួនឯងឡើយ ដ្បិតបើយើងរស់ យើងរស់សម្រាប់ព្រះអម្ចាស់ ហើយបើយើងស្លាប់ ក៏ស្លាប់សម្រាប់ព្រះអម្ចាស់ដែរ។ ទោះបីយើងរស់ក្តី ស្លាប់ក្តី យើងថ្វាយខ្លួនទៅព្រះអម្ចាស់ជានិច្ច ដ្បិតព្រះគ្រីស្ដបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីធ្វើជាព្រះអម្ចាស់ទាំងលើមនុស្សស្លាប់ទាំងលើមនុស្សរស់។
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអង្គត្រូវគេព្យួរនៅលើឈើឆ្កាងសម្រាប់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ ៖ ពេលគង្វាលដ៏ឧត្ដមយាងមកដល់ បងប្អូននឹងទទួលមកុដដ៏រុងរឿងដែលមិនចេះអាប់រស្មី អាលេលូយ៉ា!
៦៨ | ”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។ |
៦៩ | ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។ |
៧០ | ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម |
៧១ | គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង |
៧២ | ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ |
៧៣ | គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ ជាបុព្វបុរសរបស់យើងថា |
៧៤ | ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច |
៧៥ | ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។ |
៧៦ | ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ |
៧៧ | កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ ដោយលើកលែងគេឱ្យរួចពីបាប។ |
៧៨ | ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង |
៧៩ | និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់លោកសាការី (តាមបែបស្មូត) បទពាក្យ ៧
៦៨- | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់ព្រះរបស់ | |
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះ | យាងមករំដោះរាស្ត្រព្រះអង្គ | ។ | |
៦៩- | ទ្រង់បានប្រទានព្រះសង្គ្រោះ | ដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់ | |
ពីក្នុងចំណោមព្រះញាតិវង្ស | នៃអង្គដាវីឌបម្រើជាក់ | ។ | |
៧០- | ព្រះម្ចាស់ប្រទានព្រះសង្គ្រោះ | យើងមិនដែលលោះមិនដែលអាក់ | |
ដូចបានសន្យាតាមរយៈ | ព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន | ។ | |
៧១- | ព្រះអង្គសង្គ្រោះយើងឱ្យរួច | ចេញពីអំណាចខ្មាំងលើសលន់ | |
និងផុតពីដៃពួកទុរជន | ដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង | ។ | |
៧២- | ព្រះអង្គសម្ដែងព្រះហឫទ័យ | ករុណាប្រណីមិនឆ្មៃឆ្មើង | |
ដល់បុព្វបុរសដែលតម្កើង | សម្ពន្ធព្រះអង្គមិនភ្លេចសោះ | ។ | |
៧៣- | គឺព្រះអង្គហើយបានសន្យា | ពាក្យពិតសត្យាមិនចន្លោះ | |
នឹងអប្រាហាំបុព្វបុរស | ដូនតាយើងនោះដូច្នេះថា | ។ | |
៧៤- | ទ្រង់នឹងរំដោះយើងឱ្យរួច | ផុតពីអំណាចខ្មាំងឫស្យា | |
ដើម្បីយើងអាចក្រាបវន្ទា | ព្រះអង្គគ្រប់គ្រាគ្មានភ័យភិត | ។ | |
៧៥- | ព្រមទាំងឱ្យយើងបានរស់នៅ | ឥតមានអាស្រូវដោយសុចរិត | |
ជារៀងរាល់ថ្ងៃមួយជីវិត | គាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ | ។ | |
៧៦- | ចំណែកឯរូបរបស់កូន | នឹងក្លាយខ្លួនជាព្យាការី | |
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃ | រៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ | ។ | |
៧៧- | កូននឹងធ្វើឱ្យអស់ប្រជា | រាស្ត្រទាំងអស់គ្នាគេបានដឹង | |
ថាព្រះសង្គ្រោះគឺព្រះអង្គ | ទាំងលើកទោសផងរួចពីបាប | ។ | |
៧៨- | ព្រះរបស់យើងមានព្រះទ័យ | ករុណាប្រណីជាដរាប | |
ទ្រង់ប្រទានថ្ងៃរះរៀងរាប | រំដោះរួចបាបយើងពិតៗ | ។ | |
៧៩- | សម្រាប់បំភ្លឺដល់អស់អ្នក | ដែលបាននៅស្នាក់ទីងងឹត | |
ព្រមទាំងតម្រង់ផ្លូវជីវិត | យើងឆ្ពោះទៅរកក្តីសុខសាន្ត | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ពេលគង្វាលដ៏ឧត្ដមយាងមកដល់ បងប្អូននឹងទទួលមកុដដ៏រុងរឿងដែលមិនចេះអាប់រស្មី អាលេលូយ៉ា!
ពាក្យអង្វរសកល
ព្រះគ្រីស្តបានបង្ហាញឱ្យយើងស្គាល់ពីជីវិតដែលស្ថិតស្ថេរជារៀងរហូត។ ចូរយើងស្រែកទូលព្រះអង្គ ដោយជំនឿ និងអំណរសប្បាយថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមឱ្យការរស់ឡើងវិញរបស់ព្រះអង្គ នាំព្រះហឫទ័យប្រណីសន្ដោសដ៏លើសលប់របស់ព្រះអង្គមកយើងខ្ញុំ!
ឱគង្វាលអស់កល្បជានិច្ច ! សូមព្រះអង្គទតមកហ្វូងចៀមរបស់ព្រះអង្គ ពេលពួកគេក្រោកពីដំណេក
—សូមព្រះអង្គចិញ្ចឹមយើងខ្ញុំជាមួយនឹងព្រះបន្ទូលដែលផ្តល់ជីវិត និងអាហារពីស្ថានបរមសុខផង។ (បន្ទរ)
សូមព្រះអង្គថែរក្សាការពារយើងខ្ញុំពីពួកឆ្កែចចក និងជនស៊ីឈ្នួល
—ហើយសូមព្រះអង្គប្រោសឱ្យយើងខ្ញុំមានចិត្តស្មោះត្រង់ ក្នុងការស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គផង។ (បន្ទរ)
ព្រះអង្គគង់នៅជាមួយអ្នកប្រកាសដំណឹងល្អគ្រប់ៗរូប ហើយប្រទានឱ្យពួកគេមានអំណាចក្នុងការថ្លែងព្រះបន្ទូល
—នៅថ្ងៃនេះ សូមព្រះអង្គធ្វើឱ្យយើងខ្ញុំក្លាយជាអ្នកប្រកាសដំណឹងល្អ អំពីការរស់ឡើងវិញរបស់ព្រះអង្គ ដោយសារជីវិតដ៏វិសុទ្ធរបស់យើងខ្ញុំ។ (បន្ទរ)
សូមព្រះអង្គធ្វើជាអំណរសប្បាយដ៏លើសលុបរបស់យើងខ្ញុំ ដែលគ្មាននរណាអាចយកចេញពីយើងខ្ញុំបានឡើយ
—ដូច្នេះ យើងខ្ញុំអាចបដិសេធអំពើបាប ហើយឈោងឆ្ពោះទៅកាន់ជីវិតអស់កល្បជានិច្ច។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង ! ព្រះអង្គសព្វព្រះហឫទ័យឱ្យមនុស្សគ្រប់ជាតិសាសន៍បានស្គាល់ព្រះអង្គ និងទទួលជីវិតអស់កល្បជានិច្ច។ សូមព្រះអង្គមេត្តាប្រោសយើងខ្ញុំជាគ្រីស្តបរិស័ទឱ្យមានចិត្តក្លាហានពុះពារឧបសគ្គនានា ដើម្បីនាំព្រះបន្ទូលរបស់ព្រះអង្គដល់មនុស្សសម័យឥឡូវនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។