ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១៖ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះត្រៃឯក ! ជាព្រះជាម្ចាស់តែមួយក្នុងអង្គទាំងបីស្មើគ្នា។ ព្រះអង្គមានព្រះជន្មគង់នៅតាំងតែពីដើម និងជាដរាបតរៀងទៅ។

ចូរ​សរសើរ​តម្កើង​ព្រះអម្ចាស់!
អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ!
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់!
ចូរ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ!
តាំង​ពី​ពេល​ថ្ងៃ​រះ រហូត​ទល់​ថ្ងៃ​លិច
ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់!
ព្រះ‌អម្ចាស់​គង់​នៅ​ពី​លើ​ប្រជា‌ជាតិ​ទាំង‌ឡាយ
សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​ខ្ពស់​ជាងផ្ទៃ​មេឃ​ទៅ​ទៀត។
តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះអម្ចាស់ជា​ព្រះ​របស់​យើង​បាន?
ព្រះ‌អង្គ​គង់​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត
ព្រះ‌អង្គ​ទត​មើល​មក​ផ្ទៃ​មេឃ និង​ផែន‌ដី ដែល​នៅ​ខាង​ក្រោម​ព្រះ‌អង្គ។
ព្រះ‌អង្គ​លើក​មនុស្ស​ទន់​ខ្សោយ​ឡើង​ពី​ធូលី​ដី
ព្រះ‌អង្គ​លើក​មនុស្ស​ទុរគត​ឡើង​ពី​ភក់​ជ្រាំ
ដើម្បី​ឱ្យ​គេ​កាន់​កាប់​អំណាចរួម​ជា​មួយ​ពួក​អ្នក​ធំ
គឺ​រួម​ជា​មួយ​ពួក​អ្នក​ធំ​នៅ​ក្នុង​ចំណោមប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។
ព្រះ‌អង្គ​ប្រទាន​ឱ្យ​ស្ត្រីអារ​មាន​កូន
ឱ្យ​នាង​រស់​នៅ​ក្នុង​ផ្ទះ​យ៉ាង​សប្បាយជា​មួយ​កូនៗ​របស់​នាង។ អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះត្រៃឯក ! ជាព្រះជាម្ចាស់តែមួយក្នុងអង្គទាំងបីស្មើគ្នា។ ព្រះអង្គមានព្រះជន្មគង់នៅតាំងតែពីដើម និងជាដរាបតរៀងទៅ។

បន្ទរទី២៖ សូមលើកតម្កើងព្រះត្រៃឯក ដែលមិនអាចបំបែកចេញពីគ្នាបាន។ ចូរយើងលើកតម្កើងព្រះជាម្ចាស់ ដែលបានបង្ហាញឱ្យយើងស្គាល់ធម៌មេត្តាករុណារបស់ព្រះអង្គ។

(បទព្រហ្មគីតិ)

១២-ក្រុងយេរូសាឡឹមកុំស្ងាត់ស្ងៀមនៅរេរង់
ព្រមទាំងក្រុងស៊ីយ៉ូនចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់
១៣-ដ្បិតព្រះអង្គការពារអ្នករាល់គ្នាបានសុខណាស់
ទ្រង់ឱ្យពរដល់រាស្រ្តដែលរស់ពាសពេញទីក្រុង
១៤-ទ្រង់ប្រទានទឹកដីមានសេរីសុខត្រចង់
សន្តិភាពគ្រប់ជ្រុងស្រូវបម្រុងច្រើនមហិមា
១៥-នៅលើផ្ទៃផែនដីស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា
ផ្សព្វផ្សាយគ្រប់ទិសាពីបញ្ជាព្រះអម្ចាស់
១៦-ព្រះអង្គឱ្យទឹកកកធ្លាក់ចុះមកច្រើនដេរដាស
សន្សើមត្រជាក់ណាស់ក៏ធ្លាក់ចុះតាមបញ្ជា
១៧-ព្រះអង្គធ្វើឱ្យព្រឹលធ្លាក់មិនខ្ជិលច្រើនមហិមា
ឱ្យមានធាតុរងាតើនរណាអាចទ្រាំបាន?
១៨-ពេលទ្រង់មានបន្ទូលធ្វើឱ្យព្រឹលទាំងប៉ុន្មាន
ទឹកកកគ្រប់ទីស្ថានរលាយបានជាទឹកអស់
ធ្វើឱ្យមានទាំងខ្យល់បោកវិលវល់មិនឈប់សោះ
បក់យកទឹកទាំងនោះហូរតាមជ្រោះទៅមិនសល់
១៩-ទ្រង់សម្តែងឱ្យពូជលោកយ៉ាកុបស្តាប់បន្ទូល
ក្រឹត្យវិន័យនិមលឱ្យអ៊ីស្រាអែលបានដឹង
២០-ព្រះអង្គពុំបញ្ជាសព្វកិច្ចការអស់ទាំងហ្នឹង
ឱ្យជាតិសាសន៍ផ្សេងដឹងវិន័យទ្រង់នោះសោះឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ សូមលើកតម្កើងព្រះត្រៃឯក ដែលមិនអាចបំបែកចេញពីគ្នាបាន។ ចូរយើងលើកតម្កើងព្រះជាម្ចាស់ ដែលបានបង្ហាញឱ្យយើងស្គាល់ធម៌មេត្តាករុណារបស់ព្រះអង្គ។

បន្ទរទី៣៖ សូមលើកតម្កើងសិរីរុងរឿង និងព្រះកិត្តិនាមរបស់ព្រះជាម្ចាស់ ក្នុងអង្គទាំងបី គឺព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ! សូមសរសើរតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ !

សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង
ដែល​បាន​ប្រោស​ប្រទាន​ព្រះ‌ពរ​គ្រប់​យ៉ាងផ្នែក​ខាង​វិញ្ញាណ​ពី​ស្ថាន​បរម‌សុខមក​យើង ក្នុង​អង្គ​ព្រះ‌គ្រីស្ត។
ព្រះ‌អង្គ​បាន​ជ្រើស‌រើស​យើង​ក្នុង​អង្គ​ព្រះ‌គ្រីស្ត
តាំង​ពី​មុន​កំណើត​ពិភព‌លោក​មក​ម៉្លេះ ដើម្បី​ឱ្យ​យើង​វិសុទ្ធ
និង​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង។
ព្រះ‌អង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន ឱ្យ​ធ្វើជា​បុត្រ​ធីតា​របស់​ព្រះ‌អង្គ
ដោយ‌សារ​ព្រះ‌យេស៊ូ‌គ្រីស្ត ស្រប​នឹង​បំណង​ដ៏​សប្បុរស​របស់​ព្រះ‌អង្គ
ដើម្បី​ឱ្យ​យើង​លើក​តម្កើង​សិរី‌រុង​រឿង​នៃ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស
ដែល​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។
ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត​នេះ ព្រះ‌ជាម្ចាស់​បាន​លោះ​យើង
ដោយ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ និង​លើក‌លែង​ទោស​ឱ្យ​យើង​បាន​រួច​ពី​បាប
តាម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ដ៏​លើស‌លប់​របស់​ព្រះ‌អង្គ។
ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​យើង​យ៉ាង​ខ្លាំង​បំផុត
គឺ​ព្រះ‌អង្គ​ប្រទាន​ឱ្យ​យើង​មាន​តម្រិះ និង​ប្រាជ្ញា​ដ៏​វាង‌វៃ​គ្រប់​យ៉ាង។
ព្រះអង្គ​បាន​ប្រោស​ឱ្យ​យើង​ស្គាល់​គម្រោងការ​ដ៏​លាក់កំបាំងនៃព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ
តាម​បំណង​ដ៏​សប្បុរស ដែល​ព្រះ‌អង្គ​បាន​សម្រេច​ទុក​ជា​មុន ​ដោយ​ព្រះ‌អង្គ​ផ្ទាល់។
១០ព្រះអង្គ​ចាត់​ចែង​គម្រោងការ​នេះ​ឱ្យ​បាន​សម្រេច​ នៅ​គ្រា​ចុង​ក្រោយបំផុត
គឺ​ប្រមូល​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​បរម‌សុខ និង​នៅ​លើ​ផែន‌ដី ឱ្យ​រួម​គ្នា​នៅ​ក្នុង​អង្គ​ព្រះ‌គ្រីស្ត ជា​ម្ចាស់​តែ​មួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ សូមលើកតម្កើងសិរីរុងរឿង និងព្រះកិត្តិនាមរបស់ព្រះជាម្ចាស់ ក្នុងអង្គទាំងបី គឺព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ! សូមសរសើរតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ !

ព្រះ‌ហឫទ័យ​ទូលាយ​របស់​ព្រះ‌ជាម្ចាស់ជ្រៅ​ពន់​ពេក​ណាស់ ហើយ​ព្រះ‌ប្រាជ្ញា‌ញាណ និង​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ក៏ខ្ពង់‌ខ្ពស់​ដែរ! គ្មាន​នរណា​អាច​យល់​ការ​សម្រេច​របស់​ព្រះ‌អង្គ​ឡើយ ហើយ​ក៏​គ្មាន​នរណា​អាច​យល់​មាគ៌ា​របស់​ព្រះ‌អង្គ​បាន​ដែរ ! តើ​នរណា​ស្គាល់​គំនិត​របស់​ព្រះ‌អម្ចាស់ ? តើ​នរណា​បាន​ថ្វាយ​យោបល់​ទៅ​ព្រះ‌អង្គ ? តើ​នរណា​បាន​ថ្វាយ​អ្វីមួយ​ទៅ​ព្រះ‌អង្គ ដើម្បី​ឱ្យ​ព្រះ‌អង្គ​តប​ស្នង​សង​គុណ​វិញ? ។ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មក​ពី​ព្រះ‌អង្គ ដោយ‌សារ​ព្រះ‌អង្គ និង​សម្រាប់​ព្រះ‌អង្គ! ។ សូម​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គអស់​កល្ប‌ជានិច្ច! អាម៉ែន! ។

បន្ទរ៖ ចូរយើងក្រាបថ្វាយបង្គំព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ *ចូរយើងកោតសរសើរព្រះជាម្ចាស់អស់កល្បជានិច្ច។ បន្ទរឡើងវិញ៖…
-មានតែព្រះជាម្ចាស់តែមួយព្រះអង្គគត់ ដែល​ប្រកប​ដោយព្រះ កិត្តិនាម និងសិរីរុងរឿង។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ យើងខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ! យើងខ្ញុំសូមអរព្រះគុណព្រះត្រៃឯកដ៏ពិតប្រាកដតែមួយ ! ព្រះអង្គមានសភាពជាព្រះជាម្ចាស់តែមួយ ជាអង្គតែមួយដ៏វិសុទ្ធ ដែលគង់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត។

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ យើងខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ! យើងខ្ញុំសូមអរព្រះគុណព្រះត្រៃឯកដ៏ពិតប្រាកដតែមួយ ! ព្រះអង្គមានសភាពជាព្រះជាម្ចាស់តែមួយ ជាអង្គតែមួយដ៏វិសុទ្ធ ដែលគង់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត។

បពិត្រព្រះបិតាព្រះអង្គបានប្រទានជីវិតឱ្យព្រះគ្រីស្ត ជាព្រះបុត្រាព្រះអង្គ តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ ហើយព្រះអង្គបានធ្វើឱ្យព្រះបុត្រាទៅជាប្រភពនៃជីវិតសម្រាប់យើងខ្ញុំ។ ចូរយើងបន្លឺសម្លេងសរសើរតម្កើងព្រះត្រៃឯកថា ៖

បន្ទរ៖ សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ !

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាព និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! សូមព្រះអង្គចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ ឱ្យយាងមកសណ្ឋិតលើព្រះសហគមន៍ ក្នុងព្រះនាមព្រះបុត្រាព្រះអង្គ
—សូមថែរក្សាព្រះសហគមន៍របស់ព្រះអង្គនៅក្នុងការរួបរួមគ្នានៃសប្បុរសធម៌ និងសេចក្តីពិតដ៏ពេញលក្ខណៈ។ (បន្ទរ)

បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គចាត់ពួកកម្មករមកក្នុងស្រែរបស់ព្រះអង្គ ដើម្បីបង្រៀនសេចក្តីពិតដល់ប្រជាជាតិទាំងឡាយ ហើយធ្វើពិធីជ្រមុជទឹកឱ្យគេ ក្នុងព្រះនាមព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
—ព្រមទាំងបញ្ជាក់ជំនឿរបស់ពួកគេផង។ (បន្ទរ)

បពិត្រព្រះបិតា ! សូមព្រះអង្គចាត់ព្រះដ៏ជួយការពារដល់អស់អ្នកដែលរងទុក្ខដោយការបៀតបៀន ព្រោះតែព្រះនាមព្រះបុត្រារបស់ព្រះអង្គ
—ដ្បិតទ្រង់មានព្រះបន្ទូលសន្យាថា នឹងចាត់ព្រះវិញ្ញាណនៃសេចក្តីពិតមកឆ្លើយជំនួសពួកគេ។ (បន្ទរ)

បពិត្រព្រះបិតាដែលមានគ្រប់ទាំងអំណាច ! សូមឱ្យមនុស្សលោកទទួលស្គាល់ព្រះអង្គទាំងអស់គ្នា រួមជាមួយព្រះបន្ទូល និងព្រះវិញ្ញាណដ៏វិសុទ្ធ ជាព្រះជាម្ចាស់ដ៏ពិតប្រាកដតែមួយ
—សូមឱ្យពួកគេជឿលើព្រះអង្គ សង្ឃឹមលើព្រះអង្គ និងស្រឡាញ់ព្រះអង្គ។ (បន្ទរ)

បពិត្រព្រះបិតានៃជីវិតគ្រប់យ៉ាង ! សូមព្រះអង្គនាំមរណបុគ្គលឱ្យចូលរួមក្នុងសិរីរុងរឿងរបស់ព្រះអង្គ
—គឺសិរីរុងរឿងដែលព្រះអង្គសោយរាជ្យ រួមជាមួយព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ (បន្ទរ)

បពិត្រព្រះជាម្ចាស់ជាព្រះបិតាយើងខ្ញុំ ! ព្រះអង្គចាត់ព្រះបន្ទូលនៃសេចក្តីពិត និងព្រះវិញ្ញាណដ៏វិសុទ្ធយាងមកក្នុងពិភពលោកនេះ ដើម្បីឱ្យមនុស្សជាតិយល់ពីគម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គ។ នៅពេលយើងខ្ញុំបង្ហាញជំនឿរបស់ខ្លួន សូមព្រះអង្គប្រោសឱ្យយើងខ្ញុំលើកតម្កើងសិរីរុងរឿងនៃព្រះត្រៃឯក និងក្រាបថ្វាយបង្គំព្រះដ៏មានឫទ្ធានុភាពសព្វប្រការដែលគង់នៅក្នុងអង្គតែមួយ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

31 Views

Theme: Overlay by Kaira