ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ
អាទិត្យព្រះយេស៊ូរងទុក្ខលំបាក
ប្រសិទ្ធពរលើប្រេង
ពណ៌ស
ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ ទី២៨ ខែមីនា ឆ្នាំ២០២៤
ពាក្យអធិដ្ឋានពេលចូល
ឱ ព្រះបិតាជាអម្ចាស់អើយ! ព្រះអង្គបានអភិសេកព្រះបុត្រាដោយព្រះវិញ្ញាណរបស់ព្រះអង្គ ហើយតែងតាំងជាព្រះគ្រីស្ដ និងជាព្រះអម្ចាស់។ ព្រះអង្គក៏បានអភិសេកយើងខ្ញុំក្នុងអង្គព្រះគ្រីស្ដដែរ សូមព្រះអង្គមេត្ដាប្រោសឱ្យយើងខ្ញុំចេះផ្ដល់សក្ខីភាពនៃការសង្គ្រោះក្នុងពិភពលោកសព្វថ្ងៃនេះផង។
អត្ថបទទី ១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៦១,១-៣ក.៦ក.៨ខ-៩
ព្រះវិញ្ញាណរបស់ព្រះជាអម្ចាស់សណ្ឋិតលើខ្ញុំ ដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេកខ្ញុំឱ្យនាំដំណឹងល្អទៅប្រាប់អ្នកដែលត្រូវគេជិះជាន់ ជួយថែទាំអ្នកដែលបាក់ទឹកចិត្ត ប្រកាសប្រាប់ជនជាប់ជាឈ្លើយថា ពួកគេនឹងរួចខ្លួន ហើយប្រាប់អ្នកជាប់ឃុំឃាំងថា ពួកគេនឹងមានសេរីភាព ព្រមទាំងប្រកាសពីឆ្នាំដែលព្រះអម្ចាស់សម្ដែងព្រះហឫទ័យមេត្តាករុណា និងពីថ្ងៃកំណត់ដែលព្រះរបស់យើងដាក់ទោសមនុស្សអាក្រក់ ហើយសម្រាលទុក្ខអស់អ្នកដែលកាន់ទុក្ខ គឺឱ្យអ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះទទួលមកុដនៅលើក្បាលជំនួសផេះ ឱ្យគេលាបប្រេងសម្ដែងអំណរសប្បាយជំនួសភាពក្រៀមក្រំនៃការកាន់ទុក្ខ ឱ្យគេស្លៀកពាក់យ៉ាងថ្លៃថ្នូរជំនួសខោអាវដាច់ដាច។ ពេលនោះ គេនឹងប្រដូចអ្នកក្រុងយេរូសាឡឹមទៅនឹងដើមឈើសក្ការៈនៃព្រះដ៏សុចរិត ជាសួនឧទ្យានរបស់ព្រះអម្ចាស់ ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់ព្រះអង្គ។ ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងមានឈ្មោះថា បូជាចារ្យរបស់ព្រះអម្ចាស់ គេនឹងហៅអ្នករាល់គ្នាថា អ្នកបម្រើរបស់ព្រះនៃយើង។ អ្នករាល់គ្នានឹងចិញ្ចឹមជីវិតដោយភោគទ្រព្យរបស់ប្រជាជាតិទាំងឡាយ ហើយតែងខ្លួនដោយគ្រឿងអលង្ការដ៏មានតម្លៃរបស់ពួកគេ។ ព្រះអម្ចាស់មានព្រះបន្ទូលថា យើងចូលចិត្តយុត្តិធម៌ ហើយស្អប់ការជំរិតជិះជាន់ណាស់។ យើងនឹងសងអ្នករាល់គ្នាវិញយ៉ាងត្រឹមត្រូវ យើងនឹងចងសម្ព័ន្ធមេត្រីដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយអ្នករាល់គ្នា។ ប្រជាជាតិទាំងឡាយនឹងស្គាល់កូនចៅរបស់អ្នករាល់គ្នា ហើយពូជពង្សអ្នករាល់គ្នាក៏នឹងមានឈ្មោះល្បីនៅក្នុងចំណោមជាតិសាសន៍នានាដែរ។អស់អ្នកដែលជួបពួកគេនឹងទទួលស្គាល់ថា ពួកគេជាជាតិមួយដែលព្រះអម្ចាស់បានប្រទានពរ។
ទំនុកតម្កើងលេខ ៨៩(៨៨) បទកាកគតិ
| ២ | ឱ! ព្រះជាម្ចាស់ | ខ្ញុំមិនគេចប្រាស | នឹងច្រៀងតម្កើង |
| បង្គំព្រះអង្គ | ព្រះទ័យខ្ពស់ថ្កើង | អស់កល្បយូរលង់ |
| | អង្វែងតទៅ | ។ |
| ៣ | ខ្ញុំប្រកាសថា | ព្រះទ័យមេត្តា | ករុណាត្រឹមត្រូវ |
| របស់ព្រះអង្គ | ស្ថិតស្ថេរគង់នៅ | មាំមិនអាស្រូវ |
| | ដូចផ្ទៃមេឃា | ។ |
| ៤ | យើងចងសម្ពន្ធ | មេត្រីបន្ទាន់ | ចុះខសន្យា |
| ជ្រើសលោកដាវីឌ | ហើយតែងតាំងជា | បម្រើការពារ |
| | ឥតមានប្រែប្រួល | ។ |
| ៥ | យើងនឹងតាំងពង្ស | ពូជអ្នកឱ្យគង់ | នៅជុំត្រកូល |
| តាំងរាជ្យឱ្យអ្នក | នៅបានសុខស្រួល | គ្មានអ្វីប្រែប្រួល |
| | អង្វែងដរាប | ។ |
| ៦ | ឱព្រះម្ចាស់អើយ | ទេវតានេះហើយ | សរសើររៀងរាប់ |
| ពីស្នាព្រះហស្ត | អស្ចារ្យគួរគាប់ | ច្រៀងកោតមិនឈប់ |
| | ពីព្រះទ័យស្ម័គ្រ | ។ |
| ៧ | នៅស្ថានសួគ៌ា | ឥតមាននរណា | ស្មើរព្រះអង្គជាក់ |
| ពពួកទេវា | ក៏មិនមានអ្នក | ឱ្យបានដូចព្រះ |
| | អម្ចាស់នោះទេ | ។ |
អត្ថបទទី ២៖ សូមថ្លែងព្រះគម្ពីរវីវរណៈ វវ ១,៥-៨
ព្រះយេស៊ូគ្រីស្ដប្រណីសន្ដោស ព្រមទាំងប្រទានសេចក្ដីសុខសាន្តដល់បងប្អូនដែរ! ព្រះយេស៊ូជាបន្ទាល់ដ៏ស្មោះត្រង់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ ហើយព្រះអង្គជាអធិបតីលើស្ដេចទាំងអស់នៅផែនដី។ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង និងបានរំដោះយើងឱ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់ ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យបម្រើព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះអង្គ។ សូមលើកតម្កើងសិរីរុងរឿង និងព្រះចេស្ដារបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។ មើល៍! ព្រះអង្គយាងមកនៅកណ្ដាលពពក។ មនុស្សទាំងអស់នឹងឃើញព្រះអង្គ សូម្បីតែអស់អ្នកដែលបានចាក់ទម្លុះព្រះអង្គ ក៏នឹងឃើញព្រះអង្គដែរ។ កុលសម្ព័ន្ធទាំងប៉ុន្មាននៅលើផែនដីនឹងត្រូវសោកសៅព្រោះតែព្រះអង្គ។ មែន! ពិតជាកើតមានដូច្នេះមែន! អាម៉ែន!។ ព្រះជាអម្ចាស់ដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីដើម ហើយកំពុងតែយាងមក គឺព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាអាល់ផា និងជាអូមេកា»។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៣,៣៤
| ប | បពិត្រព្រះអម្ចាស់យេស៊ូ! យើងខ្ញុំលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ |
| គ | ព្រះអង្គប្រទានវិន័យថ្មីឱ្យយើងខ្ញុំ “គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ”។ |
| ប | បពិត្រព្រះអម្ចាស់យេស៊ូ! យើងខ្ញុំលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តៈលូកា លក ៤,១៦-២១
ព្រះយេស៊ូយាងទៅភូមិណាសារ៉ែត ជាភូមិដែលព្រះអង្គគង់នៅកាលពីកុមារ។ នៅថ្ងៃសប្ប័ទ ព្រះអង្គយាងទៅសាលាប្រជុំតាមទម្លាប់របស់ព្រះអង្គ។ ព្រះអង្គក្រោកឈរឡើងដើម្បីអានគម្ពីរ។ គេបានយកគម្ពីររបស់ព្យាការីអេសាយមកថ្វាយព្រះអង្គ ព្រះអង្គបើកគម្ពីរត្រង់អត្ថបទមួយដែលមានចែងថា៖ «ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ។ ព្រះអង្គបានចាក់ប្រេងអភិសេកខ្ញុំឱ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឱ្យមកប្រកាសប្រាប់ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព ហើយប្រាប់មនុស្សខ្វាក់ថា គេនឹងមើលឃើញវិញ។ ព្រះអង្គបានចាត់ខ្ញុំឱ្យមករំដោះអស់អ្នកដែលត្រូវគេសង្កត់សង្កិន ព្រមទាំងប្រកាសអំពីឆ្នាំដែលព្រះអម្ចាស់សម្ដែងព្រះហឫទ័យមេត្តាករុណា»។ លុះអានចប់ហើយ ព្រះយេស៊ូបិទគម្ពីរប្រគល់ទៅអ្នកថែរក្សា រួចព្រះអង្គគង់ចុះវិញ។ មនុស្សគ្រប់ៗរូបនៅក្នុងសាលាប្រជុំសម្លឹងមើលព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុការណ៍ដែលមានចែងទុកក្នុងគម្ពីរដូចអ្នករាល់គ្នាទើបនឹងស្ដាប់អំបាញ់មិញ បានសម្រេចជារូបរាងនៅថ្ងៃនេះហើយ»។
ពាល្យថ្វាយដង្វាយ
ឱ ព្រះបិតាជាអម្ចាស់យើងខ្ញុំអើយ! ដោយឫទ្ធានុភាពនៃសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ដជាព្រះបុត្រាព្រះអង្គ បានបូជាព្រះជន្មផ្ទាល់ ដើម្បីលុបបំបាត់សេចក្ដីអាក្រក់គ្រប់យ៉ាង ព្រមទាំងប្រទានជីវិតថ្មី និងផ្ដល់ការសង្គ្រោះឱ្យយើងខ្ញុំ សូមព្រះអង្គមេត្ដាប្រោសឱ្យយើងខ្ញុំចូលរួមក្នុងសក្ការបូជារបស់ព្រះយេស៊ូ ជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាជាអម្ចាស់! យើងខ្ញុំបានទទួលអគ្គសញ្ញាដែលផ្ដល់ជីវិយ៉ាងបរិបូណ៌ សូមព្រះអង្គមេត្ដាប្រោសឱ្យយើងខ្ញុំបានពោរពេញដោយក្លិនពិដោរដ៏ក្រអូបរបស់ព្រះគ្រីស្ដផង។
783 Views
Post Views:
709