អត្ថបទព្រះគម្ពីរ
ថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២
អាទិត្យទី០៧ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
សូមថ្លែងលិខិតគ្រីស្តទូតយ៉ាកុប យក ៥,៩-១២
បងប្អូនជាទីស្រឡាញ់!
មិនត្រូវរអ៊ូរទាំនឹងគ្នាទៅវិញទៅមកឡើយ ដើម្បីកុំឱ្យមានទោស ដ្បិតព្រះជាម្ចាស់ដែលជាចៅក្រម ទ្រង់ឈរនៅមាត់ទ្វារស្រាប់ហើយ។ បងប្អូនអើយ! ចូរយកតម្រាប់តាមពួកព្យាការីដែលបានរងទុក្ខលំបាក និងមានចិត្តអត់ធ្មត់ ហើយថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះអម្ចាស់។ យើងតែងតែសរសើរអស់អ្នកដែលចេះស៊ូទ្រាំថា ជាអ្នកមានសុភមង្គល។ បងប្អូនធ្លាប់ឮគេនិយាយស្រាប់ហើយថា លោកយ៉ូប ចេះស៊ូទ្រាំយ៉ាណាៗនោះហើយ បងប្អូនក៏ឃើញដែរថា នៅទីបំផុតព្រះអម្ចាស់ឱ្យគាត់បានទៅជាយ៉ាងណា ដ្បិតព្រះអម្ចាស់មានព្រះហប្ញទ័យអាណិតអាសូរ និងមេត្តាករុណាយ៉ាងក្រៃលែង។
បងប្អូនអើយ! ជាពិសេសកុំស្បថឱ្យសោះ គឺកុំយកមេឃ យកផែនដី ឬយកអ្វីផ្សេងទៀតមកធ្វើជាប្រធានសម្បថឡើយ។ បើថា “មែន” ឱ្យប្រាកដជាមែន “ទេ” ឱ្យប្រាកដជាទេ ដើម្បីកុំឱ្យមានទោស។
ទំនុកតម្កើងលេខ ១០៣ (១០២),១-៤.៨-៩.១១-១២ បទកាកគតិ
១ | ខ្ញុំសូមសរសើរ | ព្រះគ្មានអ្វីស្មើ | អស់ពីដួងចិត្ត |
ខ្ញុំសូមតម្តើង | នាមដ៏វិសុទ្ធ | ព្រះដ៏មានប្ញទ្ធិ | |
ផុតលើលោកា។ | |||
២ | ខ្ញុំសូមតម្កើង | សរសើរលើកឡើង | អស់ពីចិន្តា |
ខ្ញុំសូមរំលឹក | ព្រះហស្តអស្ចារ្យ | សប្បុរសករុណា | |
មិនបំភ្លេចឡើយ។ | |||
៣ | ព្រះអង្គអត់ទោស | នូវរាល់កំហុស | ដែលមានមកហើយ |
ខ្ញុំបានប្រព្រឹត្ត | ព្រះអង្គប្រោសឱ្យ | ខ្ញុំបានធូរស្បើយ | |
ផុតរោគសោកសៅ។ | |||
៤ | ព្រះអង្គរំដោះ | ជីវិតឱ្យរស់ | ផុតពីរណ្តៅ |
ព្រះអង្គអាណិត | អាសូរពេកកូវ | ខ្ញុំផុតសោកសៅ | |
ដោយទ្រង់មេត្តា។ | |||
៨ | ព្រះអម្ចាស់ថ្លៃ | មានព្រះហប្ញទ័យ | អាណិតករុណា |
ប្រណីសន្តោស | គ្រប់ពេលវេលា | ដល់មនុស្សគ្រប់គ្នា | |
មិនឱ្យមានភ័យ។ | |||
៩ | ទ្រង់មិនបន្ទោស | ប្រើពាក្យបោកបោះ | ដាក់យើងរាល់ថ្ងៃ |
ទ្រង់មិនពិរោធ | មិនខេខឹងអ្វី | ហើយតែងប្រណី | |
ដល់យើងគ្រប់គ្នា។ | |||
១១ | មេឃនៅខ្ពស់ឆ្ងាយ | សន្លឹមអន្លាយ | ពីភពផែនដី |
ព្រះទ័យព្រះម្ចាស់ | ដែលធ្លាប់ប្រណី | ក៏នៅខ្ពស់ឆ្ងាយ | |
យ៉ាងដូច្នោះដែរ។ | |||
១២ | ទិសកើតទិសលិច | ឆ្ងាយគ្នាមិនតិត | ឥតមានកែប្រែ |
ព្រះអង្គធ្វើឱ្យ | អំពើបាបបែរ | ឆ្ងាយមិនជិតទេ | |
ពីយើងយ៉ាងនោះ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៤,១៦
អាលេលូយ៉ា! អាលេលូយ៉ា!
ប្រសិនបើយើងស្ថិតនៅក្នុងសេចក្តីស្រឡាញ់ យើងស្ថិតនៅជាប់នឹងព្រះជាម្ចាស់។ ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១០,១-១២
ព្រះយេស៊ូយាងមកដល់ស្រុកយូដា និងដល់ត្រើយខាងនាយទន្លេយ័រដាន់។ មហាជននាំគ្នាទៅរកព្រះអង្គសាជាថ្មី ព្រះអង្គក៏ចាប់ផ្តើមបងៀនគេតាមទម្លាប់របស់ព្រះអង្គ។ មានពួគខាងគណៈផារីស៊ីចូលមកជិត ក្នុងគោលបំណងល្បងលព្រះអង្គ។ គេទូលសួរព្រះអង្គថា៖ «តើស្វាមីមានសិទ្ធិលែងភរិយាបានឬទេ?»។ ព្រះអង្គមានព្រះបន្ទូលថា៖ «តើលោកម៉ូសេបង្គាប់អ្នករាល់គ្នាឱ្យធ្វើអ្វី?»។ គេទូលតបថា៖«លោកម៉ូសេអនុញ្ញាតឱ្យស្វាមីធ្វើលិខិតលែងលះប្រពន្ធបាន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «លោកម៉ូសេចែងវិន័យនេះឱ្យអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាមានចិត្តរឹងរូស។ ប៉ុន្តែ កាលដើមដំបូង នៅពេលដែលព្រះជាម្ចាស់បានបង្កើតពិភពលោកព្រះអង្គបង្កើតមនុស្សមក ជាបុរស ជាស្ត្រី។ ហេតុនេះហើយ បានជាបុរសត្រូវចាកចេញពីឪពុកម្តាយ ទៅរួមរស់នៅជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ។ គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ ដូច្នេះ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។ ពេលទៅដល់ផ្ទះ ក្រុមសាវ័កទូលសួរព្រះយេស៊ូអំពីរឿងនេះម្តងទៀត។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើស្វាមីណាលែងភរិយា ហើយទៅរៀបការនឹងស្ត្រីម្នាក់ទៀត ស្វាមីនោះបានផិតក្បត់ភរិយារបស់ខ្លួន។ រីឯភរិយាណាដែលលែងស្វាមី ហើយទៅរៀបការនឹងបុរសម្នាក់ទៀត ស្រ្តីនោះក៏បានប្រព្រឹត្តអំពើផិតក្បត់ដែរ»។