អាទិត្យទី០៦ នៃបុណ្យចម្លង
ថ្ងៃសុក្រ
ពណ៌ស
ឬសន្តអូគូស្តាំង នៅកាន់បេរីជាអភិបាលព្រះសហគមន៍
នៅឆ្នាំ ៥៩៦ សម្តេចប៉ាបក្រេក័រដ៏ប្រសើរឧត្តម ចាត់លោកអូគូស្តាំង ឱ្យនាំដំណឹងល្អទៅស្រុកអង់គ្លេស ដោយមានបព្វជិត ៤០ នាក់ទៅជាមួយផង។ លុះដល់ស្រុកនោះ ស្តេចអង់គ្លេសប្រែចិត្តគំនិតជឿព្រះយេស៊ូ ហើយនាំប្រជាជនទាំងមូលឱ្យជឿដែរ។ លោកយកចិត្តទុកដាក់អនុវត្តន៍តាមគោការណ៍ដែលសម្តេចប៉ាបក្រេករ័បានផ្តែផ្តាំលោកមុនពេលចេញដំណើរ គឺលោកមិនបំផ្លាញសាសនារបស់អ្នកស្រុកទេ ផ្ទុយទៅវិញ លោកយកប្រពៃណីស្រុកគេមកកែទម្រង់ឱ្យបានស្របនឹងជំនឿនៃគ្រីស្តសាសនា។ លោកទទួលមុខងារជាអភិបាលព្រះសកហគមន៍នៅក្រុងកាន់បេរី។ លោកទទួលមរណទុក្ខនៅឆ្នាំ ៦០៥។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១៨,៩-១៨
នៅក្រុងកូរិនថូស យប់មួយ លោកប៉ូលនិមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «កុំខ្លាចអី! ត្រូវនិយាយតទៅទៀតទៅ កុំនៅស្ងៀមឡើយ! ដ្បិតយើងស្ថិតនៅជាមួយអ្នកហើយ! ពុំមាននរណាអាចធ្វើបាបអ្នកបានទេ ព្រោះនៅក្រុងនេះ មានមនុស្សជាច្រើន ជាប្រជារាស្រ្តរបស់យើង»។ លោកប៉ូលស្នាក់នៅក្រុងកូរិនថូសអស់រយៈមួយឆ្នាំប្រាំមួយខែ លោកបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់អ្នកក្រុងនោះ។
នៅគ្រាដែលលោកកៃលីយ៉ូន កាន់តំណែងជារាជប្រតិភូរបស់ព្រះចៅអធិរាជរ៉ូមុំាងនៅស្រុកអាខៃ សាសន៍យូដាសមគំនិតគ្នាប្រឆាំងនឹងលោកប៉ូល ហើយនាំលោកយកទៅសាលាកាត់ក្តីទាំងចោទថា៖ «ជននេះបញ្ចុះបញ្ចូលមនុស្សម្នាឱ្យគោរពថ្វាយបង្គំព្រះជាម្ចាស់តាម របៀបមួយខុសច្បាប់»។ ពេលលោកប៉ូលបម្រុងនឹងហាមាត់និយាយ លោកកៃលីយ៉ូនមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «ជន ជាតិយូដាអើយ! ប្រសិនបើរឿងនេះទាក់ទងនឹងបទឧក្រិដ្ឋ ឬបទល្មើសណាមួយនោះ ខ្ញុំមុខជាសុខចិត្តស្តាប់អ្នករាល់គ្នាមិនខាន។ ប៉ុន្តែ បើជារឿងជជែកវែកញែក ស្តីអំពីពាក្យពេចន៍ អំពីឈ្មោះ ឬអំពីធម្មវិន័យរបស់អ្នករាល់គ្នាទេនោះ ចូរដោះស្រាយខ្លួនឯងទៅ! ខ្ញុំមិនព្រមកាត់ក្តីឱ្យអ្នករាល់គ្នាអំពីរឿងនេះឡើយ»។ លោកក៏ដេញពួកគេចេញពីសាលាកាត់ក្តី។ ពេលនោះ ពួកគេនាំគ្នាចាប់លោកសូស្តែន ដែលជាអ្នកទទួលខុសត្រូវលើធម្មសាលាមកវាយនៅមុខសាលាកាត់ក្តី តែលោកកៃលីយ៉ូនមិនអើពើទេ។
លោកប៉ូលស្នាក់នៅក្រុងកូរិនថូសជាយូរថ្ងៃ។ ក្រោយមក លោកជម្រាបលាក្រុមបងប្អូនចុះសំពៅឆ្ពោះទៅស្រុកស៊ីរី ដោយមាននាងព្រីស៊ីឡា និងលោកអគីឡាស ជូនដំណើរទៅជាមួយដែរ។ លោកកោរសក់លាបំណន់នៅកំពង់ផែសង់ក្រេ។
ទំនុកតម្កើងលេខ ៤៧ (៤៦), ២-៧ បទកាកគតិ
២ | ឱ!ជនទាំងឡាយ | ចូរអរសប្បាយ | ទះដៃអបអរ |
ច្រៀងលើកតម្កើង | ព្រះម្ចាស់បវរ | ទទួលអំណរ | |
ដោយចិត្តរីករាយ | ។ | ||
៣ | ដ្បិតព្រះអម្ចាស់ | ព្រះខ្ពង់ខ្ពស់ណាស់ | គួរស្ញប់ស្ញែងក្រៃ |
ព្រោះតែព្រះអង្គ | ជាមហាក្សត្រថ្លៃ | ឧត្តមប្រពៃ | |
លើដីទាំងអស់ | ។ | ||
៤ | ព្រះអង្គបង្រ្កាប | គ្រប់ជាតិឱ្យរាប | មកជាចំណុះ |
មិនឱ្យរួចខ្លួន | ជាតិណាមួយសោះ | ស្ម័គ្រចិត្តស្រួលស្រុះ | |
ក្រោមអំណាចយើង | ។ | ||
៥ | ព្រះអង្គជ្រើសរើស | ទឹកដីគ្រប់ទិស | ជាមរតកថ្កើង |
ឱ្យយើងខ្ពស់មុខ | គ្មានអ្វីកើតឡើង | វិសេសរុងរឿង | |
យ៉ាកុបល្អឯក | ។ | ||
៦ | ព្រះអម្ចាស់យាង | ឡើងក្រោមសូរសៀង | ខ្ញៀវខ្ញាអនេក |
ទ្រង់យាងទៅខ្ពស់ | ឥតមានរារែក | អមដោយសម្រែក | |
សូរត្រែតន្រ្តី | ។ | ||
៧ | ចូរយើងនាំគ្នា | រូតរះម្នីម្នា | ថ្វាយពរសិរី |
ព្រះជាអម្ចាស់ | រុងរឿងពេកក្រៃ | ស្មូតលាយតន្រ្តី | |
ថ្វាយព្រះនៃយើង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២៤,៤៦.២៦
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តត្រូវតែរងទុក្ខលំបាក ហើយមានព្រះជន្មថ្មី ដើម្បីនឹងចូលទៅទទួលសិរីរុងរឿងរបស់ព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៦,២០-២៣
នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងទ្រហោយំសោកសង្រេង តែមនុស្សលោកនឹងអរសប្បាយ។ អ្នករាល់គ្នានឹងកើតទុក្ខព្រួយ ប៉ុន្តែ ទុក្ខព្រួយរបស់អ្នករាល់គ្នានឹងប្រែទៅជាអំណរសប្បាយវិញ។ ពេលស្ត្រីម្នាក់ហៀបនឹងឆ្លងទន្លេ នាងតែងព្រួយចិត្ត ព្រោះដល់ពេលដែលនាងត្រូវឈឺចាប់ លុះដល់នាងសម្រាលកូនរួចហើយ នាងភ្លេចការឈឺចាប់ទាំងប៉ុន្មាន នាងក៏សប្បាយចិត្ត ព្រោះមានមនុស្សម្នាក់កើតមកក្នុងលោកនេះ។ អ្នករាល់គ្នាក៏ដូច្នោះដែរ ឥឡូវនេះអ្នករាល់គ្នាព្រួយចិត្ត។ ប៉ុន្តែខ្ញុំនឹងជួបអ្នករាល់គ្នាសាជាថ្មី អ្នករាល់គ្នានឹងសប្បាយចិត្ត ហើយគ្មាននរណាដកយកអំណរសប្បាយចេញពីចិត្តអ្នករាល់គ្នាបានឡើយ។ នៅពេលនោះ អ្នករាល់គ្នាលែងសួរអ្វីពីខ្ញុំទៀតហើយ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗដែលអ្នករាល់គ្នាទូលសុំព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គមុខជានឹងប្រទានឱ្យអ្នករាល់គ្នាជាមិនខាន»។