អត្ថបទព្រះគម្ពីរ
ថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣៤ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
អត្ថបទទី១
សូមថ្លែងព្រះគម្ពីរព្យាការីដានីអែល ដន ៧,២-១៤
លោកដានីអែលមានប្រសាសន៍ថា៖ «ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំឃើញខ្យល់ទាំងបួនទិសបក់ពីមេឃមកលើមហាសមុទ្រ។ ពេលនោះ ស្រាប់តែមានសត្វដ៏ធំសម្បើមបួនក្បាល ប្លែកៗពីគ្នា ផុសចេញពីមហាសមុទ្រនោះ។ សត្វទីមួយមានរូបរាងដូចតោ ហើយមានស្លាបដូចឥន្ទ្រី។ ពេលខ្ញុំកំពុងតែមើលនោះ ខ្ញុំឃើញគេដកស្លាបវា ហើយលើកវាឡើងផុតពីដី ឱ្យឈរជើងពីរដូចមនុស្ស រួចគេឱ្យវាមានចិត្តដូចមនុស្ស។ សត្វទីពីរមានរូបរាងដូចខ្លាឃ្មុំ វាឈរលើកជើងម្ខាងព្រមទាំងពាំឆ្អឹងជំនីបីក្នុងមាត់ផង។ មានគេប្រាប់វាថា «ចូរក្រោកឡើងហើយត្របាក់ស៊ីសាច់ឱ្យច្រើនទៅ!»។ ខ្ញុំសម្លឹងមើលទៅ ឃើញសត្វមួយទៀតមានរូបរាងដូចខ្លារខិន នៅលើខ្នងវាមានស្លាប់បួន ហើយវាមានក្បាលបួនដែរ វាបានទទួលអំណាចគ្រប់គ្រងលើពិភពលោក។ បន្ទាប់មក ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំបានឃើញសត្វទីបួនដែលមានរូបរាងគួរព្រឺស្ញែងខ្លាច។ វាមានកម្លាំងដ៏ខ្លាំងក្លាអស្ចារ្យ ធ្មេញវាជាដែកដ៏ធំៗ វាត្របាក់ស៊ី វាកម្ទេច ព្រមទាំងជាន់ឈ្លីសំណល់ទាំងអស់ផង។ សត្វនេះមានរូបរាងខុសប្លែកពីសត្វមុនៗ គឺវាមានស្នែងដប់។ ខ្ញុំសង្កេតមើលស្នែងទាំងនោះ ស្រាប់តែឃើញមានស្នែងមួយទៀតតូចជាងគេ ដុះចេញពីកណ្ដាលចំណោមស្នែងទាំងដប់។ គេដកស្នែងមុនៗបីចេញពីមុខស្នែងតូច។ ស្នែងនេះ មានភ្នែកដូចភ្នែកមនុស្ស ហើយមានមាត់ពោលចេញមកនូវពាក្យព្រហើនកោងកាច។ ពេលនោះ ខ្ញុំនៅតែគន់មើលតទៅទៀត ឃើញគេយករាជបល័្លង្កជាច្រើនមកតាំង ហើយព្រះជាម្ចាស់នៃពេលវេលា ដែលមានព្រះជន្មាយុយឺនយូរ គង់នៅលើបល័្លង្កមួយ ទ្រង់មានព្រះភូសាពណ៌សដូចកប្បាស ហើយព្រះកេសារបស់ព្រះអង្គសដូចសំឡី។ ព្រះរាជបល័្លង្ករបស់ព្រះអង្គ ប្រៀបបានទៅនឹងអណ្ដាតភ្លើង ហើយមានកង់កំពុងឆេះសន្ធោសន្ធៅ។ មានទន្លេមួយហូរសុទ្ធតែភ្លើង ចេញពីមុខព្រះរាជបល័្លង្ក។ មានមនុស្សរាប់ម៉ឺនរាប់សែននាក់ គោរពបម្រើព្រះអង្គ និងរាប់លាន រាប់កោដិនាក់ទៀត ឈរនៅចំពោះព្រះភក្រ្តព្រះអង្គ។ ពេលនោះ ចៅក្រមនាំគ្នាអង្គុយ ហើយគេក៏បើកក្រាំងទាំងឡាយ។ ខ្ញុំក្រឡេកមើលទៅ ខ្ញុំបានឮស្នែងតូចនោះ ពោលពាក្យយ៉ាងព្រហើនកោងកាច។ ពេលខ្ញុំកំពុងតែសម្លឹងមើល ស្រាប់តែសត្វទីបួននោះ ត្រូវគេសម្លាប់ ហើយគេយកខ្មោចទៅដុតចោលក្នុងភ្លើង។ រីឯសត្វឯទៀតៗក៏បាត់បង់អំណាចគ្រប់គ្រង តែពួកវាបានទទួលការអនុញ្ញាតឱ្យរស់តទៅមុខទៀតរហូតដល់ពេលកំណត់។ ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំឃើញមានម្នាក់ដូចបុត្រមនុស្ស មកជាមួយពពកនៅលើផ្ទៃមេឃ លោកចូលទៅជិតព្រះជាម្ចាស់នៃពេលវេលា ដែលមានព្រះជន្មាយុយឺនយូរ ហើយគេក៏នាំលោកទៅគាល់ព្រះអង្គ។ លោកបានទទួលអំណាចគ្រប់គ្រងព្រះកិត្តិនាម ព្រមទាំងរាជ្យសម្បត្តិផង។ ប្រជាជនទាំងអស់ ប្រជាជាតិទាំងអស់ និងមនុស្សគ្រប់ភាសា នាំគ្នាគោរពបម្រើលោក អំណាចគ្រប់គ្រងរបស់លោកនៅស្ថិតស្ថេរអស់កល្បជានិច្ច ឥតសាបសូន្យឡើយ។ រាជ្យសម្បត្តិរបស់លោកមិនត្រូវរលាយដែរ»។
ទំនុកតម្កើងរបស់ព្យាការីដានីអែល ៣, ៧៥-៨១ បទកាកគតិ
៧៥. | សូមឱ្យភ្នំធំ | កុំនៅសំងំ | ភ្នំតូចផងណា |
ស្មូត្របទតម្កើង | ព្រះម្ចាស់រាល់គ្នា | ថ្កើងព្រះនាមា | |
អស់កល្បជានិច្ច ។ | |||
៧៦. | សព្វអស់អ្វីៗ | ដែលដុះលើដី | កុំបីមានភ្លេច |
ចូរលើកតម្កើង | ព្រះម្ចាស់ជានិច្ច | កុំប្រែមានល្បិច | |
អស់កល្បអន្លាយ ។ | |||
៧៧. | ចូរសមុទ្រស្ទឹង | ទន្លេល្វើយល្វឹង | តូចធំទាំងឡាយ |
នាំគ្នាតម្កើង | ដោយក្ដីរីកសាយ | សរសើរម្ចាស់ថ្លៃ | |
ឱ្យលាន់រងំ ។ | |||
៧៨. | ចូរប្រភពទឹក | មានច្រើនសន្ធឹក | ព្រែកទាំងតូចធំ |
ទឹកហូរពីជ្រោះ | ទឹកធ្លាក់ពីភ្នំ | កុំនៅសំងំ | |
តម្កើងព្រះអង្គ ។ | |||
៧៩. | ចូរអស់ទាំងត្រី | តូចធំម្ដេចក្ដី | និងសត្វរស់ក្នុង |
ទន្លេសមុទ្រ | តាមព្រែកបួរបឹង | កុំសំងំឈឹង | |
តម្កើងព្រះម្ចាស់ ។ | |||
៨០. | សូមបក្សីសត្វ | ដែលរស់ខ្វែងខ្វាត់ | ច្រើនមីរដេរដាស |
ស្មូត្របទតម្កើង | ព្រះជាអម្ចាស់ | កុំបីចន្លោះ | |
អស់កល្បយូរលង់ ។ | |||
៨១. | សូមឱ្យសត្វស្រុក | រស់នៅអែរអុក | ទាំងសត្វព្រៃផង |
នាំគ្នាសរសើរ | តម្កើងព្រះអង្គ | អស់កល្បយូរលង់ | |
តទៅអន្លាយ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,២៨
អលេលូយ៉ា! អាលេលូយ៉ា!
ចូរអ្នករាល់គ្នាងើបមើលទៅលើពីព្រោះព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ២១,២៩-៣៣
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័ក អំពីដំណើរនិវត្តរបស់ព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នានេះថា៖«ចូរមើលដើមស្វាយ និងដើមឈើទាំងអស់ចុះ! កាលណាអ្នករាល់គ្នាឃើញស្លឹកវាលាស់ អ្នករាល់គ្នាដឹងថា រដូវប្រាំងជិតមកដល់ហើយ។ ដូច្នេះកាលណាអ្នករាល់គ្នាឃើញព្រឹត្តិការណ៍ទាំងនោះកើតមានឡើងត្រូវដឹងថា ព្រះរាជ្យរបស់ព្រះជាម្ចាស់ក៏មកជិតហើយដែរ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ហេតុការណ៍ទាំងនោះនឹងកើតមាននៅពេលដែលមនុស្សជំនាន់នេះមានជីវិតនៅឡើយ។ ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ»។