ថ្ងៃសុក្រ អាទិត្យទី៣៣
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃសុក្រ ទី២១ ខែវិច្ឆិការ ឆ្នាំ២០២៥

បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ

នៅថ្ងៃនេះ ព្រះសហគមន៍នាំគ្នាលើកតម្កើងព្រះនាងម៉ារីដែលថ្វាយទាំងចិត្តគំនិតទាំងខ្លួនទៅព្រះជាម្ចាស់ គឺព្រះនាងពិតជា “អ្នកបម្រើដ៏ទន់ទាបរបស់ព្រះអម្ចាស់”។ គ្រីស្តបរិស័ទពីដើម តែងតំណាលថា ឪពុកម្តាយព្រះនាងម៉ារី បានយកព្រះនាងមកថ្វាយព្រះជាម្ចាស់ក្នុងព្រះវិហារយេរូសាឡឹម។ ទោះបីរឿងនេះគ្មានកត់ត្រាទុកក្នុងគម្ពីរក៏ដោយ ក៏យើងជឿថា ព្រះនាងម៉ារីពិតជាថ្វាយចិត្តគំនិតស្ម័គ្រចិត្តបម្រើព្រះជាម្ចាស់ជានិច្ច។ ពេលព្រះអង្គសុំឱ្យព្រះនាងធ្វើជាព្រះមាតារបស់ព្រះបុត្រាព្រះអង្គ ព្រះនាងយល់ព្រមភ្លាម។ ព្រះនាងត្រឡប់ទៅជាព្រះដំណាក់សម្រាប់ព្រះបុត្រាគង់នៅ។ ព្រះនាងម៉ារីពិតជាគំរូរបស់គ្រីស្តបរិស័ទ ជាពិសេសរបស់បព្វជិត ព្រោះព្រះនាងបានថ្វាយខ្លួនទាំងស្រុងចំពោះព្រះជាម្ចាស់។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរមរណសាក្សីនៃជនជាតិអ៊ីស្រាអែល ១មបា ៤,៣៦-៣៧.៥២-៥៩

 លោក​យូដា និង​បង‌ប្អូន​លោក​និយាយ​គ្នា​ថា៖ «ខ្មាំង​សត្រូវ​បរា‌ជ័យ​ហើយ! យើង​នាំ​គ្នា​ឡើង​ទៅ​យេរូសា‌ឡឹម ដើម្បី​ធ្វើ​ពិធី​ជម្រះ​ព្រះ‌វិហារ​ឱ្យ​បរិសុទ្ធ និង​ធ្វើ​បុណ្យ​ឆ្លង​ជា​ថ្មី​ទៀត​ផង»។ កង‌ទ័ព​ទាំង​អស់​ប្រមូល​ផ្ដុំ​គ្នា ហើយ​ឡើង​ទៅ​លើ​ភ្នំ​ស៊ី‌យ៉ូន។ ថ្ងៃ​ទី​ម្ភៃ​ប្រាំ ខែ​គីស‌លើ ដែល​ត្រូវ​នឹង​ខែ​មិគ‌សិរ នៅ​ឆ្នាំ​មួយ‌រយ​សែ​សិប‌ប្រាំបី ជន​ជាតិ​យូដា​ក្រោក​ពី​ព្រលឹម នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា ស្រប​តាម​ធម្ម‌វិន័យ នៅ​លើ​អាសនៈ​ដែល​ទើប​តែ​នឹង​សង់​ថ្មី​នោះ។ គេ​ធ្វើ​ពិធី​ឆ្លង​អាសនៈ​នេះ​ទាំង​ច្រៀង​បទ​សរសើរ​ព្រះ‌ជាម្ចាស់ ដោយ​មាន​ប្រគំ​តូរ្យ​តន្ត្រី​កំដរ​ផង គឺ​មាន​ពិណ ចាប៉ី ឃឹម ចំ​លើ​ថ្ងៃ​ខួប ដែល​ជន​ជាតិ​ដទៃ​បាន​បង្អាប់​បង្អោន​អាសនៈ​នេះ។ ប្រជាជន​ទាំង​មូល ក្រាប​ចុះ​ឱន​មុខ​ដល់​ដី រួច​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រោស​ប្រទានឱ្យពួក​គេ​មាន​ជ័យ‌ជម្នះ។ គេ​ធ្វើ​បុណ្យ​ឆ្លង​អាសនៈ​អស់‌រយៈ​ពេល​ប្រាំបី​ថ្ងៃ ព្រម​ទាំង​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​យ៉ាង​សប្បាយ​រីក​រាយ​ក្រៃ​លែង។ គេ​ក៏​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព និង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​ដែរ។ គេ​យក​កម្រង​មាស និង​ខែល​មក​តុប​តែង​ជញ្ជាំង​ខាង​មុខ​ព្រះ‌វិហារ ហើយ​ជួស​ជុល​ខ្លោង​ទ្វារ និង​បន្ទប់ ព្រម​ទាំង​ដាក់​ទ្វារ​ឡើង​វិញ​ផង។ ប្រជាជន​មាន​អំណរ​សប្បាយ​យ៉ាង​ក្រៃ​លែង ហើយ​លុប​លាង​ការ​អាម៉ាស់ ដែល​គេ​ទទួល​ពី​សាសន៍​ដទៃ​ពី​ពេល​មុន។លោក​យូដា និង​បង‌ប្អូន​លោក ព្រម​ទាំង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ព្រម‌ព្រៀង​គ្នា​សម្រេច​ថា ត្រូវ​ធ្វើ​បុណ្យ​ខួប​ថ្ងៃ​ឆ្លង​អាសនៈ​នេះ ជា​រៀង​រាល់​ឆ្នាំ ក្នុង‌រយៈ​ពេល​ប្រាំបី​ថ្ងៃ ទាំង​សប្បាយ​រីក​រាយ គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី​ម្ភៃ​ប្រាំ ខែ​គីស‌លើ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​មួយ​រោច ខែ​មិគ‌សិរ​ត​ទៅ។

ទំនុកតម្កើងរបាក្សត្រ ភាគមួយ ២៩,១០-១២ បទកាកគតិ

១០ឥឡូវនេះខ្ញុំមានបំណងធំចង់ចងសម្ពន្ធ
មេត្រីជាមួយព្រះអង្គបន្ទាន់ជាព្រះនៃជន
ជាតិអ៊ីស្រាអែល
ខ្ញុំសូមអង្វរព្រះម្ចាស់បវរបារមីក្រាស់ក្រែល
សូមទ្រង់ពង្វាងព្រះពិរោធដែលគ្រប់គ្រងក្រវែល
លើយើងគ្រប់គ្នា
១១ពេលនេះកូនចៅទាំងអស់គ្នាត្រូវឈប់ធ្វើខ្ជីខ្ជា
ដ្បិតព្រះអម្ចាស់ជ្រើសអ្នករាល់គ្នាបំពេញមុខងារ
បម្រើព្រះអង្គ
ទ្រង់សព្វព្រះទ័យលើអ្នកពេកក្រៃឈរពីមុខទ្រង់
បម្រើកិច្ចការតាមព្រះបំណងគ្រឿងក្រអូបផង
ដាក់ថ្វាយគ្មានទាស់
១២ពេលនោះកូនចៅលេវីមិននៅក្រោកឡើងទាំងអស់
ជំរះដំណាក់វិសុទ្ធឥតទាស់ថែមទាំងជំរះ
ខ្លួនពួកគេផង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១០,២៧

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គពិតជាគង្វាលដ៏ពិតប្រាកដតែមួយ! យើងខ្ញុំស្ដាប់សំឡេងព្រះអង្គ ហើយទៅតាមព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៩,៤៥-៤៨

ព្រះ‌យេស៊ូ​យាង​ចូល​ព្រះ‌វិហារ ហើយ​ដេញ​អ្នក​លក់​ដូរ​ចេញ​ពី​ទី​នោះ ដោយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា “ដំណាក់​របស់​យើង​ជា​កន្លែង​សម្រាប់​អធិ‌ស្ឋាន” តែ​អ្នក​រាល់​គ្នា​បែរ​ជា​យក​ធ្វើ​សំបុក​ចោរ​ទៅ​វិញ»។ ព្រះ‌យេស៊ូ​បាន​បង្រៀន​គេនៅ​ក្នុង​ព្រះ‌វិហារ ជា​រៀង​រាល់​ថ្ងៃ។ ក្រុម​នាយក​បូជា‌ចារ្យ ពួក​បណ្ឌិត​ខាង​វិន័យ និង​ពួក​មន្ត្រី នាំ​គ្នា​រក​មធ្យោ‌បាយ​ធ្វើ​គុត​ព្រះ‌អង្គ។ ប៉ុន្តែ គេ​មិន​ដឹង​ជា​ត្រូវ​ប្រើ​វិធី​ណា​ឡើយ ដ្បិត​ប្រជាជន​ទាំង​មូល​ប្រឹង​ស្ដាប់​ព្រះ‌បន្ទូល​ព្រះ‌អង្គដោយ​យក​ចិត្ត​ទុក​ដាក់។

218 Views

Theme: Overlay by Kaira