អត្ថបទព្រះគម្ពីរ
ថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣២ រដូវធម្មតា
ពណ៌ក្រហម
បុណ្យរម្លឹក

សន្តយ៉ូសាផាត ជាអភិបាល
ព្រះសហគមន៍ និងជាមរណសាក្សី

លោកយ៉ូហាន គុនសេវិស (ប្រ.១៥៨០-១៦២៣) ជាគ្រីស្តបរិស័ទអ័រតូដុកម្នាក់។ លោកចូលព្រះសហគមន៍កាតូលិក ហើយបួសនៅក្រុងវិលណា រួចលោកបង្កើតអារាមជាច្រើន ដែលត្រឡប់ទៅជាកន្លែងដែលគ្រីស្តបរិស័ទអ័រតូដុក និងកាតូលិកមានទំនាក់ទំនងជាមួយគ្នា។ បន្ទាប់មកលោកទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងប៉ូឡូត្ស។ ដោយលោកខិតខំយកចិត្តទុកដាក់បង្រួបបង្រួមគ្រីស្តបរិស័ទដែលបែកបាក់គ្នា មានគេស្អប់លោកជាខ្លាំងរហូតដល់ប្រហារជីវិតលោក។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញាណ ប្រាញ ១៣,១-៩

អស់អ្នកដែលចចេសមិនទទួលស្គាល់ព្រះជាម្ចាស់ សុទ្ធតែជាមនុស្សលេលាពីកំណើត​មែន! ព្រោះពួកគេមើលឃើញអ្វីៗដ៏ល្អ តែពុំអាចស្គាល់ព្រះអង្គដែលមានព្រះជន្មគង់​នៅ។ ពួកគេពិនិត្យពិច័យមើលស្នាព្រះហស្ដរបស់ព្រះអង្គ តែមិនទទួលស្គាល់ព្រះអង្គដែលបានបង្កើតអ្វីៗទាំងនោះមកឡើយ។ ផ្ទុយទៅវិញ ពួកគេបែរជាយកភ្លើង ខ្យល់ អាកាស កញ្ចុំផ្កាយដែលវិលវល់នៅលើមេឃ ទឹកដែលហូរយ៉ាងខ្លាំង ព្រះអាទិត្យ និងព្រះចន្ទធ្វើជាព្រះរបស់ខ្លួន។ ពួកគេបានឈ្លក់វង្វេងនឹងសម្រស់របស់ធម្មជាតិទាំងនោះ ហើយចាត់ទុកថាជាព្រះ។ អ្នកទាំងនោះគួរតែដឹងច្បាស់ថា ព្រះដែលជាម្ចាស់នៃធម្ម​ជាតិទាំងនេះរឹតតែល្អប្រសើរ! គឺព្រះអង្គហើយដែលជាប្រភពនៃសម្រស់ ព្រះអង្គបាន​បង្កើតធម្មជាតិទាំងនោះ។ បើមនុស្សស្ញប់ស្ញែងកម្លាំង និងអំណាចនៃធម្មជាតិទាំងនោះ​ពួកគេគួរតែរិះគិតថា ព្រះអង្គដែលបានបង្កើតអ្វីៗទាំងអស់ មានប្ញទ្ធានុភាពរឹតតែខ្លាំង​ទៅទៀត។ ភាពថ្កុំថ្កើង និងសម្រស់របស់សត្វលោកនាំមនុស្សឱ្យសញ្ជឹងគិត ដោយការ​ប្រៀបធៀបអំពីព្រះអង្គ ដែលបានបង្កើតសត្វលោកទាំងអស់។ ប៉ុន្ដែ មិនត្រូវស្ដីបន្ទោសមនុស្សទាំងនោះខ្លាំងពេកទេ ពួកគេវង្វេងប្រហែលមកពីរបៀបដែលគេស្វែងរក និងចង់ឃើញព្រះជាម្ចាស់។ ស្នាព្រះហស្ដរបស់ព្រះអង្គស្ថិតនៅជុំវិញពួកគេ ពួកគេខំពិនិត្យមើល ហើយភាន់ច្រឡំ ដោយចាប់អារម្មណ៍នឹងភាពខាង​ក្រៅដែលគេមើលឃើញ ព្រោះអ្វីៗដែលពួកគេមើលឃើញនោះល្អណាស់។ ទោះបី​យ៉ាងនេះក្ដី ក៏ពួកគេពុំអាចដោះសាខ្លួនបានដែរ ព្រោះថា ពួកគេមានចំណេះវិជ្ជាខ្ពង់ខ្ពស់​រហូតដល់អាចស្គាល់អាថ៌កំបាំងនៃពិភពលោក តែហេតុអ្វីបានជាពួកគេរកព្រះដែលជា​ម្ចាស់នៃអ្វីៗទាំងនោះពុំឃើញជាមុនសិន?។

ទំនុកតម្កើងលេខ ១៩,២-៥ បទកាកគតិ

២.ផ្ទៃមេឃថ្លាថ្លែងរុងរឿងស្ញប់ស្ញែងរបស់ព្រះម្ចាស់
អាកាសវេហាស៍ក៏បានប្រកាសពីស្នាព្រះហស្ដ
របស់ព្រះអង្គ ។
៣.ថ្ងៃមួយពោលប្រាប់ថ្ងៃមួយទៀតស្ដាប់មិននៅរេរង់
យប់មួយទៀតប្រាប់យប់ផ្សេងឱ្យដឹងអំពីដំណឹង
ល្បីល្បាញអស្ចារ្យ ។
៤.មិនប្រើសម្ដីមិនចារសេចក្ដីឬប្រើភាសា
ហើយក៏មិនចេញសូរស័ព្ទវាចាបន្ដិចឡើយណា
ឱ្យគេដឹងឮ ។
៥.ដំណឹងទាំងនោះឮឆ្ងាយសាយសុះពេញពាសរន្ទឺ
លើភពផែនដីទីងងឹតភ្លឺលាន់ល្បីរន្ទឺ
គ្មានសល់ចន្លោះ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ​តាម លក ២១,២៨

អលេលូយ៉ា! អាលេលូយ៉ា!
ចូរអ្នករាល់គ្នាងើបមើលទៅលើពីព្រោះព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៧,២៦-៣៧

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«នៅគ្រាបុត្រមនុស្សយាងមក ក៏​ដូចនៅជំនាន់លោកណូអេដែរ។ កាលណោះ មនុស្សម្នាគិតតែស៊ីផឹក រៀបការប្ដីប្រពន្ធ​រហូតដល់ថ្ងៃលោកណូអេចូលក្នុងទូកធំ ហើយទឹកជំនន់ឡើងលិចបំផ្លាញមនុស្សអស់។ នៅគ្រាបុត្រមនុស្សយាងមក ក៏ដូចនៅជំនាន់លោកឡុតដែរ កាលណោះមនុស្សម្នាស៊ីផឹក​លក់ដូរដាំដំណាំ និងសង់ផ្ទះ។ ប៉ុន្ដែ នៅថ្ងៃដែលលោកឡុតចាកចេញពីក្រុងសូដុម​ មានភ្លើង និងស្ពាន់ធ័របង្អុរពីលើមេឃមកដូចភ្លៀង បំផ្លាញអ្នកក្រុងទាំងអស់គ្នា។ នៅថ្ងៃដែលបុត្រមនុស្សបង្ហាញខ្លួន ក៏នឹងមានហេតុការណ៍ដូច្នោះដែរ។ នៅថ្ងៃនោះ អ្នក​​នៅលើដំបូលផ្ទះ ហើយមានរបស់របរទុកនៅក្នុងផ្ទះ កុំចុះទៅយកឡើយ។ រីឯ អ្នកនៅ​ចម្ការក៏ដូច្នោះដែរ កុំវិលត្រឡប់ទៅផ្ទះវិញឱ្យសោះ។ ចូរនឹកចាំអំពីរឿងដែលកើតមានដល់ភរិយាលោកឡុត។ អ្នកដែលខំរក្សាជីវិតរបស់ខ្លួន នឹងបាត់បង់ជីវិត រីឯអ្នកដែលបាត់បង់ជីវិតនឹងបានរួចជីវិតវិញ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះ បើមានពីរ​នាក់ដេកលើគ្រែជាមួយគ្នា ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតឱ្យនៅ។ បើស្រ្ដីពីរ​នាក់កិនស្រូវជាមួយគ្នា ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតឱ្យនៅ។ បើមានបុរសពីរនាក់នៅក្នុងចម្ការ ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតឱ្យនៅ»។ ក្រុមសាវ័ក​ទូលសួរព្រះអង្គថា៖«បពិត្រព្រះអម្ចាស់! តើហេតុការណ៍ទាំងនេះនឹងកើតមានឡើងនៅទីណា?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖«សាកសពនៅទីណា ត្មាតក៏មកជុំគ្នា​នៅទីនោះដែរ»។

361 Views

Theme: Overlay by Kaira