ថ្ងៃសុក្រ អាទិត្យទី៣២
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសុក្រ ទី១៤ ខែវិច្ឆិការ ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញាណ ប្រាញ ១៣,១-៩
អស់អ្នកដែលចចេសមិនទទួលស្គាល់ព្រះជាម្ចាស់សុទ្ធតែជាមនុស្សលេលាពីកំណើតមែន! ព្រោះពួកគេមើលឃើញអ្វីៗដ៏ល្អ តែពុំអាចស្គាល់ព្រះអង្គដែលមានព្រះជន្មគង់នៅ។ ពួកគេពិនិត្យពិច័យមើលស្នាព្រះហស្តរបស់ព្រះអង្គ តែមិនទទួលស្គាល់ព្រះអង្គដែលបានបង្កើតអ្វីៗទាំងនោះមកឡើយ។ ផ្ទុយទៅវិញ ពួកគេបែរជាយកភ្លើង ខ្យល់ អាកាស កញ្ចុំផ្កាយដែលវិលវល់នៅលើមេឃ ទឹកដែលហូរយ៉ាងខ្លាំង ព្រះអាទិត្យ និងព្រះចន្ទធ្វើជាព្រះរបស់ខ្លួន។ ពួកគេបានឈ្លក់វង្វេងនឹងសម្រស់របស់ធម្មជាតិទាំងនោះ ហើយចាត់ទុកថា ជាព្រះ។ អ្នកទាំងនោះគួរតែដឹងច្បាស់ថា ព្រះដែលជាម្ចាស់នៃធម្មជាតិទាំងនេះរឹតតែល្អប្រសើរ! គឺព្រះអង្គហើយដែលជាប្រភពនៃសម្រស់ ព្រះអង្គបានបង្កើតធម្មជាតិទាំងនោះ។ បើមនុស្សស្ញប់ស្ញែងកម្លាំង និងអំណាចនៃធម្មជាតិទាំងនោះ ពួកគេគួរតែរិះគិតថា ព្រះអង្គដែលបានបង្កើតអ្វីៗទាំងអស់ មានឫទ្ធានុភាពរឹតតែខ្លាំងទៅទៀត។ ភាពថ្កុំថ្កើង និងសម្រស់របស់សត្វលោក នាំមនុស្សឱ្យសញ្ជឹងគិត ដោយការប្រៀបធៀបអំពីព្រះអង្គដែលបានបង្កើតសត្វលោកទាំងអស់។ ប៉ុន្តែ មិនត្រូវស្តីបន្ទោសមនុស្សទាំងនោះខ្លាំងពេកទេ ពួកគេវង្វេង ប្រហែលមកពីរបៀបដែលគេស្វែងរក និងចង់ឃើញព្រះជាម្ចាស់។ ស្នាព្រះហស្តរបស់ព្រះអង្គស្ថិតនៅជុំវិញពួកគេ ពួកគេខំពិនិត្យមើល ហើយភាន់ច្រឡំដោយចាប់អារម្មណ៍នឹងភាពខាងក្រៅដែលគេមើលឃើញ ព្រោះអ្វីៗដែលពួកគេមើលឃើញនោះល្អណាស់។ ទោះបីយ៉ាងនេះក្តី ក៏ពួកគេពុំអាចដោះសាខ្លួនបានដែរ។ ដោយហេតុថា ពួកគេមានចំណេះវិជ្ជាខ្ពង់ខ្ពស់ រហូតដល់អាចស្គាល់អាថ៌កំបាំងនៃពិភពលោក តែហេតុអ្វីបានជាពួកគេរកព្រះជាម្ចាស់នៃអ្វីៗទាំងនោះពុំឃើញជាមុនសិន?
ទំនុកតម្កើងលេខ ១៩(១៨),២-៥ បទកាកគតិ
| ២ | ផ្ទៃមេឃថ្លាថ្លែង | រុងរឿងស្ញប់ស្ញែង | របស់ព្រះម្ចាស់ |
| អាកាសវេហាស៍ | ក៏បានប្រកាស | ពីស្នាព្រះហស្ដ |
| | របស់ព្រះអង្គ | ។ |
| ៣ | ថ្ងៃមួយពោលប្រាប់ | ថ្ងៃមួយទៀតស្ដាប់ | មិននៅរេរង់ |
| យប់មួយទៀតប្រាប់ | យប់ផ្សេងឱ្យដឹង | អំពីដំណឹង |
| | ល្បីល្បាញអស្ចារ្យ | ។ |
| ៤ | មិនប្រើសម្ដី | មិនចោលសេចក្ដី | ប្ញប្រើភាសា |
| ហើយក៏មិនចេញ | សូរស័ព្ទវាចា | បន្ដិចឡើយណា |
| | ឱ្យគេដឹងឮ | ។ |
| ៥ | ដំណឹងទាំងនោះ | ឮឆ្ងាយសាយសុះ | ពេញពាសរន្ទឺ |
| លើភពផែនដី | ទីងងឹតភ្លឺ | លាន់ល្បីរន្ទឺ |
| | គ្មានសល់ចន្លោះ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១២,១០
អាលេលូយ៉ា! អាលេលូយ៉ា!
ចូរអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៧,២៦-៣៧
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «នៅគ្រាដែលបុត្រមនុស្សយាងមក ក៏ដូចនៅជំនាន់លោកណូអេដែរ។ កាលណោះ មនុស្សម្នាគិតតែស៊ីផឹក រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃលោកណូអេចូលក្នុងទូកធំ ហើយទឹកជំនន់ឡើងលិចបំផ្លាញមនុស្សអស់។ នៅគ្រាបុត្រមនុស្សយាងមក ក៏ដូចកាលនៅជំនាន់លោកឡុតដែរ កាលណោះមនុស្សម្នាស៊ីផឹក លក់ដូរ ដាំដំណាំ និងសង់ផ្ទះ។ ប៉ុន្តែ នៅថ្ងៃដែលលោកឡុតចាកចេញពីក្រុងសូដុម មានភ្លើង និងស្ពាន់ធ័របង្អុរពីលើមេឃមកដូចភ្លៀង បំផ្លាញអ្នកក្រុងទាំងអស់គ្នាទៅ។ នៅថ្ងៃដែលបុត្រមនុស្សបង្ហាញខ្លួនក៏នឹងមានហេតុការណ៍ដូច្នោះដែរ។ នៅថ្ងៃនោះ អ្នកនៅលើដំបូលផ្ទះ ហើយមានរបស់របរទុកនៅក្នុងផ្ទះ កុំចុះទៅយកឡើយ។ រីឯអ្នកនៅចម្ការក៏ដូច្នោះដែរ កុំវិលត្រឡប់ទៅផ្ទះវិញឱ្យសោះ។ ចូរនឹកចាំអំពីរឿងដែលកើតមានដល់ភរិយាលោកឡុត។ អ្នកដែលខំរក្សាជីវិតរបស់ខ្លួននឹងបាត់បង់ជីវិត រីឯអ្នកដែលបាត់បង់ជីវិត នឹងបានរួចជីវិតវិញ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះ បើមានពីរនាក់ដេកលើគ្រែជាមួយគ្នា ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតឱ្យនៅ។ បើស្ត្រីពីរនាក់កិនស្រូវជាមួយគ្នា ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតឱ្យនៅ។ បើមានបុរសពីរនាក់នៅក្នុងចម្ការ ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតឱ្យនៅ»។ ពួកសាវ័កទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើហេតុការណ៍ទាំងនេះនឹងកើតមាននៅទីណា?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «សាកសពនៅទីណា ត្មាតក៏នឹងមកជុំគ្នានៅទីនោះដែរ»។
1,020 Views
Post Views:
1,027