ថ្ងៃសុក្រ អាទិត្យទី៣២
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង
ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦
សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតយ៉ូហាន ២យហ ១,៤-៩
ខ្ញុំជាចាស់ទុំ សូមជម្រាបមកលោកស្រីជាព្រះសហគមន៍ ដែលព្រះជាម្ចាស់បានជ្រើសរើស! ខ្ញុំសប្បាយចិត្តណាស់ ដោយបានឃើញកូនចៅរបស់លោកស្រីមួយចំនួនប្រតិបត្តិតាមសេចក្ដីពិត ស្របតាមវិន័យដែលយើងបានទទួលពីព្រះបិតាមក។ ឥឡូវនេះ ខ្ញុំសូមអង្វរលោកស្រីថា យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ ខ្ញុំមិនសរសេរវិន័យថ្មីផ្ញើមកជូនទេ នេះគឺជាវិន័យដែលយើងបានទទួលតាំងពីដើមដំបូងមកម៉្លេះ។ សេចក្ដីស្រឡាញ់មានដូចតទៅ : យើងត្រូវតែប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ។ នេះហើយជាវិន័យដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងមក ដើម្បីឱ្យអ្នករាល់គ្នាប្រតិបត្តិតាម។ មានអ្នកបោកបញ្ឆោតជាច្រើននាក់បានចូលមកក្នុងលោកនេះ ពួកគេពុំទទួលស្គាល់ថា ព្រះយេស៊ូគ្រីស្តបានយាងមកជាមនុស្សទេ។ ជនប្រភេទនេះហើយដែលជាអ្នកបោកបញ្ឆោត និងជាមេប្រឆាំងព្រះគ្រីស្ត។ ចូរមើលគ្នាឯងឱ្យមែនទែន ក្រែងខូចផលប្រយោជន៍នៃកិច្ចការដែលអ្នករាល់គ្នាបានធ្វើ។ ផ្ទុយទៅវិញ ចូរខំឱ្យបានទទួលរង្វាន់ដ៏បរិបូណ៌។ អ្នកណាមិនស្ថិតនៅជាប់នឹងព្រះឱវាទរបស់ព្រះគ្រីស្ត គឺទៅហួស អ្នកនោះគ្មានព្រះជាម្ចាស់គង់ជាមួយទេ។ អ្នកណាស្ថិតនៅជាប់នឹងព្រះឱវាទរបស់ព្រះគ្រីស្ត ទើបមានព្រះបិតា និងព្រះបុត្រាគង់ជាមួយ។
ទំនុកតម្កើងលេខ ១១៩(១១៨),១-២.១០-១១.១៧-១៨ បទកាកគតិ
| ១ | អ្នកណាដែលមាន | កិរិយាជាប់ប្រាណ | ត្រឹមត្រូវឥតខ្ចោះ |
| ប្រត្តិបត្តិតាម | ធម្មវិន័យព្រះ | អ្នកនោះប្រទះ |
| | តែសុខមង្គល | |
| ២ | អ្នកដែលប្រត្តិបត្តិ | តាមផ្លូវពិត | បញ្ជានិម្មល |
| ហើយស្វែងរកព្រះ | មិនខ្ជីខ្ជាខ្ជិល | ពិតជាបានផល |
| | មង្គលពេកហោង | ។ |
| សូមដូចទៅជាបទពាក្យ ៧ | | |
| ១០ | ខ្ញុំខំស្វះស្វែងមិនមានឈប់ | ទោះថ្ងៃឬយប់ចិត្តតម្រង់ | |
| កុំទុកឱ្យខ្ញុំនៅតម្រង់ | វង្វេងវង្វង់ពីវិន័យ | ។ |
| ១១ | ខ្ញុំសូមតាំងចិត្តថែរក្សា | បន្ទូលសន្យាដ៏ប្រពៃ | |
| នៅក្នុងចិត្តខ្ញុំមិនធ្វើអ្វី | ឱ្យទាស់ព្រះទ័យទ្រង់ឡើយណា | ។ |
| ១៧ | សូមសន្ដោសខ្ញុំដែលជាអ្នក | បម្រើស្មោះស្ម័គ្រព្រះអង្គហើយ | |
| នោះជីវិតខ្ញុំបានធូរស្បើយ | មិននៅកន្ដើយគោរពតាម | ។ |
| ១៨ | សូមទ្រង់បើកភ្នែកទូលបង្គំ | ពេលនោះរូបខ្ញុំនឹងឃើញស្នាម | |
| ឃើញភាពថ្លៃថ្លាគ្មានប្រេះស្រាំ | អស្ចារ្យនៃធម្មវិន័យទ្រង់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,២៨
អាលេលូយ៉ា! អាលេលូយ៉ា!
ចូរអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៧, ២៦-៣៧
នៅគ្រាដែលបុត្រមនុស្សយាងមក ក៏ដូចនៅជំនាន់លោកណូអេដែរ។ កាលណោះ មនុស្សម្នាគិតតែស៊ីផឹក រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃលោកណូអេចូលក្នុងទូកធំ ហើយទឹកជំនន់ឡើងលិចបំផ្លាញមនុស្សអស់។ នៅគ្រាបុត្រមនុស្សយាងមក ក៏ដូចកាលនៅជំនាន់លោកឡុតដែរ កាលណោះមនុស្សម្នាស៊ីផឹក លក់ដូរ ដាំដំណាំ និងសង់ផ្ទះ។ ប៉ុន្តែ នៅថ្ងៃដែលលោកឡុតចាកចេញពីក្រុងសូដុម មានភ្លើង និងស្ពាន់ធ័របង្អុរពីលើមេឃមកដូចភ្លៀង បំផ្លាញអ្នកក្រុងទាំងអស់គ្នាទៅ។ នៅថ្ងៃដែលបុត្រមនុស្សបង្ហាញខ្លួន ក៏នឹងមានហេតុការណ៍ដូច្នោះដែរ។ នៅថ្ងៃនោះ អ្នកនៅលើដំបូលផ្ទះ ហើយមានរបស់របរទុកនៅក្នុងផ្ទះ កុំចុះទៅយកឡើយ។ រីឯអ្នកនៅចម្ការក៏ដូច្នោះដែរ កុំវិលត្រឡប់ទៅផ្ទះវិញឱ្យសោះ។ ចូរនឹកចាំអំពីរឿងដែលកើតមានដល់ភរិយាលោកឡុត។ អ្នកដែលខំរក្សាជីវិតរបស់ខ្លួននឹងបាត់បង់ជីវិត រីឯអ្នកដែលបាត់បង់ជីវិតនឹងបានរួចជីវិតវិញ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះ បើមានពីរនាក់ដេកលើគ្រែជាមួយគ្នា ព្រះជាម្ចាស់យកម្នាក់ទៅទុកម្នាក់ទៀតឱ្យនៅ។ បើស្ត្រីពីរនាក់កិនស្រូវជាមួយគ្នា ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតឱ្យនៅ។ បើមានបុរសពីរនាក់នៅក្នុងចម្ការ ព្រះជាម្ចាស់យកម្នាក់ទៅទុកម្នាក់ទៀតឱ្យនៅ»។ ពួកសាវ័កទូលសួរព្រះអង្គថា៖«បពិត្រព្រះអម្ចាស់ តើហេតុការណ៍ទាំងនេះនឹងកើតមាននៅទីណា?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖«សាកសពនៅទីណា ត្មាតក៏នឹងមកជុំគ្នានៅទីនោះដែរ»។
734 Views
Post Views:
739