អត្ថបទព្រះគម្ពីរ
ថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣១ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
អត្ថបទទី១
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម រម ១៥,១៤-២១
បងប្អូនជាទីស្រឡាញ់!
ខ្ញុំជឿជាក់ថា បងប្អូនមានចិត្តសប្បុរសណាស់ ហើយក៏មានចំណេះជ្រៅជ្រះ និងមានសមត្ថភាព អាចទូន្មានគ្នាទៅវិញទៅមកបានថែមទៀតផង។ ក៏ប៉ុន្ដែ នៅត្រង់ចំណុចខ្លះ ខ្ញុំសេរសេរមករំលឹកដាស់តឿនបងប្អូនយ៉ាងធ្ងន់ៗបន្ដិចដោយសំអាងលើមុខងារដែលព្រះជាម្ចាស់ប្រោសប្រទានមកខ្ញុំ ឱ្យបម្រើព្រះយេស៊ូគ្រីស្ដសម្រាប់សាសន៍ដទៃ។ ខ្ញុំប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ ជាមុខងារមួយដ៏ពិសិដ្ឋ ដើម្បីនាំសាសន៍ដទៃមកថ្វាយខ្លួនទុកជាតង្វាយដែលគាប់ព្រះហប្ញទ័យព្រះអង្គ និងជាតង្វាយដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រោសឱ្យបានវិសុទ្ធ។ ដោយហេតុនេះ ខ្ញុំបានខ្ពស់មុខដោយរួមជាមួយព្រះយេស៊ូគ្រីស្ដ ចំពោះកិច្ចការដែលខ្ញុំបានធ្វើថ្វាយព្រះជាម្ចាស់ ដ្បិតខ្ញុំមិនហ៊ានលើកយកអ្វីផ្សេងមកនិយាយ ក្រៅពីការដែលព្រះគ្រីស្ដបានធ្វើដោយសារខ្ញុំ ទោះបីតាមពាក្យសម្ដីក្ដី ឬតាមកិច្ចការក្ដី ដើម្បីនាំសាសន៍ដទៃឱ្យមកស្ដាប់បង្គាប់ព្រះជាម្ចាស់នោះឡើយ។ ព្រះអង្គសម្ដែងប្ញទ្ធានុភាពនៃទីសម្គាល់ និងប្ញទ្ធិបាដិហារិយ៍ ព្រះអង្គសម្ដែងប្ញទ្ធានុភាពរបស់ព្រះវិញ្ញាណ។ ដូច្នេះ ខ្ញុំបានប្រកាសដំណឹងល្អរបស់ព្រះគ្រីស្ដសព្វគ្រប់នៅគ្រប់ទីកន្លែង ចាប់តាំងពីក្រុងយេរូសាឡឹមរហូតទៅដល់តំបន់អ៊ីលីរី។ ក៏ប៉ុន្ដែ ខ្ញុំបានតាំងចិត្តប្រកាសដំណឹងល្អតែនៅកន្លែងណាដែលគេមិនទាន់ឮព្រះនាមព្រះគ្រីស្ដនៅឡើយ ដើម្បីចៀសវាងសង់ពីលើគ្រឹះដែលអ្នកផ្សេងបានចាក់រួចមកហើយ គឺឱ្យបានស្របតាមសេចក្ដីដែលមានចែងទុកមកថា៖«អស់អ្នកដែលមិនទាន់បានទទួលដំណឹងអំពីព្រះអង្គមុខជានឹងឃើញ ហើយអស់អ្នកដែលមិនទាន់បានឮមុខជានឹងបានយល់»។
ទំនុកតម្កើងលេខ ៩៨,១-៤ បទកាកគតិ
១. | ចូរច្រៀងបទថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | កុំភ្លេចឡើយណា |
ដ្បិតទ្រង់ប្រព្រឹត្ត | សព្វកិច្ចអស្ចារ្យ | ដោយប្ញទិ្ធចេស្ដា | |
យកជ័យជម្នះ ។ | |||
២. | ព្រះម្ចាស់បង្ហាញ | ប្រជាឱ្យឃើញ | ពីការសង្គ្រោះ |
ព្រះអង្គសម្ដែង | ឱ្យគេទាំងអស់ | ឃើញសុចរិតស្មោះ | |
របស់ព្រះអង្គ ។ | |||
៣. | ព្រះអង្គនៅតែ | សម្ដែងឥតប្រែ | ករុណាត្រចង់ |
ព្រះទ័យស្មោះស្ម័គ្រ | អ៊ីស្រាអែលផង | សុចរិឥតហ្មង | |
ចងចាំទាំងអស់ ។ | |||
មនុស្សម្នាមូលមីរ | រស់នៅគ្រប់ទី | ឆ្ងាយទាំងស្រីប្រុស | |
នៃភពផែនដី | ឃើញការសង្គ្រោះ | ព្រះម្ចាស់របស់ | |
យើងគ្រប់ៗគ្នា ។ | |||
៤. | ជនទាំងប្រុសស្រី | នៅលើផែនដី | រៀបចំអង្គារ |
អបអរសាទរ | ថ្វាយព្រះនាមា | ស្រែកហ៊ោរខ្ញៀវខ្ញា | |
ដោយតូរ្យតន្រី្ដ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ២,៥
អលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលកាន់តាមព្រះបន្ទូលរបស់ព្រះគ្រីស្ដសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពិតជាស្ថិតនៅក្នុងអ្នកនោះគ្រប់លក្ខណៈមែន។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ១៦,១-៨
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ មានសេដី្ឋម្នាក់បានប្រគល់មុខងារឱ្យអ្នកបម្រើម្នាក់មើលការខុសត្រូវលើទ្រព្យសម្បត្តិរបស់លោក។ មានគេមកជម្រាបលោកថា អ្នកនោះ បានចាយវាយទ្រព្យសម្បត្តិលោកយ៉ាងខ្ជះខ្ជាយ។ សេដ្ឋីក៏ហៅអ្នកមើលខុសត្រូវមកប្រាប់ថា៖«ចូរគិតបញ្ជីយកមកឱ្យខ្ញុំ អ្នកមិនអាចមើលខុសត្រូវលើទ្រព្យសម្បត្តិខ្ញុំតទៅទៀតបានឡើយ ព្រោះខ្ញុំឮគេនិយាយអំពីអ្នកមិនល្អសោះ»។ អ្នកបម្រើនោះរិះគិតក្នុងចិត្តថា៖« ចៅហ្វាយលែងឱ្យអញទទួលខុសត្រូវលើទ្រព្យសម្បតិ្តលោកទៀតហើយ។ តើអញគិតទៅធ្វើការអ្វីវិញទៅហ្ន៎?។ អញគ្មានកម្លាំងនឹងកាប់គាស់ដីទេ បើដើរសុំទាន អញ់ខ្មាស់គេណាស់។ អូ៎! នឹកឃើញហើយ! គួរធ្វើយ៉ាងនេះ ដើម្បីឱ្យអ្នកស្រុកទទួលអញឱ្យស្នាក់នៅផ្ទះគេ នៅពេលអញឈប់កាន់កាប់ការងារនេះ»។ គាត់ក៏ហៅកូនបំណុលរបស់ចៅហ្វាយឱ្យចូលមកម្នាក់ម្ដងៗ គាត់សួរអ្នកទីមួយថា៖«តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន? កូនបំណុលនោះឆ្លើយថា៖«ប្រេងមួយរយប៉ោត»។ អ្នកបម្រើប្រាប់ថា៖«នេះនែ៎! យកបញ្ជីរបស់អ្នក ហើយអង្គុយចុះសរសេរយ៉ាងប្រញាប់ដាក់ថា ជំពាក់ហាសិបប៉ោត»។ បន្ទាប់មក គាត់សួរម្នាក់ទៀតថា៖ « តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មានដែរ?»។ កូនបំណុលនោះឆ្លើយថា៖«ស្រូវប្រាំរយថាំង»។ អ្នកបម្រើប្រាប់ថា៖នែ៎! យកបញ្ជីរបស់អ្នក ហើយសរសេរដាក់ថា៖«ជំពាក់បួនរយថាំង»។ ម្ចាស់ក៏សរសើរអ្នកបម្រើដែលប៉ិនប្រសប់បោកបញ្ឆោត។ មនុស្សក្នុងលោកនេះ តែងតែប៉ិនប្រសប់រកស៊ីជាមួយគ្នា ជាងអស់អ្នកដែលស្គាល់ពន្លឺរបស់ព្រះជាម្ចាស់ទៅទៀត។