ថ្ងៃសុក្រ អាទិត្យទី៣១
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង
ថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងភីលីព ភីល ៣,១៧-៤,១
បងប្អូនជាទីស្រឡាញ់!
ចូរយកតម្រាប់តាមខ្ញុំ។ ចូរសម្លឹងមើលអស់អ្នកដែលរស់នៅស្របតាមគំរូ ដែលយើងបានដាក់ឱ្យបងប្អូនឃើញនោះទៅ។ ខ្ញុំធ្លាប់បានជម្រាបបងប្អូនជារឿយៗមកហើយ ហើយនៅពេលនេះទៀត ខ្ញុំក៏សូមជម្រាបបងប្អូនទាំងទឹកភ្នែកថា មានបងប្អូនជាច្រើននាក់រស់នៅជាសត្រូវនឹងឈើឆ្កាងរបស់ព្រះគ្រីស្ត។ ដល់ទីបំផុត អ្នកទាំងនោះត្រូវវិនាសអន្តរាយ គេយកក្រពះធ្វើជាព្រះ យកកេរ្ដិ៍ខ្មាសធ្វើជាកិត្តិយសហើយគិតតែពីអ្វីៗដែលនៅលើផែនដីនេះប៉ុណ្ណោះ។ រីឯយើងវិញ មាតុភូមិរបស់យើងនៅស្ថានបរមសុខ ហើយយើងនៅទន្ទឹងរង់ចាំព្រះសង្គ្រោះ គឺព្រះអម្ចាស់យេស៊ូគ្រីស្តយាងមកពីស្ថាននោះ។ ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយដ៏ថោកទាបរបស់យើងនេះឱ្យបានដូចព្រះកាយប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ដោយមហិទ្ធិឫទ្ធិដែលធ្វើឱ្យព្រះអង្គបង្ក្រាបអ្វីៗទាំងអស់នៅក្រោមអំណាចរបស់ព្រះអង្គ។ បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំចង់ជួបបងប្អូនខ្លាំងណាស់ បងប្អូនជាអំណរសប្បាយ និងជាកិត្តិយសរបស់ខ្ញុំ! បងប្អូនជាទីស្រឡាញ់អើយ ចូរស្ថិតនៅឱ្យបានខ្ជាប់ខ្ជួន រួមជាមួយព្រះអម្ចាស់ដូច្នេះតរៀងទៅ!
ទំនុកតម្កើងលេខ ១២២(១២១),១-៥ បទកាកគតិ
| ១ | គេប្រាប់ខ្ញុំថា | យើងគ្រប់កាយា | ទៅព្រះដំណាក់ |
| ទីដែលព្រះជា | អម្ចាស់គង់ស្នាក់ | ល្អស្អាតត្រជាក់ |
| | ខ្ញុំសប្បាយក្រៃ | ។ |
| ២ | យេរូសាឡឹម | ភក្រ្ដអ្នកប៉ប្រិម | ឥតមានទាស់អ្វី |
| យើងនាំគ្នាឈាន | ជើងចូលដល់ដី | ដល់ទ្វារបុរី |
| | នាំអ្នកហើយណា | ។ |
| ៣ | យេរូសាឡឹម | ជាក្រុងមួយធំ | សែនស្រស់សង្ហា |
| ដែលសង់ឡើង | រឹងមាំក្រៃណា | កំពែងអស្ចារ្យ |
| | ល្អព័ទ្ធជុំជិត | ។ |
| ៤ | គ្រប់កុលសម្ព័ន្ធ | នានារួសរាន់ | នាំគ្នាមកស្ថិត |
| ច្រៀងលើកតម្កើង | ព្រះម្ចាស់មានប្ញទិ្ធ | តាមច្បាប់នៃជាតិ |
| | ជនអ៊ីស្រាអែល | ។ |
| ៥ | ទីនេះក៏មាន | បល្ល័ងង្កើងថ្កាន | នៃរាជវង្សដែល |
| ជាស្ដេចដាវីឌ | បារមីក្រាស់ក្រែល | គ្រប់គ្រងក្រវែល |
| | រាស្រ្ដដោយយុត្តិធម៌ | |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ២,៥
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលកាន់តាមព្រះបន្ទូលរបស់ព្រះគ្រីស្ដ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពិតជាស្ថិតនៅក្នុងអ្នកនោះគ្រប់លក្ខណៈមែន។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៦,១-៨
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កថា៖«មានសេដ្ឋីមួយរូបបានប្រគល់មុខងារឱ្យអ្នកបម្រើម្នាក់មើលខុសត្រូវលើទ្រព្យសម្បត្តិរបស់លោក។ មានគេមកជម្រាបលោកថា អ្នកនោះបានចាយវាយទ្រព្យសម្បត្តិលោកយ៉ាងខ្ជះខ្ជាយ។ សេដ្ឋីក៏ហៅអ្នកមើលខុសត្រូវមកប្រាប់ថា “ចូរគិតបញ្ជីយកមកឱ្យខ្ញុំ អ្នកមិនអាចមើលខុសត្រូវលើទ្រព្យសម្បត្តិខ្ញុំតទៅទៀតឡើយ ព្រោះសេចក្ដីដែលខ្ញុំបានឮគេនិយាយអំពីអ្នក មិនល្អសោះ”។ អ្នកបម្រើនោះរិះគិតក្នុងចិត្តថា “ចៅហ្វាយលែងឱ្យអញទទួលខុសត្រូវលើទ្រព្យសម្បត្តិលោកទៀតហើយ។ តើអញគិតទៅធ្វើការអ្វីវិញហ្ន៎? អញគ្មានកម្លាំងនឹងកាប់គាស់ដីទេ បើដើរសុំទានខ្មាសគេ។ អូ៎! នឹកឃើញហើយ គួរធ្វើយ៉ាងនេះ ដើម្បីអ្នកស្រុកទទួលអញឱ្យស្នាក់នៅផ្ទះគេ នៅពេលអញឈប់កាន់កាប់ការងារនេះ”។ គាត់ក៏ហៅកូនបំណុលរបស់ចៅហ្វាយឱ្យចូលមកម្នាក់ម្ដងៗ គាត់សួរអ្នកទីមួយថា “តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន?”។ កូនបំណុលនោះឆ្លើយថា “ប្រេងមួយរយប៉ោត”។ អ្នកបម្រើប្រាប់ថា “នេះនែ៎! យកបញ្ជីរបស់អ្នកហើយអង្គុយចុះសរសេរយ៉ាងប្រញាប់ដាក់ថា ជំពាក់ហាសិបប៉ោត”។ បន្ទាប់មក គាត់សួរម្នាក់ទៀតថា “តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មានដែរ?”។ កូនបំណុលនោះឆ្លើយថា “ស្រូវប្រាំរយថាំង”។ អ្នកបម្រើប្រាប់ថា “នែ៎! យកបញ្ជីរបស់អ្នក ហើយសរសេរដាក់ថា ជំពាក់បួនរយថាំង”។ ម្ចាស់ក៏សរសើរអ្នកបម្រើដែលប៉ិនប្រសប់បោកបញ្ឆោត។ មនុស្សក្នុងលោកនេះតែងតែប៉ិនប្រសប់រកស៊ីជាមួយគ្នា ជាងអស់អ្នកដែលស្គាល់ពន្លឺរបស់ព្រះជាម្ចាស់ទៅទៀត»។
707 Views
Post Views:
716