ថ្ងៃសុក្រ អាទិត្យទី២៨
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥
“គ្រីស្តបរិស័ទបានបោះឆ្នោតជ្រើសរើសលោកអ៊ីញ៉ាសឱ្យធ្វើជាអភិបាលព្រះសហគមន៍ក្រុងអន់ទីយ៉ូក តពីអភិបាលដែលបានបន្តមុខងារពីលោកសិលាមក។ អាជ្ញាធរបានបញ្ជូនលោកពីស្រុកស៊ីរ៉ីទៅក្រុងរ៉ូម ដើម្បីឱ្យសត្វសាហាវហែកស៊ី ព្រោះលោកធ្វើសាក្សីថ្វាយព្រះគ្រីស្ត។ ដល់ក្រុងស្មៀរណា ជាទីក្រុងលោកប៉ូលិការបូសរស់នៅ។ លោកសរសេរលិខិតប្រាំពីរច្បាប់ដ៏មានខ្លឹមសារខ្ពង់ខ្ពស់តាមរបៀបគ្រីស្តទូតប៉ូល។ ក្នុងលិខិតនោះ លោកយកចិត្តទុកដាក់ប្រៀនប្រដៅគ្រីស្តបរិស័ទឱ្យរួបរួមគ្នាជាធ្លុងតែមួយក្នុងព្រះសហគមន៍។ លោកក៏បង្ហាញបំណងរបស់លោក គឺលោកចង់ទៅរស់នៅជាមួយព្រះគ្រីស្ត៖ “ខ្ញុំជាស្រូវរបស់ព្រះជាម្ចាស់ ធ្មេញសត្វសាហាវមុខជាកិនទំពារស្រូវនោះ ដើម្បីឱ្យទៅជាអាហារដ៏និម្មលរបស់ព្រះគ្រីស្ត”។
អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៤,១-៨
បងប្អូនជាទីស្រឡាញ់!
ចំពោះលោកអប្រាហាំដែលជាបុព្វបុរសរបស់យើង តើយើងគិតដូចម្ដេច? តើលោកបានសុចរិតដូចម្ដេចខ្លះ?។ ប្រសិនបើលោកអប្រាហាំបានសុចរិត ដោយសារកុសលផលបុណ្យនោះ លោកអាចអួតអាងខ្លួនបានមែន។ ក៏ប៉ុន្ដែ នៅចំពោះព្រះជាម្ចាស់ លោកពុំអាចអួតអាងបានទេ ដ្បិតក្នុងគម្ពីរមានចែងថា៖ «លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកឱ្យបានសុចរិត ដោយយល់ដល់ជំនឿនេះ»។ ធម្មតា អ្នកណាធ្វើការអ្វីមួយ គេពុំចាត់ទុកប្រាក់ឈ្នួលរបស់គេថាជាអំណោយទេ គឺចាត់ទុលជាប្រាក់ដែលខ្លួនត្រូវតែបាន។ ចំពោះអ្នកដែលពុំបានប្រព្រឹត្តតាមធម្មវិន័យ តែមានជំនឿលើព្រះជាម្ចាស់ដែលប្រោសមនុស្សមិនគោរពប្រណិប័តន៍ព្រះអង្គឱ្យបានសុចរិត ព្រះអង្គនឹងប្រោសអ្នកនោះឱ្យបានសុចរិត ដោយយល់ដល់ជំនឿរបស់គេ។ ហេតុនេះហើយ បានជាព្រះបាទដាវីឌថ្លែងអំពីសុភមង្គលរបស់អ្នកដែលព្រះជាម្ចាស់ប្រោសឱ្យបានសុចរិត ដោយមិនយល់ផលបុណ្យថា៖ «អស់អ្នកដែលព្រះជាម្ចាស់អត់ទោស និងលុបបំបាត់អំពើបាបចោល ពិតជាមានសុភមង្គលហើយ! បុរសណាដែលព្រះជាម្ចាស់មិនគិតគូរពីបាបរបស់ខ្លួនទេ បុរសនោះពិតជាមានសុភមង្គលហើយ!»។
ទំនុកតម្កើងលេខ ៣២ (៣១) ,១-២.៥.៧-១១ បទព្រហ្មគីតិ
| ១ | អ្នកដែលព្រះជាម្ចាស់ | លើកលែងទោសប្រោសប្រណី | |
| រួចពីបាបទុក្ខភ័យ | មានសេរីសុខមង្គល | ។ |
| ២ | អស់អ្នកដែលព្រះម្ចាស់ | មិនចាប់ទោសផុតអំពល់ | |
| គ្មានចិត្តវៀចវិលវល់ | មានមង្គលសុខឥតល្ហែ | ។ |
| ៥ | រូបខ្ញុំបានសារភាព | អំពើបាបមុខព្រះម្ចាស់ | |
| ខ្ញុំមិនលាក់លៀមសោះ | នូវកំហុសខ្ញុំនោះឡើយ | ។ |
| ទូលបង្គំពោលថា | ខ្ញុំនេះណាសារភាពហើយ | |
| ទោសខ្ញុំធ្ងន់ឥតស្បើយ | ទ្រង់លើឱ្យរួចពីបាប | ។ |
| ៧ | ព្រះអង្គជាជម្រក | ឱ្យខ្ញុំជ្រកមិនឱ្យហ្មង | |
| កាពាររូបខ្ញុំផង | កម្ចាត់បង់អាសន្នភ័យ | ។ |
| ១១ | មនុស្សសុចរិតអើយ | កុំកន្ដើយសប្បាយឡើង | |
| អស់អ្នកដែលទៀងត្រង់ | ស្រែកហ៊ោរផងដោយអំណារ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៣៣,២២
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់ សូមព្រះអង្គអាណិតមេត្តាដល់យើងខ្ញុំ ដ្បិតយើងខ្ញុំជឿសង្ឃឹមតែលើព្រះអម្ចាស់មួយព្រះអង្គគត់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,១-៧
នៅគ្រានោះ មានមហាជនរាប់ម៉ឺននាក់ជួបជុំគ្នាណែនណាន់តាន់តាប់ស្ទើរតែដើរជាន់គ្នា។ មុនដំបូង ព្រះយេស៊ូមានព្រះបន្ទូលទៅសាវ័កថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី គឺពុតត្បុតរបស់គេ។ ការលាក់កំបាំងទាំងអស់នឹងត្រូវលាតត្រដាងឱ្យគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មាន ក៏នឹងត្រូវបើកឱ្យគេដឹងដែរ។ ហេតុនេះហើយ បានជាអ្វីៗដែលអ្នករាល់គ្នានិយាយក្នុងទីងងឹត មុខជាគេឮនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលអ្នករាល់គ្នាខ្សឹបដាក់ត្រចៀកគេនៅក្នុងបន្ទប់ មុខជាគេយកទៅប្រកាសយ៉ាងខ្លាំង នៅពីលើផ្ទះជាមិនខាន។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំថា ចូរកុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយមិនអាចធ្វើអ្វីដល់អ្នករាល់គ្នាថែមទៀតនោះឡើយ។ ខ្ញុំសូមប្រាប់ឱ្យដឹងថា អ្នករាល់គ្នាត្រូវខ្លាចនរណា គឺត្រូវខ្លាចព្រះជាម្ចាស់ ដ្បិតព្រះអង្គមានអំណាចផ្ដាច់ជីវិត ហើយបោះទៅក្នុងភើ្លងនរកថែមទៀតផង។ មែន! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា គឺព្រះអង្គនេះហើយដែលអ្នករាល់គ្នាត្រូវខ្លាច។ ធម្មតា គេលក់ចាបប្រាំថ្លៃពីរសេន ទោះបីថោកយ៉ាងនេះក៏ដោយ ក៏ព្រះជាម្ចាស់ឥតភ្លេចចាបណាមួយសោះឡើយ។ សូម្បីតែសក់នៅលើក្បាលរបស់អ្នករាល់គ្នា ក៏ព្រះអង្គរាប់អស់ដែរ។ ដូច្នេះ ចូរអ្នករាល់គ្នាកុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបជាច្រើនទៅទៀត»។
799 Views
Post Views:
801