អត្ថបទព្រះគម្ពីរ
ថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៨ រដូវធម្មតា
ពណ៌ស
បុណ្យរម្លឹក

សន្តីតេរេសានៃព្រះយេស៊ូ
ជាព្រហ្មចារិនី​​​​​​នៅក្រុងអាវីឡា
និងជាគ្រូ​បាធ្យាយ​នៃ​ព្រះសហគមន៍

នាងតេរេសា (១៥១៥-១៥៨២) កើតនៅក្រុងអាវីឡា (ប្រទេសអេស្ប៉ាញ)។ កាលនាងអាយុដប់ប្រាំបីឆ្នាំ នាងចូលបួសនៅអារាមកាមែល នៅក្រុងអាវីឡា។ ម្ភៃប្រាំពីរឆ្នាំក្រោយមក សន្តីតេរេសាស្ម័គ្រចិត្ត “ឬរងទុក្ខ ឬស្លាប់” ថ្វាយព្រះយេស៊ូ។ គាត់បានកែតម្រង់វិន័យក្រុមគ្រួសារកាមែលឱ្យបានស្របតាមក្បួនដើម ដោយបានបង្កើតអារាមជាច្រើនផង។ សន្តីតេរេសា និពន្ធសៀវភៅតំណាលអំពីដំណើរថ្វាយខ្លួនទៅព្រះជា​ម្ចាស់ ជាពិសេសអំពីការអប់រំអធិដ្ឋាន។ នៅឆ្នាំ ១៩៧០ សម្តេចប៉ាបប្រកាសថា សន្តីតេរេសានេះ “ជាគ្រូបាធ្យាយនៃព្រះសហគមន៍”។

អត្ថបទទី១
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៤,១-៨

បងប្អូនជាទីស្រឡាញ់!
ចំពោះលោកអប្រាហាំដែលជាបុព្វបុរសរបស់យើង តើ​យើងគិតដូចម្ដេច? តើលោកបានសុចរិតដូចម្ដេចខ្លះ?។ ប្រសិនបើលោកអប្រាហាំ​បានសុចរិត ដោយសារកុសលផលបុណ្យនោះ លោកអាចអួតអាងខ្លួនបានមែន។ ក៏ប៉ុន្ដែ នៅចំពោះព្រះជាម្ចាស់ លោកពុំអាចអួតអាងបានទេ ដ្បិតក្នុងគម្ពីរមានចែងថា៖ «លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកឱ្យបានសុចរិត ដោយ​យល់ដល់ជំនឿនេះ»។ ធម្មតាអ្នកណាធ្វើការអ្វីមួយ គេពុំចាត់ទុកប្រាក់ឈ្នួលរបស់គេថា​ជាអំណោយទេ គឺចាត់ទុលជាប្រាក់ដែលខ្លួនត្រូវតែបាន។ ចំពោះអ្នកដែលពុំបានប្រព្រឹត្ត​តាមធម្ម​វិន័យ តែមានជំនឿលើព្រះជាម្ចាស់ដែលប្រោសមនុស្សមិនគោរពប្រណិប័តន៍​ព្រះអង្គឱ្យបានសុចរិត ព្រះអង្គនឹងប្រោសអ្នកនោះឱ្យបានសុចរិតដោយយល់ដល់​ជំនឿ​របស់គេ។
ហេតុនេះហើយបានជាព្រះបាទដាវីឌ ថ្លែងអំពីសុភមង្គលរបស់អ្នកដែលព្រះជាម្ចាស់​ប្រោសឱ្យបានសុចរិត ដោយមិនយល់ផលបុណ្យថា៖ «អស់អ្នកដែលព្រះជាម្ចាស់​អត់ទោស និងលុបបំបាត់អំពើបាបចោល ពិតជាមានសុភមង្គលហើយ! បុរសណាដែលព្រះជាម្ចាស់មិនគិតគូរពីបាបរបស់ខ្លួនទេ បុរសនោះពិតជាមានសុភមង្គលហើយ!»។

ទំនុកតម្កើងលេខ ៣២,១-២.៥.៧-១១ បទព្រហ្មគីតិ

១.អ្នកដែលព្រះជាម្ចាស់លើកលែងទោសប្រោសប្រណី
រួចពីបាបទុក្ខភ័យមានសេរីសុខមង្គល ។
២.អស់អ្នកដែលព្រះម្ចាស់មិនចាប់ទោសផុតអំពល់
គ្មានចិត្តវៀចវិលវល់មានមង្គលសុខឥតល្ហែ ។
៥.រូបខ្ញុំបានសារភាពអំពើបាបមុខព្រះម្ចាស់
ខ្ញុំមិនលាក់លៀមសោះនូវកំហុសខ្ញុំនោះឡើយ ។
ទូលបង្គំពោលថាខ្ញុំនេះណាសារភាពហើយ
ទោសខ្ញុំធ្ងន់ឥតស្បើយទ្រង់លើឱ្យរួចពីបាប ។
៧.ព្រះអង្គជាជម្រកឱ្យខ្ញុំជ្រកមិនឱ្យហ្មង
កាពាររូបខ្ញុំផងកម្ចាត់បង់អាសន្នភ័យ ។
១១.មនុស្សសុចរិតអើយកុំកន្ដើយសប្បាយឡើង
អស់អ្នកដែលទៀងត្រង់ស្រែកហ៊ោរផងដោយអំណារ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៣៣,២២

អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់ សូមព្រះអង្គអាណិតមេត្តាដល់យើងខ្ញុំ ដ្បិតយើងខ្ញុំជឿសង្ឃឹមតែលើព្រះអម្ចាស់មួយព្រះអង្គគត់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,១-៧

នៅគ្រានោះ មានមហាជនរាប់ម៉ឺននាក់ជួបជុំគ្នាណែនណាន់តាន់តាប់ស្ទើរតែដើរជាន់គ្នា។ មុនដំបូង ព្រះយេស៊ូមានព្រះបន្ទូលទៅសាវ័កថា៖« ចូរអ្នករាល់គ្នាប្រយ័ត្ននឹង​មេម្សៅរបស់ពួកខាងគណៈផារីស៊ី គឺពុតត្បុតរបស់គេ។ ការលាក់កំបាំងទាំងអស់នឹង​ត្រូវលាតត្រដាងឱ្យគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មាន ក៏នឹងត្រូវបើកឱ្យគេដឹង​ដែរ។ ហេតុនេះហើយ បានជាអ្វីៗដែលអ្នករាល់គ្នានិយាយក្នុងទីងងឹត មុខជាគេឮ​នៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលអ្នករាល់គ្នាខ្សឹបដាក់ត្រចៀកគេនៅក្នុងបន្ទប់ មុខជាគេ​យកទៅប្រកាសយ៉ាងខ្លាំងនៅពីលើផ្ទះជាមិនខាន។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំថា ចូរកុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយមិនអាច​ធ្វើអ្វីដល់អ្នករាល់គ្នាថែមទៀតនោះឡើយ។ ខ្ញុំសូមប្រាប់ឱ្យដឹងថា អ្នករាល់គ្នាត្រូវ​ខ្លាចនរណា គឺត្រូវខ្លាចព្រះជាម្ចាស់ ដ្បិតព្រះអង្គមានអំណាចផ្ដាច់ជីវិត ហើយបោះទៅ​ក្នុងភើ្លងនរកថែមទៀតផង។ មែន! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា គឺព្រះអង្គនេះហើយដែលអ្នករាល់គ្នាត្រូវខ្លាច។ ធម្មតា គេលក់ចាបប្រាំថ្លៃពីរសេន ទោះបីថោកយ៉ាងនេះ​ក៏ដោយ ក៏ព្រះជាម្ចាស់ឥតភ្លេចចាបណាមួយសោះឡើយ។ សូម្បីតែសក់នៅលើ​ក្បាលរបស់អ្នករាល់គ្នា ក៏ព្រះអង្គរាប់អស់ដែរ។ ដូច្នេះ ចូរអ្នករាល់គ្នាកុំខ្លាចអ្វីឡើយ​ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបជាច្រើនទៅទៀត»។

232 Views

Posted in មិន​មាន​ចំណាត់​ក្រុមTagged ,
Theme: Overlay by Kaira