ថ្ងៃសុក្រ អាទិត្យទី២៧
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីយ៉ូអែល យអ ១,១៣-១៥.២.១-២
ពួកបូជាចារ្យអើយ! ចូរនាំគ្នាស្លៀកបាវហើយកាន់ទុក្ខទៅ! អ្នករាល់គ្នាដែលបំពេញមុខងារបម្រើអាសនៈ ក៏ត្រូវសោកសង្រេងដែរ! អស់អ្នកដែលបម្រើព្រះរបស់ខ្ញុំអើយ! ចូរនាំគ្នាមក ហើយកាន់ទុក្ខពេញមួយយប់ទៅ ដ្បិតគ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរមកថ្វាយព្រះរបស់ខ្ញុំនៅក្នុងព្រះដំណាក់ទៀតទេ។ ចូរនាំគ្នាធ្វើពិធីតមអាហារដ៏សក្ការៈ ហើយប្រកាសពិធីបុណ្យដ៏ឱឡារិក ចូរប្រមូលពួកព្រឹទ្ធាចារ្យ និងប្រជាជននៅក្នុងស្រុកទាំងមូលឱ្យមកជួបជុំគ្នាក្នុងដំណាក់របស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ហើយស្រែកអង្វរសូមព្រះអង្គជួយទៅ!។ ថ្ងៃនោះជាថ្ងៃវេទនាពន់ពេកក្រៃ! ដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជិតមកដល់ហើយ គឺជាថ្ងៃដែលព្រះដ៏មានប្ញទ្ធានុភាពខ្ពង់ខ្ពស់បំផុតយាងមកបំផ្លាញអ្វីៗទាំងអស់។ ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន! ចូរនាំគ្នាស្រែកហ៊ោនៅលើភ្នំដ៏វិសុទ្ធរបស់ព្រះជាម្ចាស់! ចូរឱ្យអ្នកស្រុកទាំងអស់ញ័ររន្ធត់! ដ្បិតថ្ងៃរបស់ព្រះអម្ចាស់កំពុងតែមក ថ្ងៃនោះនៅជិតបង្កើយ។ ថ្ងៃនោះ ជាថ្ងៃងងឹតអន្ធកា ជាថ្ងៃដែលមានពពក និងចុះអ័ព្ទ ហ្វូងកណ្ដូបដ៏ច្រើនលើសលប់ប្រៀបបាននឹងកងទ័ពខ្លាំងពូកែកំពុងតែចូលមក ដូចពន្លឺនៅពេលថ្ងៃរះចាំងមកលើភ្នំ។ តាំងពីដើមរៀងមក មិនដែលមានដូច្នេះទេ ហើយនៅពេលខាងមុខរហូតតរៀងទៅ ក៏មិនមានទៀតដែរ។
ទំនុកតម្កើងលេខ ៩,២-៣.៦.១៦.៨-៩ បទពាក្យ ៧
| ២ | បពិត្រព្រះម្ចាស់ជាទីពឹង | ទូលបង្គំនឹងលើកតម្កើង | |
| និទានពីការអស្ចារ្យឡើង | មានទាំងប៉ុន្មានឱ្យគេស្ដាប់ | ។ | |
| ៣ | ព្រោះតែព្រះអង្គខ្ញុំត្រេកអរ | រីករាយសាទរជាដរាប | |
| បពិត្រព្រះអង្គខ្ពស់ឥតប្រៀប | សូមទ្រង់សណ្ដាប់ចម្រៀងខ្ញុំ | ។ | |
| ៦ | ព្រះអង្គគំរាមសាសន៍នានា | ពួកមនុស្សពាលាវិនាសព្រម | |
| កេរិ៍្ដឈ្មោះពួកគេត្រូវរលំ | ខ្ចាត់ខ្ចាយទ្រុឌទ្រោមឥតមានសល់ | ។ | |
| ១៦ | ប្រជាជាតិនានាធ្លាក់ទៅ | ក្នុងរណ្ដៅជ្រៅដ៏សែនធ្ងន់ | |
| ជើងជាប់អន្ទាក់យ៉ាងទារុណ | ដែលពួកគេបានដាក់បង្កប់ | ។ | |
| ៨ | ព្រះជាអម្ចាស់ឡើងគ្រងរាជ្យ | ពេញដោយអំណាចសុខឥតស្បើយ | |
| ឡើងគ្រងនៅលើបល្ល័ង្កហើយ | ដើម្បីវិនិច្ឆ័យគ្រប់កិច្ចការ | ។ | |
| ៩ | ព្រះអង្គគ្រប់គ្រងលើផែនដី | ប្រកបដោយក្ដីសុចរិតថ្លា | |
| ទ្រង់វិនិច្ឆ័យទោសប្រជា | យុត្តិធម៌ឥតរាមិនអាស្រូវ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១២,១០
អាលេលូយ៉ា! អាលេលូយ៉ា!
ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់គ្រងរាជ្យ ហើយព្រះគ្រីស្ដរបស់ព្រះអង្គក៏បង្ហាញប្ញទ្ធានុភាពដែរ។ សូមលើកតម្កើងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,១៥-២៦
ព្រះយេស៊ូដេញខ្មោចចេញពីមនុស្សម្នាក់។ ប៉ុន្ដែ មានអ្នកខ្លះនិយាយថា៖ «អ្នកនេះដេញខ្មោចបានដូច្នេះ ព្រោះបេលសេប៊ូលជាស្ដេចខ្មោចបានប្រគល់អំណាចឱ្យគាត់»។ មានអ្នកខ្លះទៀតចង់ចាប់កំហុសព្រះអង្គ ក៏សូមឱ្យព្រះអង្គសម្ដែងទីសម្គាល់មួយបញ្ជាក់ថាព្រះអង្គបានទទួលអំណាចពីព្រះជាម្ចាស់មក។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់គេ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «នគរណាក៏ដូចជានគរណាដែរ ប្រសិនបើពលរដ្ឋបាក់បែកទាស់ទែងគ្នាឯង នគរនោះមុខជាត្រូវិនាស ហើយផ្ទះទាំងប៉ុន្មានមុខជារលំសង្កត់លើគ្នាជាមិនខាន។ យ៉ាងណាមិញ ប្រសិនបើមារសាតាំងបាក់បែកទាស់ទែងគ្នាឯងធ្វើម្ដេចនឹងឱ្យរាជ្យរបស់វានៅស្ថិតស្ថេរគង់វង្សបាន! ខ្ញុំនិយាយដូច្នេះ ព្រោះអ្នករាល់គ្នាថា ខ្ញុំដេញខ្មោចដោយអំណាចបេលសេប៊ូល។ ប្រសិនបើខ្ញុំដេញខ្មោចដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាដេញខ្មោចដោយអំណាចនរណាវិញ?។ ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងដាក់ទោសអ្នករាល់គ្នា។ ផ្ទុយទៅវិញ បើខ្ញុំដេញខ្មោចដោយប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់នោះបានសេចក្ដីថា ព្រះរាជ្យរបស់ព្រះអង្គមកដល់អ្នករាល់គ្នាហើយ! បើមនុស្សណាម្នាក់ខ្លាំងពូកែ មានអាវុធការពារផ្ទះរបស់ខ្លួន ទ្រព្យសម្បត្ដិរបស់គេនឹងបានគង់វង្ស។ ប៉ុន្ដែ បើមានម្នាក់ទៀតខ្លាំងពូកែជាងមកវាយយកជ័យជម្នះបាន គេនឹងដកហូតគ្រឿងអាវុធ ព្រមទាំងរឹបអូសទ្រព្យសម្បតិ្តពីអ្នកនោះយកទៅចែកឱ្យអ្នកផ្សេងថែមទៀតផង។ អ្នកណាមិននៅខាងខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំហើយ អ្នកណាមិនជួយប្រមូលផ្ដុំជាមួយខ្ញុំទេ អ្នកនោះជាអ្នកកម្ចាត់កម្ចាយ។ កាលបើខ្មោចចេញពីមនុស្សណាម្នាក់ហើយ វាតែស្វែងរកទីជម្រកនៅវាលហួតហែង តែប្រសិនបើវារកពុំឃើញទេនោះ វាមុខជានិយាយថា៖ «អញនឹងវិលត្រឡប់ទៅផ្ទះដែលអញទើបនឹងចេញមក»។ លុះទៅដល់ឃើញផ្ទះនោះបោសស្អាត ហើយតុបតែងល្អវានឹងចេញទៅបបួលខ្មោចប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវា មកចូលអ្នកនោះបណ្ដាលឱ្យគាត់រឹងរឹតតែអាក្រក់ លើសដើមទៅទៀត»។
