អត្ថបទព្រះគម្ពីរ
ថ្ងៃសុក្រ ទី៨ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៧ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

អត្ថបទទី១
សូមថ្លែងព្រះគម្ពីរព្យាការីយ៉ូអែល យអ ១,១៣-១៥.២.១-២

ពួកបូជាចារ្យអើយ! ចូរនាំគ្នាស្លៀកបាវហើយកាន់ទុក្ខទៅ! អ្នករាល់គ្នាដែលបំពេញ​មុខងារបម្រើអាសនៈ ក៏ត្រូវសោកសង្រេងដែរ! អស់អ្នកដែលបម្រើព្រះរបស់ខ្ញុំអើយ!​ចូរនាំគ្នាមក ហើយកាន់ទុក្ខពេញមួយយប់ទៅ ដ្បិតគ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរមកថ្វាយព្រះរបស់ខ្ញុំនៅក្នុងព្រះដំណាក់ទៀតទេ។ ចូរនាំគ្នាធ្វើពិធីតមអាហារ​ដ៏សក្ការៈ ហើយប្រកាសពិធីបុណ្យដ៏ឱឡារិក ចូរប្រមូលពួកព្រឹទ្ធាចារ្យ និងប្រជាជននៅ​ក្នុងស្រុកទាំងមូលឱ្យមកជួបជុំគ្នាក្នុងដំណាក់របស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ហើយស្រែកអង្វរសូមព្រះអង្គជួយទៅ!។ ថ្ងៃនោះជាថ្ងៃវេទនាពន់ពេកក្រៃ! ដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជិតមកដល់ហើយ គឺជាថ្ងៃដែលព្រះដ៏មានប្ញទ្ធានុភាពខ្ពង់ខ្ពស់បំផុតយាងមកបំផ្លាញអ្វីៗទាំងអស់។ ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន! ចូរនាំគ្នាស្រែកហ៊ោនៅ​លើភ្នំដ៏វិសុទ្ធរបស់ព្រះជាម្ចាស់! ចូរឱ្យអ្នកស្រុកទាំងអស់ញ័ររន្ធត់! ដ្បិតថ្ងៃរបស់ព្រះអម្ចាស់កំពុងតែមក ថ្ងៃនោះនៅជិតបង្កើយ។ ថ្ងៃនោះ ជាថ្ងៃងងឹតអន្ធកា ជាថ្ងៃដែល​មានពពក និងចុះអ័ព្ទ ហ្វូងកណ្ដូបដ៏ច្រើនលើសលប់ប្រៀបបាននឹងកងទ័ពខ្លាំងពូកែ​កំពុងតែចូលមក ដូចពន្លឺនៅពេលថ្ងៃរះចាំងមកលើភ្នំ។ តាំងពីដើមរៀងមក មិនដែល​មានដូច្នេះទេ ហើយនៅពេលខាងមុខរហូតតរៀងទៅក៏មិនមានទៀតដែរ។

ទំនុកតម្កើងលេខ ៩,២-៣.៦.១៦.៨-៩ បទពាក្យ ៧

២.បពិត្រព្រះម្ចាស់ជាទីពឹងទូលបង្គំនឹងលើកតម្កើង
និទានពីការអស្ចារ្យឡើងមានទាំងប៉ុន្មានឱ្យគេស្ដាប់ ។
៣.ព្រោះតែព្រះអង្គខ្ញុំត្រេកអររីករាយសាទរជាដរាប
បពិត្រព្រះអង្គខ្ពស់ឥតប្រៀបសូមទ្រង់សណ្ដាប់ចម្រៀងខ្ញុំ ។
៦.ព្រះអង្គគំរាមសាសន៍នានាពួកមនុស្សពាលាវិនាសព្រម
កេរិ៍្ដឈ្មោះពួកគេត្រូវរលំខ្ចាត់ខ្ចាយទ្រុឌទ្រោមឥតមានសល់ ។
១៦.ប្រជាជាតិនានាធ្លាក់ទៅក្នុងរណ្ដៅជ្រៅដ៏សែនធ្ងន់
ជើងជាប់អន្ទាក់យ៉ាងទារុណដែលពួកគេបានដាក់បង្កប់ ។
៨.ព្រះជាអម្ចាស់ឡើងគ្រងរាជ្យពេញដោយអំណាចសុខឥតស្បើយ
ឡើងគ្រងនៅលើបល្ល័ង្កហើយដើម្បីវិនិច្ឆ័យគ្រប់កិច្ចការ ។
៩.ព្រះអង្គគ្រប់គ្រងលើផែនដីប្រកបដោយក្ដីសុចរិតថ្លា
ទ្រង់វិនិច្ឆ័យទោសប្រជាយុត្តិធម៌ឥតរាមិនអាស្រូវ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១២,១០

អលេលូយ៉ា! អាលេលូយ៉ា!
ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់គ្រងរាជ្យហើយ ព្រះគ្រីស្ដរបស់ព្រះអង្គក៏បង្ហាញប្ញទ្ធានុភាពដែរ។
សូមលើកតម្កើងព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,១៥-២៦

ព្រះយេស៊ូដេញខ្មោចចេញពីមនុស្សម្នាក់។ ប៉ុន្ដែ ​មានអ្នកខ្លះនិយាយថា៖«អ្នកនេះ​ដេញខ្មោចបានដូច្នេះ ព្រោះបេលសេប៊ូលជាស្ដេចខ្មោចបានប្រគល់អំណាចឱ្យគាត់»។ មានអ្នកខ្លះទៀតចង់ចាប់កំហុសព្រះអង្គ ក៏សូមឱ្យព្រះអង្គសម្ដែងទីសម្គាល់មួយបញ្ជាក់ថាព្រះអង្គបានទទួលអំណាចពីព្រះជាម្ចាស់មក។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់គេ​ទ្រង់មានព្រះបន្ទូលទៅគេថា៖«​នគរណាក៏ដូចជានគរណាដែរ ប្រសិនបើពលរដ្ឋបាក់​បែកទាស់ទែងគ្នាឯង នគរនោះមុខជាត្រូវិនាស ហើយផ្ទះទាំងប៉ុន្មានមុខជារលំសង្កត់លើគ្នាជាមិនខាន។ យ៉ាងណាមិញ ប្រសិនបើមារសាតាំងបាក់បែកទាស់ទែងគ្នាឯង​ធ្វើម្ដេចនឹងឱ្យរាជ្យរបស់វានៅស្ថិតស្ថេរគង់វង្សបាន! ខ្ញុំនិយាយដូច្នេះ ព្រោះអ្នករាល់គ្នា​ថា ខ្ញុំដេញខ្មោចដោយអំណាចបេលសេប៊ូល។ ប្រសិនបើខ្ញុំដេញខ្មោចដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នា​ដេញខ្មោចដោយអំណាចនរណាវិញ?។​ ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងដាក់ទោសអ្នករាល់គ្នា។ ផ្ទុយទៅវិញ បើខ្ញុំដេញខ្មោចដោយប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់ នោះបានសេចក្ដីថា ព្រះរាជ្យរបស់ព្រះអង្គមក​ដល់អ្នករាល់គ្នាហើយ! បើមនុស្សណាម្នាក់ខ្លាំងពូកែ មានអាវុធការពារផ្ទះរបស់ខ្លួន​​ ទ្រព្យសម្បត្ដិរបស់គេនឹងបានគង់វង្ស។ ប៉ុន្ដែ បើមានម្នាក់ទៀតខ្លាំងពូកែជាង​មកវាយ​យកជ័យជម្នះបាន គេនឹងដកហូតគ្រឿងអាវុធ ព្រមទាំងរឹបអូសទ្រព្យសម្បតិ្តពីអ្នកនោះ​យកទៅចែកឱ្យអ្នកផ្សេងថែមទៀតផង។ អ្នកណាមិននៅខាងខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ​ហើយ អ្នកណាមិនជួយប្រមូលផ្ដុំជាមួយខ្ញុំទេ អ្នកនោះជាអ្នកកម្ចាត់កម្ចាយ។ កាលបើខ្មោចចេញពីមនុស្សណាម្នាក់ហើយ វាតែស្វែងរកទីជម្រកនៅវាលហួតហែង តែ​ប្រសិនបើវារកពុំឃើញទេនោះ វាមុខជានិយាយថា៖«អញនឹងវិលត្រឡប់ទៅផ្ទះដែល​​អញទើបនឹងចេញមក»។ លុះទៅដល់ឃើញផ្ទះនោះបោសស្អាត ហើយតុបតែងល្អ វានឹងចេញទៅបបួលខ្មោចប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវា មកចូលអ្នកនោះ​បណ្ដាលឱ្យគាត់រឹងរឹតតែអាក្រក់លើសដើមទៅទៀត»។

234 Views

Posted in មិន​មាន​ចំណាត់​ក្រុមTagged ,
Theme: Overlay by Kaira