ថ្ងៃសុក្រ អាទិត្យទី២៦
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង

ថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០២៤

លោកហ្វ្រង់ស្វ័រ (១១៨២-១២២៦) ជាកូនអ្នកឈ្មួញម្នាក់ជាអ្នកមានស្តុកស្តម្ភនៅក្រុងអាស៊ីស៊ី (ប្រទេសអ៊ីតាលី)។ ដល់អាយុម្ភៃឆ្នាំ លោកសុខចិត្តលះបង់ទ្រព្យសម្បត្តិទាំងអស់ ដើម្បីបម្រើព្រះយេស៊ូយ៉ាងស្មោះអស់ពីចិត្ត ហើយចេញដំណើរទៅពន្យល់គម្ពីរ។ លោកធ្លាប់កោតសរសើរព្រះជាម្ចាស់ដែលបានបង្កើតសត្វលោកទាំងឡាយ ដោយចាត់ទុកថាសត្វលោកទាំងនោះសុទ្ធតែជាបងប្អូនរបស់គាត់។ ដោយលោកស្រឡាញ់ព្រះយេស៊ូយ៉ាងខ្លាំងជាទីបំផុត លោកទទួលស្នាមរបួសរបស់ព្រះយេស៊ូភ្ជាប់នឹងដៃ ជើង និងត្រង់ឆ្អឹងជំនីរ។ លោកបង្កើតក្រុមគ្រួសារបព្វជិតមួយដែលមានឥទ្ធិពលជាខ្លាំងក្នុងសាកលលោករហូតមកសព្វថ្ងៃ។

សូមថ្លែងព្រះគម្ពីរលោកយ៉ូប យប ៣៨,១-៣.១២-២១; ៤០,៣-៥

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូបពីក្នុងខ្យល់ព្យុះដូចតទៅ៖«ម្ដេចក៏អ្នកបង្អាប់គម្រោងការរបស់យើង ដោយពោលពាក្យមិនដឹងខុសត្រូវដូច្នេះ? ចូរប្រុង​ប្រៀបខ្លួនដូចមនុស្សអង់អាច យើងនឹងសួរអ្នក ហើយអ្នកត្រូវតែឆ្លើយឱ្យយើងដឹង​ផង!។ តាំងពីអ្នកកើតមក តើអ្នកធ្លាប់បញ្ជាឱ្យមានពេលព្រឹក ហើយកំណត់ពេលវេលា​ឱ្យថ្ងៃរះឡើងបំភ្លឺជាយផែនដី និងអង្រួនមនុស្សអាក្រក់ពីកន្លែងពួនឬទេ? ផែនដី​ទាំងមូលចាប់ផ្ដើមមានរូបរាង ដូចដីឥដ្ឋដែលគេកំពុងចាក់ពុម្ព ហើយធម្មជាតិក៏បញ្ចេញ​សម្រស់ដ៏ល្អប្រណីត។ រីឯមនុស្សអាក្រក់មិនដែលមានពន្លឺទេ ដៃដែលធ្លាប់ធើ្វបាបអ្នកដ៏ទៃនឹងត្រូវបាក់។ តើអ្នកធ្លាប់ទៅដល់ប្រភពទឹកសមុទ្រ ហើយធ្លាប់ដើរនៅក្នុងបាតមហា​សាគរឬទេ? តើមាននរណាបង្ហាញឱ្យអ្នកឃើញទ្វារស្ថានមច្ចុរាជ ហើយអ្នកធ្លាប់ឃើញទ្វាររណ្ដៅដ៏ងងឹតឬទេ? តាមយោបល់អ្នក តើផែនដីមានទំហំប៉ុនណា? បើ​​អ្នកដឹង ចូរនិយាយមកចុះ! តើពន្លឺស្ថិតនៅកន្លែងណា? តើសេចក្ដីងងឹតនៅឯណា?​ បើអ្នកដឹង អ្នកអាចទៅដល់ព្រំដែនរបស់វា ហើយស្គាល់ផ្លូវដែលនាំទៅកន្លែងរបស់វា។​ អ្នកពិតជាដឹង ដ្បិតអ្នកកើតពីយូរមកហើយ រីឯអាយុជីវិតរបស់អ្នកក៏វែងណាស់ដែរ! លោកយ៉ូបទូលព្រះអម្ចាស់ថា៖«ទូលបង្គំជាមនុស្សទន់ទាបណាស់ តើឱ្យទូលបង្គំ​ឆ្លើយទៅព្រះអង្គវិញដូចម្ដេចបាន? ទូលបង្គំនឹងយកដៃខ្ទប់មាត់។ ទូលបង្គំបាន​និយាយម្ដងរួចមកហើយ ទូលបង្គំមិននិយាយទៀតទេ ហើយទូលបង្គំក៏បាននិយាយជា​លើកទីពីរដែរ ទូលបង្គំគ្មានអ្វីបន្ថែមទៀតឡើយ»។

ទំនុកតម្កើងលេខ ១៣៩ (១៣៨),១-២.៥.៧-១៤ បទពាក្យ ៧

បពិត្រព្រះម្ចាស់ដ៏សប្បុរសទ្រង់ឈ្វេងយល់អស់ជម្រៅចិត្ត
នៃទូលបង្គំដែលមានពិត​ព្រះអង្គស្គាល់ឥតសល់ចន្លោះ
ទ្រង់ជ្រាបឥតបីមានសង្ស័យក្រោកឈរអង្គុយគ្រប់ទាំងអស់
ឈ្វេងយល់គំនិតខ្ញុំឥតខ្ចោះពីមុនទាំងអស់ស្រេចទៅហើយ
ព្រះអង្គនៅពាំងទាំងមុខក្រោយការពារមិនឱ្យមានកង្វល់
មិនឱ្យខ្ញុំជួបគ្រោះអំពល់ព្រោះតែទ្រង់ផ្ដល់បារមីថ្លៃ
តើទូលបង្គំអាចទៅណាឆ្ងាយពីព្រះភក្រ្តាព្រះអង្គនោះ
គេចទៅទីណាមិនផុតសោះព្រះអង្គជ្រាបអស់សព្វទិសា
បើខ្ញុំនឹងឡើងទៅលើមេឃក៏មិនផុតភ្នែកផុតនេត្រ្តា
បើទៅនៅស្ថានមនុស្សមរណាក៏ជួបភក្ត្រាទ្រង់ជានិច្ច
ទោះបីជាខ្ញុំពាក់ស្លាបហោះទៅកន្លែងរះព្រះអាទិត្យ
ឬទោះបីខ្ញុំចង់រត់គេចទៅរស់ឯលិចនាយសមុទ្រ
១០ក៏ព្រះអង្គគង់នៅទីនោះឥតមានចន្លោះឬគេចផុត
ជួយដឹកនាំខ្ញុំលែងតក់ស្លុតដោយបារមីប្ញទ្ធិដ៏ឧត្តម
១១ប្រសិនបើខ្ញុំពោលឡើងថាសូមឱ្យអន្ធិកាគ្របលើខ្ញុំ
ពន្លឺថ្ងៃដែលនៅជិតជុំប្រែក្លាយយប់ផ្ដុំឥតពន្លឺ
១២ទោះបីងងឹតយ៉ាងណាក្ដីព្រះអម្ចាស់ថ្លៃនៅតែភ្លឺ
ពេលយប់ដូចថ្ងៃជះរន្ទឺងងឹតប្រែភ្លឺមានរស្មី
១៣ព្រះអង្គបង្កើតខ្ញុំបានសុខហើយទ្រង់បានទុកខ្ញុំក្នុងផ្ទៃ
អ្នកម្ដាយមានគុណយូរខែថ្ងៃសន្ដោសប្រណីគ្រប់កាយា
១៤ខ្ញុំសូមលើកតម្កើងព្រះអង្គស្នាព្រះហស្ដទ្រង់ដ៏អស្ចារ្យ
ខ្ញុំដឹងថាអ្វីគ្រប់ប្រការសុទ្ធតែអស្ចារ្យកើតពីទ្រង់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៥,៨

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នាប្រុងត្រចៀកស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,១៣-១៦

ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ូស និងអ្នកក្រុង​ស៊ីដូនបានឃើញការអស្ចារ្យដូចអ្នករាល់គ្នាឃើញនៅទីនេះ ម្ល៉េះសមអ្នកក្រុងទាំងនោះ​នឹងប្រែចិត្តគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះជាមិនខាន។ ហេតុនេះហើយ បានជា​នៅថ្ងៃដែលព្រះជាម្ចាស់វិនិឆ្ឆ័យទោសមនុស្សលោក អ្នកក្រុង​ទីរ៉ូស និងអ្នកក្រុងស៊ីដូន​ទទួលទោសស្រាលជាងអ្នករាល់គ្នា។ អ្នកក្រុងកាផានុមអើយ! កុំនឹកស្មានថា អ្នកនឹង​បានថ្កើងឡើងដល់ស្ថានសួគ៌ឡើយ! អ្នកនឹងធ្លាក់ទៅស្ថាននរកវិញ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅសាវ័កទៀតថា៖ «អ្នកណាស្ដាប់អ្នករាល់គ្នា ក៏ដូចជាស្ដាប់ខ្ញុំដែរ។ អ្នក​មិនព្រមទទួលអ្នករាល់គ្នា ក៏ដូចជាមិនព្រមទទួលខ្ញុំដែរ ហើយអ្នកមិនទទួលខ្ញុំ ក៏ដូច​ជាមិនទទួលព្រះអង្គដែលចាត់ខ្ញុំឱ្យមកនោះដែរ»។

488 Views

Theme: Overlay by Kaira