ថ្ងៃសុក្រ អាទិត្យទី២៥
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង
ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦
សូមថ្លែងព្រះគម្ពីរសាស្ដា សស ៣,១-១១
អ្វីៗដែលមាននៅផែនដី សុទ្ធតែកើតឡើងតាមពេលកំណត់របស់វា។ មានពេលកើតមានពេលស្លាប់ មានពេលដាំ មានពេលដក។ មានពេលផ្ដួលរំលំ មានពេលសង់។ មានពេលយំ មានពេលសើច មានពេលសោយសោក មានពេលរាំសប្បាយ។ មានពេលគ្រវែងដុំថ្ម មានពេលរើសដុំថ្ម មានពេលឧិបថើប មានពេលមិនព្រមឧិបថើប។ មានពេលស្វែងរក មានពេលបាត់បង់ មានពេលថែទាំ មានពេលបោះចោល។ មានពេលហែក មានពេលដេរភ្ជិតឡើងវិញ មានពេលនៅស្ងៀម មានពេលនិយាយ។ មានពេលស្រឡាញ់ មានពេលស្អប់ មានពេលធើ្វសង្គ្រាម មានពេលសន្ដិភាព។ តើអ្នកដែលខំប្រឹងប្រែងធើ្វការយ៉ាងលំបាកបានទទួលផលអ្វីខ្លះ? ខ្ញុំសង្កេតឃើញថា ព្រះជាម្ចាស់បានប្រគល់ការងារយ៉ាងនឿយហត់ឱ្យមនុស្សលោកធើ្វ។ អ្វីៗដែលព្រះអង្គធើ្វសុទ្ធតែល្អស្អាតតាមពេលរបស់វា។ ទោះបីមនុស្សពុំអាចយល់ពីស្នាព្រះហស្ដដែលព្រះជាម្ចាស់បានធើ្វ ចាប់ពីដើមរហូតដល់ចុងបញ្ចប់ក្ដី ក៏ព្រះអង្គប្រទានឱ្យគេចេះគិតអំពីពេលវេលាដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចដែរ។
ទំនុកតម្កើងលេខ ១៤៤ (១៤៣) ,១-៤ បទព្រហ្មគីតិ
| ១ | សូមលើតម្កើងព្រះ | ជាអម្ចាស់ដ៏ឧត្តម | |
| ជាថ្មដានៃខ្ញុំ | ធំរឹងមាំមួនបំផុត | ។ |
| ព្រះអង្គបានបង្ហាត់ | ខ្ញុំចេះស្ទាត់ការប្រយុទ្ធ | |
| ធើ្វសឹកឥតភ័យស្លុត | ចេញតយុទ្ធខ្មាំងជិតជុំ | ។ |
| ២ | ទ្រង់សម្ដែងហប្ញទ័យ | ករុណាក្រៃចំពោះខ្ញុំ | |
| ជាកំពែងរឹងមាំ | ការពារខ្ញុំយ៉ាងអង់អាច | ។ |
| ព្រះអង្គជាជម្រក | ខ្ញុំមកជ្រកឥតភ័យខ្លាច | |
| ទ្រង់ប្រគល់អំណាច | ឱ្យខ្ញុំអាចមានថ្វីដៃ | ។ |
| ៣ | ឱព្រះជាអម្ចាស់ | តើមនុស្សគឺជាអ្វី | |
| ទើបទ្រង់យកព្រះទ័យ | ត្រាប្រណីមិនឈរឈប់ | ។ |
| តើមនុស្សលោកីយ៍ | គេជាអ្វីទើបទ្រង់សព្វ | |
| ព្រះទ័យមិនឈរឈប់ | ទោះថ្ងៃយប់នឹករិះរេ | ។ |
| ៤ | មនុស្សលោកប្រៀបផ្ទឹម | មួយដង្ហើមប៉ុណ្ណោះទេ | |
| អាយុជីវិតគេ | មិនទៀងទេគ្រប់ៗគ្នា | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១០,៤៥
អាលេលូយ៉ា! អាលេលូយ៉ា!
បុត្រមនុស្សមកក្នុងពិភពលោកនេះ ដើម្បីបម្រើគេព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ផង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,១៨-២២
ថ្ងៃមួយ ព្រះយេស៊ូអធិដ្ឋានដាច់ឡែកពីបណ្ដាជន ក្រុមសាវ័កក៏នៅជាមួយព្រះអង្គដែរ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើមហាជនទាំងឡាយថា ខ្ញុំជានរណា?»។ ក្រុមសាវ័កទូលឆ្លើយថា៖ «អ្នកខ្លះថា លោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថា លោកជាព្យាការីអេលី ហើយអ្នកខ្លះទៀតថា លោកជាព្យាការីម្នាក់ពីសម័យបុរាណដែលរស់ឡើងវិញ»។ ព្រះយេស៊ូសួរទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?។ លោកសិលាទូលព្រះអង្គថា៖ «លោកជាព្រះគ្រីស្ដដែលព្រះជាម្ចាស់ចាត់ឱ្យមក»។ ព្រះយេស៊ូក៏ហាមប្រាមគេមិនឱ្យនិយាយប្រាប់នរណាជាដាច់ខាត់។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «បុត្រមនុស្សត្រូវរងទុក្ខវេទនាយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ ពួកធម្មាចារ្យ នឹងបោះបង់លោកចោល ថែមទាំងសម្លាប់លោកទៀតផង។ ប៉ុន្ដែបីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។
782 Views
Post Views:
787