អត្ថបទព្រះគម្ពីរ
ថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៥ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
អត្ថបទទី១
សូមថ្លែងព្រះគម្ពីរព្យាការីហាកាយ ហក ១,១៥-២,៩
នៅថ្ងៃទីមួយ ក្នុងខែទីប្រាំពីរនៃឆ្នាំទីពីរ ក្នុងរជ្ជកាលព្រះបាទដារីយូស ព្រះអម្ចាស់មានព្រះបន្ទូលដោយសារព្យាការីហាកាយដូចតទៅនេះ៖ “ចូរប្រាប់សូរ៉ូបាបិល ជាទេសាភិបាលរបស់អាណាខេត្តយូដា និងមហាបូជាចារ្យយ៉ូស៊ូអា ព្រមទាំងប្រជាជនដែលនៅសេសសល់ថា ក្នុងចំណោមអ្នករាល់គ្នាដែលបានរួចពីស្លាប់ តើនរណាធ្លាប់បានឃើញព្រះដំណាក់ដ៏រុងរឿងកាលពីជំនាន់មុន? ឥឡូវនេះ តើអ្នករាល់គ្នាឃើញព្រះដំណាក់ថ្មីមានភាពដូចម្ដេចដែរ? អ្នករាល់គ្នាឃើញថា ព្រះដំណាក់ថ្មីនេះមិនល្អទាល់តែសោះ! ឥឡូវនេះ សូរ៉ូបាបិលអើយ! ចូរមានចិត្តក្លាហានឡើង!។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។”
មហាបូជាចារ្យយ៉ូស៊ូអាជាកូនរបស់លោកយេហូសាដាកអើយ! ចូរមានចិត្តក្លាហានឡើង! ប្រជាជនទាំងមូលដែលនៅក្នុងស្រុកអើយ! ចូរមានចិត្តក្លាហានឡើង! នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ចូរនាំគ្នាធើ្វការទៅ ដ្បិតយើងនៅជាមួយអ្នករាល់គ្នាហើយ! នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ព្រះវិញ្ញាណរបស់យើងស្ថិតនៅជាមួយអ្នករាល់គ្នា ដូចយើងបានសន្យានៅគ្រាដែលអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប។ ដូច្នេះ កុំខ្លាចអ្វីឡើយ!។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖« បន្ដិចទៀត យើងនឹងធើ្វឱ្យផ្ទៃមេឃ និងផែនដី ព្រមទាំងសមុទ្រ និងដីគោកកក្រើក។ យើងនឹងធើ្វឱ្យប្រជាជាតិនានាកក្រើក។ ទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជាតិទាំងអស់នឹងហូរចូលមកក្នុងដំណាក់របស់យើង ហើយយើងនឹងធើ្វឱ្យដំណាក់នេះបានថ្កុំថ្កើងរុងរឿង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ប្រាក់ និងមាសជាកម្មសិទ្ធិរបស់យើង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ សិរីរុងរឿងរបស់ដំណាក់ថ្មីនេះ នឹងថ្កុំថ្កើងជាងសិរីរុងរឿងរបស់ដំណាក់កាលពីជំនាន់មុនទៅទៀត។ នៅកន្លែងនេះ យើងនឹងផ្ដល់ឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដ “នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល”។
ទំនុកតម្កើងលេខ ៤៣,១-៤ បទពាក្យ ៧
១. | ឧិព្រះជាអម្ចាស់ខ្ញុំអើយ | សូមកុំកន្ដើយរកយុតិ្តធម៌ |
សូមជួយកាន់ក្ដីទល់តបត | ពួកមនុស្សមិនល្អមនុស្សទុច្ចរិត ។ | |
២. | បពិត្រព្រះជាអម្ចាស់អើយ | ព្រះអង្គនេះហើយជួយជីវិត |
ទ្រង់ជាកំពែងបាំងជុំជិត | សូមទ្រង់អាណិតកុំបោះបង់ ។ | |
៣. | សូមផ្ដល់ពន្លឺនិងក្ដីពិត | ឱ្យនៅស្ថេរស្ថិតហើយតម្រង់ |
ទៅភ្នំវិសុទ្ធដ៏ផូរផង់ | ដំណាក់ព្រះអង្គសមសព្វគ្រប់ ។ | |
៤. | ខ្ញុំនឹងឆ្ពោះទៅទីអាសនៈ | ព្រះអង្គឥតអាក់ជាប្រភព |
នៃក្ដីអំណរដ៏លើសលប់ | តម្កើងមិនឈល់ដោយតន្ដ្រី ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១០,៤៥
អលេលូយ៉ា! អាលេលូយ៉ា!
បុត្រមនុស្សមកក្នុងពិភពលោកនេះ ដើម្បីបម្រើគេ
ព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ផង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,១៨-២២
ថ្ងៃមួយ ព្រះយេស៊ូអធិដ្ឋានដាច់ឡែកពីបណ្ដាជន ក្រុមសាវ័កក៏នៅជាមួយព្រះអង្គដែរ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖« តើមហាជនទាំងឡាយថា ខ្ញុំជានរណា?»។ក្រុមសាវ័កទូលឆ្លើយថា៖«អ្នកខ្លះថា លោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថា លោកជាព្យាការីអេលី ហើយអ្នកខ្លះទៀតថា លោកជាព្យាការីម្នាក់ពីសម័យបុរាណដែលរស់ឡើងវិញ»។ ព្រះយេស៊ូសួរទៀតថា៖«ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណាដែរ?។ លោកសិលាទូលព្រះអង្គថា៖« លោកជាព្រះគ្រីស្ដ ដែលព្រះជាម្ចាស់ចាត់ឱ្យមក»។ ព្រះយេស៊ូក៏ហាមប្រាមគេមិនឱ្យនិយាយប្រាប់នរណាជាដាច់ខាត់។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖«បុត្រមនុស្សត្រូវរងទុក្ខវេទនាយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ ពួកធម្មាចារ្យនឹងបោះបង់លោកចោល ថែមទាំងសម្លាប់លោកទៀតផង។ ប៉ុន្ដែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។