ថ្ងៃសុក្រ អាទិត្យទី២២
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥

បុណ្យរម្លឹក
សន្តីតេរេសា នៅកុលកាតាជាព្រហ្ម​ចារិនី
និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្តាករុណា
ពណ៌ស

សន្តីតេរេសានៅកុលកាតា (១៩១០-១៩៩៧) ហៅថា អ្នកម្តាយតេរេសា ជាបព្វជិតាកាតូលិក និងជាសាសនទូត កើតក្នុងគ្រួសារកាតូលិកជនជាតិអាល់បានី នៅទីក្រុងអឺស្គប់ ស្រុកម៉ាសេដូន (ក្រោមការគ្រប់គ្រងនៃចក្រភពអូតូម៉ង់) នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ១៩១០ ។ ឪពុករបស់នាងជាប្រធានក្រុមហ៊ុនសំណង់ ហើយម្តាយជាអ្នកលក់ផលិតផលឱសថ ។ ពួកគេមានកូនសរុបបីនាក់ កូនស្រី២នាក់ កូនប្រុស១នាក់។ ឪពុកម្តាយរបស់នាងកាន់សាសនាកាតូលិក តែងតែជួយជនក្រីក្រ ក្មេងកំព្រា និងអ្នកប្រមឹកនៅក្នុងទីក្រុង ។ ម្តាយចង់អប់រំនាង ដោយអះអាងថា៖«នៅពេលកូនប្រព្រឹត្តអំពើល្អ វាដូចជាដុំថ្មដែលកូនគប់ទៅក្នុងមហាសមុទ្រនៃទុក្ខលំបាក» ។
នៅឆ្នាំ ១៩២៨ នាងមានអាយុ ១៨ ឆ្នាំ ក៏បានចូលក្រុមគ្រួសារដូនជី ឡូរែត នៅប្រទេសអៀរឡង់។ មួយឆ្នាំក្រោយមក នាងជាអ្នកស្វែងយល់ជីវិតជាដូនជី ត្រូវគេបញ្ជូនទៅទីក្រុង កុលកាតា (ប្រទេសឥណ្ឌា) ហើយទទួលឈ្មោះថ្មីថា តេរេសា ។ នាងជាគ្រូបង្រៀនភូមិសាស្ត្រនៅសាលាសន្តីម៉ារី នៅក្រុងកុលកាតា ជាសាលាសម្រាប់គ្រួសារដែលមានធនធាន ហើយត្រូវទទួលបន្ទុកជានាយកសាលានៅឆ្នាំ ១៩៤៤។
នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ១៩៤៦ ក្នុងអំឡុងពេលធ្វើដំណើរជិះរថភ្លើងពីក្រុង កុលកាតា ទៅដល់ក្រុង ដាជីលីង មានព្រឹត្តិ ការណ៍អស្ចារ្យមួយកើតឡើង ដែលនាងហៅថា “ជាការត្រាស់ហៅមួយទៀតក្នុងការត្រាស់ហៅដំបូងរបស់ខ្ញុំ” ។ ពេលនោះ នាងងងុយគេង៖«ភ្លាមៗនោះ ខ្ញុំបានឮយ៉ាងច្បាស់នូវព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដែលមានព្រះបន្ទូលមកខ្ញុំថា “ខ្ញុំស្រេក” ។ សាររបស់ព្រះអង្គច្បាស់៖ ខ្ញុំត្រូវចេញពីវត្ដអារាម ហើយជួយជនក្រីក្រ ដោយរស់នៅជាមួយពួកគេ។ ខ្ញុំបានយល់យ៉ាងច្បាស់នូវកាតព្វកិច្ចដែលនាងខ្ញុំត្រូវធ្វើ ប៉ុន្តែ ខ្ញុំមិនដែលបានដឹងថា គួរសម្រេចកាតព្វកិច្ចនោះត្រឹមណានោះទេ»។ បន្តិចម្ដងៗ ទោះបីជាទីប្រឹក្សាជាន់ខ្ពស់នៃដូនជីឡូរែតប្រឆាំងក៏ដោយ ក៏នាងសម្រេចចិត្តចាកចេញពីក្រុមគ្រួសារដូនជី ឡូរែត នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ១៩៤៨ ដោយមានលោកអភិបាលព្រះសហគមន៍ភូមិភាគកុលកាតាគាំទ្រ ក្រោយមក នាងក៏បានទទួលការអនុញ្ញាតពីសម្តេចប៉ាបពីយូស-ទី១២។
នៅពេលនាងចាកចេញនោះ នាងមានលុយតែប្រាំរូពីក្នុងថង់។ នាងទៅក្រុងប៉ាត្នាដើម្បីទទួលបានការបណ្តុះបណ្តាលជាគិលានុបដ្ឋាយិកាកំឡុងពេល៤ខែ។ នៅឆ្នាំ ១៩៥០ នាងបានបង្កើតក្រុមគ្រួសារ “សាសនទូតនៃមេត្តាករុណា” (Missionary of Charity) នៅទីក្រុងកុលកាតា ហើយនាងក៏សរសេរក្បួនច្បាប់របស់ក្រុមគ្រួសារនេះក្នុងរយៈពេលតែមួយយប់ប៉ុណ្ណោះ ។ ពេលដំបូងមានសហជីវិនរបស់នាងតែ ១២នាក់ប៉ុណ្ណោះ។ ក្នុងរយៈពេល ៤០ ឆ្នាំ អ្នកម្តាយតេរេសាបានយកចិត្តទុកដាក់បម្រើ “ជនក្រីក្របំផុតក្នុងចំណោមអ្នកក្រីក្រ” ដូចជាជនភៀសខ្លួន អតីតស្រីពេស្យា អ្នកជម្ងឺផ្លូវចិត្ត និងផ្លូវកាយ អ្នកពិការខួរក្បាល កុមារកំព្រា មនុស្សឃ្លង់ អ្នកផ្ទុកមេរោគអេដស៍ មនុស្សចាស់ជរា និងអស់អ្នកដែលត្រូវគេបោះបង់ចោល មានភាពឯកោនៅពេលជិតផុតដង្ហើម។ល។ ដោយមិនគិតពីសាសនា ឬឋានៈរបស់អ្នកណាឡើយ ។
ម្យ៉ាងទៀត អ្នកម្តាយតេរេសាស្រឡាញ់ព្រះគ្រីស្ត និងព្រះសហគមន៍ ទាំងឆ្លងកាត់ “ស្ថានភាពដ៏ងងឹតនៃជំនឿខាងវិញ្ញាណ” អស់រយៈពេល ៥០ឆ្នាំ ក្នុងជីវិតគាត់ ដោយគ្មាននរណាដឹងថាគាត់រងទុក្ខខ្លាំងប៉ុណ្ណានោះទេ នេះជាទារុណកម្មខាងផ្លូវវិញ្ញាណដែលគាត់បានលាក់មិនឱ្យគេដឹង ហើយបានកប់ទុកក្នុងទីស្ងាត់នៃជម្រៅចិត្ត ដោយសម្តែងទឹកមុខដ៏សុខសាន្តជានិច្ច ។ គឺគាត់​ជួបនឹងសេចក្តីសង្ស័យយ៉ាងខ្លាំងថា ព្រះជាម្ចាស់គ្មានព្រះជន្មគង់នៅនោះទេ។
គាត់បានទទួលពានរង្វាន់ណូបែល សន្តិភាពនៅឆ្នាំ ១៩៧៩។ អ្នកម្តាយតេរេសាក៏បានប្រឆាំងយ៉ាងខ្លាំងនឹងការពន្លូតកូន ដែលគាត់ចាត់ទុកថាជាអំពើឃាតកម្ម។ អ្នកម្តាយតេរេសាទទួលមរណភាពនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៩៧ ដោយមានអាយុ ៨៧ ឆ្នាំ ។ ហើយបានទទួលឋានៈជាសន្តីបុគ្គលរបស់ព្រះសហគមន៍នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០១៦ ដោយមានសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ប្រកាសជាផ្លូវការ និងជាសាធារណៈដ៏ឱឡារិក។ អ្នកម្តាយតេរេសាជាឧបការិនីនៃអស់អ្នកដែលបានឆ្លងកាត់ “ស្ថានភាពដ៏ងងឹតនៃជំនឿខាងវិញ្ញាណ” ដោយសង្ស័យថា ព្រះជាម្ចាស់គ្មានព្រះជន្មគង់នៅនោះទេ។
នៅឆ្នាំ ២០២០ ក្រុមគ្រួសារ “សាសនាទូតនៃមេត្តាករុណា” មានសមាជិកចំនួនជាង ៥១៦៧ នាក់ មានទាំងក្រុមអ្នកអធិដ្ឋានស្មឹងស្មាធិ៍ និងអ្នកអនុវត្តសកម្មភាព ដែលមានវត្តមានក្នុង ១៣៩ ប្រទេស ហើយដែលកំពុងបម្រើអស់អ្នកកម្សត់ទុរគតទាំងឡាយក្នុងមណ្ឌលសរុប ៧៦០ កន្លែង ដែលក្នុងនោះមានចំនួន ២៤៤ មណ្ឌលនៅប្រទេសឥណ្ឌា ។ “សាសនទូតនៃមេត្តាករុណា” របស់អ្នកម្តាយតេរេសា ជាបព្វជិតបព្វជិតាដែលថ្វាយពាក្យសច្ចាប្រណិធានទាំងបី គឺនៅលីវ សម្រាប់ព្រះរាជ្យនៃស្ថានបរមសុខ រស់នៅក្នុងភាពក្រីក្រ និងស្តាប់បង្គាប់។ ជាពិសេស ពួកគេនមស្ការព្រះកាយព្រះគ្រីស្តពីរម៉ោងជារៀងរាល់ថ្ងៃ ។

អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡ ១,១៥-២០

ព្រះគ្រីស្ដជារូបតំណាងរបស់ព្រះជាម្ចាស់ ដែលមនុស្សមើលមិនឃើញ ព្រះអង្គជារៀម​ច្បងរបស់សត្វលោកទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក ដ្បិតព្រះជាម្ចាស់បាន​បង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ដ ទាំងអ្វីៗនៅលើមេឃ ទាំងអ្វីៗនៅលើផែនដី ទាំងអ្វីៗដែលមនុស្សមើលឃើញ ទាំងអ្វីៗដែលមនុស្សមើលមិនឃើញ ព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វ​សារពើមក ដោយសារព្រះគ្រីស្ដនិងសម្រាប់ព្រះគ្រីស្ដ។ ព្រះគ្រីស្ដ​មានព្រះជន្មមុនអ្វីៗទាំងអស់ ហើយអ្វីៗសព្វសារពើក៏នៅស្ថិតស្ថេររួមគ្នាដោយសារ​ព្រះអង្គដែរ។ ព្រះគ្រីស្ដជាសិរសានៃ​ព្រះហគមន៍ដែលជាព្រះកាយរបស់ព្រអង្គ ព្រះអង្គជាដើមកំណើតនៃជីវិតថ្មី។ ព្រះអង្គជារៀម​ច្បងដែលទទួលព្រះជន្មដ៏រុងរឿង​មុនគេ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ដើម្បីធើ្វជាប្រមុខ​ក្នុងគ្រប់វិស័យ ដ្បិតព្រះជា​ម្ចាស់សព្វព្រះហប្ញទ័យប្រគល់គ្រប់លក្ខណ​សម្បិត្តរបស់ព្រះអង្គឱ្យ​ស្ថិតនៅក្នុងព្រះគ្រីស្ដ ហើយសម្រុះសម្រួលអ្វីៗសព្វសារពើ គឺអ្វីៗនៅលើផែនដី និងនៅលើ​មេឃ​ឱ្យជានានឹង​ព្រះអង្គវិញ ដោយសារព្រះគ្រីស្ដ និងសម្រាប់ព្រះគ្រីស្ដ។ ព្រះជាម្ចាស់បាន​ធើ្វឱ្យសន្ដិ​ភាពកើតមានឡើង ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។

ទំនុកតម្កើងលេខ ១០០ (៩៩) ,១-៥ បទកាកគតិ

មនុស្សលើផែនដីទាំងប្រុសទាំងស្រីចូរអបអរឡើង
សាទរព្រះម្ចាស់ជាព្រះថ្កុំថ្កើងព្រះម្ចាស់នៃយើង
កុំឱ្យរួញរា
នាំគ្នាគោរពទាំងថ្ងៃទាំងយប់ដោយចិត្តជ្រះថ្លា
នាំគ្នាមកជិតអង្គព្រះចេស្ដាច្រៀងហ៊ោរខ្ញៀវខ្ញា
ដោយអរសប្បាយ
ចូរដឹងគ្រប់គ្នាថាព្រះម្ចាស់ជាព្រះយើងគ្រប់កាយ
ជាព្រះអង្គម្ចាស់ពិតឥតក្លែងក្លាយបង្កើតយើងហើយ
ទ្រង់ថែថ្នាក់ថ្នម
យើងនាំគ្នីគ្នាចូលកុំរួញរាដំណាក់សក្ដិសម
ទាំងអរព្រះគុណព្រះម្ចាស់ឧត្តមសរសើរបង្គំ
ព្រះនាមព្រះអង្គ
ដ្បិតព្រះអម្ចាស់ទ្រង់សប្បុរសណាស់ករុណាហ្មត់ហ្មង
គង់នៅស្ថិតស្ថេរអង្វែងកន្លងស្មោះស្ម័គ្រច្បាស់ច្បង
អស់កល្បតទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១៩,៧.៩

អាលេលូយ៉ា! អាលេលូយ៉ា!
យើងនាំគ្នាអរសប្បាយឡើង ព្រោះព្រះជាម្ចាស់​បានចងសម្ពន្ធមេត្រីថ្មី! អស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅឱ្យមកចូលរួមក្នុងពិធីជប់លៀងមង្គ​លការនៃកូនចៀម អ្នកទាំងនោះពិតជាមានសុភមង្គលហើយ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៥,៣៣-៣៩

នៅថ្ងៃនោះ មានគេទូលសួរព្រះយេស៊ូថា៖ «ពួកសិស្សរបស់លោកយ៉ូហាន និងពួក​​សិស្សខាងគណៈផារីស៊ីតែងតែតមអាហារ និងសូត្រធម៌ជាញឹកញាប់ ចុះហេតុដូចម្ដេច​បានជា​សិស្សរបស់លោកបែរជានាំគ្នាបរិភោគដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូល​តបទៅគេវិញថា៖​«ក្នុងពិធី​មង្គលការ ពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចតម​អាហារកើតឬ?។ ទេ! គេមិនអាចតម​បានឡើយ! បើថ្ងៃក្រោយពេលគេចាប់ស្វាមី​​យកទៅ ទើបភ្ញៀវទាំងនោះតមអាហារ»។​ ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាថា៖ «ពុំដែលមាននរណាហែកសម្លៀក​​​បំពាក់​ថ្មីយកទៅប៉ះសម្លៀកបំពាក់ចាស់នោះឡើយ បើធ្វើដូច្នេះ សម្លៀកបំពាក់ថ្មីនឹ​​​​​ង​ត្រូវរហែក ហើយ​ក្រណាត់ចាស់ និងក្រណាត់ថ្មីក៏មិនសមគ្នាដែរ។ ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរ​ថ្មីទៅក្នុងថង់ស្បែកចាស់ឡើយ បើធើ្វដូច្នេះ ស្រាថ្មីនឹងធើ្វឱ្យថង់ស្បែកចាស់នោះធ្លុះ បណ្ដាល​ឱ្យស្រាហូរចេញ ហើយថង់ស្បែកក៏ត្រូវខូចខាតមិនខាន ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី។ កាលបើបានពិសាស្រាទំពាំងបាយជូរចាស់ហើយ មិនដែលមាននរណាចង់ពិសាស្រាថ្មីទេ​ ព្រោះគេថា “ស្រាចាស់ឆ្ងាញ់ជាងស្រាថ្មី»។

43 Views

Theme: Overlay by Kaira