អត្ថបទថ្ងៃសុក្រ អាទិត្យទី២១ រដូវធម្មតា
ថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ ព័ណ៌ស
ថ្ងៃបុណ្យសន្តី ម៉ូនីកា
បុណ្យរំឮក
អ្នកស្រី ម៉ូនីកា (៣៣២-៣៨៧) ជាគ្រីស្តបរស័ទជាតិរ៉ូម៉ាំងម្នាក់រស់នៅទ្វីបអាហ្វ្រិក។ នាងស៊ូទ្រាំយូរឆ្នាំ ទាំងអង្វរព្រះជាម្ចាស់ ទើបទាំងស្វាមីនាង ទាំងលោកអូគូស្តាំងជាកូននាង សុខចិត្តប្រែចរិយាខិលខូចចោល ហើយទទួលស្គាល់ព្រះយេស៊ូ។ សន្តៈ អំប្រ័ស ជាអភិបាលនៅព្រះសហគមន៍នៅក្រុងមីឡង់ជម្រាបសន្តីម៉ូនីកាថា៖ “ដោយអ្នកបានហូរទឹកភ្នែកច្រើនយ៉ាងនេះ អ្នកមិនត្រូវវិនាសអន្តរាយឡើយ!”។ អ្នកស្រីម៉ូនីកាទទួលមរណភាពនៅក្រុងអូស្ទីយ៉ា ដោយមានសន្តៈ អូគូស្តាំងជួយលួងលោម។
អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេសាឡូនិក ១ ថស ៤, ១-៨
បងប្អូនជាទីស្រឡាញ់! បងប្អូនបានរៀនពីយើងអំពីរបៀបរស់នៅដែលគាប់ព្រះហប្ញទ័យព្រះជាម្ចាស់ ហើយបានប្រព្រឹត្តតាមទៀតផង ។ ដូច្នេះ យើងសូមអង្វរ និងសូមដាស់តឿនបងប្អូនក្នុងព្រះនាមព្រះអម្ចាស់យេស៊ូថា សូមបងប្អូនបានប្រសើរលើសពីនេះទៅទៀត!។ បងប្អូនជ្រាបស្រាប់ហើយថា យើងបានទូន្មានបងប្អូនអ្វីខ្លះ ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ។ ព្រះហប្ញទ័យរបស់ព្រះជាម្ចាស់ គឺឲ្យបងប្អូនបានវិសុទ្ធ ឲ្យបងប្អូនចៀសវាងអំពីអំពើប្រាសចាកសីលធម៌៌។ ម្នាក់ៗត្រូវចេះរួមជាមួយភរិយារបស់ខ្លួនតាមរបៀបដ៏វិសុទ្ធ និងថ្លៃថ្នូរ មិនបណ្ដោយខ្លួនទៅតាមតណ្ហាដូចសាសន៍ដទៃមិនស្គាល់ព្រះជាម្ចាស់នោះឡើយ ។ មិនត្រូវឲ្យបងប្អូនណាម្នាក់ប្រព្រឹត្តអ្វីខុសចំពោះបងប្អូនឯទៀតៗ ឬរំលោភលើសិទិ្ធគេ ក្នុងរឿងសីលធម៌នេះឡើយ ដ្បិតព្រះអម្ចាស់នឹងដាក់ទោសលើអ្នកប្រព្រឹត្តអំពើទំាងនេះ ដូចយើងបាននិយាយនិងបានបញ្ជាក់រួចជាស្រេចមកហើយ ។ ព្រះជាម្ចាស់ត្រាស់ហៅយើង មិនមែនឲ្យរស់នៅក្នុងអំពើថោកទាបតទៅទៀតឡើយ គឺឲ្យយើងវិសុទ្ធវិញ ដូច្នេះ អ្នកណាបដិសេធមិនព្រមទទួលដំបូន្មាននេះមិនត្រឹមតែបដិសេធមិនព្រមទទួលមនុស្សប៉ុណ្ណោះទេ គឺបដិសេធមិនព្រមទទួលព្រះជាម្ចាស់ដែលបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គ មកនៅក្នុងបងប្អូននោះតែម្ដង ។
ទំនុកតម្កើងលេខ ៩៧ (៩៦),១-២.៥-៦.១០.១២ បទពាក្យ ៧
១. | ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យ | ពេញដោយអំណាចដោយយូរលង់ |
ចូរឲ្យផែនដីរីករាយឡើង | កោះទំាងឡាយផងអរសប្បាយ ។ | |
២. | មានពពកខ្មួលខ្មៅងងឹត | ព័ទ្ធពេនជុំជិតព្រះម្ចាស់ថ្លៃ |
ព្រះអង្គគ្រងរាជ្យដោយប្រពៃ | សុចរិតថ្លាថ្លៃល្អត្រចង់ ។ | |
៥. | ភ្នំនានាដែលនៅចំពោះ | ភ័ក្រ្តព្រះអម្ចាស់ត្រូវរលាយ |
ដូចជាក្រមួនអន្ដរាយ | ដោយកម្ដៅថ្ងៃនៅមិនបាន ។ | |
៦. | ផ្ទៃមេឃក៏បានស្រែកប្រកាស | ពីក្ដីសប្បុរសល្អថ្កើងថ្កាន |
ឲ្យប្រជារាស្រ្ដទំាងប៉ុន្មាន | នៅគ្រប់ទីស្ថានបានដឹងយល់ ។ | |
១០. | អ្នកដែលស្រឡាញ់ព្រះអម្ចាស់ | និងអ្នកដែលស្មោះស្ម័គ្រទៀតត្រង់ |
ចូរស្អប់អំពើកាចយង់ឃ្នង | ព្រះអង្គនឹងរងថែរក្សា ។ | |
១២. | ឪពួកអ្នកសុចរិតទំាងឡាយ | ចូរអ្នករីករាយកុំគិតអ្វី |
ចំពោះកិច្ចការព្រះម្ចាស់ថ្លៃ | ប្រព្រឹត្តរាល់ថ្ងៃកន្លងមក ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ លក ២១,៣៦
អាលេលូយ៉ា! អាលេលូយ៉ា! អ្នកដែលប្រុងស្មារតីអធិដ្ឋានគ្រប់ពេលវេលាពិតជាមានសុភមង្គល! ដ្បិតគេអាចឈរនៅមុខបុត្រមនុស្ស ។ អាលេលូយ៉ា! |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៥, ១-១៣
នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័ក អំពីពេលព្រះអង្គយាងមកវិញ ។ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាថា៖ «ព្រះរាជ្យនៃស្ថានបរមសុខ បៀបបានទៅនឹងស្រ្ដីក្រមុំដប់នាក់ ដែលយកចង្កៀងចេញទៅទទួលស្វាមី ។ ក្នុងចំណោមពួកនាងមានប្រាំនាក់ជាស្រ្ដីឥតគំនិត ប្រាំនាក់ទៀតជាស្រី្ដឈ្លាសវៃ ។ ស្រី្ដឥតគំនិតយកចង្កៀងទៅ តែមិនយកប្រេងទៅបង្ការជាមួយទេ ។ រីឯស្រ្ដីឈ្លាសវៃវិញ នាងបានយកប្រេងទៅ មានទំាងប្រេងបង្ការផង ។ដោយស្វាមីក្រមកដល់ នាងទំាងដប់នាក់ងោកងុយពេកក៏ដេកលក់ទំាងអស់គ្នា ។ លុះដល់ពាក់កណ្ដាលអាធ្រាត្រ មានគេស្រែកឡើងថា៖ «ស្វាមីមកដល់ហើយ! ចូរនំាគ្នារត់ទៅទទួលលោក!» ។ ស្រ្ដីក្រមុំទំាងនោះក៏ក្រោកឡើងរៀបចំអុចចង្កៀង ស្រ្ដីឥតគំនិតនិយាយទៅកាន់ស្រ្ដីឈ្លាសវៃថា៖ “សុំចែកប្រេងឲ្យយើងខ្លះផង ព្រោះចង្កៀងយើងចង់រលត់ហើយ» ។ ស្រ្ដីឈ្លាសវៃឆ្លើយទៅវិញថា៖« ទេ! មិនបានទេ! បើយើងចែកឲ្យពួកនាង ក្រែងមិនគ្រាន់សម្រាប់យើងផង សម្រាប់ពួកនាងផង។ ចូរនំាគ្នាទៅទិញនៅផ្ទះលក់ប្រេងទៅ! » ។
នៅពេលស្រ្ដីឥតគំនិតទំាងប្រាំចេញទៅរកទិញប្រេងផុតទៅ ស្រាប់តែស្វាមីមកដល់ ឯស្រី្ដប្រាំនាក់ដែលត្រៀមខ្លួនជាស្រេច នំាគ្នាចូលទៅក្នុងរោងការជាមួយលោកហើយគេបិទទ្វារជិត ។ ក្រោយមក ស្រ្ដីប្រាំនាក់ទៀតមកដល់ហើយស្រែកហៅថា៖ «ឳព្រះអម្ចាស់! ឳព្រះអម្ចាស់! សូមបើកទ្វារឲ្យយើងខ្ញុំចូលផង! » ។ ស្វាមីឆ្លើយទៅវិញថា៖ « ខ្ញុំសុំប្រាប់ឲ្យនាងទំាងអស់គ្នាដឹងច្បាស់ថា ខ្ញុំមិនស្គាល់ពួកនាងទេ! ”។ ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាពុំដឹងថា បុត្រមនុស្សនឹងមកដល់ថ្ងៃណាពេលណាឡើយ» ។