ថ្ងៃសុក្រ អាទិត្យទី១៨
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២៥
លោកដូមីនិក (១១៧០-១២២១) កើតនៅប្រទេសអេស្ប៉ាញ។ ដោយលោកធ្វើដំណើរទៅប្រទេសរបស់លោក និងទៅប្រទេសបារាំង លោកសម្រេចចិត្តដើរពន្យល់គម្ពីរ ប្រកាសដំណឹងល្អគ្រប់ទីកន្លែងនៅប្រទេសទាំងពីរនោះ។ លោកបង្កើតក្រុមគ្រួសារបព្វជិតមួយ ក្នុងគោលបំណងប្រកាសដំណឹងល្អ។ អ្នកចូលក្រុមគ្រួសារនោះ ដាក់ខ្លួនជាអ្នកក្រីក្របំផុត។ បព្វជិតពីក្រុមគ្រួសាររបស់សន្តដូមីនិកមកប្រកាសដំណឹងល្អនៅប្រទេសកម្ពុជាមុនគេបង្អស់គឺលោក កាស្ប៉ាដាគ្រូស មកដល់ព្រះរាជវាំងលង្វែកនៅឆ្នាំ ១៥៥៥ ហើយមានសហការី ៦នាក់មកតាមក្រោយដែរ រហូតដល់ឆ្នាំ១៥៩១។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរទុតិយកថា ទក ៤,៣២-៤០
លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ចូរសាកសួរមើលចុះថា តើនៅជំនាន់ដើម គឺតាំងពីថ្ងៃដែលព្រះជាម្ចាស់បង្កើតមនុស្សនៅលើផែនដីនេះ ហើយចាប់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាងទៀត តើធ្លាប់មានព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះឬក៏មាននរណាធ្លាប់ឮហេតុការណ៍ដ៏ចម្លែកបែបនេះទេ? តើមានជាតិសាសន៍មួយណាធ្លាប់បានឮព្រះជាម្ចាស់មានព្រះបន្ទូលពីក្នុងភ្លើងដូចអ្នកបានឮ ហើយនៅរស់រានមានជីវិតបែបនេះឬទេ? តើដែលមានព្រះណាខិតខំរំដោះប្រជាជាតិមួយ ចេញពីប្រជាជាតិមួយទៀតឱ្យធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ ដោយធ្វើការអស្ចារ្យ ទីសម្គាល់ឫទ្ធិបាដិហារិយ៍ ហើយប្រយុទ្ធជំនួសគេ ដោយប្រើឫទ្ធិបារមី និងតេជានុភាពដ៏ខ្លាំងក្លា គួរស្ញែងខ្លាចដូចព្រះអម្ចាស់ជាព្រះរបស់អ្នកបានធ្វើនៅស្រុកអេស៊ីបឱ្យអ្នកឃើញបែបនេះឬទេ? អ្នកបានឃើញការទាំងនោះ ដើម្បីទទួលស្គាល់ថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន ក្រៅពីព្រះអង្គ គ្មានព្រះណាទៀតឡើយ។ ព្រះអង្គបានឱ្យអ្នកឮព្រះសូរសៀងពីលើមេឃមក ដើម្បីអប់រំអ្នក។ ព្រះអង្គឱ្យអ្នកឃើញភ្លើងដ៏សន្ធោសន្ធៅនៅលើផែនដីនេះ ហើយអ្នកបានឮព្រះសូសៀងរបស់ព្រះអង្គពីក្នុងភ្លើងនោះមក។ ព្រះអង្គបានស្រឡាញ់បុព្វបុរសរបស់អ្នក ហើយបានជ្រើសរើសពូជពង្សរបស់ពួកគេនៅជំនាន់ក្រោយ។ ហេតុនេះហើយ បានជាព្រះអង្គផ្ទាល់នាំអ្នកចេញពីស្រុកអេស៊ីបដោយមហិទ្ធិឫទ្ធិរបស់ព្រះអង្គ។ ព្រះអង្គបានបណ្តេញប្រជាជាតិនានាដែលមានគ្នាច្រើន និងមានកម្លាំងខ្លាំងជាងអ្នក ដើម្បីឱ្យអ្នកចូលកាន់កាប់ស្រុករបស់គេ ហើយព្រះអង្គប្រគល់ស្រុកនោះមកឱ្យអ្នកទុកជាកេរមត៌ក ដូចអ្នកឃើញសព្វថ្ងៃនេះស្រាប់។ ដូច្នេះ ចូរទទួលស្គាល់នៅថ្ងៃនេះ ហើយចងចាំថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់នៅលើមេឃ និងនៅលើផែនដី គ្មានព្រះណាផ្សេងទៀតឡើយ។ អ្នកត្រូវកាន់តាមក្រឹត្យវិន័យ និងបទបញ្ជារបស់ព្រះអង្គ ដែលខ្ញុំបានប្រគល់ឱ្យអ្នកនៅថ្ងៃនេះ ដើម្បីឱ្យអ្នកមានសុភមង្គល គឺទាំងអ្នក ទាំងកូនចៅរបស់អ្នក ហើយឱ្យអ្នកមានអាយុយឺនយូរនៅលើទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នកប្រទានឱ្យអ្នករហូតតទៅ ។
ទំនុកតម្កើងលេខ ៧៧ (៧៦),១២-១៦.២១ បទកាកគតិ
| ១២ | បពិត្រព្រះម្ចាស់ | ខ្ញុំរំលឹកច្បាស់ | មិនប្រហែសឡើយ |
| ខ្ញុំនឹកដល់ការ | អស្ចារ្យទាំងឡាយ | ដែលទ្រង់ត្រួសត្រាយ |
| | ធ្វើពីពេលមុន | ។ |
| ១៣ | ខ្ញុំរៀបរាប់ស្នា | ព្រះហស្តថ្លៃថ្លា | ច្រើនក្រៃលើសលន់ |
| ខ្ញុំនឹករំពឹង | សង្ឃឹមពេកពន់ | កិច្ចការគ្រាមុន |
| | មានច្រើនអនេក | ។ |
| ១៤ | បពិត្រព្រះម្ចាស់ | មាគ៌ាត្រចះ | វិសុទ្ធពន់ពេក |
| កិច្ចការទាំងអស់ | វិសេសល្អឯក | គ្មានព្រះណាអាច |
| | ធ្វើដូចទ្រង់ឡើយ | ។ |
| ១៥ | មានតែព្រះអង្គ | បារមីត្រចង់ | ទ្រង់មិនកន្តើយ |
| សព្វការអស្ចារ្យ | ប្រព្រឹត្តរួចហើយ | សម្តែងឫទ្ធិឱ្យ |
| | សាសន៍ផ្សេងបានយល់ | ។ |
| ១៦ | ព្រះអង្គប្រើឫទ្ធិ | បារមីបំផុត | ឥតមានខ្វាយខ្វល់ |
| លោះប្រជារាស្ត្រ | ផុតអស់អំពល់ | អ្នកក្រអស់ខ្វល់ |
| | ផុតទុកទាំងពួង | ។ |
| គេជាកូនចៅ | សន្តានញាតិផៅ | លោកយ៉ាកុបផង |
| ទាំងលោកយ៉ូសែប | ផុតអស់សៅហ្មង | រួចពីចំណង |
| | ពីស្រុកអេស៊ីប | |
| ២១ | ព្រះអង្គបញ្ជា | ឱ្យលោកម៉ូសេ | ពិចារណាហើយ |
| ទាំងលោកអរ៉ុន | ក៏មិនកន្តើយ | ណែនាំកៀកកើយ |
| | ដូចគង្វាលចៀម | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,១០
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាត្រូវគេបៀតបៀន ព្រោះតែបានធ្វើតាមសេចក្តីសុចរិត អ្នកនោះមានសុភមង្គល ដ្បិតគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៦,២៤-២៨
នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ អ្នកនោះត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិត ប៉ុន្តែ អ្នកណាបាត់បង់ជីវិតព្រោះតែខ្ញុំ អ្នកនោះនឹងបានជីវិតវិញ។ បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្តិផ្ទាល់ខ្លួន តែបាត់បង់ជីវិតនោះ តើមានប្រយោជន៍អ្វី?។ តើមនុស្សអាចយកអ្វីមកប្តូរនឹងជីវិតរបស់ខ្លួនបាន?។ លុះដល់បុត្រមនុស្សប្រកបដោយសិរីរុងរឿងនៃព្រះបិតារបស់ព្រះអង្គយាងមកជាមួយពួកទេវទូតរបស់ព្រះអង្គ ទ្រង់នឹងប្រទានរង្វាន់ ឬដាក់ទោសម្នាក់ៗតាមអំពើដែលខ្លួនបានប្រព្រឹត្ត។ ខ្ញុំសុំប្រាប់ ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកខ្លះដែលនៅទីនេះ នឹងមិនស្លាប់មុនបានឃើញបុត្រមនុស្សយាងមកគ្រងព្រះរាជ្យ»។
547 Views
Post Views:
572