ថ្ងៃសុក្រ អាទិត្យទី១៦
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង
ថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦
សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ៣,១៤-១៧
ព្រះអម្ចាស់មានព្រះបន្ទូលថា៖«កូនចៅដែលក្បត់ចិត្តយើងអើយ! ចូរនាំគ្នាវិលត្រឡប់មកវិញ ដ្បិតយើងនៅតែជាម្ចាស់របស់អ្នករាល់គ្នា យើងនឹងយកម្នាក់ពីក្រុងមួយ ហើយយកពីរនាក់ទៀតពីកុលសម្ព័ន្ធមួយ ដើម្បីនាំអ្នករាល់គ្នាមកក្រុងស៊ីយ៉ូនវិញ។ យើងនឹងតែងតាំងមេដឹកនាំដែលគាប់ចិត្តយើងឱ្យមកថែទាំអ្នករាល់គ្នា ដោយប្រាជ្ញាឆ្លាតវាងវៃ។ នៅគ្រានោះ កាលណាអ្នករាល់គ្នាកើនចំនួនឡើងបានច្រើននៅក្នុងស្រុក ហើយនឹងលែងមានគេនិយាយអំពីហិបនៃសម្ពនមេត្រីរបស់ព្រះអម្ចាស់ទៀត ហើយក៏គ្មាននរណានឹកនារវីរវល់ចាប់អារម្មណ៍អំពីហិបដែលបាត់ទៅនោះដែរ។ គេមិនធ្វើហិបនោះឡើងវិញទេ។ នៅគ្រានោះ គេនឹងហៅក្រុងយេរូសាឡឹមថា«បល័្លង្ករបស់ព្រះអម្ចាស់»។ ប្រជាជាតិទាំងអស់នឹងមកមូលគ្នានៅក្រុងយេរូសាឡឹមនេះ ដើម្បីលើកតម្កើងព្រះនាមព្រះអម្ចាស់។ ពួកគេឈប់ចចេសរឹងរូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួនទៀតហើយ»។
ទំនុកតម្កើងយេរេមី ៣១,១០-១៣ បទកាកគតិ
| ១០ | ឱព្រះម្ចាស់អើយ | សូមអាណិតហើយ | សន្តោសខន្តី |
| ដ្បិតទូលបង្គំ | ជួបអាសន្នភ័យ | យំស្ទើររីងរៃ |
| | បាក់ធ្លាក់ទឹកចិត្ត | ។ |
| ១១ | លុះដល់ខ្ញុំចាស់ | ទុកនោះធ្ងន់ណាស់ | អស់មួយជីវិត |
| កម្លាំងចុះខ្សោយ | កំហុសជុំជិត | ខ្ញុំខុសមែនពិត |
| | ឆ្អឹងឆ្អែងពុកផុយ | ។ |
| ១២ | សត្រូវទាំងអស់ | ពោលពាក្យគំរោះ | ប្រមាថជេរស្តី |
| ទោះអ្នកជិតខាង | ធ្លាប់មានមេត្រី | ពេលខ្ញុំដេកដី |
| | គេនាំគ្នាគេច | ។ |
| ១៣ | គេមិនខ្ចីនឹក | គេមិនរំឭក | គេខំបំភ្លេច |
| ដូចចោលអ្នកស្លាប់ | គ្មានគិតតួចតិច | ដូចឆ្នាំងកំបែក |
| | ត្រូវគេបង់បោះ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តបានព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងចិត្តយើង។ អ្នកដែលទទួលព្រះបន្ទូលនេះ ហើយធ្វើឱ្យព្រះបន្ទូលបង្កើតផល ពិតជាមានសុភមង្គល។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,១៨-២៣
នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«សុំស្តាប់អត្ថន័យនៃប្រស្នាអំពីអ្នកព្រោះស្រូវដូចតទៅ អ្នកដែលបានឮព្រះបន្ទូលអំពីព្រះរាជ្យតែមិនយល់ ប្រៀបបាននឹងអ្នកដែលទទួលគ្រាប់ពូជនៅតាមផ្លូវ ហើយមារកំណាចមកឆក់យកព្រះបន្ទូលដែលបានធ្លាក់ក្នុងចិត្តគេនោះទៅ។ រីឯអ្នកដែលទទួលគ្រាប់ពូជលើដីមានថ្ម គឺអស់អ្នកដែលបានឮព្រះបន្ទូល ហើយក៏ទទួលយកភ្លាមដោយអំណរដែរ។ ប៉ុន្តែ គេពុំបានទុកឱ្យព្រះបន្ទូលចាក់ឫសនៅក្នុងខ្លួនគេឡើយ គេជាប់ចិត្តតែមួយភ្លែតប៉ុណ្ណោះ។ លុះដល់មានទុក្ខលំបាក ឬត្រូវគេបៀតបៀនព្រោះតែព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។ អ្នកដែលទទួលគ្រាប់ពូជក្នុងដីមានបន្លា គឺអ្នកដែលបានឮព្រះបន្ទូល ប៉ុន្តែការខ្វល់ខ្វាយអំពីជីវិតក្នុងលោកីយ៍ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិរួបរឹតព្រះបន្ទូលមិនឱ្យបង្កើតផលបានឡើយ។ រីឯអ្នកដែលទទួលគ្រាប់ពូជក្នុងដីមានជីជាតិល្អ គឺអស់អ្នកដែលបានឮព្រះបន្ទូលហើយយល់ គេបង្កបង្កើតផល ខ្លះបានមួយជាមួយរយ ខ្លះបានមួយជាហុកសិប និងខ្លះទៀតបានមួយជាសាមសិប»។
728 Views
Post Views:
758