ថ្ងៃសុក្រ អាទិត្យទី១០
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥
បុណ្យរម្លឹក
សន្ដអន់ទន នៅប៉ាឌូ ជាបូជាចារ្យ
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
លោកហ្វេរណង កើតនៅស្បូន (ប្រទេសព័រទូហ្គាល)។ លោកជាបូជាចារ្យក្រុមគ្រួសារបព្វជិតសន្តហ្វ្រង់សីស្កូ ហើយទទួលឈ្មោះថា “អន់ទន”។ លោកមានសំនួនវោហារ ស្គាល់គម្ពីរយ៉ាងស្ទាត់ជំនាញ ហើយដើរប្រៀនប្រដៅអ្នកស្រុក។ លោកទទួលមរណភាពនៅក្រុងប៉ាដូវ៉ា (ប្រទេសអ៊ីតាលី) នៅឆ្នាំ១២៣៤ ក្នុងជន្មាយុសាមសិបប្រាំមួយឆ្នាំ។ គ្រីស្តបរិស័ទតែងដំណាលរឿងដ៏អស្ចារ្យជាច្រើនអំពីលោក តាមរបៀបប្រជាប្រិយ។
អត្ថបទទី១៖ សូមថ្លែងលិខិតទី២ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ២ករ ៤,៧-១៥
បងប្អូនជាទីស្រឡាញ់!
យើងដែលមានមុខងារជាគ្រីស្តទូត ប្រៀបបីដូចជាឆ្នាំងដីដែលមានកំណប់មាសនៅខាងក្នុង ដើម្បីបង្ហាញថា ឫទ្ធានុភាពដ៏ប្រសើរខ្ពង់ខ្ពស់នេះជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ មិនមែនមកពីយើងទេ។ គេសង្កត់សង្កិនយើងគ្រប់យ៉ាងមែន តែយើងមិនភ័យបារម្ភអ្វីឡើយ យើងទ័លច្រកមែន តែយើងនៅតែទៅមុខរួច គេបៀតបៀនយើងមែន តែព្រះជាម្ចាស់មិនបោះបង់យើងចោលឡើយ គេវាយដំយើងមែន តែយើងមិនស្លាប់បាត់បង់ជីវិតទេ។ ក្នុងរូបកាយយើង យើងផ្ទុកសេចក្តីឈឺចាប់របស់ព្រះយេស៊ូជានិច្ច ដើម្បីឱ្យគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើង។ ព្រោះតែព្រះយេស៊ូ យើងដែលកំពុងរស់ តែងតែប្រឈមមុខទល់នឹងសេចក្តីស្លាប់ជានិច្ច ដើម្បីឱ្យគេឃើញព្រះជន្មរបស់ព្រះអង្គ នៅក្នុងរូបកាយយើងដែលរមែងតែងតែស្លាប់។ ដូច្នេះ សេចក្តីស្លាប់ចេះតែយាយីយើង រីឯបងប្អូនវិញ បងប្អូនចេះតែមានជីវិតចម្រើនឡើង។ ដោយយើងមានវិញ្ញាណដែលនាំឱ្យជឿ ស្របតាមសេចក្តីដែលមានចែងទុកមកថា “ខ្ញុំជឿ ហេតុនេះហើយបានជាខ្ញុំនិយាយ” យើងក៏ជឿដែរ ហេតុនេះហើយបានជាយើងនិយាយ។ យើងដឹងថា ព្រះអង្គដែលបានប្រោសព្រះអម្ចាស់យេស៊ូឱ្យមានព្រះជន្មថ្មីដ៏រុងរឿង ទ្រង់ក៏នឹងប្រោសយើងឱ្យមានជីវិតថ្មីរួមជាមួយព្រះយេស៊ូដែរ ព្រមទាំងនាំយើងឱ្យទៅនៅក្បែរព្រះអង្គ រួមជាមួយបងប្អូនថែមទៀតផង។ ហេតុការណ៍ទាំងនេះកើតមានឡើងជាប្រយោជន៍ដល់បងប្អូន គឺឱ្យព្រះជាម្ចាស់ប្រណីសន្តោសបងប្អូនកាន់តែច្រើនឡើងៗ ដើម្បីឱ្យមានគ្នាមួយចំនួនធំ កាន់តែច្រើនឡើងអរព្រះគុណព្រះជាម្ចាស់ និងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
ទំនុកតម្កើងលោកតូប៊ីត ១១៦ (១១៥),១០-១១.១៥-១៨ បទព្រហ្មគីតិ
| ១០ | ទោះជាខ្ញុំពោលថា | រស់វេទនាទ្រូងស្ទើរប្រេះ | |
| ក៏គង់រូបខ្ញុំនេះ | មិនចោលព្រះសង្ឃឹមជាប់ | ។ |
| ១១ | ពេលខ្ញុំមានកង្វល់ | ចិត្តខ្វាយខ្វល់វង្វេងសព្វ | |
| ស្មារតីវិលត្រឡប់ | មិនទុកចិត្តមនុស្សគ្រប់ប្រាណ | ។ |
| ១៥ | ទ្រង់ព្រួយព្រះទ័យណាស់ | ពេលមានរាស្រ្តសូន្យសង្ខារ | |
| ទោះជនវិសុទ្ធណា | ទ្រង់មិនចង់ឱ្យស្លាប់ឡើយ | ។ |
| ១៦ | ឱ! ព្រះម្ចាស់ប្រសើរ | ខ្ញុំបម្រើព្រះអង្គហើយ | |
| ព្រះអង្គមិនកន្តើយ | រំដោះខ្ញុំរួចពីស្លាប់ | ។ |
| ១៧ | ទូលបង្គំសូមថ្វាយ | យញ្ញទាំងឡាយដោយគួរគាប់ | |
| អង្វររកនាមជាប់ | នាមព្រះអង្គខ្ពស់ពេកពន់ | ។ |
| ១៨ | ខ្ញុំនឹងយកតង្វាយ | មកដាក់ថ្វាយលាបំណន់ | |
| នៅមុខប្រជាជន | ដែលជារាស្ត្រនៃព្រះអង្គ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ភល ២,១៥-១៦
អាលេលូយ៉ា! អាលេលូយ៉ា!
ចូរបងប្អូនកាន់តាមព្រះបន្ទូលដែលផ្តល់ជីវិត! បងប្អូនភ្លឺដូចពន្លឺ ដែលបំភ្លឺពិភពលោកដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,២៧-៣២
ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «អ្នករាល់គ្នាធ្លាប់ឮសេចក្តីថ្លែងទុកមកថា “កុំប្រព្រឹត្តអំពើផិតក្បត់”។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាមើលស្រីម្នាក់ ហើយមានចិត្តស្រើបស្រាលចង់រួមបវេណីជាមួយនាង អ្នកនោះដូចជាបានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាងនៅក្នុងចិត្តរបស់ខ្លួនរួចស្រេចទៅហើយ។ ប្រសិនបើភ្នែកស្តាំរបស់អ្នកនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរខ្វេះចេញ ហើយបោះចោលឱ្យឆ្ងាយពីអ្នកទៅ! បើអ្នកបាត់ភ្នែកតែមួយនេះ ប្រសើរជាងបណ្តោយឱ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក។ ប្រសិនបើដៃស្តាំរបស់អ្នកនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរកាត់វា ហើយបោះចោលឱ្យឆ្ងាយពីអ្នកទៅ! បើអ្នកបាត់តែអវៈយវៈមួយ ប្រសើរជាងបណ្តោយឱ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក។ មានសេចក្តីថ្លែងទុកមកថា “បុរសណាលែងភរិយា ត្រូវធ្វើលិខិតលែងលះឱ្យនាង”។ រីឯខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយារបស់ខ្លួន (លើកលែងតែរួមរស់ជាមួយគ្នាដោយឥតបានរៀបការ) បុរសនោះធ្វើឱ្យនាងទៅជាស្ត្រីផិតក្បត់ ប្រសិនបើនាងរៀបការម្តងទៀត។ រីឯបុរសណារៀបការនឹងស្ត្រីប្តីលែង បុរសនោះក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ»។
695 Views
Post Views:
707